សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៣ « ការទទួលបានការកោតសរសើរពីពិភពលោក »
ឆ្នាំ២០២៣–សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើងដើម្បីបង្ហាញទៅដល់មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលត្រូវចាប់អារម្មណ៍កោតសរសើរ និងកត់ត្រាទុក។ ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពីដំណើរជីវិតរបស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។
ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬនយោបាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជាឯកសារជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុងការសិក្សាឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងផ្ទៃប្រទេសចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័យតេជោ»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។
វគ្គ៣៣« ការទទួលបានការកោតសរសើរពីពិភពលោក »
ក្រោយពីការយកជីវិត កម្លាំងកាយចិត្ត និងស្មារតីដើរកាត់ព្យុះភ្លៀង ផ្គររន្ទះដែលជាវិញ្ញាសាជីវិតទី៤ វិញ្ញាសានៃភាពជាមេដឹកនាំ ទៅប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវ ជាពិសេសការគិតគូរដ៏ខ្ពង់ខ្ពស់លើសុខុមាលភាពប្រជាជន ទោះបីសម្តេចមិនទទួលបាននូវការកោតសរសើរពីក្រុមអ្នកប្រឆាំង ដែលជារៀងរាល់ថ្ងៃគ្មានធ្វើអ្វីក្រៅតែពីរកនឹកពាក្យដើម្បីបង្ខូចកិត្តិយស និងបង្កើតគំនិតប្រឆាំងសន្តិភាព ប្រឆាំងការអភិវឌ្ឍ ប្រឆាំងការរីកចម្រើនរបស់ប្រទេសខ្លួនឯង ទីបំផុត សម្តេច ហ៊ុន សែន ដ៏ជាញជ័យ នៃកម្ពុជា ទទួលបាន នូវការកោតសរសើរពីអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសនានា គួរជាទីមោទនៈក្រៃលែង។ បន្ទាប់ពីធ្វើឱ្យប្រសើរឡើង នូវការបើកសេដ្ឋកិច្ចទូទាំងប្រទេស ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ លោក ត្រេដូស អាដហាណូម ហ្គីប្រ៊ីយេស៊ុស (Tedros Adhanom) ប្រធានអង្គការសុខភាពពិភពលោក (WHO) បានផ្ញើលិខិតមួយច្បាប់ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយរៀបរាប់ថាលោកមានសេចក្ដីសោមនស្សរីករាយ និងកោតសរសើរ យ៉ាងក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិ ផែនការយុទ្ធសាស្ត្រប្រុងប្រៀបទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ-១៩ ជាសកលរបស់អង្គការសុខភាពពិភពលោក។ លោកក៏បានយកឱកាសនេះកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺរាតត្បាតដ៏កាចសាហាវនេះ។
លោកសូមគាំទ្រយ៉ាងក្លៀវក្លា ចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ដោយការគោរពដ៏ខ្ពង់ខ្ពស់ បានផ្ញើលិខិតកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ នូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី រៀបរាប់ថា អង្គការទេសចរណ៍ពិភពលោកពិតជារីករាយខ្លាំងណាស់ ដោយបានឃើញប្រទេសកម្ពុជាកំពុងចាប់ផ្តើមវិស័យទេសចរណ៍ក្នុងស្រុកឡើងវិញ ស្ថិតក្រោមការគ្រប់គ្រងដ៏ល្អ និងបានដាក់ឱ្យអនុវត្តន៍វិធានសុវត្ថិភាពចាំបាច់ និងអនាម័យ ក៏ដូចជាគោលការណ៍ណែនាំនានានៅតាមតំបន់ទេសចរណ៍ “យើងខ្ញុំសូមអរគុណដល់កម្ពុជាជាអនេក សម្រាប់ការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដែលឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងសកម្មភាពរបស់អង្គការទេសចរណ៍ពិភពលោកអំឡុងពេលវេលាដ៏លំបាក”។ ជាថ្មីម្តងទៀត អង្គការទេសចរណ៍ពិភពលោក សូមសម្តែង នូវការកោតសរសើរខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែទុកសុខុមាលភាព និងសុវត្ថិភាពប្រជាជនជាអាទិភាព។ តាមរយៈ Twitter នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០លោកវេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ (Dr.
Takeshi Kasai) អគ្គនាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច បានសរសេរថា លោកសូមកោតសរសើរប្រទេសកម្ពុជា ចំពោះការសម្រេចចិត្តដ៏រហ័សរហួនរបស់ខ្លួន ក្នុងការគ្រប់គ្រងករណីឆ្លងជាចង្កោម ទៅលើព្រឹត្តិការណ៍៣វិច្ឆិកា នៃការបំពេញទស្សនកិច្ចការទូតរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី និងសូមកោតសរសើរថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលអនុវត្ត នូវគំរូដ៏ល្អក្នុងវិស័យសុខភាពសាធារណៈ ព្រោះសុខុមាលភាពជាសមូហភាព គឺពឹងផ្អែកលើការដឹកនាំដ៏ខ្លាំងក្លា និងសកម្មភាព នៃបុគ្គលនីមួយៗ។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានសរសេរលើបណ្តាញសង្គម twitter របស់លោកស្រីថា លោកស្រីសូមចូលរួមអបអរសាទរចំពោះកម្ពុជា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍០៣ ខែវិច្ឆិកា យ៉ាងមានប្រសិទ្ធភាព និងធ្វើឱ្យកម្ពុជាមានសុវត្ថិភាពពីវីរុសកូវីដ-១៩។ ការឆាប់រកឃើញ ការឆ្លើយតបរហ័ស ជាមួយនឹងអន្តរាគមន៍ ដែលមានគោលដៅច្បាស់លាស់ គឺជាកត្តាចាំបាច់នាំមកនូវជោគជ័យរបស់កម្ពុជា។ ភាពជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវាងវៃរបស់សម្តេចតេជោ ហ៊ុន សែន ក៏ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសក្នុងចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៣ នៅទូទាំងពិភពលោក លើការគ្រប់គ្រងកូវីដ-១៩។
តាមរបាយការណ៍វាយតម្លៃមួយរបស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្គាល់ (Le Bureau de Prospective Economique ) កាលពីថ្ងៃទី៦ វិច្ឆិកា ដែលត្រូវបានដកស្រង់ដោយវិទ្យុបារាំង RFIបានឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៣នៅលើពិភពលោក ជាប្រទេសដែលគ្រប់គ្រងផលប៉ះពាល់បានល្អជាងគេលើជំងឺកូវីដ-១៩ ក្នុងចំណោម១៦៦ប្រទេស។ ចំណាត់ថ្នាក់លេខ១ និងលេខ២បានទៅលើប្រទេសសាំងណេវីស (Saint Kitts and Nevis) និងប្រទេសសីស្ហែល (Seychelles)។ របាយការណ៍វាយតម្លៃនេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើមូលដ្ឋានទិន្នន័យរបស់អង្គការសុខភាពពិភពលោក និងផ្អែកលើធាតុសំខាន់ៗចំនួន៣គឺ៖ ១.ស្ថានភាព នៃការចម្លងមេរោគ ២.ស្ថានភាព នៃការជាសះស្បើយ និង ៣.ករណីមរណភាព នៅជិតពាក់កណ្តាល ខែមករា ឆ្នាំ២០២១ កម្ពុជា បានឡើងដល់កំពូល គឺស្ថិតក្នុងចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ ។ នៅដើមខែមេសា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក ប្រចាំអាស៊ីប៉ាស៊ីហ្វិក (WHO)បានបង្ហាញពីការកោតសរសើររបស់ខ្លួនមួយទៀត ចំពោះភាពឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងការបិទខ្ទប់ចរាចរណ៍ឆ្លងកាត់ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក បានរៀបរាប់ថា អង្គការសុខភាពពិភពលោក សូមកោតសរសើរចំពោះការសម្រេចចិត្ត ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ដោយផ្អែកលើការវាយតម្លៃ អំពីហានិភ័យ ក្នុងការរឹតបន្ដឹងការធ្វើចរាចរណ៍ឆ្លងរាជធានីខេត្ត ក្នុងឱកាស នៃថ្ងៃ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ នោះគឺជាវិធានការគន្លឹះមួយ ក្នុងការកាត់បន្ថយ ហានីភ័យ និងការពារប្រទេសកម្ពុជា។ វិធានការមួយនេះ រួមជាមួយនឹងវិធានការ សុខភាពសាធារណៈដទៃទៀត នឹងមានតួនាទីសំខាន់នៅក្នុងការទប់ស្កាត់ការរីក រាលដាល នៃមេរោគ ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ លោកយល់ថា កិច្ចការទាំងនេះ មិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលទេ ព្រោះ ជាធម្មតាប្រជាជននៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផង គឺតែងតែនឿយ ណាយនឹងការរឹតបន្ដឹងនានា។ ដូច្នេះ កម្ពុជាមិនប្រឈមនឹងការលំបាកនេះតែម្នាក់ឯងទេ អង្គការសុខភាពពិភពលោកឈរនៅជាមួយកម្ពុជាជានិច្ច ហើយនឹងបន្តផ្តល់ការគាំទ្រ ផ្នែកគោលនយោបាយបច្ចេកទេស និងប្រតិបត្តិការដល់ក្រសួង សុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ នៅដើមខែឧសភា ឆ្នាំ២០២១ កម្ពុជាត្រូវបានវាយតម្លៃ និងកោតសរសើរថា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរីលើការចាក់វ៉ាក់សាំងជូនប្រជាជន និងជនបរទេស ដែលរស់នៅក្នុងព្រះរាជណាចក្រកម្ពុជាបានច្រើនជាងគេ។ ចំណាត់ថ្នាក់នេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែ គឺជាការគិតគូរយ៉ាងហ្មត់ចត់ និងផែនការច្បាស់លាស់ជាក់លាក់ និងម៉ឺងម៉ាត់បំផុត ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញជាបន្តបន្ទាប់ តាំងពីការចាប់ផ្តើមដំបូង នៃដំណើរការចាក់វ៉ាក់សាំង គឺចាក់បែបផ្ការីក និងដោយគ្មានការរើសអើង។ នៅចុងខែឧសភាឆ្នាំ២០២១ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លោកស្រី លី អាយលែន ក៏បានថ្លែងកោតសរសើរដូចគ្នាចំពោះរាជរដ្ឋាភិបាលកម្ពុជា លើដំណើរការយ៉ាងល្អប្រសើរ នៃការចាក់វ៉ាក់សាំងជូនប្រជាជនដែរ ខណៈត្រឹមតែរយៈពេលខ្លីអាចចាក់វ៉ាក់សាំងបានជាង២,២លាននាក់។
លោកស្រីអាយលែន មានប្រសាសន៍ថា ការរៀបចំនូវការចាក់វ៉ាក់សាំងរបស់កម្ពុជាមានរបៀបរៀបរយល្អ ហើយប្រជាពលរដ្ឋមានការសប្បាយរីករាយក្នុងការចូលរួម និងមកទទួលការចាក់វ៉ាក់សាំង។ លោកស្រីបញ្ជាក់ថា ប្រជាជនកម្ពុជាពិតជាមានសំណាង ដែលមានមេដឹកនាំល្អ និងមានឱកាសបានទទួលវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដូចៗគ្នា ។ នៅដើមខែមិថុនា ឆ្នាំ២០២១ តំណាងអង្គការសហប្រជាជាតិ( UN) ប្រចាំកម្ពុជា បានថ្លែងកោតសរសើរ និងអរគុណដល់រាជរដ្ឋភិបាលកម្ពុជា និងក្រសួងសុខាភិបាល ចំពោះការគ្រប់គ្រងការរាតត្បាត នៃជំងឺកូវីដ-១៩នៅកម្ពុជា បានយ៉ាងល្អប្រសើរ។ លោកស្រី Pauline Tameis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា លោកស្រីសូមកោតសរសើរ និងថ្លែងអំណរគុណ ដល់រាជរដ្ឋភិបាលកម្ពុជា និងក្រសួងសុខាភិបាល ចំពោះការគ្រប់គ្រង ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅកម្ពុជា។ អង្គការសហប្រជាជាតិប្តេជ្ញាចិត្តបន្តកិច្ចសហការនិងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ នៅចុងខែមិថុនា ឆ្នាំ២០២១ ធនាគារពិភពលោក ក៏បានថ្លែងកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់សម្តេច ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារការរីករាលដាល នៃជំងឺកូវីដ-១៩ និងការគ្រប់គ្រងបញ្ហានានា ដែលបណ្តាលមកពីវិបត្តិសុខភាពពិភពលោក។
នៅពាក់កណ្តាលខែសីហា ឆ្នាំ២០២១ តំណាងអង្គការសុខភាពពិភពលោក(WHO) ប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) បានចេញសេចក្តីថ្លែងការណ៍មួយ កោតសរសើរដល់ប្រទេសកម្ពុជា ដែលសម្រេចបានជោគជ័យនៅក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ប្រជាជនរបស់ខ្លួនមុនកាលកំណត់ បើធៀបទៅនឹងផែនការដែលបានគ្រោងទុក។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា អង្គការសុខភាពពិភពលោក(WHO) ផ្តល់ការគាំទ្រផ្នែកយុទ្ធសាស្ត្រ និងបច្ចេកទេសដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះមានការវិភាគស្ថានភាព ការផ្តល់យោបល់គោលនយោបាយអំពីការផ្តល់អាទិភាព ការធ្វើផែនការអនុវត្ត និងការតាមដានការចាក់វ៉ាក់សាំងរួមទាំងការបណ្តុះបណ្តាលបុគ្គលិក និងគ្រប់គ្រងស្ថានការណ៍មិនល្អ ក្រោយពីចាក់វ៉ាក់សាំងរួច។ គិតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនចំនួនជាង៨,៦លាននាក់(ជាង៨០%) ក្នុងចំណោមមនុស្សពេញ វ័យ១០លាននាក់។ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន អះអាងថា ភាពក្លាហាន ការយល់ចិត្ត និងសេចក្តីស្រឡាញ់ ដែលប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានចំពោះប្រទេសជាតិ និងមនុស្សជាទីស្រឡាញ់របស់ខ្លួនតែងតែជំរុញចិត្តលោកស្រី ឱ្យកាន់តែមានកម្លាំងចិត្ត ហើយលោកស្រីជឿថា សកម្មភាពជាបុគ្គលនិងសមូហភាពនឹងអាចយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បាន។ នៅចុងខែសីហា ឆ្នាំ២០២១ លោកស្រី លី អាយលែន មានប្រសាសន៍កោតសរសើរម្តងទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច ហ៊ុន សែន ក្នុងការស្វះស្វែងរកវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ចាក់ជូនដល់ប្រជាជនរបស់ខ្លួនបានយ៉ាងលឿននិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈអត្រានៃការចាក់វ៉ាក់សំាងនៅកម្ពុជាមានកម្រិតខ្ពស់ជាងគេរហូតដល់ជាង៨០%ហើយនោះ។លោកស្រីលើកឡើងថា ការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់កូវីដ-១៩ គឺបានយ៉ាងល្អប្រសើរ ព្រោះតែការឆ្លងស្ថិតនៅទ្រឹង ដែលរាជរដ្ឋាភិបាលមិនបណ្តោយឱ្យមានការផ្ទុះឆ្លងធ្ងន់ធ្ងរជាងនេះ ហើយបានទប់ស្កាត់អត្រា នៃការស្លាប់ ស្ថិតក្នុងកម្រិតទាប។ លោកស្រី អាយលែន មានប្រសាសន៍កោតសរសើរថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សមិទ្ធផល ដែលទទួលបានក្នុងយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩នៅប្រទេសកម្ពុជា គឺជាសមិទ្ធផលមួយ ដែលគួរឱ្យស្ញប់ស្ញែង ព្រោះកម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេស នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ខាងលិចរបស់អង្គការសុខភាពពភិពលោក ដែលបានទទួលជោគជ័យគួរឱ្យកត់សម្គាល់សម្រាប់ដំណើរការចាក់វ៉ាក់សំាងកូវីដ-១៩។ កាលពីពាក់កណ្តាល ខែសីហា ឆ្នាំ២០២១ លោកស្រី អាយលែន ធ្លាប់លើកឡើង និងកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរ ទោះបីមេរោគបំប្លែងថ្មីកំពុងរាតត្បាតខ្លាំងក៏ដោយ ហើយកម្ពុជាជាប្រទេសមួយទទួលបានជោគជ័យលើការចាក់វ៉ាក់សាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ជាពិសេសមួយរយៈពេលចុងក្រោយនេះ កម្ពុជាគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ធ្វើឱ្យមេរោគថមថយឥទ្ធិពលនៃការចម្លង។ អង្គការយូនីសេហ្វ ប្រចាំកម្ពុជា បានព្យាករណ៍ថា ក្នុងដំណាក់កាលនេះ កម្ពុជា ជិត ឈានដល់ការគ្រប់គ្រងមេរោគដ៏កាចសាហាវកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាពហើយ។ នៅចុងខែតុលា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានកោតសរសើរជាថ្មីថា កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ដើមខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ Khaled KHIARI ក៏បានកោតសរសើរលើយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់សម្តេច ហ៊ុន សែនដែរ។ ជាថ្មីម្តងទៀត នៅដើម ខែធ្នូ ឆ្នាំ២០២១ ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ សន្និសីទពីចម្ងាយ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មីរបស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចកម្ពុជា ទោះបីវិបត្តិកូវីដ-១៩ធ្វើឱ្យប៉ះពាល់យ៉ាងណាក្តី។ នៅដើមខែកុម្ភៈ ឆ្នាំ២០២២ ស្ថាប័នព័ត៌មានជប៉ុន Nikkei បានវាយតម្លៃថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខទី២ បន្ទាប់ពីកោះតៃវ៉ាន់ ជាប្រទេសមានការស្ទុះងើបឡើងវិញពីកូវីដ-១៩ បានល្អជាងគេបំផុត ក្នុងចំណោម១២០ប្រទេសលើពិភពលោក។ នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំប្រតិភូធនាគារពិភពលោក ចូលជួបសម្តែងការគួរសមជាមួយសម្ដេច ហ៊ុន សែន លោកស្រី Manela V.Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងការឆ្លើយតបប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាពិសេសសម្រេចបានការចាក់វ៉ាក់សាំងក្នុងអត្រាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសម្រេចបានការបើកប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។
នៅចុងខែមីនា ឆ្នាំ២០២១ លោក Paul Jacob Roby ប្រធានក្រុមចម្រុះគម្រោងអាហារូបត្ថម្ភនិងប្រជាជននៃធនាគារពិភពលោក (Cluster Lead for World Bank Health Nutrition and Population Projects) ប្រចាំកម្ពុជា បានថ្លែងកោតសរសើរកម្ពុជា ដែលខិតខំមិនខ្លាចនឿយហត់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ លោកបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងតែងតែសហការយ៉ាងជិតស្និទ្ធជាមួយធនាគារពិភពលោក។ នៅដើមខែឧសភា ឆ្នាំ២០២២ ក្នុងជំនួបជាមួយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នាយកគ្រប់គ្រងប្រចាំតំបន់ និងជាអនុប្រធានដឹកនាំជាន់ខ្ពស់ US-ABC លោក Michael Michalak បានអបអរសាទរដោយក្តីកោតសរសើរប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាសកលកូវីដ-១៩។ លោក Michael Michalak មានប្រសាសន៍ថា លោកសូមអបអរសាទរកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន និងអបអរសាទរ ដោយក្តីគោរពកោតសរសើរដល់ប្រទេសកម្ពុជាដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតបានទទួលជោគជ័យ។ ក្រៅពីទទួលបានការកោតសរសើរពីបណ្តាអង្គការនានា លើការប្រយុទ្ធប្រឆាំងកូវីដ-១៩ កម្ពុជា ក៏ទទួលបានការកោតសរសើរពីបណ្តាប្រទេសនានាលើលោកដែរ។ សម្រាប់ប្រទេសចិន ជាយូរមកហើយ តាំងពីជំងឺកូវីដ-១៩ ចាប់ផ្ទុះឡើងនៅក្រុង វូហាន ខេត្តហ៊ឺប៉ីប្រទេសចិន ខណៈសម្តេច ហ៊ុន សែន អញ្ជើញទៅកាន់ប្រទេសចិន ដើម្បីលើកទឹកចិត្តប្រជាជន និងរដ្ឋាភិបាលចិន ទាំងរដ្ឋាភិបាល និងប្រជាជនចិន បានប្រកាសគាំទ្រ អរគុណ និងកោតសរសើរកម្ពុជា ដ៏គគ្រឹគគ្រេងរួចមកហើយ អំពីភាពក្លាហាន និងការសម្រេចចិត្តខ្ពស់របស់សម្តេច ហ៊ុន សែន។ ប៉ុន្តែ ក្នុងដំណាក់កាល ដែលកម្ពុជា ប្រយុទ្ធឈ្នះកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន លើការគ្រប់គ្រងកូវីដ-១៩ តាមរយៈយន្តការចាក់វ៉ាក់សាំងផ្ការីក ប្រទេសចិននៅបានគាំទ្រ និងកោតសរសើរកម្ពុជាបន្ថែមទៀត។
នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ឆ្លើយតបចំពោះសំណួរអ្នកព័ត៌មាន ដែលសួរអំពីការរីកចម្រើនការចាក់វ៉ាក់សាំង ដែលជាជំនួយរបស់ចិន កាលពីថ្ងៃទី៤ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wen Binមានប្រសាសន៍ថា ចិនពិតជាស្ងើចសរសើរកម្ពុជា ចំពោះវិធានការប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ហើយចិនចូលរួមរីករាយដោយស្មោះសរ ចំពោះសមិទ្ធផលរបស់កម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ លោក Wang Wen Bin នៅតែអះ អាងថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដែកថែប។ ប្រទេសទាំងពីរបានរួមដៃគ្នាកសាងខ្សែការពារ ដ៏រឹងមាំក្នុងការប្រឆាំង នឹងជំងឺកូវីដ-១៩។ ក្នុងជំនួបការងារជាមួយលោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងការបរទេស នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈលោក ឆុង អើយយ៉ុង រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកូរ៉េ ប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសទើបតែបានមកដាក់ទូតប្រចាំកម្ពុជា អំឡុងឆ្នាំ១៩៩៧ ប៉ុន្តែ ទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នោះ បានបង្ហាញពីទឹកចិត្តរីករាយ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងទាន់ពេលវេលានៅទូទាំងប្រទេស។ នៅចុងខែមិថុនា ឆ្នាំ២០២០ ក្នុងជំនួបការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឯកអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានថ្លែងកោតសរសើរ និង អបអរសាទរចំពោះវិធានការទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា ដែល ដាក់ចេញវិធានការជាបន្ដបន្ទាប់ រហូតមកដល់ពេលនេះ ដើម្បីការពារ និងទប់ ស្កាត់ ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ នៅចុងឆ្នាំ២០២០ ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា បានថ្លែងកោតសរសើរម្តងទៀត ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទប់ស្កាត់បាន នូវការរីករាលដាលនៃជំងឺកូវីដ-១៩។
នៅចុងខែកញ្ញា ឆ្នាំ២០២០ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដែលបានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ លោកសូមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង ដែលជាជំនួយរបស់អាម៉េរិក នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកបានកោតសរសើរថា ប្រទេសកម្ពុជា បានវាយតម្លៃយ៉ាងឆាប់រហ័សលើការគំរាមកំហែង នៃជំងឺកូវីដ-១៩ និងបានរៀបចំផែនការយ៉ាងល្អភ្លាមៗជាមួយដៃគូពាក់ព័ន្ធ ដើម្បីបញ្ឈប់កូវីដ-១៩ ទោះបីការប្រយុទ្ធមិនទាន់ឈ្នះនៅឡើយក្តី ក៏ប្រទេសកម្ពុជាបានខិតខំយ៉ាងខ្លាំងក្លា ក្នុងការរៀបចំផែនការប្រព័ន្ធថែទាំសុខភាពបង្កើនសមត្ថភាពព្យាបាល និងកែលម្អប្រព័ន្ធមន្ទីរពិសោធន៍ ធានាតាមដានរកអ្នកដែលបានប៉ះពាល់ដោយជំងឺកូវីដ-១៩។ នៅចុងខែមីនាឆ្នាំ២០២២អគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជាបានកោតសរសើរផងដែរដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសកោតសរសើរសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការគ្រប់គ្រងជំងឺកូវីដ-១៩។ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា បានកោតសរសើរកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន។
សម្រាប់ប្រទេសបារាំង ដែលធ្លាប់ជាអាណនិគមលើកម្ពុជាជិត១០០ឆ្នាំ និងជាហត្ថលេខី នៃកិច្ចព្រមព្រៀងប៉ារីស ឆ្នាំ១៩៩១ នោះ នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាចប់អាណត្តិ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងបានល្អប្រសើរ លើការរាតត្បាតជំងឺកូវីដ-១៩ និងការផ្តល់វ៉ាក់សាំងជូនប្រជាជន។ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ក្នុងជំនួបការងារជាមួយលោក ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត លោក Jacques PELLET អគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ឈានមុខគេ ឬលេខ១លើពិភពលោកលើការប្រយុទ្ធ និងគ្រប់គ្រងជំងឺកូវីដ-១៩ ។ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្ដេច តេជោ ហ៊ុន សែន នៅវិមានសន្តិភាព លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បានថ្លែងកោតសរសើរ ចំពោះនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ហ៊ុន សែន រហូតដល់បានបើកប្រទេសឡើងវិញ ។ លោកក៏បានអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឈានឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាពិសេសនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ការប្រយុទ្ធប្រឆាំងកូវីដ-១៩របស់សម្តេច ហ៊ុន សែន ក៏ធ្វើឱ្យមានការកោតសរសើរ ពីអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជាដែរ។ លោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG)បានមានប្រសាសន៍ថា លោកសូមកោតសរសើរ ចំពោះប្រទេសកម្ពុជា ជាពិសេស សម្តេច ហ៊ុន សែន ដែលទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ជាពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជាធ្វើឱ្យជំងឺនេះមិនរីករាលដាលធ្ងន់ធ្ងរ។ ក្នុងចំណោមប្រទេសធំៗ លើសកលលោកដែលគាំទ្រ និងកោតសរសើរចំពោះកិច្ចខិតខំរបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រទេសរុស្សី តាមរយៈអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានកោតសសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយជោគជ័យដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត នៅបញ្ជាការកងទ័ពជើងគោក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី លោក អាណាតូលិ បូរ៉ូវីគ(Anatoly BOROVIK) មានប្រសាសន៍ថា លោកសូមកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ បានដោយជោគជ័យ រហូតដល់ការបើកសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យទ្បើងវិញ។ ប្រទេសឥណ្ឌា ដែលមានប្រវត្តិសាស្រ្តទំនាក់ទំនងការទូតជាមួយកម្ពុជាច្រើនឆ្នាំមកហើយ ក្នុងដំណាក់កាលកូវីដ-១៩ ក៏បានបង្ហាញពីការគាំទ្រ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជាManika បានមានប្រសាសន៍ថា បើទោះបីបច្ចុប្បន្ន បណ្តាប្រទេសលើពិភពកំពុងជួបប្រទះបញ្ហាសុខភាពសាធារណៈបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្ដែ កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារនិងទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ជិតពីរឆ្នាំក្រោយមកនេះ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព លោកស្រីឯកអគ្គរដ្ឋទូត Manika Jain មានប្រសាសន៍ថា លោកស្រីមានការចាប់អារម្មណ៍ខ្លាំង ចំពោះភាពប្រសើរឡើង នៃការរស់នៅរបស់ប្រជាជនកម្ពុជា ដោយបើកឱ្យមានសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ និងការចាប់ផ្តើមប្រមូលផ្តុំរបស់ប្រជាជនដោយមិនមានការរឹតត្បិត។ លោកស្រីបានកោតសរសើរម្តងទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រង ទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ-១៩ ដោយមិនគិតពីការនឿយហត់ ដែលសម្តេច ពិតជាស័ក្តិសមនឹងទទួលបានការសរសើរពីអន្តរជាតិ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនក្នុងល្បឿនមួយដ៏លឿន។ ប្រទេសស៊ុយអែត ដែលជាប្រទេសតូចមួយនៅឆ្ងាយពីកម្ពុជា និងដែលជាមិត្តល្អ របស់កម្ពុជាដែរនោះ ក្នុងដំណាក់កាលកូវីដ-១៩ តាមរយៈឯកអគ្គរាជទូតប្រចាំកម្ពុជា បានពោលកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា លើការប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ក្នុងជំនួបការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ប្យ៊ន ហេម៉ាក (Bjorn Haggmark) បានថ្លែងកោតសរសើរចំពោះវិធានការរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការខិតខំអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជន និងការបង្ការទប់ស្កាត់ការឆ្លងជំងឺនៅក្នុងពន្ធនាគារ។
ព្រះរាជាណាចក្រថៃ ដែលជាប្រទេសភូមិផងរបងជាមួយ ទោះបីពេលខ្លះមានការថ្នាំងថ្នាក់គ្នាខ្លះលើនយោបាយការទូត ប៉ុន្តែ ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងកូវីដ-១៩ដ៏លំបាក និងនឿយហត់នេះ ថៃក៏បានលើកទឹកចិត្តកម្ពុជា តាមរយៈការថ្លែងកោតសរសើរកម្ពុជា ក្នុងការទប់ស្កាត់ និងដាក់ចេញវិធានការការពារជំងឺកូវីដ-១៩ បានទាន់ពេលវេលា។ ក្នុងជំនួបការងារ និងស្វែងយល់នីតិវិធី និងវិធានការកាពារទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២០ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា លោក Panyarak Poolthup បានថ្លែងកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាលដែលដាក់ចេញ នូវវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ។ កាលពីចុងខែឧសភា ឆ្នាំ២០២០ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) បានជម្រាបសម្តេចថា រាជរដ្ឋាភិបាលថៃ បានកោតសរសើរ និងចាត់ទុកដែរថា កម្ពុជា ជាប្រទេសដែលបានដាក់វិធានការប្រាកដនិយម និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ មិនឱ្យឆ្លងរីករាលដាលក្នុងទ្រង់ទ្រាយធំ។ លោកសូមចូលរួមអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេច ហ៊ុន សែន ដែលបានដាក់វិធានការយ៉ាងជាក់លាក់ម៉ឺងម៉ាត់ ក្នុងគោលដៅទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះវិធានការ ដែលសម្តេចបានដាក់ចេញនេះ គឺមានប្រសិទ្ធភាពខ្ពស់ ហើយទប់ស្កាត់មិនឱ្យមានការរីករាលដាលនៅកម្ពុជា។ ជាមួយគ្នានេះប្រទេសវៀតណាមតាមរយៈស្ថានទូតប្រចាំកម្ពុជាបានកោតសរសើរកម្ពុជា ដែលទប់ស្កាត់ជំងឺកូវីដ-១៩ បានល្អប្រសើរ រហូតក្លាយជាកន្លែងដែលសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក។ ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នាវិមានរដ្ឋសភា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមថ្មី បានអបអរសាទរ និងកោតសរសើរចំពោះនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩រហូតទទួលបានជោគជ័យយ៉ាងធំធេង ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកសេដ្ឋកិច្ចប្រទេសឡើងវិញ។
កាលពីចុងខែកក្កដា ឆ្នាំ២០២១ វៀតណាមបានកោតសរសើរ និងថ្លែងអំណរគុណរួចម្តងមកហើយ ចំពោះជំនួយជាក់ស្តែង និងទាន់ពេលវេលារបស់កម្ពុជា និងមិត្តភក្តិអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។ ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកស្រី ទាវ ឡាយចេង ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជាបានចូលរួមអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលទទួលជោគជ័យដ៏ធំធេង និងបើកប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញ។ កាលពីខែធ្នូ ឆ្នាំ២០២០ ប្រទេសសិង្ហបុរី តាមរយៈស្ថានទូតប្រចាំកម្ពុជាចប់អាណត្តិបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩នេះដែរ។
ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិ បាននិយាយថា លោកសូមកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវិធានការត្រឹមត្រូវទទួលបាន ជោគជ័យក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ នៃជំងឺរាតត្បាតជាសកលកូវីដ-១៩។ លោក Michael Tan Keng Siong ជឿជាក់ថា ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ មានភាពធូរស្រាល នឹងមានវិនិយោគិនសិង្ហបុរីច្រើន ធ្វើដំណើរមកកម្ពុជា ដើម្បីពិនិត្យមើលឱកាសវិនិយោគ ជាពិសេសលើវិស័យសំណង់លំនៅឋាន និងអចលនទ្រព្យ។ នៅវិមានសន្តិភាព ក្នុងជំនួបការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានសម្ដែងការសាទរចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន។ លោកបានអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ចំពោះជោគជ័យដ៏ត្រចះត្រចង់ ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេនៅក្នុងតំបន់ និងច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ជាពិសេអត្រាស្លាប់ក៏មានទាបជាងគេដែរ។
នេះគឺជាកត្តា ដែលអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរី ក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅកម្ពុជាដែរនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ក៏ដូចជាវិស័យដឹកជញ្ជូន។
លោកក៏បានអបអរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ដែលនេះជាការទទួលស្គាល់ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬនៅ ក្នុងតំបន់ទេ គឺទូទាំងពិភពលោក។ ប្រទេសឡាវ ជាប្រទេសដ៏ស្ងប់ស្ងៀម និងធ្លាប់ជាមិត្តដ៏យូរអង្វែងមកហើយជាមួយកម្ពុជានោះ ក៏បានកោតសរសើរ ចំពោះការដឹកនាំ និងគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាដែរ។ ថ្លែងប្រាប់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីទទួលម៉ាស និងបរិក្ខារពេទ្យ ដែលកម្ពុជាផ្តល់ឱ្យ នៅក្រុងវៀងចន្ទន៍ប្រទេសឡាវ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ បានថ្លែងកោតសរសើរចំពោះទឹកចិត្ត និងឆន្ទៈរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់ម៉ាស និងបរិក្ខារពេទ្យ ខណៈកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកមានប្រសាសន៍ថា ការផ្ដល់ជូនរបស់រាជរដ្ឋាភិបាលកម្ពុជាពេលនេះ រឹតតែបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ខណៈកម្ពុជា និងឡាវ មានទំនាក់ទំនងល្អជាមួយគ្នាយូរមកហើយ ហើយទំនាក់ទំនងល្អនេះ នឹងមិនមាននរណាអាចបំបែកបានដែរ។ លោកនាយករដ្ឋមន្រ្តី បានលើកឡើងដែរថា កន្លងមកកម្ពុជាតែងតែជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ នៅពេលជួបការលំបាក ជាពិសេសក្នុងគ្រាមានគ្រោះមហន្តរាយធម្មជាតិ ដែលនេះបានបង្ហាញពីកាយវិការ និងទំនាក់ទំនងល្អ ដែលមានស្រាប់ សម្រាប់ប្រទេសទាំងពីរ។ មួយឆ្នាំក្រោយមក ក្នុងជំនួបការងារជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានចម្ការមន ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ(ថ្មី)បានកោតសរសើរ និងអបអរសាទរជាថ្មី ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នឹងជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។
លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងមក ជាពិសេសការជួយឧបត្ថម្ភក្នុងការទប់ស្តាត់ជំងឺកូវីដ-១៩ដោយបានផ្តល់ជំនួយជាវ៉ាក់សាំង២០ម៉ឺនដូស និងក្រោយមកសម្តេចតេជោ ហ៊ុន សែន បានផ្តល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូស ជំនួយជាថវិការបស់រាជរដ្ឋាភិបាល និងពីសម្បុរសជនចំនួន១៣លានដុល្លារអាមេរិកថែមទៀត។
នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋមន្ត្រីសុខាភិបាលឡាវបាន កោតសរសើរយ៉ាងខ្លាំងពីយុទ្ធសាស្ត្រ និងសុំដកស្រង់បទពិសោធ ពីការអនុវត្តចាក់វ៉ាក់សាំងកូវីដ-១៩ របស់កម្ពុជា។ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក សាឡឺមសៃ ឃុំម៉ាស៊ីត រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ មានប្រសាសន៍ថា រដ្ឋាភិបាល និងប្រជាជនឡាវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ រួមទាំងការផ្ដល់វ៉ាក់សាំង ការផ្ដល់រថយន្ត ក៏ដូចជា បរិក្ខារផ្សេងៗទៀតឱ្យឡាវក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ លោកក៏អបអរសាទរ និងកោតសរើសរចំពោះរាជរដ្ឋាភិបាលកម្ពុជា
ដែលទទួលជោគជ័យក្នុងការទប់ស្កាត់ ជំងឺរាតត្បាតកូវីដ-១៩។ ក្នុងឱកាសអញ្ជើញបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនបានទទួលយកភាពជោគជ័យនេះតែម្នាក់ឯងនោះទេ គឺសម្តេចបានចែករំលែកភាពជោគជ័យទាំងស្រុងទៅឱ្យប្រជាជន និងស្ថាប័នពាក់ព័ន្ធទាំងអស់។ សម្តេចមានប្រសាសន៍ថា ការយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ គឺកើតឡើងដោយសារការរួបរួមគ្នាជាមួយរាជរដ្ឋាភិបាលជាធ្លុងមួយដ៏ល្អប្រសើរ នៅក្នុងសង្គមខ្មែរលើគ្រប់វិស័យ ជាពិសេសចំពោះទឹកព្រះទ័យ ព្រះមហាក្សត្រ និងហ្លួងម៉ែ ហើយការងារនេះ មិនមែនជារឿងធម្មតាពេកដែរ។ សម្តេច ហ៊ុន សែន បានរម្លឹកឡើងវិញថា ថ្ងៃនេះ(២៧ ខែមេសា ឆ្នាំ២០២១) កាលពីឆ្នាំមុន គឺជាពេលវេលា ដែលរាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា កំពុងតែនាំគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានផ្ទុះរីករាលដាលក្នុងសហគមន៍ រហូតសម្ដេចបង្ខំចិត្តប្រើប្រាស់ នូវវិធានការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយមានការកំណត់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។
ដូច្នេះ ក្នុងរយៈពេលមួយឆ្នាំ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនមែនជារឿងធម្មតាពេកទេ គឺជារឿងលំបាកបំផុត ប៉ុន្ដែប្រជាពលរដ្ឋ រួមជាមួយរាជរដ្ឋាភិបាល គឺជាការគួរឱ្យលើកទឹកចិត្តគួរឱ្យកោតសរសើរ ទោះបីជាមានជំនឿលើបក្សណាក៏ដោយ។ យើងស្រុះគ្នា រួបរួមគ្នាណាស់ ហើយភាពស្រុះគ្នានេះហើយ ដែលបង្កើននូវភាពជោគជ័យសម្រាប់យើងទាំងអស់គ្នាលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ វិស័យឯកជន ក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសការផ្ដល់ នូវទីតាំងសម្រាប់ធ្វើជាកន្លែងព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងនៅតំបន់កោះពេជ្រ សណ្ឋាគារ និងកន្លែងសម្រាប់រៀបមង្គលការផ្សេងទៀត។ វិស័យឯកជន និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ TYDA ដែលសម្តេចហៅថា កងទ័ពអាវសបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ក្រោយមក សម្តេច តេជោ ហ៊ុន សែន មានប្រសាសន៍ សម្តេចព្រួយបារម្ភខ្លាំងជាគេ ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅពេលសម្តេច សម្រេចអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ឡើងវិញបន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានលើកជាសំណួរសួរខ្លួនឯង តើការសម្រេចចិត្តនោះ ត្រូវ ឬខុស? ភាពអស្ចារ្យរបស់សម្តេចតេជោរបស់កម្ពុជា ក្នុងដំណាក់កាលកូវីដ-១៩ គឺចាក់វ៉ាក់សាំង និងព្យាបាល ជូនប្រជាជនកម្ពុជា និងជនបរទេស ដែលស្នាក់នៅកម្ពុជា ដោយឥតគិតថ្លៃ ខណៈប្រទេសជិតខាងកម្ពុជា ក្នុងតំបន់ ឬក្រៅតំបន់គិតថវិកាពីអ្នកជំងឺ និងអ្នកចាក់វ៉ាក់សាំងកូវីដ-១៩៕