សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tan Sri Dato JOHARI BIN ABDUL ប្រធានរដ្ឋសភាម៉ាឡេស៊ី
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tan Sri Dato JOHARI BIN ABDUL ប្រធានរដ្ឋសភាម៉ាឡេស៊ី
នៅរសៀល ថ្ងៃព្រហស្បតិ៍ទី ២៧ ខែសីហា ឆ្នាំ២០២៦
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tan Sri Dato JOHARI BIN ABDUL ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ គឺបានផ្តោតសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី និងបរិបទ នៃបញ្ហាកង្វល់របស់ពិភពលោក។
សម្ដេចតេជោបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីបានកោតសរសើរពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោតាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី រហូតមកដល់សម្ដេចមហាបវធិបតី ជានាយករដ្ឋមន្ត្រីបន្តវេននាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ការលះបង់របស់សម្ដេចនាពេលកន្លងទៅ បានក្លាយជាមេរៀនមួយដ៏មានសារៈសំខាន់សម្រាប់យុវជនរបស់ម៉ាឡេស៊ី ហើយឯកឧត្តមមិននឹកស្មានថាប្រទេសកម្ពុជាមានការរីកចម្រើនដល់សព្វថ្ងៃនេះ។
ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២នេះ និងជូនពរឲ្យកិច្ចប្រជុំនេះទទួលបាននូវភាពជោគជ័យ៕






