Grand News Asia Close

វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើអ៉ីស្រាអែល វាយលុកចូលកាន់កាប់តំបន់ Gaza?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 706
វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើអ៉ីស្រាអែល វាយលុកចូលកាន់កាប់តំបន់ Gaza? វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើអ៉ីស្រាអែល វាយលុកចូលកាន់កាប់តំបន់ Gaza?

(វ៉ាស៊ីនតោន)៖ នៅថ្ងៃចន្ទ ទី៩ ខែតុលា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានប្រកាសចេញបទបញ្ជាឱ្យធ្វើការបិទខ្ទប់ទាំងស្រុងចំពោះ តំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុមប៉ាឡេស្ទីន ហាម៉ាស (Hamas)។ នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ដោយសំដៅលើតំបន់ Gaza Strip ដែលជាផ្ទះរបស់ប្រជាជនប៉ាឡេស្ទីន ២.៣លាននាក់ លោកប្រមុខការពារជាតិអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «ពួកយើងនឹងអនុវត្តការបិទខ្ទប់ ទាំងស្រុងតែម្តង ចំពោះតំបន់ Gaza ដោយនឹងគ្មានអគ្គិសនី ស្បៀងអាហារ ទឹក ឥន្ធនៈ ឬឧស្ម័ន នោះឡើយ ពោលគឺអ្វីៗនឹងត្រូវបិទខ្ទប់ទាំងអស់»។

ការប្រកាសវិធានការក្តៅខាងលើនេះកើតមានឡើង បន្ទាប់ពីអ៉ីស្រាអែលបានទទួលរងការឆ្មក់វាយប្រហារទ្រង់ទ្រាយធំសម្បើម ពីសំណាក់ក្រុម Hamas កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន។ ទើបតែនៅថ្ងៃចន្ទសប្ដាហ៍នេះ ដែលយោធាអ៉ីស្រាអែលបានប្រកាសថា កងកម្លាំងរបស់ខ្លួន​បានដណ្តើមការគ្រប់គ្រងពេញលេញមកវិញ នៅតាមតំបន់ដែល រងការលុកលុយដោយពួក Hamas។ ទន្ទឹមគ្នា អ៉ីស្រាអែលក៏បាន និងកំពុងបន្ត​ធ្វើការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងកាំភ្លើងធំឥតឈប់ឈរទៅលើតំបន់ Gaza ផងដែរ។ គិតមកទល់ពេលនេះ មនុស្សជាង ៩០០នាក់បានស្លាប់ដោយសារការវាយប្រហារបស់ ក្រុមហាម៉ាសនៅក្នុងប្រទេសអ៉ីស្រាអែល និងជាង ៧០០នាក់ បានស្លាប់ ក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ Gaza។ ការបិទខ្ទប់ទាំងស្រុង ចំពោះតំបន់ Gaza បូករួមទាំងការកែនកងទ័ពបម្រុង ៣០០,០០០នាក់របស់អ៉ីស្រាអែល បាន និងកំពុងបង្កឱ្យការជជែកវែកញែកពីលទ្ធភាពដែលអ៉ីស្រាអែល អាចនឹងបើកការវាយលុកតាមជើងគោក។ ត្រឹមតែវាយកាន់កាប់តំបន់ Gaza មិនមែនជារឿងដែលអ៉ីស្រាអែល ធ្វើមិនបាននោះទេ តែលំបាកនៅត្រង់ថាតើ វាយយកបានហើយ ត្រូវធ្វើយ៉ាងម៉េចតទៅទៀត? អ៉ីស្រាអែលក៏ធ្លាប់កាន់កាប់តំបន់ Gaza ដែរ ក្រោយឈ្នះអេហ្ស៉ីប នៅក្នុងសង្រ្គាម កាលពីឆ្នាំ១៩៦៧។ ប៉ុន្តែ នៅទីបំផុតទៅ អ៉ីស្រាអែលត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់នេះកាលពីឆ្នាំ២០០៥។ ប៉ុន្តែ ប្រសិនបើរឿងបែបនេះកើតឡើងជាថ្មីមែន តើវានឹងមានរឿងអ្វីកើតឡើង?

* ហានិភ័យនៃសង្រ្គាមច្រើនសមរភូមិ

តាមរយៈការវាយលុកចូលតំបន់ Gaza អ៉ីស្រាអែលអាចរំពឹងថានឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់ក្រុមហាម៉ាស ដើម្បីទប់ស្កាត់កុំឱ្យក្រុមសកម្ម ប្រយុទ្ធនេះ បើកការវាយប្រហារណាមួយសាជាថ្មីនៅពេលអនាគត និងជួយសង្រ្គោះចំណាប់ខ្មាំង ប្រសិនបើអាចធ្វើទៅបាន។ ក៏ប៉ុន្តែ ការវាយលុកលើតំបន់ Gaza ក៏អាចនឹងបង្កទៅហានិភ័យនៃការកើនឡើងអំពើហិង្សាក្នុងតំបន់ West Bank ហើយអាចបង្កទៅជាសមរភូមិសង្រ្គាមមួយផ្សេងទៀត ជាមួយក្រុមហេសប៊ូលឡា លីបង់ដែលមានអ៉ីរ៉ង់ជាមេកើយ ដែលនេះនឹងបង្ខំឱ្យអ៉ីស្រាអែលត្រូវប្រយុទ្ធក្នុងសង្រ្គាមច្រើនសមរភូមិ។ ទោះបីជាមានកងទ័ពបំពាក់ដោយអាវុធទំនើបៗ និងទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អប្រសើរ គួបផ្សំនឹងអំណាចគ្រប់គ្រងដែនអាកាសក៏ពិតមែន តែការវាយលុកណាមួយរបស់អ៉ីស្រាអែលលើតំបន់ Gaza នឹងបង្កជាបញ្ហាប្រឈមទាំងខាងបច្ចេកទេស និងយុទ្ធសាស្ត្រ។ ក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធបាឡេស្ទីនផ្សេងទៀតដូចជា Palestinian Islamic Jihad (PIJ) បានសាងសង់កន្លែងលាក់ខ្លួន ផ្លូវរោងក្រោមដី និងអន្ទាក់ជាច្រើន ដើម្បីលាក់ខ្លួន និងលបវាយប្រហារលើទាហានអ៉ីស្រាអែល ជាពិសេសគឺទាហានបម្រុងដែលមិនសូវ មានបទពិសោធន៍ប្រយុទ្ធក្នុងសង្រ្គាមទីក្រុង។ ណាមួយ ដោយសារតែក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធ PIJ កំពុងចាប់មនុស្សជាច្រើននាក់ជាចំណាប់ខ្មាំងផងនោះ អ៉ីស្រាអែល មិនអាចបើកការវាយប្រហារតាមចិត្តចង់នោះទេ ហើយនៅកម្រិតខ្លះត្រូវវាយប្រហារដោយប្រុងប្រយ័ត្នទៀតផង។ ការវាយលុករបស់អ៉ីស្រាអែលលើតំបន់ Gaza ដែលមានដង់ស៊ីតេប្រជាជនរស់នៅប្រមូលផ្ដុំគ្នាច្រើន អាចនឹងបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើន ជាពិសេសគឺជនស៊ីវិលប៉ាឡេស្ទីន ហើយអាចនឹងបង្កហានិភ័យ ផ្ទុះទៅជាសង្រ្គាមគប់ដុំថ្ម «intifada» (ការបះបោររបស់ប្រជាជនប៉ាឡេស្ទីនប្រឆាំងអ៉ីស្រាអែល) មិនមែនតែនៅក្នុងតំបន់ Gaza ទេ តែក៏នៅក្នុងតំបន់ West Bank ផងដែរ ជាទីដែលភាពតានតឹងកំពុងកើនឡើងស្រាប់ ក្រោយអំពើហិង្សាសងសឹកដាក់គ្នាទៅវិញទៅមករវាងជនជាតិអ៉ីស្រាអែល និងប៉ាឡេស្ទីនជាច្រើនខែមកនេះ។ មិនតែប៉ុណ្ណោះ Lions’ Den ជាក្រុមសកម្មប្រយុទ្ធក្នុងតំបន់ West Bank ត្រូវបានគេរាយការណ៍ថាបានអំពាវនាវរួចទៅហើយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ West Bank កាន់អាវុធគ្រប់ៗគ្នាដើម្បីប្រឆាំងនឹងអ៉ីស្រាអែល។ ចំណែក ក្រុមហេសប៊ូលឡា និងក្រុមសកម្មប្រយុទ្ធជាច្រើនក្នុងប្រទេសលីបង់ ក៏អាចនឹងបង្កើនការចូលរួម របស់ពួកគេ ដើម្បីអូសឱ្យអ៉ីស្រាអែលធ្លាក់ចូលក្នុងសង្រ្គាមច្រើនសមរភូមិ។ ដូច្នេះការវាយលុករបស់អ៉ីស្រាអែលលើ Gaza អាចនឹងក្លាយជាការលើកទឹកចិត្តដល់ក្រុម ទាំងនេះកាន់តែបង្កើនការចូលរួមរបស់ពួកគេក្នុងជម្លោះ។

* គ្មានជម្រើសល្អ សម្រាប់អ៊ីស្រាអែល?

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu បានសន្យាថាការឆ្លើយតបរបស់អ៉ីស្រាអែល នឹងឱ្យធ្វើតំបន់មជ្ឈិមបូព៌ាផ្លាស់ប្ដូរ ហើយក្រុមហាម៉ាសនឹងត្រូវតបស្នងមកវិញ នូវតម្លៃមួយយ៉ាងស័ក្តិសម។ ការលើកឡើងរបស់លោក Netanyahu ហាក់បង្ហាញថាលោកមានបំណងចង់យកតំបន់ Gaza មកដាក់នៅក្រោមការគ្រប់គ្រងរបស់អ៉ីស្រាអែល ឡើងវិញ។ អ៉ីស្រាអែលអាចមានជម្រើស ៣ សម្រាប់គ្រប់គ្រង និងដឹកនាំតំបន់ Gaza តែគ្មានជម្រើសណាមួយនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងនោះទេ។ ជម្រើសទី១៖ អីស្រាអែលអាចនឹងប្រគល់ការគ្រប់គ្រងតំបន់ Gaza ទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន (PA) ដែលកំពុងគ្រប់គ្រងតំបន់ West Bank។ ធ្វើដូច្នេះមើលទៅវាហាក់ដូចជាការបន្ថែម ភាពស្របច្បាប់ ដោយទុកឱ្យប៉ាឡេស្ទីនគ្រប់គ្រងទឹកដី ប៉ុន្តែការគាំទ្រសម្រាប់ PA កំពុងធ្លាក់ចុះទាំងនៅក្នុងតំបន់ West Bank និង Gaza រីឯការយល់ព្រមគ្រប់គ្រងលើតំបន់ Gaza របស់ PA នៅតែស្ថិតនៅជាសំណួរបើកចំហមួយនៅឡើយ។ ជម្រើសទី២៖ អ៉ីស្រាអែលអាចនឹងព្យាយាមបង្កើតទម្រង់រដ្ឋបាលគ្រប់គ្រងថ្មីដោយមាន «អន្តរការីប៉ាឡេស្ទីន» ផ្សេងមួយទៀត។ ប៉ុន្តែ «អន្តរការី» នេះអាចនឹងទទួលបានភាពស្របច្បាប់តិចតួចប៉ុណ្ណោះពីប្រជាជន Gaza ហើយជាពិសេស បន្ទាប់ពីអំពើហិង្សាផ្ទុះឡើងកាលពីចុងសប្ដាហ៍ កន្លងទៅនេះ អ៉ីស្រាអែលមិនអាចលើកបន្តុបអន្តរការីណាមួយឱ្យគ្រប់គ្រងរដ្ឋាភិបាលប៉ាឡេស្ទីនមួយដែលមើលទៅដូចជាអាយ៉ងនោះទេ។ ជម្រើសទី៣៖ គឺអ៉ីស្រាអែលអាចនឹង គ្រប់គ្រងតំបន់ Gaza ដោយផ្ទាល់តែម្ដង ដោយប្រគល់ការគ្រប់គ្រងទៅឱ្យទីភ្នាក់ងារ Coordinator of Government Activities in the Territories ឬហៅកាត់ថា COGAT នៅក្រោមចំណុះក្រសួងការពារជាតិអ៉ីស្រាអែល។ ក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលអ៉ីស្រាអែលដែលគាំទ្ររដ្ឋាភិបាលរបស់លោក Netanyahu បានជំរុញជាយូរមកហើយឱ្យ អ៉ីស្រាអែលគ្រប់គ្រងតំបន់ Gaza ឡើងវិញ ចាប់តាំងពីអ៉ីស្រាអែលដកប្រជាជន និងកងកម្លាំងរបស់ខ្លួនចេញពីតំបន់នេះកាលពីឆ្នាំ២០០៥។ ក៏ប៉ុន្តែ ការធ្វើបែបនេះនឹងបង្កទៅ ជាកំហឹងតវ៉ាពីសំណាក់ប្រជាជន Gaza អាចផ្ទុះទៅជាអំពើហិង្សាគ្រប់ពេលវេលា និងតម្រូវឱ្យអ៉ីស្រាអែលត្រូវដាក់ពង្រាយកងកម្លាំងសន្តិសុខរយៈពេលយូរដែលនេះអាចនឹង ប្រថុយបាតបង់ការគាំទ្រពីបណ្ដាប្រទេសលោកខាងលិច និងអារ៉ាប់មួយចំនួនចំពោះអ៉ីស្រាអែល។

* ធ្វើឱ្យកិច្ចចរចាផ្សះផ្សារជាមួយអារ៉ាប៊ីសាអូឌីត ជាប់គាំង

ការវាយលុករបស់អ៉ីស្រាអែលចូលក្នុងតំបន់ Gaza ត្រូវបានក្រុមអ្នកជំនាញភាគច្រើនជឿថាអាចនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការជួយឱ្យអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ភ្ជាប់ទំនាក់ទំនងជាប្រក្រតីនឹងគ្នាត្រូវជាប់គាំង ហើយក៏អាចនឹងបង្កទៅជាបាតុកម្មតវ៉ាប្រឆាំងនឹងអ៉ីស្រាអែលផងដែរ។ ដូចគ្នានេះដែរ បណ្ដាប្រទេសផ្សេងទៀត ដែលបានចុះកិច្ចព្រមព្រៀងសន្តិភាព Abraham Accords ដូចជាបារ៉ែន ម៉ារ៉ុក ស៊ូដង់ និងអេមីរ៉ាតអារ៉ារួម អាចនឹងកាត់ប​ន្ថយកិច្ចសហប្រតិបត្តិការជាសាធារណៈមួយចំនួន ជាមួយអ៉ីស្រាអែលផងដែរ ពីព្រោះតែប្រជាជនអារ៉ាប់ក្នុងតំបន់មជ្ឈិមបូព៌ាភាគច្រើនលើសលប់នៅតែគាំទ្រប្រជាជនប៉ាឡេស្ទីន។ ម្លោះហើយ ការវាយលុកចូលតំបន់ Gaza អាច នឹងបង្កជាបាតុកម្មតវ៉ាប្រឆាំងនឹងអ៉ីស្រាអែលនៅទូទាំងមជ្ឈិមបូព៌ា ហើយការតវ៉ាខ្លះនឹងមានលក្ខណៈហិង្សា ដូចដែលគេបានឃើញនៅលើសារព័ត៌មានកាលពីប៉ុន្មានថ្ងៃទី៨ ខែតុលានេះ ដោយភ្ញៀវទេសចរអ៉ីស្រាអែល ២នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអេហ្ស៉ីប។

ចុងក្រោយគេបំផុត គឺការវាយលុកចូលតំបន់ Gaza របស់អ៉ីស្រាអែល អាចនឹងបង្កឱ្យមានលំហូរជនភៀសខ្លួនចូលទៅកាន់ប្រទេសអេហ្ស៉ីប ដែលនឹងបង្កឱ្យមានវិបត្តិធំមួយអាចធ្វើ ឱ្យស្ថានភាពលំបាកនៃសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាហ្វ្រិកខាងជើងមួយនេះកាន់តែលំបាកខ្លាំងឡើង។ ការបិទខ្ទប់ទាំងស្រុង និងការវាយលុករបស់អ៉ីស្រាអែលអាចនឹងបង្ខំឱ្យ ប្រជាជន Gaza ព្យាយាមភៀសខ្លួនចូលទៅក្នុងប្រទេសអេហ្ស៉ីប តាមរយៈការឆ្លងកាត់ព្រំដែនរ៉ាហ្វាស់ (Rafah) ដែលជាច្រកព្រំដែនតែមួយគត់នៅតែបើកចំហភ្ជាប់ជាមួយ អេហ្ស៉ីប។ ខណៈកំពុងព្យាយាមសម្របសម្រួលរវាងអ៉ីស្រាអែល និងហាម៉ាស ដើម្បីទប់ស្កាត់កុំឱ្យជម្លោះរាលដាលកាន់តែធំ អេហ្ស៉ីបអាចនឹងត្រូវបង្ខំចិត្តទទួលយកជនភៀសខ្លួន ប៉ាឡេស្ទីនក្នុងចំនួនដ៏ច្រើន ហើយក៏ត្រូវនឹងចំណាយចាយវាយច្រើនលើពួកគេដែរ។ ម្យ៉ាងវិញទៀត ក្នុងករណីដែលអ៉ីស្រាអែលពិតជាគ្រប់គ្រងតំបន់ Gaza ឡើងវិញពិតមែន នោះជនភៀសខ្លួនប៉ាឡេស្ទីនដែលបានភៀសខ្លួនទៅកាន់អេហ្ស៉ីប ក៏ប្រហែលជាមិនអាច ឬក៏មិនចង់ត្រឡប់ទៅវិញនោះដែរ ដែលនេះនឹងដាក់បន្ទុកបន្ថែមលើអេហ្ស៉ីបត្រូវមើលថែ ជនភៀសខ្លួន ក្នុងរយៈពេលវែង៕
ប្រភព៖ Fresh News

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង