Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១១ « ភាពឆ្លាតវៃ »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកសារ 556
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១១ « ភាពឆ្លាតវៃ » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១១ « ភាពឆ្លាតវៃ »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ១១ « ភាពឆ្លាតវៃ »

ភាពឆ្លាតវៃ ពុំមែនជាមេរៀនដែលបង្រៀននៅសាលានោះទេ តែបានកើតឡើងពីក្នុងខ្លួនតាំងពីកំណើត។ ទស្សនៈនេះត្រូវគេពន្យល់ថា ភាពឆ្លាតវៃរបស់មនុស្ស មិនមែនកើតឡើងពីការបង្រៀននៅសាលាទាំងស្រុងទេ តែកើតឡើងដោយសារទេពកោសល្យ ឬថាមពលពីកំណើត។ នៅសាលា ទាំងនៅបឋម វិទ្យាល័យ ឬសាកលវិទ្យាល័យ គ្រាន់តែអាចជួយឱ្យមនុស្សអាចចេះចាំបាន តែមិនអាចឱ្យមនុស្សឆ្លាតវៃបាន១០០%ទេ។ គេអាចមើលឃើញពីភាពឆ្លាតវៃរបស់ធនញ្ជ័យ ដែលអាចដោះស្រាយបញ្ហាបានភ្លាមៗ ទាំងជាមួយសេដ្ឋី ព្រះមហាក្សត្រ និងអ្នកប្រាជ្ញមកពីប្រទេសចិន។ ភាពឆ្លាតវៃ គេអាចនិយាយបានថា បើគ្រូបង្រៀនដប់ ពួកគេអាចចេះលើសពីដប់ ឬយ៉ាងហោចក៏ដល់១៥ដែរ។ បច្ចុប្បន្ន (២០២០) ភាពឆ្លាតវៃរបស់ប្រព័ន្ធអេឡិចត្រូនិក ដូចជា កុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍ ឬឧបករណ៍ផ្សេងៗទៀត ធ្វើឱ្យមនុស្សមួយចំនួនមិនអាចប្រើប្រាស់បាន។ ភាពវៃឆ្លាតរបស់គ្រឿងអេឡិចត្រូនិកទាំងអស់វៃឆ្លាតជាងមនុស្ស។ នៅប្រទេសអាល្លឺម៉ង់ គេបង្កើតរថយន្តដែលអាចបើកបរដោយខ្លួនឯងបាន។ សហរដ្ឋអាម៉េរិក អាចបង្កើតយន្តហោះដោយគ្មានមនុស្សបើក ដោយគ្រាន់តែបញ្ជាពីចម្ងាយ។ ទាំងនេះគេហៅថា ភាពវៃឆ្លាត ពុំមែនជាការចេះចាំនោះទេ ព្រោះការចេះចាំខ្លះកើតឡើងដោយការទន្ទេញចាំមាត់ តែគំនិតមិនបែក។ តាមលោក ហ្វ្រីត ទស្សនវិទូដ៏ល្បីល្បាញ ដែលដកស្រង់ដោយរាជបណ្ឌិត្យសភាកម្ពុជា បាន ឱ្យដឹងថា ភាពឆ្លាតវៃ ឬភាពប៉ិនប្រសប់របស់មនុស្សមានធាតុផ្សំសំខាន់ៗចំនួន៣ គឺ ៖

ទី១. ការចេះស្តាប់អ្នកដទៃ ទី២. ការរក្សាគោលការណ៍ ឬជំហរខ្លួនឯង និង ទី៣. ការចេះរកវិធីដោះស្រាយនៃទំនាស់

ចំពោះសម្តេច ហ៊ុន សែន ភាពវៃឆ្លាត ឬឆ្លាតវាងវៃ របស់នាយករដ្ឋមន្រ្តីរូបនេះ ត្រូវគេមើលឃើញ មិនមែនទើបតែក្លាយខ្លួនជានាយករដ្ឋមន្រ្តីរួចហើយនោះទេ ប៉ុន្តែដូចយើងឃើញហើយថា តាំងតែពីកុមារភាព កុមារាដែលប្រសូតនៅលើដីខ្ពបជាប់ជើងភ្នំម្នាក់នេះ មានភាពវៃឆ្លាត និងភាពជាអ្នកដឹកនាំរួចទៅហើយ។ ធ្វើអ្វីៗក៏ដោយកុមារា ហ៊ុន បូណាល់ តែងតែដឹកនាំគេធ្វើ តែងតែបង្កើតគំនិតបានមុនគេក្នុងការសម្រេចចិត្ត។ សម្តេច ហ៊ុន សែន ជាមេដឹកនាំដែលចូលចិត្តស្តាប់មតិពីខាងក្រៅដើម្បីយកមកពិចារណានិងវិនិច្ឆ័យចំពោះព្រឹត្តិការណ៍អ្វីដែលបានកើតឡើង ឬបម្រុងនឹងកើតឡើង រហូតសម្តេចបង្កើតទស្សនៈថា៖ “ប្រជាពលរដ្ឋ គឺជាទីប្រឹក្សាដ៏ស្មោះត្រង់ ដោយឥតគិតថ្លៃ”។ តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច សម្តេចក៏ធ្លាប់មានប្រសាសន៍ឱ្យប្រជាពលរដ្ឋរាយការណ៍ ចំពោះភាពអសកម្មរបស់មន្រ្តី ឬរាយការណ៍ពីសកម្មភាពខិលខូចរបស់មន្រ្តីផងដែរ។

បើគ្មានភាពវៃឆ្លាតទេ សម្តេច ហ៊ុន សែន មិនអាចរំដោះខ្លួនចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ដ៏ទុរយស ទៅវៀតណាម និងត្រឡប់មករំដោះជាតិ រំដោះប្រជាជនពីរបបនេះវិញ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទេ។ បើគ្មានភាពឆ្លាតវៃ សម្តេចហ៊ុន សែន មិនអាចបង្កើតកម្មវិធីនយោបាយ ក្នុងការចរចាស្វែងរកសន្តិភាពជាមួយសម្តេចព្រះនរោត្តម សីហនុ អំឡុងឆ្នាំ១៩៨៧ ទេ។ បើគ្មានភាពវៃឆ្លាត សម្ដេច ហ៊ុន សែន មិនអាចបញ្ចប់ ឬបញ្ឈប់សកម្មភាពនៃការប្រយុទ្ធគ្នានៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បានទេ។ បើគ្មានភាពវៃឆ្លាត សម្តេច ហ៊ុន សែន មិនអាចបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នៅឆ្នាំ១៩៩៨ បានទេ។ បើគ្មានភាពឆ្លាតវៃ សម្តេច ហ៊ុន សែន មិនអាចបង្រួបបង្រួមប្រទេស ពីប្រទេសមួយមានតំបន់ត្រួតត្រា៤ មកជាប្រទេសមួយមានរដ្ឋបាលគ្រប់គ្រងតែមួយបានទេ។ បើគ្មានភាពឆ្លាតវៃ សម្តេចមិនអាចធ្វើឱ្យមេដឹកនាំពិភពលោក ចូលមកប្រជុំក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០១២ និងចូលគោរពព្រះបរមសពព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋទេ។ និយាយរួម ប្រសិនបើគ្មានភាពឆ្លាតវាងវៃ សម្តេច ហ៊ុន សែន មិនអាចបង្រួបបង្រួមទឹកដី និងក្រសោបឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានទេ។

មានសាស្រ្តាចារ្យ បណ្ឌិត បញ្ញវន្តមួយចំនួនលើកឡើងថា ប្រសិនបើសម្តេច ហ៊ុន សែន មិនឆ្លាត មិនពូកែ មិនមែនសម្តេចអាចគ្រប់គ្រង និងដឹកនាំប្រទេសបានយូរបែបនេះទេ គឺប្រាកដជានឹងរង្គោះរង្គើដូចកាលសម័យលោក លន់ នល់ និងប៉ុល ពត ជាពិសេស ដូចសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ មិនខាន។

លោក អ៊ីម៉ា ហ្គាវ៉ា អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ទសវត្សរ៍១៩៩០ មានប្រសាសន៍ថា អំឡុងពេលចរចារកសន្តិភាពនៅក្រុងប៉ារីស ពីចន្លោះឆ្នាំ១៩៨៧ ដល់១៩៩១ លោកគឺ ភារធារី ស្ថានទូតជប៉ុនប្រចាំនៅទីនោះ បានតាមដានដំណើរការនៃការចរចាដោយយកចិត្តទុកដាក់ រហូតដាច់បាយដាច់ទឹកផង។ តាមការសង្កេតរបស់លោក លោកមើលឃើញថា សម្តេចទោះបីជាក្មេងជាងគេ តែមានប្រាជ្ញាវាងវៃគួរឱ្យកត់សម្គាល់។ ក្នុងជំនួបពិភាក្សាជាមួយលោក អ៊ីស្សេ អ៊ីណូអេ អតីតសមាជិកសភាជប៉ុន នៅក្រុងបាងកក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៩៨ ខណៈកម្ពុជា កំពុងជាប់គាំងនយោបាយ ដោយហេតុព្រឹត្តការណ៍ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ លោក ស៊ុចិន្តា ក្រៈប្រៈយុន (Suchinda Kraprayoon) អតីតនាយករដ្ឋមន្រ្តីថៃ ជម្រាបលោកអ៊ីណូអេ ថាសម្ដេច ហ៊ុន សែន ជាមនុស្សមានភាពឆ្លាតវាងវៃ ហើយមានការសម្រេចចិត្តលឿន។ លោកជាមេដឹកនាំ ដែលសំខាន់មួយរូប មិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជា ។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៥ នៅក្រុងហ្សាកាតា ក្នុងជំនួបអាហារពេលល្ងាចមួយ រៀបចំដោយសារព័ត៌មានហ្សាកាតាប៉ុស្តិ៍ នៅគេហដ្ឋានរបស់លោក អាលី អាឡាតាស់ អតីតរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី លោកមានប្រសាសន៍រម្លឹករឿងអតីតកាល អំពីកិច្ចចរចារកសន្តិភាព កាលពីដើមទសវត្សរ៍១៩៩០ ប្រាប់លោក ឆាយ សុផល អតីតអ្នកសារព័ត៌មានរ៉យទ័រថា ទោះបីអំឡុងពេលនោះ សម្តេច ហ៊ុន សែន ជាមេដឹកនាំ ដែលមានអាយុវ័យក្មេងជាងគេ ក្នុងចំណោមភាគីជម្លោះ៣ទៀត ឬភាគីទាំង៤ ក៏សម្តេច ហ៊ុន សែន ជាមនុស្សឆ្លាត ចេះបត់បែន និងឆ្លើយតបលឿន(Smart and flexible)។ មនុស្សនេះ (សម្តេច ហ៊ុន សែន )អាចដឹកនាំប្រទេសបានយូរអង្វែង។ លោកអាលីលើកឡើងទៀតថា លោកធ្លាប់កោតសរសើរសម្តេចព្រះនរោត្តមសីហនុ ថាជាមនុស្សពូកែមួយអង្គ ក្នុងចំណោមមេដឹកនាំដ៏ឆ្នើមនៅតំបន់អាស៊ី ប៉ុន្តែសម្តេចហ៊ុន សែន ក៏មិនធម្មតាដែរ ព្រោះទោះបីសម្តេចមានអាយុក្មេង មានបទពិសោធនយោបាយតិចជាងសម្តេច ព្រះនរោត្តម សីហនុ លោក សឺន សាន និងលោក ខៀវ សំផន ឬមេដឹកនាំខ្មែរក្រហមដទៃទៀត ក៏សម្តេច ហ៊ុន សែន អាចប្រឈមជាមួយអ្នកទាំងនេះដោយមិនចុះញ៉មដែរ ដែលចំណុចនេះ គឺជាអំណោយផលនៃទេពកោសល្យពីកំណើត។

នៅខែកញ្ញា ឆ្នាំ២០១១ ឆ្លើយនឹងសំណួរលោកឆាយ សុផល ដែលសួរថា តើលោកយល់យ៉ាងណាចំពោះឥរិយាបថរបស់សម្តេច ហ៊ុន សែន អំឡុងនៃកិច្ចចរចាសន្តិភាព នៅហ្សាកាតា ឆ្នាំ១៩៨៩? លោក កៈស៊ីត ភិរម្យ អតីតរដ្ឋមន្រ្តីក្រសួងការបរទេសថៃ ដែលទោះបីលោកជាអ្នករិះគន់សម្តេច យ៉ាងចាស់ដៃ ឥតសំចៃមាត់ អំឡុងជម្លោះបញ្ហាប្រាសាទព្រះវិហារ ពីឆ្នាំ២០០៦ ដល់២០១២ អះអាងថា ទោះបីអំឡុងពេលនោះ សម្តេច ហ៊ុន សែន មិនបានបញ្ចប់ការសិក្សាកម្រិតថ្នាក់ឧត្តម ឬនៅសាកលវិទ្យាល័យ ក៏សម្តេចជាមនុស្សពូកែ ឆ្លាតវាងវៃ រហ័សរហួន ជាងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ លោក សឺន សាន ឬលោក សឺន ស៊ូប៊ែរ ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យល្បីៗដែរ។ ជាមួយគ្នានេះ សម្តេចព្រះនរោត្តម សីហនុ ក៏មានបន្ទូលដែរថា៖ “លោក ហ៊ុន សែន ជាមេដឹកនាំគួរឱ្យកត់សម្គាល់ម្នាក់។ គាត់ក្មេងតែវាងវៃ ហើយលោកមានបទពិសោធក្នុងកិច្ចការប្រទេសជាតិ និងបរទេសទៀតផង។ គាត់ជាជនស្នេហាជាតិ ហើយមានសេចក្តីស្នេហាពិតប្រាកដចំពោះប្រជាជនរបស់គាត់។ គាត់មានមោទនភាព ជាតិ។ កាលដែលខ្ញុំនៅក្មេង ខ្ញុំដូចគាត់ប្រកបដោយថាមពល ចិត្តខ្លាំងដូចព្យុះសង្ឃរា ហិង្សាក្នុងសម្តី តែនេះជាយុវវ័យ។ យើងទាំងអស់គ្នាទុំជោរតាមអាយុ។ ប្រទេសកម្ពុជាមានសំណាង ដោយមានលោក ហ៊ុន សែន។ យើងត្រូវការ ហ៊ុន សែន ច្រើននាក់ទៀត” ។

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសដែលសម្តេចព្រះនរោត្តម សីហមុនី និងសម្តេច នរោត្តម មុនីនាថ សីហនុ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យអនុញ្ញាតឱ្យសម្តេច ហ៊ុន សែន ចូល ក្រាបង្គំគាល់នៅព្រះបរមរាជវាំង ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បាន សម្តែងកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងចំពោះការដឹកនាំរបស់សម្តេច ហ៊ុន សែន នាំមកនូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងនាំមកនូវភាពក្សេមក្សាន្ត សុខដុមរមនាសម្រាប់ប្រជា-ពលរដ្ឋ។ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជឱង្ការថា ព្រះអង្គមានព្រះរាជហឫទ័យរំភើបក្រៃលែងនិងកោតសរសើរដោយស្មោះស្ម័គ្រអស់ពីដួង ព្រះរាជហឫទ័យ ចំពោះសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដ៏ឆ្នើមរបស់កម្ពុជា ដែលជាអ្នកស្នេហាជាតិខ្ពង់ខ្ពស់បំផុត ក្នុងការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ ដើម្បីការពារ ដឹកនាំមាតុភូមិកម្ពុជា ឱ្យស្ថិតនៅក្នុងសេចក្តីសុខ សន្តិភាព ឯកភាពជាតិ និងការរីកចម្រើនជឿនលឿនលើគ្រប់វិស័យជាបន្តបន្ទាប់។ ព្រះករុណាជីវិតលើត្បូង មានព្រះរាជឱង្ការកោតសរសើរទៀតថា សម្តេច ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ និង បានបន្តការខិតខំប្រឹងប្រែង លើការស្ថាបនាសមិទ្ធផលក្នុងវិស័យហេដ្ឋារចនាសម្ពន្ធសង្គម និងការជំរុញឱ្យវិស័យសេដ្ឋកិច្ចជាតិ កាន់តែទទួលកំណើនខ្ពស់ ដើម្បីនាំមកនូវការអភិវឌ្ឍប្រទេសជាតិ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្ត្រកម្ពុជា មានជីវភាពកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។

ដោយភាពឆ្លាតវៃ ទោះបីស្ថិតក្នុងភាពវ័យក្មេងក៏ដោយ នៅឆ្នាំ១៩៨២ សម្ដេច ហ៊ុន សែន ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបញ្ជូនលោក ហោ ណាំហុង ដែលជាអ្នកការទូតដ៏ប៉ិនប្រសប់របស់សម្ដេចព្រះនរោត្តមសីហនុ ឱ្យទៅធ្វើជាអគ្គរដ្ឋទូតកម្ពុជា ប្រចាំប្រទេសសូវៀត ដែលជាប្រទេសបង្អែកធំមួយទៀតក្រៅពីវៀតណាម។

ដោយសារមានការគាំទ្រយ៉ាងខ្លាំងពីសូវៀត សម្ដេច ក៏បញ្ចុះបញ្ចូលឱ្យវៀតណាម និងរដ្ឋាភិបាលភ្នំពេញ ថារដ្ឋាភិបាលទាំងពីរគួរអនុញ្ញាតឱ្យសម្ដេចជួបជាមួយសម្តេចព្រះនរោត្តមសីហនុ ។ នៅក្រុងម៉ូស្គូ រ៉ូហ្កាឆូវ បានហៅឱ្យលោក ហោ ណាំហុង ចាប់ ផ្តើមរៀបចំការប្រជុំមួយ ដោយបញ្ជូនលោកហោ ណាំហុង ឱ្យទៅប៉ារីស។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៨៨ ក្នុងជំនួបចរចាលើកទី២ សម្ដេច ហ៊ុន សែន បានយាងសម្តេចព្រះនរោត្តមសីហនុ ឱ្យជួបសម្ដេចនៅប៉ារីស នៅស្តុកខូម ឬក៏កង់បេរ៉ា។ គេអាចពិនិត្យមើលនូវកិច្ចសន្ទនាសន្តិភាព រវាងតួអង្គទាំងពីរ នៅទំព័រក្រោយទៀត។ ដើមទសវត្សរ៍១៩៨០ កម្ពុជាកំពុងជាប្រទេសស្ថិតក្នុងភាពក្រីក្រគួរឱ្យរន្ធត់។ នៅក្នុងទីក្រុងមានរទេះគោ ស៊ីក្លូ និងកង់ឌុប។ អគារដែលខ្ពស់ត្រដែតជាងគេអំឡុងពេលនោះ គឺវត្តអារ៉ាមព្រះពុទ្ធសាសនា។ វត្តអារ៉ាមនៃព្រះពុទ្ធសាសនា សឹងតែទាំងអស់ គឺកំពុងជួសជុលឡើងវិញ ក្រោយពីខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម និងការបំផ្លាញរបស់របប ប៉ុល ពត។ សម្ដេច ហ៊ុន សែន ជាអ្នកត្រួតពិនិត្យមើលលើការផ្លាស់ប្ដូរទាំងអស់នៃការវិវឌ្ឍរបស់ប្រទេស ដែលធ្វើឱ្យគេគិតថា សម្ដេចជាមេដឹកនាំរបស់កម្ពុជា។ នៅពេលដែលកម្ពុជាកំពុងចាប់អារម្មណ៍ដោយអន្តរជាតិ អ្នកការទូតភាគច្រើនបានមើលរំលងប្រធានក្រុមប្រឹក្សារដ្ឋ ហេង សំរិន ដែលជាមេដឹកនាំផ្លូវការ។ សម្ដេច ហ៊ុន សែន មានសំណាងល្អ ក្នុងការប្រជែងនយោបាយ បើប្រៀបធៀបទៅនឹងសម្ដេចហេង សំរិន សម្ដេច ហ៊ុន សែន ជាអ្នកនយោបាយដ៏សកម្ម និងទាន់សម័យម្នាក់។ សម្ដេចមិនចោលទម្លាប់គ្រប់គ្រងល្អិតល្អន់ តឹងរ៉ឹង និងហ្មត់ចត់ របស់សម្ដេចនោះទេ ។

ក្នុងសៀវភៅដែលមានចំណង ពេលសង្គ្រាមរលត់ទៅ អេលីហ្សាប៊ែត ប៊ែគឃ័រ និយាយថា៖ “ការយល់ឃើញរបស់លោកហ៊ុន សែន មិនសូវខុសពីការយល់ឃើញរបស់អ្នកដទៃ ឡើយ។ ប្រសិនបើមាននរណាម្នាក់អាចជួយឱ្យគាត់រីកចម្រើនបាន គាត់នឹងឱ្យអ្នកនោះចូលក្រុម ធ្វើការជាមួយដោយមិនប្រកាន់ថាជននោះជាព្រះអង្គម្ចាស់ជាកសិករ ជាអ្នកជំនួញ ឬក៏ទាហានឡើយ។ ដូចអ្នកនយោបាយដទៃទៀតដែរ លោក ហ៊ុន សែន ចូលចិត្តជិះរថយន្តដើរមើលជុំវិញប្រទេស ជជែកលេងជាមួយកសិករ និងសម្ពោធទីលំនៅ ឬអគារសិក្សាថ្មី។ លោកមិនដែលលាក់បាំងនូវការស្រលាញ់ ចូលចិត្ត ចំពោះជីវិតដែលល្អប្រសើរទេ។ លោកតែងជំរុញឱ្យប្រជាជនកម្ពុជារស់នៅបានប្រសើរ ហើយលោកចេះទាញប្រយោជន៍ពីការបើកទ្វារប្រទេសឡើងវិញ”។ “ខុសពីសម្តេច សីហនុ បន្ទាប់ពីសន្និសីទនៅប៉ារីស បានរំពឹងលើអ្នកផ្តល់ជំនួយបរទេសកាន់តែខ្លាំងឡើងនោះ លោកហ៊ុន សែន បានយកស្នៀតអ្នកកីឡាប្រដាល់ដ៏រឹងមាំមួយ ហើយនិយាយថា កងទ័ពរបស់គាត់អាចទប់ទល់ជាមួយខ្មែរក្រហមបាន។ គាត់បានធ្វើដំណើរជុំវិញប្រទេស ហើយរាយការណ៍ថា ទ័ពរបស់គាត់កំពុងប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅតាមព្រំដែនថៃ។ លោក ហ៊ុន សែន និយាយនៅក្នុងសន្និសីទថា អ្នកខ្លះឮថាខ្មែរក្រហមបម្រុងវាយយកភ្នំពេញ? តើពួកគេអាចវាយយកភ្នំពេញយ៉ាងដូចម្តេច បើគេពុំអាចទាំងទប់ទល់នៅតាមព្រំដែនផងនោះ?…”។ (អេលីហ្សាប៊ែត ប៊ែគឃ័រ អះអាងបន្ថែម)។ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង