កម្ពុជាបដិសេធការចោទប្រកាន់ថាប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា
ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកបានខូចខាតក្នុងជម្លោះព្រំដែនកម្ពុជាថៃកាលពីឆ្នាំមុន។ ខ្មែរថាមស៍៖ ខឹម សុវណ្ណារ៉ា
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីថ្ងៃទី១៥ ខែកញ្ញា បានបដិសេធការចោទប្រកាន់របស់ថៃ ដែលអះអាងថា កម្ពុជាបានប្រើប្រាស់ប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌវប្បធម៌ជាមូលដ្ឋានយោធា ដោយចាត់ទុកការលើកឡើងនេះថា ជាការអះអាងគ្មានមូលដ្ឋាន និងអាចបង្កការយល់ច្រឡំដល់សាធារណជន។
ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងបានបដិសេធជាថ្មីចំពោះការលើកឡើងរបស់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) និងលោក Phanombut Chantharachote អគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណជាមូលដ្ឋានយោធា។
ក្រសួងបានចាត់ទុកការលើកឡើងទាំងនេះថា ជាការបំភ្លៃព័ត៌មាន និងបានអះអាងថា វាអាចជាការប៉ុនប៉ងបង្វែរការយកចិត្តទុកដាក់ពីការខូចខាតប្រាសាទ និងទីតាំងបេតិកភណ្ឌវប្បធម៌ដែលកម្ពុជាអះអាងថា បណ្តាលមកពីសកម្មភាពយោធារបស់ថៃ។
ក្រសួងបានបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥៤ និងពិធីសារទាំងពីររបស់អនុសញ្ញានេះ ព្រមទាំងអនុសញ្ញាឆ្នាំ១៩៧២ របស់អង្គការយូណេស្កូ កម្ពុជាប្រកាន់ជំហរទទួលខុសត្រូវខ្ពស់ចំពោះការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌។
តាមក្រសួង ទីតាំងបេតិកភណ្ឌនៅទូទាំងប្រទេសបានផ្តល់អាទិភាពសម្រាប់ការអភិរក្ស ការលើកតម្លៃ ការស្រាវជ្រាវ ការអប់រំ សកម្មភាពសាសនា ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងក៏បានបញ្ជាក់ជំហរថា មិនមានទីតាំងបេតិកភណ្ឌវប្បធម៌ណាមួយរបស់កម្ពុជាត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធាឡើយ។
ជាមួយគ្នានេះ ក្រសួងបានលើកឡើងពីការខូចខាតទីតាំងបេតិកភណ្ឌមួយចំនួន ដែលខ្លួនអះអាងថា បណ្ដាលមកពីសកម្មភាពយោធារបស់ថៃ ដោយរួមមានប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព និងតំបន់បុរាណវិទ្យាមួយចំនួនផ្សេងទៀត ដែលស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួងក៏បានអះអាងថា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ ត្រូវអាជ្ញាធរពាក់ព័ន្ធរបស់ថៃកាន់កាប់ដោយខុសច្បាប់ ហើយបានចោទថា មានសកម្មភាពឯកតោភាគីមួយចំនួន រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញអគ្គិសនី ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងសាសនា ព្រមទាំងគម្រោងជួសជុល ដោយគ្មានការអនុញ្ញាតពីកម្ពុជា។
តាមសេចក្តីថ្លែងការណ៍ ក្រសួងក៏បានអះអាងថា វត្ថុបុរាណមួយចំនួនត្រូវបានអាជ្ញាធរថៃយកចេញពីប្រាសាទខ្នាររបស់កម្ពុជា ហើយបានទាមទារឱ្យមានការប្រគល់វត្ថុបុរាណទាំងនោះត្រឡប់មកកម្ពុជាវិញ។
ចំពោះប្រាសាទព្រះវិហារ ក្រសួងបានអះអាងថា ប្រាសាទនេះបានរងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ ក្នុងកំលុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ក្រសួងបានបញ្ជាក់ថា មានទីតាំងចំនួន ៥៦២ កន្លែងត្រូវបានបំផ្លាញដោយអាវុធធុនធ្ងន់ ហើយថ្មប្រាសាទជាង ៧ម៉ឺនបំណែកបានខ្ទេចខ្ទី។
ក្រសួងបាននិយាយថា ការវាយប្រហារដែលខ្លួនចាត់ទុកថាមិនរើសគោលដៅ បានបំផ្លាញលទ្ធផលនៃការងារស្តារ និងអភិរក្សប្រាសាទព្រះវិហាររបស់ស្ថាប័នជាតិ និងអន្តរជាតិ ដែលបានប្រឹងប្រែងអស់រយៈពេលជាង១០ឆ្នាំ ព្រមទាំងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងបណ្តាលឱ្យប្រជាជនជាង១៦.០០០នាក់ ត្រូវជម្លៀសចេញពីតំបន់បេតិកភណ្ឌ។
ក្រសួងបានបញ្ជាក់ថា ការខូចខាតប្រាសាទព្រះវិហារត្រូវបានពិនិត្យ វាយតម្លៃ និងចងក្រងជាឯកសារ ហើយអះអាងថា ក៏ត្រូវបានផ្ទៀងផ្ទាត់តាមរយៈរបាយការណ៍របស់អ្នកជំនាញជាតិ និងអន្តរជាតិផងដែរ។
ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ត្រូវក្រសួងពិពណ៌នាថា ជាទីសក្ការៈរបស់ប្រជាជនខ្មែរ និងជាទីតាំងសម្រាប់ការអភិរក្ស ការសិក្សាស្រាវជ្រាវបុរាណវិទ្យា ការអប់រំ ការគោរពបូជាតាមប្រពៃណីសាសនា និងទេសចរណ៍ជាតិ និងអន្តរជាតិ។
ក្រសួងបានអះអាងថា ប្រាសាទនេះក៏ធ្លាប់ទទួលស្វាគមន៍ភ្ញៀវទេសចរជនជាតិថៃ ហើយអ្នកទេសចរទាំងនោះអាចមើលឃើញដោយផ្ទាល់ថា ប្រាសាទព្រះវិហារមិនមែនជាទីតាំងយោធានោះទេ។
ជាផ្នែកមួយនៃការឆ្លើយតប កម្ពុជាបានទាមទារភាគីថៃបញ្ឈប់ការគ្រប់គ្រង និងចាត់ចែងទីតាំងបេតិកភណ្ឌរបស់កម្ពុជាដោយខុសច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងទាមទារឱ្យដកកម្លាំងយោធាចេញពីតំបន់បេតិកភណ្ឌ ជាពិសេសពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ។
កម្ពុជាក៏បានទាមទារភាគីថៃប្រគល់វត្ថុបុរាណដែលត្រូវបានអះអាងថា យកចេញពីប្រាសាទខ្នារ ត្រឡប់មកកម្ពុជាវិញ ព្រមទាំងគោរពច្បាប់ សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ។
ក្រសួងបានអំពាវនាវបញ្ឈប់ការប្រើប្រាស់កម្លាំង និងសកម្មភាពដែលខ្លួនចាត់ទុកថាជាការបង្កើតស្ថានភាពជាក់ស្តែងលើដី (Fait accompli) ដើម្បីកាន់កាប់ដែនដីជាអចិន្ត្រៃយ៍ ហើយបានស្នើឱ្យបញ្ហាត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC)។
នៅចុងបញ្ចប់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ជាថ្មីថា ទីតាំងបេតិកភណ្ឌរបស់កម្ពុជាមិនត្រូវបានប្រើប្រាស់ជាមូលដ្ឋាន ឬជាទីតាំងយោធាឡើយ ហើយកម្ពុជានឹងបន្តផ្តល់អាទិភាពដល់ការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ ដើម្បីបន្តកេរតំណែលទៅកាន់ជំនាន់ក្រោយ និងជាប្រយោជន៍ដល់មនុស្សជាតិ។
ក្រសួងក៏បានថ្កោលទោសចំពោះការបាញ់បំផ្លាញ និងសកម្មភាពនានាដែលខ្លួនអះអាងថា បានបង្កការខូចខាតដល់ប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ដោយចាត់ទុកថា សកម្មភាពទាំងនេះប៉ះពាល់ដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ៕
-Khmer Times-





