Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 13 ម៉ោងមុន ប្រកាសព័ត៌មាន 1041
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរម្លឹកជូនឡើងវិញនូវខ្លឹមសារសំខាន់ៗនៃសេចក្តីថ្លែងការណ៍រួម ស្តីពី សន្តិភាព ចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ នៅទីក្រុងគូឡាឡំាពួរ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី។ សេចក្តីថ្លែងការណ៍រួមនេះមាន ៨ ចំណុច ដែលមានខ្លឹមសារដូចតទៅ៖

១. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាព និងសន្តិសុខ រវាងប្រទេសយើងទាំងពីរ ដូចដែលបានប្រកាសនៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសូមគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះការចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិទៅវិញទៅមករវាងប្រទេសយើងទាំងពីរ។

២. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។

៣. យើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្តីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលមានសមាសភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាន និងមានគោលបំណងធានាការអនុវត្តបទឈប់បាញ់ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ យើងសូមអំពាវនាវដល់រដ្ឋសមាជិកអាស៊ានឱ្យផ្តល់ការគាំទ្រសមស្របដើម្បីធានាថា AOT អាចសម្រេចគោលបំណងរបស់ខ្លួនបានដោយជោគជ័យ។

៤. បន្ថែមលើនេះ យើងបានប្តេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

៥. នៅពេលអនុវត្តវិធានការដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរនឹងទទួលស្គាល់ថា អរិភាពសកម្មត្រូវបានបញ្ចប់។

៦. យើងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយជាយុទ្ធសាស្ត្រ និងពង្រឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងពីរ និងសហគមន៍អន្តរជាតិជារួម។

៧. យើងទទួលស្គាល់ពីភាពចាំបាច់ត្រូវកំណត់នូវមាគ៌ាសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ ដែលមិនជាប់ជំពាក់នូវចំណងជម្លោះពីអតីតកាល។ រដ្ឋាភិបាលទាំងពីរបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ លក្ខខណ្ឌទាំងនេះត្រូវបានបង្កើតឡើងសម្រាប់ឱ្យប្រទេសរបស់យើងមើលឆ្ពោះទៅមុខ ហើយចាប់ផ្តើមកសាងទំនាក់ទំនងជាអ្នកជិតខាងគ្នាស្របតាមខ្លឹមសារ និងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន ស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី ដោយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមនូវទំព័រថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។

៨. យើងខ្ញុំសូមសម្តែងនូវទំនុកចិត្តថា កិច្ចប្រជុំនេះ ដោយមានវត្តមាន និងការគាំទ្រពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម នៃប្រទេសម៉ាឡេស៊ី គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមកនិងការជំរុញសន្តិភាពនៅក្នុងតំបន់។ យើងខ្ញុំសូមកត់សម្គាល់ដោយការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកយ៉ាងសំខាន់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការជំរុញការស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងកម្ពុជានិងថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនជ្រាបថា ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡំាពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យ៉ាងនេះក៏ដោយ ភាគីថៃបានបើកការវាយប្រហារប្រដាប់អាវុធជាលើកទី២ ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើអាវុធធន់ធ្ងន់គ្រប់ប្រភេទរហូតដល់គ្រាប់បែកចង្កោម យន្តហោះ F-16 និង Gripen ដោយទម្លាក់គ្រាប់បែកចូលជ្រៅមកក្នុងទឹកដីកម្ពុជា។ បច្ចុប្បន្ន កងកម្លាំងថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្នុងតំបន់មួយចំនួន និងរារាំងជនភៀសសឹកកម្ពុជាប្រមាណជា ២ម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីទាមទារទឹកដីកម្ពុជាមកវិញ តាមមធ្យោបាយសន្តិវីធី តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់ និងដោយផ្អែកលើច្បាប់អន្តរជាតិ។ សហគមន៍អន្តរជាតិកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធីតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា៕

សូមអរគុណ!

អត្ថបទទាក់ទង