Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1092
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះ គឺជាថ្ងៃទី២០ ឧសភា គឺជាទិវាជាតិនៃការចងចាំ ដើម្បីរម្លឹកកុំឱ្យយើងភ្លេចរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ក្នុងទិវាដ៏មានអត្ថន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមដកស្រង់ប្រសាសន៍ក្រើនរម្លឹករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃយើងដែលជាការដាស់ស្មារតីកូនខ្មែរគ្រប់រូប កុំឱ្យភ្លេចអតីតកាលដ៏ខ្មៅងងឹត និងរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស៖

ទី១៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាពនិងនយោបាយឈ្នះឈ្នះនៅកម្ពុជា បានរម្លឹកឱ្យយើងដឹងថា៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាននូវរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (ចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរម្លឹក និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលពួកគេបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែកក្នុងការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅដ្ឋានដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជាត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានរម្លឹកយើងឱ្យចងចាំថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភាជា «ទិវាជាតិនៃការចងចាំ» ដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទិវានេះក៏ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឱ្យកើតមានឡើងសាជាថ្មី ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឱ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន។

ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ព្រះរាជាណាចក្រកម្ពុជាបានប្រែក្លាយជាប្រទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ។ ក្រោមដំបូលនៃសុខសន្តិភាព ប្រទេសកម្ពុជា ក៏បានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានតុលាការគំរូមួយសម្រាប់ពិភពលោក ដោយបានកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមប្រកបដោយជោគជ័យ ព្រមទាំងបានចារឹកជាស្លោកទុកក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបថា៖ «សន្តិភាពតាមរយៈយុត្តិធម៌ផ្សះផ្សាជាតិ និងយុត្តិធម៌ផ្សះផ្សាជាតិក្នុងគោលដៅសន្តិភាព»។

ឆ្លងតាមលទ្ធផលនៃការបញ្ចប់ដំណើរការតុលាការនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ ទទួលបានយុត្តិធម៌ កិត្តិយស ហើយសេចក្តីថ្លៃថ្នូរក៏ត្រូវបានស្តាឡើងវិញ ព្រមទាំងទទួលបាននូវការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គម ដោយទទួលស្គាល់គម្រោងសំណងចំនួន២៦ ក្នុងនោះក៏មានទិវាជាតិនៃការចងចាំមួយដែរ។

ជាមួយនឹងការរំឭកខួបលើកទី៩ ទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពគឺជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើន មានស្ថិរភាពនិងសន្តិសុខ។ សព្វថ្ងៃនេះ កម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍ។ សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូល ក្នុងការថែរក្សាសន្តិភាព ការផ្សះផ្សាជាតិ និងការលើកកម្ពស់ស្មារតីសាមគ្គីភាពជាតិ។

ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ អំពើហិង្សា និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាកាន់តែយល់ច្បាស់អំពីតម្លៃដ៏ថ្លៃថ្លានៃសន្តិភាព និងស្ថិរភាពសង្គម ហើយក៏ជាអ្វីដែលកម្ពុជាត្រូវចងចាំ និងយល់ដឹងឱ្យបានកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនិងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន។ ទាំងនេះគឺជាសារដ៏មានអត្ថន័យរបស់ថ្នាក់ដឹកនាំនៃយើងក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា៕

សូមអរគុណ!

អត្ថបទទាក់ទង