Grand News Asia Close

Cambodia PR Team ទាក់ទងនឹងវិធានការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 56 នាទីមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1009
Cambodia PR Team ទាក់ទងនឹងវិធានការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងវិធានការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងវិធានការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦



សំណួរទី១៖ តើរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់មធ្យោបាយអ្វីខ្លះ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុត។ ដើម្បីសម្រេចគោលដៅនេះ កម្ពុជាបាននិងកំពុងប្រើប្រាស់មធ្យោបាយចម្បងចំនួន៤ រួមមាន៖
– ទី១៖ សម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន
– ទី២៖ ជំរុញឱ្យភាគីថៃគោរព និងអនុវត្តសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងការចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះធ្វើការលើដីជាក់ស្តែង
– ទី៣៖ ធ្វើការតវ៉ាជាផ្លូវការ និងជាបន្តបន្ទាប់ចំពោះសកម្មភាពរបស់កងកម្លាំងថៃដែលកែប្រែស្ថានភាពជាក់ស្តែងនៅលើដី ដូចជាការជីកលេណដ្ឋាន និងការសាងសង់ផ្លូវ ឬសំណង់ផ្សេងៗ។
– ទី៤៖ បន្តធ្វើការងារការទូតយ៉ាងសកម្មតាមរយៈជំនួប និងវេទិកាអន្តរជាតិ ដើម្បីជម្រាបជូនសហគមន៍អន្តរជាតិអំពីស្ថានការណ៍ព្រំដែន និងគោលជំហរសន្តិភាពរបស់កម្ពុជា។

សំណួរទី២៖ តើការចុះសង្កេតការណ៍របស់ក្រុម AOT និងការជំរុញយន្តការ JBC មានសារៈសំខាន់យ៉ាងដូចម្តេច ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ?

ចម្លើយ៖ ក្រុម AOT និងយន្តការ JBC មានតួនាទីសំខាន់ខុសៗគ្នា ប៉ុន្តែបំពេញបន្ថែមឱ្យគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្រុម AOT មានតួនាទីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ដើម្បីជួយធានាការអនុវត្តវិធានការដែលបានឯកភាពក្នុងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាក់ស្តែង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារកម្ពុជាបានសម្របសម្រួលឱ្យក្រុម AOT-KH ចុះសង្កេតការណ៍នៅតំបន់ច្រកបឹងត្រកួន និងភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ។ ចំណែក យន្តការ JBC ជាយន្តការវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាបានផ្ញើកំណត់ទូតចំនួន១២លើកទៅភាគីថៃ ដើម្បីស្នើបើកកិច្ចប្រជុំពិសេស JBC និងបញ្ជូនក្រុមការងារវាស់វែងចម្រុះចុះធ្វើការជាក់ស្តែង។

សំណួរទី៣៖ តើការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យមានការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដូចដែលបានរៀបរាប់ពីខាងដើម បានទាក់ទាញអន្តរជាតិឱ្យចាប់អារម្មណ៍នឹងបញ្ហាព្រំដែនកម្ពុជា-ថៃ បែបណាខ្លះ?

ចម្លើយ៖ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត ការគោរពកិច្ចព្រមព្រៀងទ្វេភាគី និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ បានធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។ ជាក់ស្តែង តាមរយៈជំនួបជាមួយភ្ញៀវបរទេស និងវេទិកានានា ទាំងក្នុងក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិ ថ្នាក់ដឹកនាំកម្ពុជាតែងតែជម្រាបជូនសមភាគី និងដៃគូអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយសន្តិវិធី។ ជាមួយគ្នានេះ សហគមន៍អន្តរជាតិក៏បានជំរុញឱ្យមានការដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់រហ័ស តាមរយៈយន្តការ JBC ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹកកម្ពុជាប្រមាណ២ម៉ឺននាក់ អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះបញ្ហានេះ ក៏ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ការមិនប្រើប្រាស់កម្លាំងដើម្បីដណ្តើមការកាន់កាប់ទឹកដីប្រទេសដទៃ និងការធានាសិទ្ធិរបស់ប្រជាពលរដ្ឋភៀសសឹកក្នុងការវិលត្រឡប់ទៅផ្ទះសម្បែងវិញក្រោយជម្លោះប្រដាប់អាវុធ។

អត្ថបទទាក់ទង