Grand News Asia Close

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1084
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ
ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើថៃអាចយកបទឈប់បាញ់មកធ្វើជាមូលដ្ឋាន ដើម្បីបង្កើតសិទ្ធិថ្មីលើទឹកដី ឬទទួលស្គាល់ការគ្រប់គ្រងខុសច្បាប់ដោយយោធាលើតំបន់ដែលមានជម្លោះបានដែរឬទេ?

ចម្លើយ៖ មិនអាចទេ។ បទឈប់បាញ់ធ្វើឡើងក្នុងគោលបំណងផ្អាកការបាញ់គ្នាដោយអាវុធ តែមិនមែនជាការកំណត់ថា អ្នកណាឈរជើងនៅកន្លែងណា ព្រំដែននៅកន្លែងនោះទេ។ ហេតុដូច្នេះហើយបានជានៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដដែល (ត្រង់ចំណុច៣) មានចែងច្បាស់ថា កិច្ចព្រមព្រៀងនេះមិនប៉ះពាល់​ដល់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ ហើយ​ភាគីទាំងពីរក៏បានឯកភាពគ្នា​ប្រគល់ភារកិច្ចឱ្យគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីវាស់វែងព្រំដែនបន្ត។ នេះជាចំណុចសំខាន់ដែលត្រូវអនុវត្ត។ ដូច្នេះ ថៃមិនអាចយកតែចំណុចមួយមកធ្វើជាមូលដ្ឋាន ដើម្បីបង្កើតសិទ្ធិថ្មីលើទឹកដី ឬធ្វើឱ្យការកាន់កាប់ដោយខុសច្បាប់ក្លាយជាស្របច្បាប់ដោយមិនមើលចំណុចផ្សេងទៀតបានឡើយ។ បញ្ហាអធិបតេយ្យនិងព្រំដែន ត្រូវដោះស្រាយតាមសន្ធិសញ្ញា កិច្ចព្រមព្រៀង ច្បាប់អន្តរជាតិ និងយន្តការដោះស្រាយដោយសន្តិវិធី។

សំណួរទី ២៖ តើកម្ពុជាពិតជាមានបំណងធ្វើឱ្យជម្លោះព្រំដែនកម្ពុជា-ថៃ ក្លាយជាជម្លោះអន្តរជាតិ ដូចដែលថៃចោទប្រកាន់មែនដែរឬទេ?

ចម្លើយ៖ មិនមែនទេ។ កម្ពុជាមិនមានបំណងធ្វើឱ្យជម្លោះទ្វេភាគីក្លាយជាបញ្ហាអន្តរជាតិឡើយ។ ការប្រើប្រាស់យន្តការតំបន់ និងអន្តរជាតិប្រកបដោយការទទួលខុសត្រូវ គឺជាមធ្យោបាយដើម្បីជួយកាត់បន្ថយភាពតានតឹង បង្កើនភាពច្បាស់លាស់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់។
ដូច្នេះ ប្រសិនបើថៃមិនចង់ឱ្យមានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ការដោះស្រាយគួរចាប់ផ្តើមពីការស្តារការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា និងដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីតាមយន្តការដែលមានស្រាប់ ជាពិសេសការអនុវត្តចំណុចទី៣​នៃសេចក្តីប្រកាសរួមចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ឱ្យបានឆាប់បំផុត ដូចដែលភាគីកម្ពុជាបានស្នើជាញឹកញាប់។

សំណួរទី៣៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេច ចំពោះការអះអាងរបស់ភាគីថៃដែលថា កម្ពុជាជាអ្នកបាញ់មុន និងថាសកម្មភាពរបស់ថៃស្ថិតក្នុងក្របខ័ណ្ឌសិទ្ធិស្វ័យការពារ?

ចម្លើយ៖ នេះគឺជាការអះអាងជាឯកតោភាគីរបស់ភាគីថៃតែប៉ុណ្ណោះ តែវាមិនមែនជាការពិតទេ ហើយក៏មិនសមទំនងនោះដែរ។ ដោយគ្រាន់តែពិនិត្យសាវតារឿងតែបន្តិច គេអាចយល់បានហើយថា តើអ្នកណាបង្កហេតុមុន។ កម្ពុជាជាប្រទេសតូច និងជាប្រទេសរងគ្រោះដោយការរំលោភបំពានដែលគ្រប់គ្នាបានឃើញយ៉ាងច្បាស់ដោយមិនអាចកាឡៃបានឡើយ។ ក្នុងនាមជាប្រទេសរងគ្រោះ កម្ពុជាតែងតែបើកចំហចំពោះការចូលរួមសង្កេតការណ៍ដើម្បីស្វែងរកការពិត តែភាគីថៃទេដែលតែងតែមិនសហការណ៍ ហើយ​តែងតែចោទកម្ពុជាទាំងបំពាន។ ការកំណត់ថា ភាគីណាជាអ្នកចាប់ផ្តើមប្រើកម្លាំងមុន និងថាសកម្មភាពណាមួយស្ថិតក្នុងក្របខ័ណ្ឌសិទ្ធិស្វ័យការពារឬអត់ គួរតែផ្អែកលើអង្គហេតុ និងភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន មិនមែនផ្អែកលើការអះអាងរបស់ភាគីណាមួយតែម្ខាងនោះទេ។

សំណួរទី៤៖ តើកម្ពុជាយល់យ៉ាងដូចម្តេច ចំពោះការយកហេតុផលសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរបស់ថៃ មកភ្ជាប់ជាមួយសកម្មភាពយោធា និងការផ្លាស់ប្តូរស្ថានភាពនៅតាមព្រំដែន?

ចម្លើយ៖ កម្ពុជាយល់ថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគឺជារឿងចាំបាច់ និងត្រូវការកិច្ចសហការគ្នារវាងប្រទេសនិងប្រទេស។ គេមិនអាចយកហេតុផលនៃការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មឆ្លងដែន មកធ្វើជាមូលហេតុសម្រាប់ប្រើប្រាស់កម្លាំង ឬរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋមួយទៀតបានឡើយ។ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខត្រូវគោរពច្បាប់អន្តរជាតិ និងមិនគួរនាំទៅរកការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងដើម្បីកាន់កាប់ទឹកដីរបស់ប្រទេសមួយទៀតឡើយ៕

អត្ថបទទាក់ទង