សន្តិភាពកម្ពុជារងការគំរាមកំហែង ខណៈរដ្ឋាភិបាលអំពាវនាវដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី
ទាហានកម្ពុជាម្នាក់កំពុងយាមប្រចាំការនៅតំបន់បឹងត្រកួនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៩-១៣ ខែកក្កដា ឆ្នាំ២០២៦។ ខ្មែរថាមស៍៖ ហេង ជីវ័ន
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិភាពពេញលេញដែលកម្ពុជាខិតខំកសាងអស់រយៈពេលជាងពីរទសវត្សរ៍ត្រូវបានគំរាមកំហែង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខណៈលោកអំពាវនាវដល់ភាគីថៃគោរពកិច្ចព្រមព្រៀងនិងដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។
ក្នុងសារលិខិតសម្រាប់ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បាននិយាយថា សង្គ្រាមនៅតាមព្រំដែនបានឆក់យកជីវិតមនុស្ស និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជាប់ព្រំដែន ខណៈប្រជាជនរាប់ពាន់គ្រួសារនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានដើមរបស់ពួកគេវិញនៅឡើយ។
លោកបានថ្លែងថា៖ «សន្តិភាពពេញលេញដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាងជាមួយនឹងការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជាតិយើងទាំងមូលអស់រយៈពេល២៦ឆ្នាំកន្លងមកនេះត្រូវបានគំរាមកំហែង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសង្គ្រាមនៅបណ្តោយព្រំដែនកម្ពុជា-ថៃ»។
យោងតាមលោក ហ៊ុន ម៉ាណែត បទពិសោធប្រវត្តិសាស្ត្ររបស់កម្ពុជា និងស្ថានភាពពិភពលោកបច្ចុប្បន្នបង្ហាញថា ច្បាប់អន្តរជាតិតែមួយមុខមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ និងការអនុវត្តជាក់ស្តែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។
លោកបានបញ្ជាក់ថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់គោលការណ៍គោរពអធិបតេយ្យភាពនិងសមភាពរវាងរដ្ឋ ការមិនប្រើកម្លាំង ការអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ និងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
លោកក៏បានអំពាវនាវជាថ្មីឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងឈានទៅរកការស្តារសន្តិភាពនៅតាមព្រំដែន ព្រមទាំងការរួមរស់ដោយសុខដុមរមនារវាងប្រជាជននៃប្រទេសទាំងពីរ។
លោកបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តប្រកាន់ខ្ជាប់គោលការណ៍គ្រឹះសន្តិភាព ការគោរពអធិបតេយ្យ ស្មើភាព ដោះស្រាយវិវាទដោយសន្តិវិធីដោយអនុលោមតាមច្បាប់អន្តរជាតិ ដោយមិនប្រើកម្លាំង»។
លោក ហ៊ុន ម៉ាណែត បានរំលឹកថា សន្តិភាពនៅកម្ពុជាមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាផលបានមកពីការតស៊ូ និងការលះបង់យ៉ាងធំធេងរបស់មគ្គុទ្ទេសក៍ជាតិនិងប្រជាជនកម្ពុជាងើបចេញពីប្រវត្តិសាស្ត្រដ៏ឈឺចាប់ និងសោកនាដកម្ម។
លោកបានរំលឹកដល់ការទទួលឯករាជ្យពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមការដឹកនាំរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ។
បន្ទាប់មក កម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលនិងរបបខ្មែរក្រហម ដែលលោកបានលើកឡើងថា បានបណ្ដាលឱ្យប្រជាពលរដ្ឋប្រមាណជាងបីលាននាក់ត្រូវសម្លាប់និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។
លោកបានចាត់ទុកជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាព្រឹត្តិការណ៍ដែលបានសង្គ្រោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម ប៉ុន្តែបានបញ្ជាក់ថា ប្រទេសនៅតែមិនទាន់អាចឆ្លងផុតពីសង្គ្រាម និងជម្លោះផ្ទៃក្នុងបានភ្លាមៗនោះទេ។
តាមសារលិខិត លោកបានលើកឡើងថា កម្ពុជាបានឈានដល់ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលលោកបានចាត់ទុកថា បាននាំមកនូវសន្តិភាពពេញលេញនិងឯកភាពជាតិ។
លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីកម្ពុជាបានចូលរួមរក្សាសន្តិភាពអន្តរជាតិតាមរយៈបេសកកម្មរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពសរុបចំនួន១០,៩១២នាក់ ក្នុងនោះមានស្ត្រី១,០៨២នាក់ ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសចំនួន១០។ ប្រទេសទាំងនោះ រួមមានឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។
អង្គការសហប្រជាជាតិក៏បានបញ្ជាក់នៅឆ្នាំ២០២៦ថា កម្ពុជាបានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិអស់រយៈពេល២០ឆ្នាំ ហើយបានចាត់ទុកការចូលរួមនេះថា ជាការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាពអន្តរជាតិ។
លោក ហ៊ុន ម៉ាណែត បានចេញសារលិខិតនេះក្នុងបរិបទដែលអង្គការសហប្រជាជាតិកំណត់ថ្ងៃទី២១ ខែកញ្ញា ជាទិវាសន្តិភាពអន្តរជាតិ និងប្រើមូលបទឆ្នាំ២០២៦ថា «វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ថ្ងៃ»។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការវិនិយោគលើការសន្ទនា សិទ្ធិមនុស្ស ការអភិវឌ្ឍប្រកបដោយចីរភាព និងឧបករណ៍សន្តិភាព ដូចជាការទូត ការចរចា និងការរក្សាសន្តិភាព។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពជាមូលដ្ឋានសម្រាប់កម្ពុជាស្តារនិងកសាងប្រទេសឡើងវិញ កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់និងពិភពលោក។
លោកក៏បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយបញ្ជាក់ថា តាមការព្យាករ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ៤,១% ក្នុងឆ្នាំ២០២៦។ លោកបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចមិនមែនជាគោលដៅចុងក្រោយទេ ប៉ុន្តែរដ្ឋាភិបាលចង់បានកំណើននេះបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល អភិវឌ្ឍជំនាញ និងលើកកម្ពស់សេវាសាធារណៈសម្រាប់ប្រជាពលរដ្ឋ។
ក្នុងសារលិខិត លោក ហ៊ុន ម៉ាណែត ក៏បានភ្ជាប់ទិវាសន្តិភាពអន្តរជាតិជាមួយនឹងការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមអង្គការអន្តរជាតិក្រុមប្រទេសនិយាយភាសាបារាំង (OIF) កិច្ចប្រជុំកំពូលលើកទី២០ នឹងប្រព្រឹត្តទៅនៅកម្ពុជានាថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយផ្តោតលើសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក ហ៊ុន ម៉ាណែត បាននិយាយថា ប្រមុខរដ្ឋ/រដ្ឋាភិបាលរដ្ឋសមាជិកអង្គការអន្តរជាតិក្រុមប្រទេសនិយាយភាសាបារាំងចំនួន៩៣ នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីពិភាក្សារិះរកផ្លូវបន្ថយភាព តានតឹងភូមិសាស្ត្រនយោបាយ ជំរុញការអភិវឌ្ឍរឹងមាំ និងប្រកបដោយបរិយាប័ន្ន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសន្តិភាពចីរកាល។
ជាមួយគ្នានោះ លោកបានអំពាវនាវឱ្យប្រជាជនរួមគ្នារក្សាសន្តិភាព និងឱ្យសន្តិភាពក្លាយជាមូលដ្ឋានសម្រាប់វិបុលភាពរួម ខណៈលោកបានបញ្ជាក់ថា ច្បាប់អន្តរជាតិគួរតែបន្តជាសសរទ្រទ្រង់ដ៏រឹងមាំសម្រាប់រក្សានិងកសាងសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ៕
-Khmer Times-





