វិភាគស៊ីជម្រៅ៖ ហេតុអ្វីថៃចង់ទាក់ទាញបារាំងមុនមកកម្ពុជា?
ដោយ៖លោកតា
បើមើលត្រឹមផ្ទៃក្រៅ ការដែលថៃព្យាយាមអញ្ជើញមេដឹកនាំបារាំងទៅបំពេញទស្សនកិច្ចមុនមកកម្ពុជា អាចត្រូវបានបកស្រាយថា ជាការប្រកួតប្រជែងផ្នែកការទូតធម្មតា។ ប៉ុន្តែបើសិក្សាជ្រៅទៅលើប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយក្នុងតំបន់ នេះមិនមែនជារឿងតូចឡើយ។ វាជាការបង្ហាញពីការប្រកួតប្រជែងឥទ្ធិពល រវាងប្រទេសជិតខាង ដែលមានឫសគល់តាំងពីសម័យអាណាចក្ររហូតមកដល់សម័យទំនើប។
ក្នុងប្រវត្តិសាស្ត្រ សៀមតែងចាត់ទុកកម្ពុជា ជាតំបន់ស្ថិតក្នុងឥទ្ធិពលយុទ្ធសាស្ត្ររបស់ខ្លួន។ ដូច្នេះ រាល់ពេលដែលកម្ពុជាព្យាយាមបង្កើតទំនាក់ទំនងផ្ទាល់ជាមួយមហាអំណាចខាងក្រៅ សៀមតែងមានប្រតិកម្មភ្លាមៗ។ ករណីឆ្នាំ១៨៥៦ គឺជាភស្តុតាងច្បាស់ ពេលព្រះបាទអង្គឌួងព្យាយាមស្វែងរកការការពារពីបារាំង សៀមបានយល់ភ្លាមថា បើបារាំងចូលមកកម្ពុជា នោះឥទ្ធិពលរបស់ខ្លួនលើទឹកដីខ្មែរនឹងចុះខ្សោយ។ ដូច្នេះ សៀមមិនត្រឹមតែប្រើសម្ពាធនយោបាយទេ ប៉ុន្តែថែមទាំងប្រើការគំរាមផ្នែកយោធាផងដែរ។
បច្ចុប្បន្ន ទោះបីសម័យអាណានិគមបានបញ្ចប់ទៅហើយក៏ដោយ “ផ្នត់គំនិតភូមិសាស្ត្រនយោបាយ” នោះនៅតែមិនទាន់បាត់។ ថៃនៅតែចង់បង្ហាញថា ខ្លួនគឺជាមជ្ឈមណ្ឌលអំណាច និងជាច្រកសំខាន់របស់អាស៊ីអាគ្នេយ៍សម្រាប់អឺរ៉ុប និងលោកខាងលិច។ ការអញ្ជើញមេដឹកនាំបារាំងមុនកម្ពុជា មានន័យនយោបាយច្រើនជាងគ្រាន់តែពិធីការទូត។
√ទី១៖ វាជាការបង្ហាញឋានៈតំបន់។
ថៃចង់បញ្ជាក់ទៅកាន់បារាំង និងអឺរ៉ុបថា ខ្លួនជាដៃគូធំជាង មានស្ថិរភាពសេដ្ឋកិច្ចខ្លាំងជាង និងមានឥទ្ធិពលតំបន់ខ្ពស់ជាងកម្ពុជា។ ក្នុងការទូតសម័យថ្មី ប្រទេសដែលអាចទាក់ទាញមេដឹកនាំមហាអំណាចឱ្យមកមុន គឺតែងត្រូវបានចាត់ទុកថា មាន “អាទិភាពយុទ្ធសាស្ត្រ” ខ្ពស់ជាង។
√ទី២៖ វាជាការកាត់បន្ថយតម្លៃការទូតរបស់កម្ពុជា។
បើមេដឹកនាំបារាំងចូលថៃមុន នោះការមកកម្ពុជាអាចត្រូវបានមើលថា គ្រាន់តែជាផ្នែកបន្តនៃដំណើរទស្សនកិច្ចក្នុងតំបន់ មិនមែនជាទស្សនកិច្ចដែលមានទម្ងន់ពិសេសសម្រាប់កម្ពុជាឡើយ។ នេះជាយុទ្ធសាស្ត្រការទូតបែប “កុំឱ្យប្រទេសតូចលេចធ្លោជាងខ្លួន”។
√ទី៣៖ វាជាការប្រកួតប្រជែងលើឥទ្ធិពលបារាំងក្នុងតំបន់មេគង្គ។
បារាំងមានទំនាក់ទំនងប្រវត្តិសាស្ត្រជ្រាលជ្រៅជាមួយកម្ពុជា ជាពិសេសតាមរយៈបេតិកភណ្ឌ វប្បធម៌ ភាសា និងប្រវត្តិសាស្ត្រអាណាព្យាបាល។ កម្ពុជាក៏ត្រូវបានបារាំងមើលឃើញថា ជាដៃគូប្រវត្តិសាស្ត្រមួយនៅឥណ្ឌូចិន។ ដូច្នេះ ថៃប្រហែលជាមិនចង់ឱ្យទំនាក់ទំនងកម្ពុជា-បារាំង កាន់តែជិតស្និទ្ធដល់កម្រិតដែលអាចបង្កើនឥទ្ធិពលការទូតរបស់កម្ពុជាក្នុងតំបន់ឡើយ។
ជាពិសេស ទំនាក់ទំនងរវាងរាជវង្សខ្មែរ និងបារាំង មានជម្រៅប្រវត្តិសាស្ត្រយូរអង្វែង។ ចាប់តាំងពីសម័យព្រះបាទនរោត្តមទី១ បារាំងបានដើរតួនាទីសំខាន់ក្នុងការធានាការរក្សារាជបល្ល័ង្ក និងអធិបតេយ្យភាពរបស់កម្ពុជា ចំពេលសម្ពាធពីសៀម និងអណ្ណាម។ ទំនាក់ទំនងនេះបានបន្តមកដល់សម័យ សម្តេចព្រះបរមរតនកោដ្ឋ នរោត្ត សីហនុ ដែលមានភាពជិតស្និទ្ធជាមួយថ្នាក់ដឹកនាំបារាំង និងវប្បធម៌បារាំងយ៉ាងខ្លាំង។ ព្រះអង្គមិនត្រឹមតែស្ទាត់ភាសាបារាំងទេ ប៉ុន្តែថែមទាំងប្រើភាសាបារាំងជាវេទិកាការទូតអន្តរជាតិសម្រាប់ការពារឯករាជ្យ និងអព្យាក្រឹតភាពរបស់កម្ពុជាផងដែរ។
រហូតដល់សម័យបច្ចុប្បន្ន ទំនាក់ទំនោនេះនៅតែបន្តតាមរយៈព្រះរាជវង្សខ្មែរ។ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី មានការសិក្សា និងរស់នៅប្រទេសបារាំងជាយូរឆ្នាំ ហើយមានទំនាក់ទំនងវប្បធម៌ និងការគោរពជ្រាលជ្រៅពីសង្គមបារាំង។ នេះធ្វើឱ្យទំនាក់ទំនងកម្ពុជា-បារាំង មានលក្ខណៈពិសេសមួយ ដែលមិនមែនផ្អែកតែលើនយោបាយ ឬសេដ្ឋកិច្ចទេ ប៉ុន្តែថែមទាំងមាន “ខ្សែចំណងប្រវត្តិសាស្ត្រ និងរាជវង្ស” ផងដែរ។
ជាមួយគ្នានេះ ទំនាក់ទំនងផ្ទាល់រវាងសម្តេចតេជោ ហ៊ុន សែន និង Emmanuel Macron ត្រូវបានគេមើលឃើញថា មានភាពជិតស្និទ្ធ និងមានទំនុកចិត្តនយោបាយខ្ពស់។ នេះបង្ហាញថា កម្ពុជាមិនត្រឹមតែមានទំនាក់ទំនងផ្លូវការជាមួយបារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកសាង “ការទូតផ្ទាល់ខ្លួន” (Personal Diplomacy) ជាមួយមេដឹកនាំមហាអំណាចបានផងដែរ។ ក្នុងការទូតអាស៊ី ទំនាក់ទំនងផ្ទាល់រវាងមេដឹកនាំ ជាច្រើនដងមានឥទ្ធិពលខ្លាំងជាងឯកសារផ្លូវការទៀតផង។
ចំណុចសំខាន់មួយទៀត គឺការដែលលោកប្រធានាធិបតីម៉ាក្រុង គ្រោងមកកម្ពុជាដើម្បីចូលរួមវេទិកាប្រទេសនិយាយភាសាបារាំង (Francophonie) ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះមិនមែនជាព្រឹត្តិការណ៍ពិធីការធម្មតាទេ ប៉ុន្តែជាសញ្ញានយោបាយ និងវប្បធម៌ដ៏មានអត្ថន័យខ្លាំង។
√ទី១៖ វាបង្ហាញថា កម្ពុជាមានតួនាទីពិសេសក្នុងពិភព Francophonie។
ទោះកម្ពុជាមិនមែនជាប្រទេសនិយាយភាសាបារាំងជាចម្បងក៏ដោយ ប៉ុន្តែកម្ពុជាត្រូវបានបារាំងចាត់ទុកថា ជាស្នូលប្រវត្តិសាស្ត្រមួយនៃ Francophonie នៅអាស៊ី។ ការជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្ហាញថាបារាំងទទួលស្គាល់កម្ពុជា មិនត្រឹមតែជាដៃគូអាស៊ានទេ ប៉ុន្តែជាដៃគូវប្បធម៌ និងអរិយធម៌ផងដែរ។
√ទី២៖ វាជាការបង្កើន Soft Power របស់កម្ពុជា។
ការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំបែបនេះ ធ្វើឱ្យកម្ពុជាក្លាយជាចំណុចកណ្ដាលនៃការទូតវប្បធម៌ និងភាសាបារាំងក្នុងតំបន់។ នេះមានអត្ថន័យថា កម្ពុជាអាចប្រើវេទិកានេះ ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ទេសចរណ៍ អប់រំ និងការទាក់ទាញវិនិយោគពីបារាំង និងអឺរ៉ុប។
√ទី៣៖ វាបង្ហាញថា បារាំងចង់រក្សាឥទ្ធិពលនៅឥណ្ឌូចិនតាមរយៈកម្ពុជា។
ក្នុងស្ថានភាពដែលចិន និងអាមេរិកកំពុងប្រកួតឥទ្ធិពលខ្លាំងនៅអាស៊ីអាគ្នេយ៍ បារាំងក៏ចង់រក្សាវត្តមានរបស់ខ្លួនផងដែរ។ កម្ពុជា មានអត្ថប្រយោជន៍ពិសេស ព្រោះមានទំនាក់ទំនងប្រវត្តិសាស្ត្រ និងភាពជិតស្និទ្ធវប្បធម៌ជាមួយបារាំង ដែលថៃមិនមានក្នុងកម្រិតដូចគ្នា។
√ទី៤៖ នេះជាជ័យជម្នះផ្នែក “Symbolic Diplomacy” របស់កម្ពុជា។
ក្នុងភូមិសាស្ត្រនយោបាយ សញ្ញា និងរូបភាព មានសារៈសំខាន់មិនចាញ់កម្លាំងយោធាទេ។ ការដែលមេដឹកនាំបារាំងមកកម្ពុជា ក្នុងនាមចូលរួមវេទិកា Francophonie ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការផ្ញើសារទៅកាន់ពិភពលោកថា កម្ពុជាមានសមត្ថភាពធ្វើជាមជ្ឈមណ្ឌលការទូតអន្តរជាតិមួយនៅអាស៊ីអាគ្នេយ៍។
ចំណុចមួយទៀតដែលគេអាចមើលឃើញ គឺការដែលថៃព្យាយាមរូតរះបង្កើនភាពជិតស្និទ្ធជាមួយបារាំង និងបរទេសដើម្បីរក្សាអធិបតេយ្យភាព ប៉ុន្តែសម័យនេះ កម្ពុជាមានអធិបតេយ្យភាពពេញលេញ និងមានទំនាក់ទំនងជាមួយមហាអំណាចជាច្រើន ទាំងចិន បារាំង អាមេរិក ជប៉ុនខិតខំទាក់ទាញឱ្យមេដឹកនាំបារាំងមកបំពេញទស្សនកិច្ចមុនកម្ពុជា មិនមែនគ្រាន់តែជាការប្រកួតប្រជែងពិធីការទូតធម្មតាទេ ប៉ុន្តែអាចមានគោលបំណងនយោបាយជ្រៅជាងនោះ។ ថៃប្រហែលជាចង់បង្ហាញខ្លួនជាដៃគូសំខាន់ និងជាប្រទេសដែលមានស្ថិរភាពខ្ពស់ក្នុងតំបន់ ដើម្បីទាក់ទាញទំនុកចិត្តពីបារាំង និងអឺរ៉ុប។ ក្នុងន័យមួយ វាក៏អាចជាការប៉ុនប៉ងកាត់បន្ថយឥទ្ធិពលការទូតរបស់កម្ពុជា ដែលកំពុងលេចធ្លោតាមរយៈទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និង Francophonie ផងដែរ។
លើសពីនេះ ការខិតខំរបស់ថៃក៏អាចបង្ហាញពីការព្រួយបារម្ភផ្នែកភូមិសាស្ត្រនយោបាយផងដែរ ព្រោះក្នុងរយៈពេលចុងក្រោយ កម្ពុជាបានលើកបញ្ហាព្រំដែន បញ្ហាបេតិកភណ្ឌ និងបញ្ហាអធិបតេយ្យភាពមួយចំនួនទៅលើឆាកអន្តរជាតិ។ ដូច្នេះ ថៃអាចចង់ពន្យល់ ឬបង្ហាញទស្សនៈរបស់ខ្លួនទៅកាន់បារាំង និងដៃគូអឺរ៉ុប ដើម្បីកុំឱ្យការយល់ឃើញអន្តរជាតិផ្អៀងទៅម្ខាងតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា នៅក្នុងសម័យព័ត៌មានបើកចំហសព្វថ្ងៃ មហាអំណាចដូចជាបារាំង និងសហគមន៍អន្តរជាតិ ក៏មានប្រព័ន្ធព័ត៌មាន និងការវាយតម្លៃផ្ទាល់ខ្លួនដែរ មិនអាចពឹងតែលើការបញ្ចុះបញ្ចូលផ្នែកការទូតពីភាគីណាមួយប៉ុណ្ណោះបានឡើយ។ ដូចពាក្យដែលគេនិយាយថា “អង្គការអន្តរជាតិ និងមហាអំណាច មិនមែនអត់ភ្នែក និងត្រចៀកឡើយ” ពួកគេអាចមើលឃើញ និងវាយតម្លៃដោយផ្អែកលើអង្គហេតុ និងសកម្មភាពជាក់ស្តែងនៅលើដី។
ហេតុនេះ ការប្រកួតប្រជែងរវាងថៃ និងកម្ពុជា មិនមែនជាការប្រកួតដោយអាវុធទេ ប៉ុន្តែជាការប្រកួតលើ “ការបង្កើតរូបភាពអន្តរជាតិ” និង “Soft Power”។ ប្រទេសណាអាចបង្កើតទំនុកចិត្ត ទាក់ទាញការគាំទ្រអន្តរជាតិ និងបង្ហាញភាពស្របច្បាប់លើឆាកពិភពលោកបានខ្លាំងជាង ប្រទេសនោះនឹងមានប្រៀបក្នុងការទាញយកឥទ្ធិពលយុទ្ធសាស្ត្រនៅតំបន់មេគង្គ និងអាស៊ីអាគ្នេយ៍។
ចំណុចនេះហើយ ដែលធ្វើឱ្យការទូតរបស់កម្ពុជាមានជម្រៅមួយ ដែលមិនអាចវាស់ត្រឹមទំហំសេដ្ឋកិច្ច ឬកម្លាំងយោធាបានទេ។ ទោះកម្ពុជាជាប្រទេសតូចក៏ដោយ ប៉ុន្តែអាចប្រើប្រវត្តិសាស្ត្រ វប្បធម៌ បេតិកភណ្ឌអង្គរ និងទំនាក់ទំនងផ្ទាល់រវាងមេដឹកនាំ ដើម្បីបង្កើតទម្ងន់ការទូតលើឆាកអន្តរជាតិ។ នេះក៏អាចជាមូលហេតុមួយដែលថៃមិនចង់ឱ្យកម្ពុជា លេចធ្លោខ្លាំងពេកក្នុងទំនាក់ទំនងជាមួយបារាំងដែរ ព្រោះបើកម្ពុជាក្លាយជាដៃគូយុទ្ធសាស្ត្រសំខាន់របស់បារាំងនៅតំបន់មេគង្គ នោះតុល្យភាពឥទ្ធិពលក្នុងតំបន់អាចផ្លាស់ប្តូរបន្តិចម្តងៗ។
√ទី៥៖ នេះជាការប្រកួតប្រជែង “Soft Power” មិនមែនយោធា។
នៅសតវត្សទី២១ ប្រទេសមិនចាំបាច់ប្រើកាំភ្លើងដើម្បីពង្រីកឥទ្ធិពលទៀតទេ។ អ្នកណាទាក់ទាញវិនិយោគ ទេសចរណ៍ កិច្ចសហប្រតិបត្តិការយោធា បច្ចេកវិទ្យា និងការគាំទ្រពីមហាអំណាចបានច្រើនជាង អ្នកនោះមានប្រៀប។ ថៃយល់ច្បាស់ពីចំណុចនេះ ហើយព្យាយាមប្រើការទូតសកម្មដើម្បីរក្សាតួនាទីខ្លួនជាប្រទេសកណ្ដាលក្នុងអាស៊ាន។
សម្រាប់កម្ពុជា វាក៏ជាមេរៀនប្រវត្តិសាស្ត្រសំខាន់មួយ កាលពីសម័យព្រះបាទអង្គឌួង កម្ពុជាខ្វះអំណាចខាងក្នុង និងខ្សោយផ្នែកការទូត ទើបត្រូវពឹង និងកូរ៉េ។ ដូច្នេះ បញ្ហាសំខាន់មិនមែនថា “អ្នកណាមកមុន” ទេ ប៉ុន្តែគឺ “កម្ពុជាអាចទាញយកផលប្រយោជន៍យុទ្ធសាស្ត្របានប៉ុណ្ណា” ពីទំនាក់ទំនងទាំងនោះ។
យើងសរុបសេចក្តីមក ការប្រកួតប្រជែងរវាងថៃ និងកម្ពុជា លើការទាក់ទាញបារាំង មើលទៅដូចជាព្រឹត្តិការណ៍ការទូតធម្មតា ប៉ុន្តែជាក់ស្តែង វាជាការឆ្លុះបញ្ចាំងពីការបន្តនៃការប្រកួតប្រជែងឥទ្ធិពល ដែលមានឫសគល់តាំងពីសតវត្សរ៍ទី១៩។ ប្រវត្តិសាស្ត្រមិនបានកើតឡើងដូចដើមទាំងស្រុងទេ ប៉ុន្តែវាតែង “ធ្វើដំណើរដដែលៗ” ក្នុងទម្រង់ថ្មី៕






