Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៤១ « ប្រវត្តិស្នេហា និង អាពាហ៍ពិពាហ៍របស់សម្តេចទាំងទ្វេ »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 769
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៤១ « ប្រវត្តិស្នេហា និង អាពាហ៍ពិពាហ៍របស់សម្តេចទាំងទ្វេ » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៤១ « ប្រវត្តិស្នេហា និង អាពាហ៍ពិពាហ៍របស់សម្តេចទាំងទ្វេ »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៤១ « ប្រវត្តិស្នេហា និង អាពាហ៍ពិពាហ៍របស់សម្តេចទាំងទ្វេ »

ខាងក្រោមនេះ ជាប្រវត្តិស្នេហារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេ ចកិ ត្តិ ព្រឹ ទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចសរសេរដោយផ្ទាល់នៅលើទំព័រហ្វេសប៊ុក កាល ពីឆ្នាំ២០១៦ កន្លងមក។ នៅទីនេះ យើងសូមលើកយកមកចុះផ្សាយនូវអត្ថបទដើមទាំងស្រុង ដោយពុំមានការកែសម្រួលអ្វីឡើយ។

“ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ជាខួប៤០ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់ខ្ញុំ និងភរិយា (៥ មករា ១៩ ៧៦-៥មករា២០១៦)។ បើនិយាយពីជីវិតប្តីប្រពន្ធ វាជារឿងធម្មតាខ្លាំងណាស់សម្រាប់ជីវិតមនុ ស្សទូទៅ តែសម្រាប់ខ្ញុំ និងភរិយាវាជារឿងមិនធម្មតា ពេលខ្លះខ្ញុំគិតថា ចម្លែករហូតចាត់ទុក ថា ទេវតាផ្សំផ្គុំ ឬគូព្រេងទៀតផង។

ខ្ញុំគួរចាប់ផ្តើមពីចំណុច ថាតើខ្ញុំ និងភរិយាស្គាល់គ្នា និងជួបគ្នាដោយរបៀបណា។ គ្រូទាយ តែងតែទស្សន៍ទាយឱ្យខ្ញុំថា គូព្រេងរបស់ខ្ញុំនៅក្រោមខ្សែទឹកហូរ ជារបៀបនិយាយ នៃអ្នក ដែលរស់នៅតាមដងទន្លេមេគង្គ មានន័យថា ភរិយាខ្ញុំនឹងមានទីលំនៅ នៅក្រោមចរន្តទឹកហូរ តែផ្ទុយទៅវិញភរិយាខ្ញុំបែរជាមានទីលំនៅលើចរន្តទឹកហូរទៅវិញ។

ប្រៀបធៀបភូមិសាស្រ្តនៃភូមិពាមកោះស្នាឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលជាភូមិកំណើ តរបស់ខ្ញុំ និង ភូមិរកាខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារដែលជាភូមិកំណើតរបស់ភរិយាខ្ញុំនៅម្ខាង ទន្លេម្នាក់ ឃើញថាភូមិខ្ញុំនៅក្រោមខ្សែទឹកនៃភូមិភរិយាខ្ញុំ៣ទៅ៥គីឡូម៉ែត្រឯណោះ។ ពេលនេះខ្ញុំនិយាយដល់រឿងរ៉ាវដែលកើតក្នុងទំនាក់ទំនងរវាងខ្ញុំនិងភរិយាខ្ញុំ។

នៅប្រមាណដើមឆ្នាំ១៩៧៣ អង្គភាពរបស់ខ្ញុំ បានបញ្ជូនចេញពីស្រុកមេមត់ ទៅកាន់ស្រុកត្បូ ងឃ្មុំ តាមដងទន្លេមេគង្គ មានឃុំជីរោ ឃុំបឹងព្រួល ឃុំពាមជីលាំង ឃុំថ្មពេជ្រ ឃុំស្រែសៀម ។ល។ បន្ទាប់ពី ប្រយុទ្ធនៅលើសមរភូមិជាច្រើនតាមផ្លូវជាតិលេខ៧ ក្នុងចន្លោះស្រុកស្នួល ខេត្តក្រចេះ មកស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តកំពង់ចាម ដែលពួកខ្ញុំប្រយុទ្ធភាគច្រើន ជាមួយកងទ័ពឈ្លានពានវៀតណាមខាងត្បូង និងពេលខ្លះជាមួយកងទ័ពអាម៉េរិក និងវៀត ណាមខាងត្បូង សំខាន់ក្នុងឆ្នាំ១៩៧០ ដល់ចុងឆ្នាំ១៩៧១។

ពេលនោះខ្ញុំទើបអាយុបាន២១ឆ្នាំ។ ឯភរិយាខ្ញុំទើបមានអាយុ១៩ឆ្នាំប៉ុណ្ណោះ។ ខ្ញុំ និងភរិយារប ស់ខ្ញុំមិនដែលស្គាល់គ្នាទាល់តែសោះ កុំថាឡើយមុខមាត់ សូម្បីតែឈ្មោះក៏មិនដែលស្គាល់ ឬឮ ផង។ ល្ងាចថ្ងៃមួយនៅពេលដែលខ្ញុំកំពុងដាំបាយដែលជាវេនដាំស្លរបស់ខ្ញុំ ស្រាប់តែយុទ្ធជន របស់ខ្ញុំម្នាក់ដែលទើបនឹងចេញពីព្យាបាលជំងឺ នៅមន្ទីរពេទ្យស្រុកក្រូចឆ្មារមកប្រាប់ខ្ញុំថា សោ ផ្តាំសួរសុខទុក្ខ។ អ្នកតាមដងទន្លេពាក្យ (សោគឺជាបងថ្លៃស្រី) ខ្ញុំមិនតបតឬសួរនាំអ្វីទាំងអស់ និងឱ្យយុទ្ធជនរូបនេះជួយចិត្តផ្លែចេក ព្រោះត្រូវធ្វើសម្លប្រហើរផ្លែចេក។

ស្អែកឡើងមានយុទ្ធជនផ្សេងដែលទើបចេញពីមន្ទីរពេទ្យស្រុកក្រូចឆ្មារនិយាយរឿងនេះដូចគ្នា និងជាបន្តបន្ទាប់មានយុទ្ធជនកម្មាភិបាលកាន់តែច្រើននិយាយពាក្យសោផ្ដាំសួរសុខទុក្ខ។ ចំណែកខាងភរិយាខ្ញុំក៏បានទទួលពាក្យពីយុទ្ធជនរបស់ខ្ញុំវិញថា មេបញ្ជាការរបស់ខ្ញុំផ្ដាំសួរ សុខទុក្ខអ្នកគ្រូពេទ្យ រហូតយុទ្ធជនខ្លះហ៊ានប្រើពាក្យសោឬបងថ្លៃ ដែលពាក្យនេះបានធ្វើឱ្យ អ្នកគ្រូពេទ្យក្រមុំខឹងនឹងខ្ញុំយ៉ាងខ្លាំង។

នេះជាល្បែងផ្សំផ្គុំ ដ៏មានគ្រោះថ្នាក់សម្រាប់វិន័យកងទ័ពនាពេលនោះ ប្រសិនបើយើងមិន មានការយោគយល់ពីមេបញ្ជាការរបស់យើងទេនោះ។ ជាកុសលល្អ ខ្ញុំតែងមានមេបញ្ជាការ ប្រកបដោយមេត្តាធម៌ ក្នុងនោះមានម្នាក់ឈ្មោះ សុក សារឿន បច្ចុប្បន្នជាឧត្តមសេនីយទោ និង ជាមេបញ្ជាការរងយោធភូមិភាគទី៤ គាត់ជាមនុស្សសំខាន់ ម្នាក់ដែលដឹងរឿងរ៉ាវ ក្នុងទំ នាក់ទំនងរវាងខ្ញុំនិងភរិយាខ្ញុំ។ ឯខ្ញុំក៏ដឹងរឿងរ៉ាវគាត់ច្រើនដែរ ក្នុងរឿងគាត់ជាកំ លោះចាស់ ចង់បានប្រពន្ធក្មេង។

ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៣ មានការប្រយុទ្ធទ្រង់ទ្រាយធំមួយដើម្បីអបអរសាទរខួបលើកទី៣ នៃថ្ងៃបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ។ ពួកយើងបា នវាយបន្ទាយទន្លេបិទដែលអង្គភាពរបស់ខ្ញុំក្រោមបញ្ជារបស់បងប្រុស សុក សារឿន ត្រូវវាយ ពីទិសខាងជើង ដែលពេលនេះ គឺជាតំបន់គល់ស្ពានគីស្យូណា។ យើងចាញ់ធ្ងន់ធ្ងររហូត បាក់ ទ័ព។ យុទ្ធជនមួយចំនួនពលីជីវិត មួយចំនួនទៀតត្រូវរបួស ដែលបងប្អូនទាំងនោះត្រូវបញ្ជូន មកព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យកំពុងមានបញ្ហាជាមួយខ្ញុំ។ សូមបញ្ជាក់ថា ការប្រយុទ្ធយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៣ គឺជាលើកដំបូងហើយដែល ខ្ញុំវា យជាមួយកងទ័ពខ្មែរគ្នាឯង តាមនយោបាយខ្មែរូបនីយកម្មសង្គ្រាមនៅកម្ពុជា បន្ទាប់ពីអាម៉េរិ ក និងវៀតណាមខាងត្បូងដកកងទ័ពថ្មើរជើងចេញពីកម្ពុជា តែនៅបន្តវាយកម្ពុជាតាមកងទ័ ពជើងអាកាស។ ការប្រយុទ្ធរាប់សិបលើកមុនៗ គឺវាយជាមួយកងទ័ពឈ្លានពានអាម៉េរិក ពិសេសគឺកងទ័ពវៀតណាមខាងត្បូងដែលបោះទ័ពតាមផ្លូវជាតិលេខ៧ ម្ដុំស្អំ អំពុក ក្រែក។ល ។ នៅពេលកម្មា-ភិបាលយុទ្ធជនមួយចំនួនកំពុងសម្រាកព្យាបាលរបួស និងជំងឺនៅក្នុងមន្ទីរ ពេទ្យស្រុកក្រូចឆ្មារ ក្នុងឋានៈជាមេបញ្ជាការរបស់ពួកគេ ខ្ញុំត្រូវទៅសួរសុខទុក្ខពួកគេ។ ពេលចូលដល់មន្ទីរពេទ្យដែលនៅជាប់នឹងមាត់ទន្លេមេគង្គ ខ្ញុំដើរសួរសុខទុក្ខយុទ្ធមិត្តដែល សម្រាកនៅមន្ទីរពេទ្យទាំងអស់ ដោយមាននំអន្សមចេក ចែកជូន២ម្នាក់ស្មើៗគ្នា ដោយគ្មាន ការរើសអើងអង្គភាព។

ចុងក្រោយទើបខ្ញុំទៅសួរសុខទុក្ខសម្លាញ់ខ្ញុំម្នាក់ដែលរបួសជើងទាំងសងខាង ដែលខ្ញុំបាន អូសផង លីផងយកចេញពីសមរភូមិនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៣។ សម្លាញ់ម្នាក់នេះក ម្សត់កម្រជាមួយគ្នាតាំងពីសមរភូមិទី១ វាយទ័ពអាម៉េរិក និងវៀតណាមខាងត្បូងនៅស្រុកស្នួលខេត្តក្រចេះ ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧០ ដែលជាថ្ងៃដំបូងនៃការចូលមកកាន់កាប់ផ្លូវជាតិលេខ៧ ពីសំណាក់កងទ័ពឈ្លានពាន។ គាត់គឺជាមនុស្សកំប្លែងស្ងួត សម្លាញ់ខ្ញុំមិនត្អូញត្អែរជាមួយមុខរបួសគាត់ទេ គាត់បែរជានិយាយមកកាន់ខ្ញុំថា បូណាល់ (ហ៊ុន បូណាល់ ជាឈ្មោះដើមរបស់ខ្ញុំ និងហៅក្រៅថា “សែន” ពេលនោះខ្លះហៅ“សែន” ខ្លះហៅ“បូណាល់”) គ្រូពេទ្យ “រានី” ពិតជាស្អាត។ បើឯងមិនត្រូវការទេទុកឱ្យអញដណ្តឹងយក តែប្រហែលជាទៅមិនរួចទេ បើអញខ្មៅយ៉ាងនេះ ដូចក្អែកពាំពងមាន់ហើយ ព្រោះ រ៉ានី សស្អាតណាស់។ ពេលឮឈ្មោះ “រានី” ខ្ញុំក៏សួរថា “រ៉ានីហ្នឹង ជាអ្នកណាគេ?” សម្លាញ់ខ្ញុំឆ្លើយភ្លាមថា ក្រែងនារីដែលឯងស្រឡាញ់នោះអី បន្តិចទៀតគាត់មកលាងរបួសឱ្យអញហើយ ចាំជួបគ្នានៅហ្នឹងហើយ។ ខ្ញុំជេរសម្លាញ់ខ្ញុំថាអាឆ្កួត។ ដោយប្រញាប់ឆ្លងទន្លេពីឃុំក្រូចឆ្មារ ដែលជាទីតាំងមន្ទីរពេទ្យទៅឃុំពាមកោះស្នា ដើម្បីសួរសុខទុក្ខឪពុកម្តាយ ក្រុមគ្រួសារ ដែលបែកគ្នាជាង៣ឆ្នាំមកហើយនោះ ខ្ញុំក៏ប្រញាប់ចាកចេញពីមន្ទីរពេទ្យដោយមិនទាន់ស្គាល់មុខរ៉ានីយ៉ាងណាផង ហើយក៏មិនចង់ស្គាល់ដែរ ព្រោះខ្លាចមានរឿង។

នេះលើកទីមួយហើយដែលខ្ញុំស្គាល់ឈ្មោះនារីម្នាក់ ដែលក្រោយមកក្លាយជាភរិយាខ្ញុំរយៈពេល៤០ឆ្នាំកន្លងមកនេះ។ហេតុតែនិស្ស័យ ខំប្រឹងគេចវេះ ទោះខ្ញុំត្រូវរបួសភ្លៅដោយអំបែងគ្រាប់ផ្លោងក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំ១៩៧៣ ក៏ខ្ញុំមិនមកព្យាបាលនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាដែរ ខ្លាចជួបមុខរ៉ានីនេះ។ តែពាក្យចចាមអារ៉ាមកាន់តែធំទៅៗ ធ្វើឱ្យខ្ញុំរងក្តីអាម៉ាស់ប្រឈមនឹងបញ្ហាវិន័យកាន់តែខ្លាំង។ ចំណែកខាង រ៉ានី វិញកាន់តែធ្ងន់ធ្ងរជាងខ្ញុំទៅទៀត ព្រោះនាងជាមនុស្សស្រី បើមិនរងខាងវិន័យទេ ក៏មានផលប៉ះពាល់ខាងសីលធម៌ដែរ។ មនុស្សប្រុស ស្រី២នាក់ ហើយសុទ្ធតែក្រមុំកំលោះដូចគ្នា មិនដែលស្គាល់គ្នា តែមានការគិតដូចគ្នា គឺខ្ញុំបានស្នើសុំមេបញ្ជាការរបស់ខ្ញុំ គឺបង សុក សារឿន ដើម្បីទៅជួបដោះស្រាយផ្ទាល់នៅស្រុកក្រូចឆ្មារ។ ប្រហែល២ថ្ងៃក្រោយ រ៉ានី បានផ្តាំតាមអ្នកទទួលខុសត្រូវពេទ្យនៅសមរភូមិឱ្យខ្ញុំប្រញាប់ទៅកាន់ស្រុកក្រូចឆ្មារ ដើម្បីដោះស្រាយការយល់ច្រឡំនេះ។

ខ្ញុំទទួលព័ត៌មានពេលព្រឹក ពេលរសៀលខ្ញុំជួបបង សុក សារឿន មេបញ្ជាការរបស់ខ្ញុំ ទទូចសុំគាត់ឱ្យជូនខ្ញុំទៅស្រុកក្រូចឆ្មារ នាពេលល្ងាចនោះតែម្ដង។ ដោយយល់ចិត្តនាយទាហានថ្នាក់ក្រោម ដែលជួយការងារគាត់យ៉ាងច្រើន ហើយប្រហែលជាគាត់កំពុងស្វែងយល់ចិត្ត និងសាច់ញាតិនារីម្នាក់ ដែលគាត់ស្រឡាញ់ផងដែរនោះបង សុក សារឿន ក៏សម្រេចចិត្តភ្លាម ហើយចេញដំណើរភ្លាម ដែលដើមឡើយទាំងគាត់ទាំងខ្ញុំគិតថានឹងត្រលប់មកវិញទាំងយប់។ ពួកយើងចេញដំណើរម៉ោងប្រហែលជិត៣ល្ងាច ពីឃុំបឹងព្រួលស្រុកពាមជីលាំង ទៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ដោយម៉ូតូហុងដា CL90 cc។ សូមបញ្ជាក់ថា ក្រោយឆ្នាំ១៩៧០ តំបន់រំដោះនាខេត្តកំពង់ចាម ត្រើយខាងកើតទន្លេមេគង្គ គឺជាផ្នែកមួយនៃភូមិភាគបូព៌ាទិស២០៣ តំបន់ដែលខ្ញុំរស់នៅ គឺតំបន់២១ ដែលនៅខាងជើងផ្លូវជាតិលេខ៧។ រីឯខាងត្បូងផ្លូវជាតិលេខ៧ គឺជាតំបន់២០។ ខេត្តកំពង់ចាមត្រើយខាងលិចជាភូមិភាគ៣០៤ ដោយយកទន្លេមេគង្គ ជាព្រំប្រទល់រវាងភូមិភាគទាំងពីរ២០៣ និង៣០៤។ សម្រាប់តំបន់២១ បានបង្កើតស្រុក២បន្ថែម គឺស្រុកទឹកជ្រៅ និងស្រុកពាមជីលាំង ក្នុងឆ្នាំ១៩៧៣។

ក្រោយមកទៀតបង្កើតស្រុកមួយទៀតមានឈ្មោះថាស្រុកត្រមូង។ ឃុំបឹងព្រួល ដែលខ្ញុំចេញដំណើរទៅកាន់ស្រុកក្រូចឆ្មារ ស្ថិតក្នុងស្រុកពាមជីលាំង ដែលត្រូវធ្វើដំណើរប្រមាណ២ម៉ោង ទើបដល់មន្ទីរពេទ្យដែលមានទីតាំងនៅឃុំក្រូចឆ្មារដែលពួកយើងទៅដល់ទីនោះមុនម៉ោង៥ល្ងាច។ ភ្នែកខ្ញុំប្រឹងរកមើល តើនារីមួយណាទៅឈ្មោះ រ៉ានី ប៉ុន្តែមិនឃើញសោះ ប្រហែលកន្លះម៉ោងក្រោយមកទើបថ្នាក់ដឹកនាំមន្ទីរពេទ្យ និងសង្គមកិច្ចស្រុក បានអញ្ជើញយើងហូបបាយ។ ខ្ញុំអត់ស្គាល់គ្រូពេទ្យជានារីនៅមន្ទីរពេទ្យស្រុកក្រូចឆ្មារទេ គ្រូពេទ្យលើកបាយសម្លមក ខ្ញុំលួចមើលមុខ និងខ្សឹបសួរប្រធានមន្ទីរពេទ្យថាតើមួយណាឈ្មោះរ៉ានី ប្រធានមន្ទីរគ្រវីក្បាលថាអត់មាននៅទីនេះទេ។ ក្រោយបាយរួច ខ្ញុំសុំមេបញ្ជាការរបស់ខ្ញុំទៅសួរសុខទុក្ខបងជីដូនមួយរបស់ខ្ញុំដែលនៅមិនឆ្ងាយពីមន្ទីរពេទ្យ។ ម៉ោងប្រមាណ៧យប់ ខ្ញុំបានវិលត្រឡប់មកវិញ។ ខ្ញុំឡើងទៅលើផ្ទះឃើញនារីម្នាក់កំពុងអង្គុយមុខចង្កៀងប្រេងកាត ដែលខ្ញុំមើលទៅសុទ្ធតែជាវេជ្ជបញ្ជាសម្រាប់ព្យាបាលឱ្យអ្នកជំងឺ។ ដោយមិនឃើញមេបញ្ជាការរបស់ខ្ញុំ ខ្ញុំក៏សួរទៅកាន់នារីនោះថា បងស្រី តើមេបញ្ជាការរបស់ខ្ញុំគាត់ទៅណាហើយ? ចម្លើយរបស់សុភាពនារីរូបនេះតបមកវិញថា គាត់ទៅមាត់ទន្លេហើយ។ មិនអស់ចិត្តខ្ញុំក៏សួរគាត់មួយសំណួរទៀតថា តើនារីឈ្មោះរ៉ានីពេលនេះនៅឯណា? ចម្លើយតបដោយសុភាពថា រ៉ានីទៅដងទឹកបាត់ហើយ។ ខ្ញុំក៏ចុះមកក្រោមផ្ទះវិញក្នុងបំណងដើរទៅរកមេបញ្ជាការរបស់ខ្ញុំ។ លុះចុះមកដល់ក្រោម ខ្ញុំបានជួបជាមួយគ្រូពេទ្យម្នាក់ដែលធ្លាប់ស្គាល់គ្នា ពេលដែលគាត់ទៅប្រចាំការនៅសមរភូមិ ខ្ញុំក៏សួរគាត់ថា នារីឈ្មោះរ៉ានីពេលនេះនៅឯណា? បងប្រុសគ្រូពេទ្យដែលមានអាយុច្រើនជាងខ្ញុំប្រហែល១០ឆ្នាំ ឆ្លើយតបថា នារីដែលសែនឯងសួរលើផ្ទះអម្បាញ់មិញនោះហើយជារ៉ានី។ បន្ទាប់ពីដឹងថា នារីដែលធ្លាប់មានបញ្ហាជាមួយខ្ញុំជាយូរមកហើយ ហ៊ានភូតខ្ញុំនៅពេលនេះទៀត ធ្វើឱ្យខ្ញុំកាន់តែខឹង។ ពេលនេះរឿងចាស់រឿងថ្មី ត្រូវតែទូទាត់បញ្ជីនៅយប់នេះ (តាមពិតខ្ញុំមើលមុខរ៉ានីអត់ច្បាស់ទេ ដោយមើលពីក្រោយ ព្រោះ រ៉ានីកំពុងសរសេរក្រោមពន្លឺចង្កៀងប្រេងកាត)ម៉ោង៨យប់ ការប្រជុំដោះស្រាយបានមកដល់។ ភាគីខាងស្រីមានប្រធាន និងអនុប្រធានមន្ទីរពេទ្យស្រុក សាមីខ្លួនខាងស្រីគឺ រ៉ានី និងមិត្តស្រីរបស់គាត់ម្នាក់ទៀតដែលជាគ្រូពេទ្យក្រមុំដូចគ្នា។ ខាងភាគីខ្ញុំ មានមេបញ្ជាការខ្ញុំនិងរូបខ្ញុំជាសាមីខ្លួន។

មន្ទីរពេទ្យបានក្រាលកន្ទេលក្រហម២ និងចង្កៀងប្រេងកាត២ ដែលយើងអង្គុយទល់មុខគ្នា ខ្ញុំអង្គុយបត់ជើង មេបញ្ជាការខ្ញុំអង្គុយពែនភ្នែន។ នៅពេលអង្គុយរួចហើយ យុវនារី២នាក់បានមកដល់ ហើយអង្គុយបត់ជើង ពេលនោះខ្ញុំចាំមិនច្បាស់ថា មួយណាជារ៉ានីក្នុងចំណោមយុវនារីទាំង២នាក់នោះ ព្រោះពេលខ្ញុំសួរពីក្បាលព្រលប់ខ្ញុំមិនបានឃើញមុខគេច្បាស់ទេ។ បន្តិចក្រោយមកទើបខ្ញុំបានស្គាល់រ៉ានីច្បាស់។ ពេលនោះអារម្មណ៍របស់ខ្ញុំក៏ចាប់ចិត្តស្រឡាញ់គេភ្លាម។ ខ្ញុំមានការសោកស្តាយ ហើយគិតក្នុងចិត្តថាប្រសិនបើដឹងថានាងស្អាតយ៉ាងនេះ មិនចាំបាច់មកដោះស្រាយធ្វើអ្វី សុំស្តីដណ្តឹងយកធ្វើជាប្រពន្ធតែម្តងល្អជាង។ ខ្ញុំស្តាយដោយធ្លាប់ជេរស្តីឱ្យយុទ្ធជនដែលជួយផ្សំផ្គុំខ្ញុំជាមួយរ៉ានី លើសពីនេះខ្ញុំក៏ធ្លាប់លួចជេររ៉ានីដែរ ពិសេសក្រោយពេលប្រជុំ ម្តងៗ ដែលថ្នាក់លើនិយាយបញ្ឆិតបញ្ឆៀងរឿងសីលធម៌ដែលធ្វើឱ្យខ្ញុំឈឺចិត្ត។

“ឃើញភ្លាមស្រឡាញ់ភ្លាម” រឿងនេះមិនធ្លាប់មានសោះក្នុងជីវិតជាកំលោះរបស់ខ្ញុំ។ តើត្រូវស្រោចស្រង់សភាពការណ៍បែបណា? ផែនការពីក្បាលព្រលប់ចង់ទូទាត់បញ្ជីទាំងចាស់ទាំងថ្មី ត្រូវជំនួសដោយពាក្យសុំទោសជំនួសយុទ្ធជន និងប្អូនស្រីខ្ញុំ២នាក់ ដែលធ្លាប់បានហៅរ៉ានី ថាជាបងថ្លៃ ដែលធ្វើឱ្យរ៉ានីខូចឈ្មោះ។ ដោយពុំមានចំណងស្នេហ៍ជាមួយនារីណានៅឡើយ ខ្ញុំគិតក្នុងចិត្តថាត្រូវតែយករ៉ានីមកធ្វើជាភរិយាឱ្យបាន។ អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំ តើរ៉ានីស្រឡាញ់ខ្ញុំ ព្រមទទួលយកខ្ញុំជាស្វាមីឬទេ? និងថា តើរ៉ានីមានបុរសណាក្នុងចិត្តនាងហើយឬនៅ? នៅយប់នោះ ខ្ញុំក្លាយជាមនុស្ស ដែលចេះនិយាយភូតដោយប្រាប់មេបញ្ជាការខ្ញុំថា ម៉ូតូយើងម៉ាស៊ីនដើរមិនស្រួល អាគុយក៏មិនសូវកាន់ភ្លើង ធ្វើដំណើរទាំងយប់អាចខូចតាមផ្លូវ។

គាប់ជួនពេលនោះម៉ោងជិត១០យប់ទៅហើយ មេបញ្ជាការខ្ញុំក៏យល់ព្រម ដោយសុំប្រធានមន្ទីរពេទ្យសម្រាកមួយយប់។ មន្ទីរពេទ្យក៏រៀបចំភ្លាមៗឱ្យយើងទាំង២នាក់សម្រាកនៅលើផ្ទះដែលយើងប្រជុំដោះស្រាយនោះតែម្ដង។ មិននឹកស្មានដល់ថា ផ្ទះដែលយើងសម្រាកនេះ ជាផ្ទះដែលរ៉ានី និងមិត្តនារីរបស់គាត់សម្រាក និងធ្វើការនៅក្នុងផ្ទះនេះដែរ។ រឿងទៅហួសពីនោះ គឺរ៉ានីបានយកភួយ២មកឱ្យមេបញ្ជាការខ្ញុំ។ មេបញ្ជាការខ្ញុំយកភួយ១ ពណ៌ផ្កាឈូក ហើយប្រគល់ឱ្យខ្ញុំភួយពណ៌ខៀវ ដែលក្រោយរៀបការទើបដឹងថា ភួយដែលខ្ញុំដណ្តប់ ជាភួយភរិយាខ្ញុំ ដែលពេលនោះយើងបានដណ្ដប់ភួយគ្រូពេទ្យក្រមុំ ហើយទុកឱ្យពួកគាត់ដណ្តប់មុង។

តើនេះជាការរៀបចំរបស់ទេវតាឬ? មេឃមិនទាន់ភ្លឺច្បាស់ផង ខ្ញុំឮសំឡេងបុកអង្ករ ខ្ញុំខំអើតមើលឃើញរ៉ានី និងមិត្តរបស់គាត់ឈ្មោះខេមរា កំពុងបុកអង្ករ។ មេបញ្ជាការខ្ញុំប្រាប់ឱ្យខ្ញុំរៀបចំម៉ូតូ ដើម្បីចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបន់ឱ្យតែម៉ូតូខូចដើម្បីបាននិយាយជាមួយរ៉ានី តែវាមិនតាមចិត្តចង់របស់យើងទេ គឺធាក់តែមួយជើងម៉ូតូឆេះភ្លាម។ ខ្ញុំខំរកវិធីឡើងចុះផ្ទះបាន២ដង មុនចេញដំណើរដោយចុងក្រោយខ្ញុំបានហៅរ៉ានីថាបងម្តងទៀត ដោយប្រើពាក្យថា លាហើយបងស្រី។ នេះជាទម្លាប់របស់ខ្ញុំមិនដែលហៅថាអូន ឬមិត្តនារីនោះឡើយ គឺមានតែបងស្រី មីង អ៊ំស្រី យាយ សម្រាប់ប្រើជាមួយមនុស្សស្រី ព្រោះឆ្នាំ១៩៧៤ ខ្ញុំទើបមានអាយុ២២ឆ្នាំនៅឡើយ។ (ខ្ញុំសុំបញ្ជាក់ថា ពេលវេលា នៃការដោះស្រាយនេះ ប្រព្រឹត្តឡើងនៅដើមខែមីនា ឆ្នាំ១៩៧៤)។ ការដែលខ្ញុំស្រឡាញ់រ៉ានី ជារឿងពិត ហើយការដែលរ៉ានីស្រឡាញ់ខ្ញុំឬអត់ ជាបញ្ហាដែលត្រូវរកវិធីដោះស្រាយ។ ក្ដីស្រឡាញ់ទៅលើនារីម្នាក់កើតមានជាលើកដំបូងចំពោះជីវិតខ្ញុំ តែទោះជាយ៉ាងណាក៏ខ្ញុំមិនភ្លេចពីតួនាទីនិងភារកិច្ចខ្ញុំដែរ។

ថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧៤ ជាថ្ងៃចូលឆ្នាំខ្មែរ។ ខ្ញុំបានឆ្លៀតពេលទៅលេងស្រុកក្រូចឆ្មារក្នុងបំណងទៅរករ៉ានី ដោយយកលេសថា ទៅសួរសុខទុក្ខយុទ្ធជនដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យ។ លុះទៅដល់មន្ទីរពេទ្យ មិនឃើញរ៉ានីទេ ហើយក៏មិនហ៊ានសួររកថែមទៀតផង។ ខ្ញុំជិះម៉ូតូចេញពីមន្ទីរពេទ្យទាំងអស់សង្ឃឹម។ យើងត្រូវបន្តដំណើរទៅកាន់ឃុំរកាខ្នុរ ដើម្បីនាំមិត្តខ្ញុំម្នាក់ទៅសួរសុខទុក្ខឪពុកម្តាយដែលជាស្រុកកំណើតរបស់គាត់។ នៅពេលដែលខ្ញុំកំពុងធ្វើដំណើរបានប្រហែល២គីឡូម៉ែត្រ ក៏ជួបរ៉ានីកំពុងជិះកង់ម្នាក់ឯងតាមផ្លូវ ខ្ញុំក៏ឈប់ម៉ូតូ រ៉ានីក៏ឈប់កង់។ យើងសួរសុខទុក្ខគ្នាដោយពាក្យគួរសមប្រហែល៣នាទីប៉ុណ្ណោះ ហើយក៏លាគ្នាធ្វើដំណើរទៅតាមផ្លូវរៀងៗខ្លួន។ ទាំងខ្ញុំ ទាំងរ៉ានី គឺមិនបានបង្ហាញកាយវិការណាមួយខុសពីការធ្លាប់ជួបស្គាល់គ្នាពីមុននោះទេ។

នៅខែសីហា ឆ្នាំ១៩៧៤ ខ្ញុំត្រូវឈ្វេងយល់ឱ្យបានទាំងពីខាងថ្នាក់ដឹកនាំរបស់ខ្ញុំ ទាំងពីខាង រ៉ានី ដោយខ្ញុំបានធ្វើសំណើសុំរៀបការជាមួយរ៉ានី។ ចម្លើយដែលខ្ញុំទទួលបានពីមេបញ្ជាការរបស់ខ្ញុំគឺយល់ព្រម តែត្រូវរង់ចាំរំដោះប្រទេសពីរបប លន់ នល់ ឱ្យហើយសិន។ ឯចម្លើយពីរ៉ានីគឺឆ្លើយតបតាម អ្នកនាំពាក្យគាត់ថា ស្រេចលើម៉ែឪ។ ចម្លើយទាំង២នេះផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងសម្រាប់ខ្ញុំ។ ស្ត្រីខ្មែរ៩៨ភាគរយហើយ ដែលឆ្លើយថាស្រេចលើម៉ែឪ ឬចាស់ទុំ គឺមានន័យថាយល់ព្រម ហើយ។

នៅខែតុលា ឆ្នាំ១៩៧៤ ខ្ញុំជួបរ៉ានីដោយចៃដន្យបំផុតនៅផ្សារពាមជីលាំង។ តែជាអកុសលដោយសារមិត្តខ្ញុំម្នាក់ស្រវឹងស្រា ហើយហៅរ៉ានីថាសោ (បងថ្លៃ)។ រ៉ានីមិនខឹងទេ តែធ្វើដូចមិនឮ។ តែសម្រាប់ខ្ញុំ គឺខ្ញុំខ្មាសរ៉ានី ដូចនេះខ្ញុំត្រូវយកកង់ជិះឌុបមិត្តខ្ញុំម្នាក់នេះ ចេញទៅផ្ទះមួយទៀតចម្ងាយប្រហែល៥០០ម៉ែត្រពីផ្សារទាំងកណ្តាលភ្លៀងធ្លាក់។ ទុកមិត្តខ្ញុំរួចហើយ ខ្ញុំជិះកង់កាត់ភ្លៀងមករក រ៉ានី វិញ។ តែគួរឱ្យហួសចិត្ត រថយន្តដឹកក្រុមគ្រូពេទ្យបានចេញទៅបាត់អស់ហើយ។ ចាប់តាំងពីពេលនោះមករហូតខ្ញុំធ្លាក់ខ្លួនពិការ ខ្ញុំមិនដែលជួបរ៉ានីទៀតទេ ទោះបីមាន ឱកាសក៏ដោយ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥ ខ្ញុំក៏ត្រូវរបួសស្មាដែលជារបួសលើកទី៤របស់ខ្ញុំ។ ពេលនោះខ្ញុំគិតថានឹងបានរ៉ានីមើលថែព្យាបាលរបួសឱ្យខ្ញុំ។ តែផ្ទុយទៅវិញមន្ទីរពេទ្យសមរភូមិមុខ បានរៀបចំវះយកអំបែងគ្រាប់ចេញ និងបន្តព្យាបាលនៅមន្ទីរពេទ្យដែលមានទីតាំងនៅឃុំបឹងព្រួល ស្រុកពាមជីលាំង។ នៅព្រឹកថ្ងៃ១៦ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវរបួសធ្ងន់ សន្លប់រហូតដល់ថ្ងៃទី២១ ខែមេសា ទើបបានដឹងខ្លួនឡើងវិញ។ នៅពេលដឹងខ្លួន គឺភ្នែកឆ្វេងរបស់ខ្ញុំខ្វាក់បាត់ទៅហើយ ឯភ្នែកស្តាំមើលបានប្រវែងប្រហែល១០ម៉ែត្រតែប៉ុណ្ណោះ។ នៅពេលនោះខ្ញុំក៏បានដឹងថា ភ្នំពេញ និងប្រទេសទាំងមូលបានរំដោះពីរបបបរិវារអាម៉េរិក។ ពាក្យស្រឡាញ់និងថែទាំដូចកែវភ្នែកសម្រាប់ខ្ញុំ គឺនិយាយលែងបានហើយ ព្រោះខ្ញុំបានបាត់បង់កែវភ្នែកខ្លួនឯងរួចទៅហើយ។តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពិភពលោកបានប្រែប្រួលអស់ ប្រជាជនត្រូវជម្លៀសចេញពីទីក្រុង ធ្វើដំណើរអត់បាយអត់ទឹក។ ខ្លួនឯងផ្ទាល់ក្លាយជាជនពិការ ហើយអ្វីដែលឈឺចាប់បំផុត គឺព័ត៌មានដែលថា រ៉ានី បានរៀបការរួចហើយជាមួយកម្មាភិបាលមកពីភូមិភាគ។ ខ្ញុំខឹង រ៉ានី ខ្លាំងណាស់ ខ្ញុំដៀលនាងទាំងនិយាយខ្លាំងៗ ទាំងក្នុងចិត្ត ដៀលសព្វគ្រប់ទាំងអស់តាមចិត្តខ្ញុំចង់។ នេះជាកំហុសរបស់ខ្ញុំដែលទទួលព័ត៌មានខុស តែខ្ញុំលែងហ៊ានស្រឡាញ់ រ៉ានី ទៀតហើយ ម្យ៉ាងគឺខ្ញុំបានធ្វើជ្រុលជ្រួសលើនាង ប្រមាថមាក់ងាយនាង និងម្យ៉ាងទៀតខ្ញុំមិនចង់នាំការលំបាកឱ្យនាងដោយសារពិការភាពរបស់ខ្ញុំទេ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តើ រ៉ានីស្រឡាញ់ខ្ញុំ ព្រមយកខ្ញុំជាស្វាមីឬទេ? ព្រោះខ្ញុំធ្លាក់ខ្លួនពិការបាត់បង់សម្រស់ពីធម្មជាតិទៅហើយ។ មន្ទីរពេទ្យសមរភូមិ បានបញ្ជូនរូបខ្ញុំទៅកាន់មន្ទីរពេទ្យភូមិភាគ ដែលស្ថិតនៅ ឃុំរកាខ្នុរ មានចម្ងាយប្រមាណ៦០០ម៉ែត្រ ពីផ្ទះដែលជាភូមិកំណើតរបស់ រ៉ានី។ ពេលនោះ រ៉ានី បានផ្លាស់ពីមន្ទីរពេទ្យស្រុក ដែលមានទីតាំងនៅឃុំក្រូចឆ្មារ ទៅធ្វើជាប្រធានមន្ទីរពេទ្យស្រុកមួយកន្លែងទៀត នៅឃុំឈូក ស្រុកក្រូចឆ្មារ។ ក្នុងអំឡុងខែកក្កដា ឆ្នាំ១៩៧៥ ប្រហែលជាម៉ោង ៣:០០ រសៀល ខ្ញុំហាក់ដូចសុបិនទាំងថ្ងៃ ដោយបានឃើញ រ៉ានី ទៅកាន់មន្ទីរពេទ្យដើម្បីសួរសុខទុក្ខខ្ញុំ ដោយមានមាន់៣ក្បាលផ្ញើឱ្យខ្ញុំផង។ រ៉ានី បានសួរនាំពីអាការៈរបួស និងជំងឺរបស់ខ្ញុំ ដោយសម្ដីទន់ភ្លន់ និងការលើកទឹកចិត្ត។ ពេលរ៉ានីលាត្រឡប់មកវិញ ខ្ញុំបានជូនដំណើរដល់ផ្លូវ ខ្ញុំគិតថា រ៉ានី មិនប្រកាន់ខឹងនឹងខ្ញុំទេ ហើយក៏មិនស្អប់ខ្ពើមនូវជនពិការដូចខ្ញុំនេះដែរ។

ខ្ញុំត្រូវប្រឹងប្រែងសាជាថ្មីសម្រាប់ ខ្ញុំ និង រ៉ានី ព្រមទាំងឪពុកម្តាយ រ៉ានី មិនមានអ្វីជាឧបសគ្គទេ។ តែអង្គការទើបជាឧបសគ្គពិត ប្រាកដ។ នៅពេលនោះរ៉ានីត្រូវអង្គការបង្ខំឱ្យរៀបការជាមួយបុរសផ្សេង តែនាងប្រកែកដាច់ ខាត។ រីឯរូបខ្ញុំ ក៏ត្រូវអង្គការផ្សំផ្គុំជាមួយនារីផ្សេង តែខ្ញុំក៏ប្រកែកដែរ។ ខ្ញុំត្រូវលើកសំណើសុំរៀបការជាមួយ រ៉ានី សាជាថ្មីទៅកាន់ប្រធានយោធាតំបន់។ នៅពេលនោះ ប្រធានយោធាតំបន់បានធ្វើលិខិតមួយ ឱ្យខ្ញុំយកទៅជួបគណៈស្រុកក្រូចឆ្មារ។ នៅក្នុងអំឡុងខែតុលា ឆ្នាំ១៩៧៥ ទាំងតំបន់ ទាំងស្រុក ទាំង រ៉ានី ដែលជាសាមីខ្លួនយល់ព្រមអស់ហើយ រង់ចាំតែថ្ងៃរៀបការប៉ុណ្ណោះ។ ទាំងមុនពេលរង់ចាំ និងពេលកំពុងរង់ចាំ ទាំងខ្ញុំ និងទាំង រ៉ានី គឺត្រូវប្រឈមនឹងការលំបាកខ្លាំងណាស់។

ការប្រកែកមិនព្រមរៀបការតាមការរៀបចំរបស់អង្គការអាចគ្រោះថ្នាក់ដល់ជីវិត។ រីឯរូបខ្ញុំក្រៅពី ព្យាបាលរបួស ការងារសំខាន់របស់ខ្ញុំគឺរៀបចំកម្លាំងសម្ងាត់ដើម្បីវាយអង្គការដែលបាន និងកំពុងកាប់សម្លាប់ប្រជាជន ទោះពេលនោះមិនទាន់ធ្ងន់ធ្ងរក្តី។ នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៦ ខ្ញុំត្រូវបានកោះហៅពីទីបញ្ជាការកងវរសេនាធំ ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកត្រមូង នាពេលនោះ និងជាស្រុកមេមត់ នាពេលបច្ចុប្បន្ន ដើម្បីមកជួបជុំនៅមន្ទីរតំបន់ដែលមានទីតាំងនៅស្រុកដំបែ ដើម្បីរៀបការនៅថ្ងៃទី៣ ខែមករា។ នៅពេលនោះ ខ្ញុំពិតជាមានចម្ងល់យ៉ាងខ្លាំង តើគេរៀបការរបៀបម៉េច? មកដល់មន្ទីរតំបន់ រ៉ានី នៅស្រុកក្រូចឆ្មារឯណោះ ហើយមិនទាន់បានទទួលដំណឹងអំពីការរៀបការនៅឡើយ។ ថ្នាក់លើនៅចិត្តធម៌គ្រាន់បើ ដោយសុខចិត្តពន្យារពេលរៀបការពីថ្ងៃទី៣ ខែមករា ទៅថ្ងៃទី៥ ខែមករា វិញ និងចាត់ឱ្យប្រធានមន្ទីរតំបន់ទៅទទួលយករ៉ានី ពីស្រុកក្រូចឆ្មារ មកកាន់ស្រុកដំបែ។ រ៉ានី អត់បានផ្តាំផ្ញើអ្វីទៅឪពុកម្តាយ បងប្អូន ហើយក៏គ្មានមិត្តភក្តិមកកំដរដែរ គឺក្បាលតែមួយត្រមង់ត្រមោចម្នាក់ឯង។ចំណែករូបខ្ញុំវិញ ក៏មិនមានឪពុកម្តាយ ឬបងប្អូនចូលរួមរៀបការដូច រ៉ានី ដែរ គឺក្បាលតែ២នាក់ប្តីប្រពន្ធ។ តែខ្ញុំគ្រាន់បើជាង រ៉ានី បន្តិច ដោយមានមិត្តរួមអាវុធត្រូវបានគណៈតំបន់អញ្ជើញឱ្យមកចូលរួមជាភ្ញៀវ។ រ៉ានីបានមកដល់ស្រុកដំបែ នៅល្ងាចថ្ងៃ៣មករា។ នៅថ្ងៃទី៤ ខែមករា ខ្ញុំប្រញាប់ទៅជួប រ៉ានី។ នៅពេលនោះ រ៉ានី កំពុងស្ថិតនៅជុំគ្នាជាមួយនារី១២នាក់ផ្សេងទៀត និងយុទ្ធជនពិការ១២នាក់ដែរ។ ពេលនោះហើយទើបខ្ញុំដឹងថា ការរៀបការត្រូវធ្វើជាមួយគ្នាជាក្រុមក្នុងពេលតែមួយ គឺមានចំនួន១៣គូ។ ចំពោះគូខ្ញុំ គឺមានលេខរៀងទី១៣។ នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៦ ខ្ញុំត្រូវចេញដំណើររួមគ្នាទាំងហ្វូងពីមន្ទីរតំបន់នៅស្រុកដំបែ មកកាន់ ភូមិច្រាប នៃស្រុកត្បូងឃ្មុំ ដែលជាកន្លែងត្រូវរៀបការ។ នៅថ្ងៃទី៥ ខែមករាឆ្នាំ១៩៧៦ ត្រូវនិង ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំរោង អដ្ឋស័កពុទ្ធសករាជ ២៥១៩ គឺជាថ្ងៃដែលខ្ញុំ និងភរិយាខ្ញុំបានរៀបការជាមួយបងប្អូន១២គូផ្សេងទៀត ដែលមានខ្ញុំ និងភរិយាខ្ញុំជាគូទី១៣។ នៅម៉ោងប្រមាណ៨:00 ព្រឹក ពិធីបានចាប់ផ្តើមជាមួយគណៈអធិបតី១រូប គណៈចាត់តាំង១រូប។ ឯកូនក្រមុំមាន១៣ រូប អង្គុយនៅកៅអីជួរមុខ និងកូនកំលោះ១៣រូប អង្គុយ នៅពីក្រោយកូនក្រមុំដែលជាគូរបស់ខ្លួន។ សូមកុំច្រឡំកៅអីដែលយើងអង្គុយ មិនមែនកៅអីធម្មតាទេ តែជាកៅអីក្មេងរៀនដែលយកមកតម្រៀបឱ្យកូនកំលោះកូនក្រមុំអង្គុយក្នុងពេលរៀបការ។

ជាការចាប់ផ្តើម គណៈចាត់តាំងបានឱ្យមនុស្ស១នាក់អានប្រវត្តិរូបខាងស្រី និងខាងប្រុសម្នាក់ម្ដងៗទាំង២៦នាក់។ ខ្ញុំបានត្រឹមតែមើលខ្នង និងករ៉ានី ពីក្រោយ ដែលក្នុងចិត្តអាណិតអនាគតភរិយាដែលមិនគួរលះបង់មកយកខ្ញុំជាជនពិការ មករៀបការអត់ឪពុកម្តាយ អត់បងប្អូនសាច់ញាតិបែបនេះសោះ។ ចំពោះរូបខ្ញុំក៏តូចចិត្តអាណិតខ្លួនឯង អាណិតដល់គូផ្សេងទៀត ដែលពិការធ្ងន់ធ្ងរជាងខ្ញុំទៅទៀត។ ហើយគូប្តីប្រពន្ធរបស់ពួកគេត្រូវអង្គការផ្សំផ្គុំឱ្យ ខុសពីគូខ្ញុំដែលបានស្ដីដណ្តឹងមុន មុននឹងមានចិត្តស្រឡាញ់គ្នាមុនរៀបការថ្ងៃនេះ។ កម្មវិធីចាប់ផ្តើមបន្ទាប់ពីអានប្រវត្តិរូបចប់ គឺដល់កម្មវិធីដែលគណៈអធិបតីសួរសំណួរមកកាន់កូនក្រមុំ និងកូនកំលោះឱ្យឆ្លើយមួយគូម្ដងៗ ដោយសួរកូនក្រមុំមុន និងសួរកូនកំលោះជាក្រោយ។ ១២គូឆ្លើយចប់ដល់វេនខ្ញុំជាគូទី១៣ រ៉ានី ឆ្លើយសំណួរបានយ៉ាងល្អទាំង២សំណួរ។ ក្នុងចំណោម១២ គូមុន គឺតែ១សំណួរម្នាក់ប៉ុណ្ណោះ តែដល់ រ៉ានី ២សំណួរ។ ចំណែកខ្ញុំឡើងដល់៣សំណួរ។ សំណួរដែលខ្ញុំចងចាំជាងគេគឺ (តើសមមិត្តមានលទ្ធភាពកសាងភរិយាឱ្យក្លាយទៅជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?)។ នេះជាសំណួរតម្រង់ទៅរក រ៉ានី ដែលមានស្បែកស និងជាគ្រួសារអ្នកធូរធារដែលរស់តាមដងទន្លេមេគង្គ។ បន្ទាប់ពីសួរសំណួរសាមីខ្លួនទាំង២៦រូបចប់ហើយ គណៈអធិបតីក៏សួរទៅចាស់ទុំ ដែលបានអញ្ជើញចូលរួមដែលអ្នកសួរហៅថាសាក្សី។ ចាស់ទុំ២នាក់ បានឡើងនិយាយក្នុងនោះមាន លោកបង ជុំ ហ៊ល អតីតមេបញ្ជការខ្ញុំ ឡើងនិយាយដោយប្រើពាក្យថាសមរម្យហើយ និងបានជូនពរដល់ពួកយើង។ (លោក ជុំ ហ៊ល ក្រោយឆ្នាំ១៩៧៩ ធ្វើជាអភិបាលក្រុងព្រះសីហនុ រហូតឆ្នាំ១៩៩៣ ទើបចូលនិវត្តន៍ និងទទួលមរណភាពនៅឆ្នាំ ២០១៤)។

នៅម៉ោងប្រមាណ២:០០ រសៀល កម្មវិធីមិនទាន់បញ្ចប់ទេ។ ពួកយើងឃ្លានបាយ ស្រេកទឹកតែមិនហ៊ានមាត់កអ្វីទាំងអស់។ ម្តងនេះដល់វេនគណៈអធិបតីស្រោចទឹក និងឱ្យពរជ័យ ដោយផ្តើមពីទស្សនៈ សភាពការណ៍ ដែលរៀបរាប់ពីសភាពការណ៍ពិភពលោក សភាពការណ៍តំបន់ និងអន្តរជាតិ ដោយជេរពួកសេរីនិយមសូវៀត និងវៀតណាមមួយឆ្អែត ទើបចូលមកសភាពការណ៍កម្ពុជា ដែលផ្តោតធំលើការងារនយោបាយ សតិអារម្មណ៍ ការវាយកម្ទេចគាស់រំលើងវណ្ណៈជិះជាន់ កម្ចាត់ចោលកម្មសិទ្ធិសួនតួទាំងទ្រព្យសម្បតិ្ត ទាំងមនោសញ្ចតនា បោសសម្អាតពួកខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង…។ល។ ច្រើនណាស់ ចាំមិនអស់ទេ នូវពាក្យបណ្តាសាររបស់ប្រធានគណៈអធិបតីដែលប្រើពេលជាង១ម៉ោង។ ពិធីផ្សំផ្គុំបញ្ចប់នៅម៉ោង៣ និង៣០នាទីល្ងាច ដោយប្រើពេល៧ម៉ោងកន្លះ និងដោយគ្មានឈប់សម្រាក។ នៅម៉ោងប្រហែលជា៤:០០ល្ងាច យើងហូបបាយជុំគ្នាទាំងប្តីប្រពន្ធ ទាំងភ្ញៀវចូលរួម ដោយអង្គុយបាយលើស្ពក។ រ៉ានី បានក្លាយជាភរិយាខ្ញុំជាផ្លូវការហើយ តែខ្ញុំនៅតែមិនទាន់ហ៊ាននិយាយរកនាងនៅឡើយ។ នៅពេលបាយ រ៉ានី បានដួសបាយឱ្យខ្ញុំ និងជួយដួសបាយឱ្យយុទ្ធជនពិការដៃម្នាក់ទៀត ព្រោះប្រពន្ធគាត់នៅអៀន។ កំពុងតែហូបបាយ មានកម្មាភិបាលតំបន់មកប្រាប់ពីផ្ទះដែលគូនីមួយៗត្រូវសម្រាក។ ចំពោះអ្នកពិការជើងគឺនៅផ្ទះផ្ទាល់ដី រីឯអ្នកមិនពិការជើងគឺនៅផ្ទះខ្ពស់។ ហូបបាយរួច ខ្ញុំប្រាប់ប្រពន្ធខ្ញុំថា ខ្ញុំទៅយកបាឡូទៅផ្ទះសម្រាកមុន ចាំទៅយកអីវ៉ាន់ទៅតាមក្រោយ។ ប្រពន្ធឆ្លើយថា ចាស ។ អត់ទាន់ហ៊ាននិយាយពាក្យ បង អូន នៅឡើយទេ។ នេះមិនមែនជាព្រះថោងតោងស្បៃទេ តែជាព្រះថោងស្វែងរកផ្ទះនៅក្រោយពេលរៀបការ។

ស្ត្រីម្ចាស់ផ្ទះដែលខ្ញុំត្រូវសម្រាក បានទទួលខ្ញុំដោយរាក់ទាក់ហើយប្រាប់ខ្ញុំថា ផ្ទះនេះគាត់មិនបាននៅតាំងពីឆ្នាំ១៩៧១ មកម៉្លេះ ព្រោះខ្លាចអាម៉េរិកទម្លាក់គ្រាប់បែក។ តែផ្ទះនេះអ៊ំសម្អាតប៉ុន្មានថ្ងៃមកហើយ ព្រោះប្រធានភូមិមកខ្ចីសម្រាប់ឱ្យក្មួយៗទើបរៀបការសម្រាក។ ខ្ញុំក៏សួរទៅគាត់វិញថា តើអ៊ំនៅឯណា? គាត់ចង្អុលទៅផ្ទះតូចក្បែរនោះនៅផ្ទាល់ដី មានទាំងលេណដ្ឋានការពារផង។ នៅពេលខ្ញុំកំពុងនិយាយ ស្រាប់តែឃើញប្តីប្រពន្ធគូទី១២ បណ្តើរគ្នាមកដល់ ខ្ញុំសួរថា ហែម និង វណ្ណា សម្រាកនៅផ្ទះណា? គាត់ឆ្លើយថាផ្ទះហ្នឹងដែរ។ ខ្ញុំពិតជាហួសចិត្ត ផ្ទះតូចមួយផ្សំដំណេកដល់ទៅ២គូ (គូទី១២ ប្តីឈ្មោះ ហែម និង ប្រពន្ធឈ្មោះ វណ្ណា)។ យើងឡើងទៅលើផ្ទះទាំងអស់គ្នា។ នៅលើផ្ទះមានគ្រែមួយ មានមុង តែគ្មានវាំងននទេ។ ហែម ប្រាប់ខ្ញុំថា បងសែនឯងសម្រាកលើគ្រែចុះ ឯខ្ញុំចងវាំងនននៅក្បែរទ្វារ។ ខ្ញុំសួរគាត់វិញថាបានវាំងននពីណាមក? ហែម ឆ្លើយថា អង្គការចែកឱ្យតាំងពីនៅមន្ទីរតំបន់ ចុះបងឯងអត់ទាន់បានទទួលទេឬអី? ខ្ញុំគ្រវីក្បាលនិងឆ្លើយថាអត់ទេ។ ហែម ក៏ជួយប្រាប់ទៅអ្នកទទួលខុសត្រូវដើម្បីសុំវាំងននឱ្យខ្ញុំ។ ខ្ញុំរង់ចាំប្រពន្ធខ្ញុំតែមិនឃើញមកសោះ ដោយសារនាងនៅជាប់និយាយលេងជាមួយម្ចាស់ផ្ទះដែលនាងសម្រាកកាលពីយប់មិញ។ ខ្ញុំងូតទឹកមុន និងបានរៀបចំកន្លែងសម្រាកឱ្យហើយ។ ពេលនេះខ្ញុំដោះសម្លៀកបំពាក់ខ្មៅ ស្លៀកឯកសណ្ឋានកងទ័ពវិញហើយ។ សុំបញ្ជាក់ថាពេលស្ថិតនៅក្នុងពិធី គេតម្រូវឱយកូនកំលោះស្លៀកខោខ្មៅ ពាក់អាវខ្មៅដៃវែង រីឯកូនក្រមុំស្លៀកសំពត់ខ្មៅ និងពាក់អាវខ្មៅដៃវែង គឺមិនអនុញ្ញាតឱយស្លៀកពាក់ខុសពីនេះឡើយ។ ភរិយាខ្ញុំ និងរូបខ្ញុំ មិនបានទទួលអ្វីផ្សេងក្រៅពីរបស់របរផ្ទាល់ខ្លួនដែលធ្លាប់មាននោះទេ ក្រោយពីបានរៀបការរួចហើយ។ អ្វីដែលខ្ញុំទទួលបានគឺរូបរ៉ានី និងអ្វីដែលរ៉ានីបានទទួលគឺរូបខ្ញុំ។ យើងមិនចង់បានអ្វីខុសពីនេះឡើយ។ ក្បែរក្បាលព្រលប់ខ្ញុំឃើញ រ៉ានី ឱបបាឡូមកដល់ ខ្ញុំក៏ទៅទទួលយកបាឡូពីនាងឡើងលើផ្ទះ។ រ៉ានីបានសួរខ្ញុំថា បងមានក្រមាទេ ខ្ញុំសុំខ្ចីផ្លាស់មុជទឹក។ ខ្ញុំថាមាន ក្រមាខ្ញុំទទឹកស្រាប់ ខ្ញុំក៏ដើរទៅយកក្រមាឱ្យប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំដែលទើបហៅខ្ញុំថា “បង” ដែលពាក្យនេះខ្ញុំរង់ចាំជាយូរមកហើយ។ អំពើរបស់អង្គការថ្ងៃនេះ ក៏ជាផ្នែកដ៏សំខាន់មួយទៀតជំរុញលើកទឹកចិត្តឱ្យខ្ញុំតស៊ូដើម្បីផ្តួលរំលំរបបអត់ប្រពៃណី និងគ្មានសាសនានេះ។ ថ្ងៃនេះវានិយាយពីបោសសម្អាតពួកបង្កប់ស៊ីរូងផ្ទៃក្នុង វានិយាយត្រូវ ព្រោះខ្ញុំជាមេពួកបង្កប់នេះតែម្តង។

ងាកមកនិយាយពីភរិយាខ្ញុំវិញ ខ្ញុំអាណិតនាងណាស់ មិនគួរមករងកម្មជាមួយមនុស្សពិការដូចរូបខ្ញុំនេះទេ មករៀបការដោយគ្មានឪពុកម្តាយ និងបងប្អូនញាតិមិត្តកំដរ។ ការអាណិតធ្វើឱ្យខ្ញុំយល់ពីនាងកាន់តែច្បាស់ថា នាងទទួលយកខ្ញុំដោយសុទ្ធចិត្ត មិនប្រកាន់រើសអើងចំពោះជនពិការឡើយ។ ឆ្លងផុតរាត្រីផ្សំដំណេក ៥មករា ១៩៧៦ លុះព្រឹកឡើងមន្ទីរយោធាតំបន់បានយករ៉ឺម៉កម៉ូតូ មកដឹកពួកយើងទៅអង្គភាពវិញ។

យើងអត់បានទទួលទានអ្វីទាំងអស់ក៏នាំគ្នាចេញដំណើរទៅ។ អ្នករួមដំណើរមាន ប្តីប្រពន្ធខ្ញុំ២នាក់ គូទី១២ ហែម និងវណ្ណា២នាក់ ជំនួយការសេនាធិការយោធាតំបន់ឈ្មោះ សុជាតិ ១នាក់ និងអ្នកជិះម៉ូតូជាប្រធានមន្ទីរយោធាតំបន់ឈ្មោះស៊ីថា។ ចេញពីភូមិច្រាបមិនបានប៉ុន្មានផង ម៉ូតូក៏វាបែកកង់ ពួកយើងប្រឹងរុញទាំងម៉ូតូទាំង រ៉ឺម៉កមកប៉ះកង់នៅផ្សារសួង ទម្រាំរកកន្លែងប៉ះកង់បាន និងប៉ះកង់រួចគឺម៉ោងប្រហែល ១១:០០ ថ្ងៃត្រង់ទៅហើយ។ ពួកយើងមិនខ្វល់ពីការឃ្លានទេ គឺត្រូវរូតរះចេញដំណើភ្លាមដើម្បីទៅដល់ទីបញ្ជាការយោធាតំបន់ដែលបោះទីតាំងនៅចម្ការដូង ភូមិសំរោង ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ ចាម។ កំណាត់ផ្លូវជាតិលេខ៧ កាលពីពេលនោះ គឺខូចខាតស្ទើរអស់ហើយមិនអាចធ្វើដំណើរបានលឿនទេ។ យើងចេញពីផ្សារសួង បានមិនទាន់ដល់១០គីឡូម៉ែត្រផង កង់រ៉ឺម៉កខាងឆ្វេងក៏ធ្លាយទៀត តែយើងអាចនៅសប់បញ្ចូលខ្យល់ធ្វើដំណើរបាន។ ដំបូងសប់១ដងអាចធ្វើដំណើរបានប្រហែល១គីឡូម៉ែត្រ ជាបន្តបន្ទាប់សប់បញ្ចូលខ្យល់លែងចូល។ ខ្ញុំប្រាប់ស៊ីថា និងសុជាតិ ដែលអ្នកទាំង២នាក់សុទ្ធតែជាអតីតយុទ្ធជន និងកូនសិស្សខ្ញុំលើការងារផែនទីថា ទុករ៉ឺម៉កផ្ញើប្រជាជននៅទីនេះ ស៊ីថា និងសុជាតិប្រញាប់ជិះម៉ូតូទៅចម្ការដូងយកកង់ម៉ូតូមកដូរ បើមិនទាន់យប់នេះទេ ចាំស្អែកចាំមកវិញ។ ឯពួកខ្ញុំដើរទៅមុខបន្តិចទៀត ចាំសុំអ្នកភូមិសម្រាកមួយយប់សិន។ រុញរ៉ឺម៉កមកដាក់ទុកតាមភ្លឺស្រែរួចហើយ ស៊ីថា និង សុជាតិក៏ជិះ ម៉ូតូចេញទៅបាត់។ រីឯពួកខ្ញុំ៤នាក់ ធ្វើដំណើរដោយថ្មើរជើងទៅដល់ភូមិតាហៀវ ស្រុកពញ្ញាក្រែក ដែលនៅជាប់ផ្លូវលេខ៧ ហើយចូលទៅក្នុងភូមិនោះដើម្បីសុំសម្រាក។ លោកពូ អ្នកមីងម្ចាស់ផ្ទះទទួលពួកយើងរាក់ទាក់ខ្លាំងណាស់ តែគាត់មិនទាន់ហ៊ានឱ្យយើងសម្រាកទេ គឺរង់ចាំសុំការអនុញ្ញាតពីប្រធានភូមិសិន។ ខ្ញុំក៏មិនបានប្រាប់ពួកគាត់ថាខ្ញុំជាមេបញ្ជការកងទព័ដែរ កាំភ្លើងខ្លីរបស់ខ្ញុំសៀតនៅចង្កេះមើលមិនឃើញទេ។ យើងត្រូវរង់ចាំព្រោះប្រធានភូមិទៅបោកស្រូវមិនទាន់ត្រឡប់មកវិញ។ នៅពេលប្រធានភូមិមកដល់ មេឃក៏ចាប់ផ្តើមងងឹត ហើយគាត់ជួយពួកយើងភ្លាមដោយឱ្យអង្ករ៤កំប៉ុងមកម្ចាស់ផ្ទះដាំបាយឱ្យយើងទទួលទាន។ តាំងពីព្រលឹមរហូតយប់ប្រហែល១៣ម៉ោង ទើបយើងបានហូបបាយ ហើយបើគិតពីពេលបាយនៅរៀបការពីម៉ោង៤ល្ងាចថ្ងៃ៥ មករា រហូតម៉ោង៨យប់ ថ្ងៃ៦មករានេះ មានរយៈពេល២៨ម៉ោង ទើបយើងបានបាយ។ ខ្ញុំស្រក់ទឹកភ្នែកអាណិតប្រពន្ធខ្ញុំខ្លាំងណាស់ តែការស្រក់ទឹកភ្នែកនេះ មិនឱ្យប្រពន្ធខ្ញុំដឹងទេ។ ពេលយប់ម្ចាស់ផ្ទះរៀបចំឱ្យពួកខ្ញុំដេកប្រុសដោយប្រុស ស្រីដោយស្រី ខ្ញុំបានសុំម្ចាស់ផ្ទះដើម្បីបានដេកជាមួយភរិយាខ្ញុំ រីឯហៀម ជាមួយប្រពន្ធគេ តែម្ចាស់ផ្ទះបានឆ្លើយតបដោយការសុំទោស ព្រោះខ្លាចក្មួយៗពង្រត់គ្នា មិនមែនជាប្តីប្រពន្ធពិតប្រាកដ។ ពួកខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីទទួលយកតាមការរៀបចំរបស់ម្ចាស់ផ្ទះ ដើម្បី កុំឱ្យគាត់លំបាកដោយសារយើង។

ពេលព្រឹកឡើងម៉ូតូបានមកទទួលយើងទៅកាន់ទីបញ្ជាការយោធាតំបន់ ខ្ញុំត្រូវបំពេញកិច្ចការតាំងពីពេលទៅដល់រហូតពេលយប់ តែនៅទីនេះមិនមានបញ្ហាអ្វីទេ។ ប្រធានយោធាតំបន់ឈ្មោះ អួង ឯក មានអធ្យាស្រ័យល្អ។ នេះជារាត្រីទី៣ត្រូវនឹងថ្ងៃ៧មករា។ ថ្ងៃទី៨មករា ម៉ូតូមន្ទីរយោធាតំបន់បានជូនប្តីប្រពន្ធខ្ញុំទៅកាន់ទីបញ្ជាការកងវរសេនាធំ ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកត្រមូងនាពេលនោះ។ ពេលទៅដល់កម្មាភិបាល និងយុទ្ធជនដែលធ្លាប់បានលេងល្បែងផ្សំផ្គុំខ្ញុំ ជាមួយប្រពន្ធខ្ញុំ កាលពីឆ្នាំ១៩៧៣ និងដើមឆ្នាំ១៩៧៤ បាននាំគ្នាមកអបអរផង និងបង្អាប់ខ្ញុំផង។

ប្តីប្រពន្ធយើងបានរស់នៅជាមួយគ្នាពីថ្ងៃទី៨ ខែមករា បន្ទាប់ពីបានរៀបការនៅថ្ងៃ៥មករា ដែលត្រូវដើរដេកនៅទីកន្លែងខុសៗគ្នា។ ភាពរីករាយមានត្រឹមតែ៤ថ្ងៃប៉ុណ្ណោះសម្រាប់ប្តីប្រពន្ធរបស់ខ្ញុំ។ ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៦ បទបញ្ជាបន្ទាន់ឱ្យភរិយាខ្ញុំចេញដំណើរទៅមន្ទីរពេទ្យដែលមាន ទីតាំងនៅវត្តពពេល ឃុំពពេល ស្រុកទឹកជ្រៅ ពេលនោះគឺស្រុកពញ្ញាក្រែក។ ហើយបន្ទាប់ត្រូវទៅលើកប្រព័ន្ធភ្លឺស្រែនៅភូមិខ្នារ ស្រុកត្បូងឃ្មុំ។ ទឹកភ្នែកខ្ញុំហូរទៀតហើយ នៅពេលដែលគេដឹកប្រពន្ធខ្ញុំចេញទៅ សូម្បីតែខ្ញុំជាប្តីក៏គ្មានសិទ្ធិ និងជូនដំណើរនាងដែរ។ តើនេះជាចម្លើយដែលឆ្លើយ និងសំណួរដែលអង្គការសួរខ្ញុំថា តើសមមិត្តមានលទ្ធភាពកសាងភរិយាឱ្យក្លាយជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ? ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង