Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គបញ្ចប់ « រដ្ឋាភិបាលចេកស្ងោរ »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ ឯកសារ 780
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គបញ្ចប់ « រដ្ឋាភិបាលចេកស្ងោរ » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គបញ្ចប់ « រដ្ឋាភិបាលចេកស្ងោរ »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គបញ្ចប់ « រដ្ឋាភិបាលចេកស្ងោរ »

ការរំដោះប្រទេសចេញផុតពីរបប ប៉ុល ពត គឺជាការរីករាយ តែវាមិនបានបញ្ចប់នូវទឹកភ្នែករបស់ខ្ញុំនៅឡើយ។ ខ្ញុំឃើញថ្នាក់ដឹកនាំផ្សេងទៀតក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាល បានជួបជុំប្រពន្ធកូន ខ្ញុំចូលរួមសប្បាយរីករាយ ប៉ុន្តែមានតែខ្ញុំម្នាក់គត់ដែលនៅសម្រក់ទឹកភ្នែក មិនដឹងថាប្រពន្ធស្លាប់ឬរស់?។ ពុំមានដំណឹងទាល់តែសោះ មិនថាតែភរិយាខ្ញុំទេ សូម្បីតែព័ត៌មានពីឪពុក ម្តាយក្មេក បងថ្លៃ ប្អូនថ្លៃ ក៏មិនមានព័ត៌មានដែរ គឺបាត់មួយពូជតែម្តង។ ពេលនោះថ្នាក់ដឹកនាំមួយចំនួនបានហៅខ្ញុំថាជារដ្ឋមន្ត្រីពោះម៉ាយ។

និយាយពីភរិយាខ្ញុំគាត់បានទទួលព័ត៌មានថា ខ្ញុំនៅរស់ និងមានឋានៈជារដ្ឋមន្ត្រីផង តែដើម្បីសុវត្ថិភាពទាំងភរិយាខ្ញុំ និងក្រុមគ្រួសារ មិនទាន់បង្ហាញខ្លួននៅឡើយ ហើយក៏មិនទាន់វិលត្រឡប់ទៅភូមិកំណើតវិញដែរ ព្រោះសភាពការណ៍នៅច្របូកច្របល់ខ្លាំងណាស់។ ពួកគាត់សុខចិត្តដេកតាមវាលស្រែ ក្រោមដើមឈើ និងដើររើសកួរស្រូវនៅស្រុកត្បូងឃ្មុំដើម្បីចិញ្ចឹមជីវិត។

គិតត្រឹមខែកុម្ភៈ ឆ្នាំ១៩៧៩ ម៉ាណែត កូនប្រុសខ្ញុំ មានអាយុ១៦ ខែ ហើយគេចេះដើរ ចេះហៅម៉ែ យាយ តា អ៊ំ ពូ មីង តែគេមិនចេះហៅពុកទេ ព្រោះគេមិនមានឪពុកហៅនឹងគេ។ ពេលថ្ងៃគេដើរ និងវារលេងតាមភ្លឺស្រែជាមួយនឹងការមើលថែពីជីតារបស់គេ នៅពេលដែលម្តាយគេទៅរើសកួរស្រូវ។ ចំពោះអ្នកដែលមិនស្គាល់គ្រួសារនេះ បានសម្គាល់ថារ៉ានី ជាមេម៉ាយកូនមួយ។ ប្តីជារដ្ឋមន្ត្រី ឯប្រពន្ធនិងកូនដេកតាមព្រៃ និងវាលស្រែ វាហាក់ជាការឆោតល្ងង់ តែបើមើលឱ្យស៊ីជម្រៅ គឺវាបង្ហាញនូវការឈ្លាសវៃមួយដែលខ្ញុំតែងចាត់ទុកថា រ៉ានី មានបញ្ញាគ្រប់គ្រាន់ ដើម្បីឆ្លងកាត់នូវការលំបាកនេះ តាំងពីពេលដែលខ្ញុំឃ្លាតចាកពីនាងទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ មកម្ល៉េះ។

ការមិនមានដំណឹងយ៉ាងយូរ រហូតជិត២ខែដូច្នេះ បានចោទចេញជាសំណួរយ៉ាងច្រើនសម្រាប់ខ្ញុំថា តើរ៉ានីនៅរស់ ឬស្លាប់? បើស្លាប់ តើនាងស្លាប់នៅទីណា? ស្លាប់ដោយជំងឺ ឬស្លាប់ដោយគេយកទៅសម្លាប់? ប្រសិនបើគាត់ស្លាប់ តើស្លាប់មុនពេលសម្រាលកូន ឬស្លាប់ទាំងមានផ្ទៃពោះ? ប្រសិនស្លាប់ក្រោយសម្រាលកូន តើកូនខ្ញុំនៅរស់ឬស្លាប់? ប្រសិននៅរស់តើកូននេះប្រុសឬស្រី និងកំពុងនៅទីណា?។ល។ សំណួរចាក់ស្រែះ ដែលសំណួរទាំងនេះបង្កើតឱ្យមានការឈឺចាប់ និងទឹកភ្នែកហូរមកជារៀងរាល់យប់ថ្ងៃសម្រាប់រូបខ្ញុំ។ ប្រហែលពាក់កណ្តាលខែកុម្ភៈ ឆ្នាំ១៩៧៩ ខ្ញុំយល់សប្តិឃើញ រ៉ានី នៅម្ខាងព្រែកខណ្ឌដោយទឹកជ្រៅ។ កណ្តាលព្រែកដែលរ៉ានីនៅ ត្រើយម្ខាងនៃឃុំរកាខ្នុរ ស្រុកកំណើតរបស់នាង ឯខ្ញុំនៅត្រើយខាងឃុំជំនីក ស្រុកក្រូចឆ្នារ ដែលមានទីតាំងសាលារៀនដែលនាងធ្លាប់រៀនពីក្មេង។ ខ្ញុំកំពុងទៅរកទូកដើម្បីឆ្លងទៅរកនាង ស្រាប់តែនាឡិការោទិ៍ឡើងដាច់យល់សប្តិអស់។ ខ្ញុំក្រោកឡើងអង្គុយយំ និងមិនអាចឈ្វេងយល់ពីការយល់សប្តិនេះបានដែរ។

ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ពេលខ្ញុំកំពុងធ្វើការនៅក្រសួងការទេស ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានជិះរថយន្តទៅដល់ ហើយប្រាប់ខ្ញុំថាប្រពន្ធ កូន និងប្អូនស្រីខ្ញុំ មកដល់ផ្ទះហើយ។ ឮគាត់ប្រាប់ដូច្នេះ ខ្ញុំមិនជឿតែម្តង ព្រោះរឿងនេះធ្លាប់កើត២លើករួចមកហើយ។ លើកទី១ នៅផ្ទះខ្ញុំនៅក្បែរវិមានឯករាជ្យ មានស្រីចំណាស់ម្នាក់បានដើរចូលមកផ្ទះខ្ញុំ ពេលក្រឡេកឃើញគាត់ខ្ញុំក៏សួរថា អ៊ំស្រីអញ្ជើញទៅណា? គាត់បានឆ្លើយដោយការគួរសមថា មករកតារដ្ឋមន្ត្រីការបរទេស។ គាត់ប្រាប់បន្ថែមថាគាត់ជាប្រពន្ធរបស់តារដ្ឋមន្ត្រីការបរទេស។ គាត់ឱ្យខ្ញុំទៅហៅប្តីគាត់មកជួបជាមួយគាត់។ ឮដូច្នេះខ្ញុំក៏ជម្រាបគាត់ថា ខ្ញុំហ្នឹងហើយជារដ្ឋមន្ត្រីការបរទេស។ គាត់បង្ហាញអាការៈងឿងឆ្ងល់ តែក្រោយការពន្យល់ថាគ្រាន់តែឈ្មោះដូចគ្នា គាត់ក៏លាចេញទៅ តែមុននឹងគាត់ចេញទៅ ខ្ញុំបានឱ្យអ្នកការពារទៅយកចេកស្ងោរប្រហែល៥ផ្លែជូនទៅគាត់។ ពេលនោះរបបរបស់ខ្ញុំមានស្បៀងតែ១៦គីឡូទេ គឺអង្ករ១០គីឡូ និងពោត៦គីឡូ។ ពេលទទួលទានមិនគ្រាន់ ខ្ញុំទៅកាប់ចេកក្រោយផ្ទះយកមកស្ងោរ ឬលាយជាមួយអង្ករដាំបាយ។ ខ្ញុំមិនបានអញ្ជើញគាត់ចូលក្នុងផ្ទះទេ ដោយក្នុងផ្ទះក្តៅ ហើយធំក្លិនអាក្រក់ និងមិនមានសាឡុង ឬកៅអីអង្គុយទេ ព្រោះខ្ញុំទើបរើចេញពីដំណាក់ចន្ទ ព្រះបរមរាជវាំង មកនៅផ្ទះនេះបាន៣ថ្ងៃប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ថ្នាក់ដឹកនាំសំខាន់ៗទាំងអស់ត្រូវនៅជុំគ្នាក្នុងព្រះរាជវាំង ដើម្បីងាយស្រួលការពារ។ ប្រហែល២សប្តាហ៍ក្រោយ ទើបឯកឧត្តម វ៉ាន់ សន ដែលជាប្រធានគណៈចាត់តាំងបក្ស និងជាលេខាបក្សក្រុងភ្នំពេញនាពេលនោះ រៀបចំរើសផ្ទះឱ្យមួយម្នាក់ ដែលខ្ញុំនៅផ្ទះសព្វថ្ងៃជាប់ផ្ទះសម្តេច ហេង សំរិន។ ការភាន់ច្រឡំបានកើតឡើងជាលើកទី២ គឺនៅ ទីស្តីការក្រសួងការទេស មានស្ត្រីម្នាក់ទៀតបានទៅរកប្តីគាត់ ដែលគាត់ប្រាប់ថា គាត់ជាប្រពន្ធរដ្ឋមន្ត្រីការបរទេសឈ្មោះ សែន។ គាត់បានសុំឱ្យខ្ញុំនាំគាត់ទៅជួបប្តីគាត់។ ខ្ញុំបាននិយាយយ៉ាងសុភាពទៅកាន់គាត់ថា អ្នកមីង ខ្ញុំហ្នឹងហើយជារដ្ឋមន្ត្រីការបរទេស។ ព្រះអើយខ្លាំងជាងកប៉ាល់ភ្លើងទៅទៀត គាត់ស្រែកជេរខ្ញុំថា អាក្មេងឈ្លើយ ហ៊ានបន្លំខ្លួនជារដ្ឋមន្ត្រីផង។ គាត់ស្រែកឡូឡាផ្អើលមនុស្សពេញក្រសួង។ ដោយមិនចង់តបតជាមួយគាត់ ខ្ញុំបានបើកទ្វារឡាន បើកចេញមកតែម្នាក់ឯង ចោលអ្នកបើកបរ និងអង្គរក្ស។ សុំទោសអ្នកមីង ប្រសិនបើអ្នកមីងនៅរស់ ហើយឃើញអត្ថបទនេះ សូមកុំខឹង ព្រោះមនុស្សម្នាក់ដែលអ្នកមីងជេរថាអាក្មេងឈ្លើយ ហ៊ានបន្លំខ្លួនជារដ្ឋមន្ត្រី គឺជារដ្ឋមន្ត្រីពិត រីឯប្តីរបស់អ្នកមីង គ្រាន់តែមានឈ្មោះសែន ដូចខ្ញុំតែប៉ុណ្ណោះ។ ដោយសារតែមានរឿងកើតឡើងនូវការភាន់ច្រឡំរហូត២ដងយ៉ាងដូច្នេះ ទើបខ្ញុំមិនជឿលើការប្រាប់របស់រដ្ឋមន្ត្រី នូ បេង ថាប្រពន្ធកូន ខ្ញុំមកដល់ផ្ទះ តែពេលនោះម៉ោងប្រមាណជិត ៥ល្ងាចទៅហើយ ខ្ញុំក៏ត្រឡប់មកផ្ទះ។ ពិតជារំភើបចិត្តខ្លាំងណាស់ ពេលចុះពីលើឡានក្រឡេកឃើញ រ៉ានី ស៊ីណាត ប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ រ៉ានី ប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង។ ខ្ញុំខំទៅចាប់កូន តែកូននេះបែរជារត់គេច ហើយស្រែកយំថាអត់ទេពូ និងរត់ទៅឱបម្តាយរបស់គេទៅវិញ។ ម៉ាណែត បានហៅខ្ញុំថាពូរយៈពេល២ខែ។ នៅពេលដែល ម៉ាណែត ព្រមហៅខ្ញុំថាពុក ខ្ញុំមានរឿងអកុសលកើតឡើងជាថ្មីម្តងទៀត នោះគឺភរិយាខ្ញុំរលូតកូន ដោយសារការយូរទឹកពីក្រោមផ្ទះឡើងលើផ្ទះ ដែលការងារនេះខ្ញុំធ្លាប់ធ្វើពីមុនមក តែដោយប្រញាប់ទៅធ្វើការ គឺមិនបានដងទឹកពីក្រោមយកមកលើផ្ទះ ភរិយាខ្ញុំត្រូវធ្វើដោយខ្លួនឯង ដែលជាមូលហេតុនាំឱ្យកូននេះរលូតតែម្តង។ នៅភ្នំពេញពេលនោះ គ្មានទឹកម៉ាស៊ីនប្រើប្រាស់ដូចពេលនេះទេ។ យើងត្រូវរកធុងទឹក អូសទឹកពីទន្លេមកដាក់ពាងអុងនៅក្រោមផ្ទះ ហើយទើបយកប៉ោតរែក ឬយួរឡើងទៅលើផ្ទះ។

បងប្អូនអ្នកអានដែលបានអានពីខាងលើមក បានឃើញនូវចំណុចទាក់ទងដល់ឪពុកក្មេកខ្ញុំ ដែលមើលថែទាំ ម៉ាណែត ជាចៅប្រុសទីមួយរបស់គាត់។ តែជិត៤០ឆ្នាំ កន្លងមកនេះ គាត់មិនដែលបង្ហាញខ្លួនជាមួយម្តាយក្មេកខ្ញុំ និងក្នុងគ្រួសារនេះទេ តើគាត់ទៅណា? គ្រួសាររបស់ខ្ញុំពិតជាបាត់បង់ធំធេងណាស់ ក្រៅពីបាត់បង់កូនក្នុងរបប ប៉ុល ពត និងក្រោយរបប ប៉ុល ពត យើងនៅបាត់បង់ឪពុកក្មេក ដែលជាឪពុកបង្កើតរបស់ភរិយាខ្ញុំ និងជាជីតារបស់កូនៗខ្ញុំទៀតផង។ សោកនាដកម្មបានកើតឡើងសាជាថ្មីម្តងទៀតក្នុងខែកក្កដា ឆ្នាំ១៩៨០ នោះគឺពួក ប៉ុល ពត បានទៅបាញ់សម្លាប់គាត់ដល់លើផ្ទះ នៅភូមិរកាខ្នុរ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ តែម្តង។ គាត់ទទួលមរណភាពយ៉ាងវេទនា ដោយពុំមានកូនចៅទៅទាន់ដង្ហើមចុងក្រោយរបស់គាត់ឡើយ។

អាចចោទជាសំណួរមកកាន់ខ្ញុំថា ហេតុអ្វីមិនយកគាត់មកនៅភ្នំពេញជាមួយខ្ញុំ។ ខ្ញុំនិងភរិយា ខិតខំជាមួយឪពុកម្តាយក្មេកខ្ញុំ ដោយអញ្ជើញគាត់មកនៅភ្នំពេញជាមួយ តែគាត់បានផ្តល់ហេតុផលថា នៅភ្នំពេញមានកូនតែម្នាក់ ចំណែកនៅស្រុកមានកូនដល់៣នាក់ មានដី មានផ្ទះ ត្រូវបង្កបង្កើនផល និងថែទាំផ្ទះសម្បែងដែលជាកន្លែងរស់នៅតាំងពីដូនតា។ ទោះបីជាមានហេតុផលយ៉ាងណាក៏ដោយ ក៏នេះជាកំហុសរបស់ខ្ញុំដែលមិនអាចការពារជីវិតរបស់ឪពុកក្មេកបាន ក្នុងពេលដែលខ្លួនស្ថិតក្នុងតំណែងដឹកនាំប្រទេស។ ខ្ញុំសរសេរនាពេលនេះ បន្ទាប់ពីសភាពការណ៍បានកន្លងហួសជាង៤០ឆ្នាំ ពីក្រមុំ កំលោះមកជាជីដូន ជីតា ដែលមានចៅរហូត២០នាក់ និងមួយចំនួនពេញកំលោះ ពេញក្រមុំ ចូលសិក្សានៅមហាវិទ្យាល័យ និងវិទ្យាល័យរួចទៅហើយ។ នេះហើយដែលហៅថា “គូរព្រេងមិនព្រាត់”។

អត្ថបទនេះ អាចនៅមានបន្ថែម ឬកែលម្អនូវចំណុចខ្វះខាតខ្លះទៀត នៅពេលដែលខ្ញុំពិនិត្យឃើញថា មានការចាំបាច់បន្ថែម ឬកែលម្អ។ សង្ឃឹមថាអត្ថបទនេះ នឹងបានជាជំនួយស្មារតីសម្រាប់អ្នកដែលចង់យល់ដឹងនៃដំណើរជីវិតតរបស់ខ្ញុំ និងភរិយា៕

ដោយ៖ គង់ សិរីរ័ត្ន សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទទាក់ទង