តើវិមានរំឭកវិញ្ញាណក្ខន្ធកងទ័ពនិងនគរបាលពលី គួរសាងសង់នៅកន្លែងណា និងមានរូបរាងដូចម្ដេច?
A memorial is planned for the men and women who lost their lives during last year’s border clashes. Supplied
#ព័ត៌មានជាតិ
អ្នកជំនាញផ្ដល់គំនិតសាងសង់ស្តូបរំឭកដល់វីរកងទ័ពដែលពលីនៅឆ្នាំ២០២៥ នៅអតីតព្រលានយន្តហោះពោធិ៍ចិនតុង ខណៈដែលរដ្ឋាភិបាលកំពុងពិចារណាលើទីតាំង និងដំណើរការសាងសង់វិមានចងចាំដល់វីរកងទ័ពនិងនគរបាលជាតិការពារព្រំដែន ដែលបាត់បង់ជីវិតក្នុងបុព្វហេតុការពារទឹកដីកាលពីឆ្នាំមុន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី១៥ ឧសភាថា លោកបានឲ្យរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា និងលោក ណឹម សុវត្តិ អគ្គនាយកនយោបាយនិងកិច្ចការបរទេសនៃក្រសួងការពារជាតិ ពិភាក្សាលើទីតាំងសម្រាប់ការសាងសង់ស្តូបរំឭកដល់វិញ្ញាណក្ខន្ធកងទ័ព និង នគរបាលការពារព្រំដែន ដែលពលីការពារព្រំដែន។
លោកថ្លែងថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ថៃ នឹងត្រូវចារនៅឯវិមានឈ្នះ-ឈ្នះ ប៉ុន្តែស្ដូបសម្រាប់រំឭកវិញ្ញាណក្ខន្ធ នឹងត្រូវសាងសង់ដាច់ដោយឡែក ដើម្បីជាការរំឭកដល់កូនចៅជំនាន់ក្រោយជាប្រចាំ។
លោក ឆាំង យុ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានធ្វើកិច្ចការជាច្រើនលើការចងចាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធកងទ័ពនេះ គួរតែធ្វើនៅទីតាំងព្រលានយន្តហោះចាស់ គឺព្រលានយន្តហោះពោធិ៍ចិនតុង។ លោកថា ទីតាំងនេះ មិនត្រឹមតែនៅជិតក្រុងប៉ុណ្ណោះទេ វាក៏ស្ថិតនៅលើទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលមិនអាចខ្វះបានសម្រាប់ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍជាតិ និងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកថ្លែងដូច្នេះថា៖ «អាកាសយានដ្ឋាននេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងនៃវាលយន្តហោះដែលធ្លាប់ប្រើប្រាស់ដោយកងទ័ពជប៉ុន ក្នុងអំឡុងនៃការកាន់កាប់របស់ពួកគេលើកម្ពុជា នាសម័យសង្គ្រាមលោកលើកទីពីរ ហើយវាក៏ធ្លាប់ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលដ៏សំខាន់មួយរបស់ព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ជាពិសេសបន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៣»។

លោកបន្តថា៖ «ទីតាំងនេះគឺជាទីតាំងសម្គាល់ដ៏សំខាន់ខាងប្រវត្តិសាស្ត្រ វប្បធម៌ និងនយោបាយ ហើយគ្មានកន្លែងណាដែលស័ក្តិសមសម្រាប់សាងសង់វិមានអនុស្សាវរីយ៍ប្រភេទនេះ ជាងទីតាំងនេះឡើយ»។
ពាក់ព័ន្ធនឹងរចនាបថវិញ លោក ឆាំង យុ ថ្លែងថា វាចាំបាច់ត្រូវឆ្លុះបញ្ចាំងយ៉ាងហោចណាស់នូវធាតុផ្សំ ឬប្រធានបទសំខាន់ៗចំនួនបី។ ទីមួយ សំណង់ត្រូវតែជានិមិត្តរូប ឬ ផ្សារភ្ជាប់ទៅនឹងធាតុផ្សំ ឬរចនាសម្ព័ន្ធនៃប្រាសាទព្រះវិហារ ដែលជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងជានិមិត្តរូបនៃការតស៊ូជាប្រវត្តិសាស្ត្ររបស់កម្ពុជាប្រឆាំងនឹងប្រទេសថៃ។
ទីពីរ លោកថា ទីតាំងនេះត្រូវតែបង្ហាញពីការលះបង់របស់កងកម្លាំងប្រដាប់អាវុធ នគរបាល មន្ត្រីរាជការ និងក្រុមគ្រួសាររបស់ពួកគេ ដែលបានបូជាជីវិតដើម្បីការពារជាតិ និងការរក្សាសន្តិភាព។
ធាតុផ្សំទី៣ លោកថា ទីតាំងនេះមិនត្រឹមតែមានការចងចាំ និងការគោរពចំពោះអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែជំរុញឱ្យមានកិច្ចសន្ទនាអំពីអនាគត និងអ្វីដែលចាំបាច់ដើម្បីស្វែងរកសន្តិភាពយូរអង្វែងផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា លោកពិតជាគាំទ្រគំនិតនៃការបង្កើតស្តូបឬវិមានរំឭកវិញ្ញាណក្ខន្ធសម្រាប់កងទ័ពពលី ពីព្រោះស្តូបនេះគឺជាការដាស់តឿនក្រើនរំឭកឲ្យខ្មែរចងចាំនិងដឹងគុណដល់វីរភាពរបស់ពួកគេ ដាស់តឿនកូនខ្មែរមិនត្រូវភ្លេចខ្លួន ហើយត្រូវត្រៀមខ្លួនជានិច្ចកុំឲ្យដើរជាន់ដានប្រវត្តិសាស្ត្រតទៅទៀត។
លោកថា វាមិនត្រឹមតែជាស្ដូបទេ ប៉ុន្តែជាសារមន្ទីរសង្គ្រាមតែម្ដង ដែលមានដាក់តាំងរូបភាពវីរកងទ័ព វីរនគរបាល ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា មរតកដូនតា និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «ក្រៅពីនេះ យើងត្រូវប្រមែប្រមូលសំណល់សព្វាវុធរបស់ខ្មាំងសត្រូវដែលបានប្រើប្រាស់នៅក្នុងសង្គ្រាមឈ្លានពាន បូករួមមានទាំងរថយន្ត រថក្រោះដែលប្រមូលបាន។ បន្ថែមពីលើនេះ យើងត្រូវប្រមែប្រមូលរូបថត វីដេអូ បទសម្ភាសន៍ ឬ បំណែកផ្សេងៗ ដូចជាមន្ទីរពេទ្យ ផ្ទះសម្បែង វត្តអារាម រូបភាពសោកនាដកម្ម រូបភាពទីតាំងទម្លាក់គ្រាប់បែកជាដើម»។
បន្ថែមពីលើនេះ ត្រូវមានការចងក្រងឯកសារច្បាស់លាស់អំពីការរំលោភបំពាន និងត្រូវមានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍សម្រាប់ណែនាំដល់អ្នកដែលទៅទស្សនាសារមន្ទីរនេះ។
ចំពោះរចនាបថ លោក គិន ភា ថ្លែងថា វាត្រូវតែបង្ហាញពីអត្តសញ្ញាណនៃសិល្បៈវប្បធម៌ខ្មែរ ដែលមានខ្លឹមសារដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរទាំងមូលឲ្យចងចាំ និងរៀបចំខ្លួនកុំឲ្យដើរជាន់ដានប្រវត្តិសាស្ត្រ៕
-Phnom Penh Post-
រូបភាព:
1- រូបភាពតំណាងឲ្យកងទ័ពកម្ពុជាដែលបានពលីជីវិតនៅក្នុងសង្គ្រាមការពារព្រំដែន ឆ្នាំ២០២៥។ សហការី
2- មជ្ឈមណ្ឌលឯកសារកម្ពុជា ស្នើរចនាបថនេះឡើង ហើយគួរសាងសង់នៅព្រលានយន្តហោះពោធិ៍ចិនតុង។ មជ្ឈមណ្ឌលឯកសារកម្ពុជា





