Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជា ក្នុងករណីដែលថៃពិតជា សម្រេចចិត្តលុបចោល MOU ឆ្នាំ២០០១ ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1010
ទាក់ទងនឹងជំហររបស់កម្ពុជា ក្នុងករណីដែលថៃពិតជា សម្រេចចិត្តលុបចោល MOU ឆ្នាំ២០០១ ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៦ ទាក់ទងនឹងជំហររបស់កម្ពុជា ក្នុងករណីដែលថៃពិតជា សម្រេចចិត្តលុបចោល MOU ឆ្នាំ២០០១ ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជា ក្នុងករណីដែលថៃពិតជា សម្រេចចិត្តលុបចោល MOU ឆ្នាំ២០០១
ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៦


សំណួរទី ១៖ តើកម្ពុជាយល់យ៉ាងដូចម្តេច ចំពោះគោលបំណងរបស់ថៃក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១ ជាឯកតោភាគី?

ចម្លើយ៖ កម្ពុជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះបំណងដែលថៃចង់ដកខ្លួនចេញពី MOU ឆ្នាំ២០០១ ព្រោះអនុស្សរណៈនេះគឺជាក្របខណ្ឌទ្វេភាគីដ៏សំខាន់ ដែលប្រទេសទាំងពីរបានប្រើប្រាស់អស់រយៈពេលជាង២៥ឆ្នាំ ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នាដោយសន្តិវិធី។ ការដកខ្លួនដោយឯកតោភាគីបែបនេះមានន័យស្មើនឹងការបោះបង់ចោលយន្តការដែលបានកសាងឡើងដោយសុឆន្ទៈ និងទំនុកចិត្តទៅវិញទៅមក ហើយវាក៏អាចប៉ះពាល់ដល់ស្មារតីសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀតផង។ ទោះជាយ៉ាងណា កម្ពុជានៅតែប្រកាន់ជំហរច្បាស់លាស់ក្នុងការគោរពខ្លឹមសារ និងស្មារតីនៃ MOU ឆ្នាំ២០០១ និងជឿជាក់លើការដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ។

សំណួរទី ២៖ ប្រសិនបើថៃសម្រេចដកខ្លួនចេញពី MOU ឆ្នាំ២០០១ តើកម្ពុជានឹងធ្វើដូចម្តេចដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន?

ចម្លើយ៖ ក្នុងករណីដែលថៃសម្រេចចិត្តដកខ្លួនចេញពី MOU ឆ្នាំ២០០១ កម្ពុជានឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន តាមរយៈច្បាប់អន្តរជាតិ និងយន្តការដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ(Compulsory Conciliation) ដែលត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតីសមុទ្រ ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ជំហរនេះបង្ហាញថា កម្ពុជាមានភាពអត់ធ្មត់ ទំនួលខុសត្រូវ និងបន្តផ្តល់អាទិភាពដល់សន្តិភាព ស្ថិរភាព និងផលប្រយោជន៍រួមរយៈពេលវែងរបស់ប្រជាជននៃប្រទេសទាំងពីរ។

សំណួរទី ៣៖ តើជំហររបស់កម្ពុជាចំពោះច្បាប់អន្តរជាតិមានន័យយ៉ាងដូចម្តេច ចំពោះសហគមន៍អន្តរជាតិ?

ចម្លើយ៖ ការបន្តប្រកាន់ខ្ជាប់ របស់កម្ពុជាចំពោះច្បាប់អន្តរជាតិបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញថា កម្ពុជាជារដ្ឋដែលមានទំនួលខុសត្រូវ និងគោរពគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធីដោយផ្អែកលើច្បាប់។ តាមពិត ការការពារតម្លៃ MOU ឆ្នាំ២០០១ ឆ្លុះបញ្ចាំងពីសុឆន្ទៈរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែនសមុទ្រដោយមិនប្រើវិធានការបង្ខិតបង្ខំ ឬសកម្មភាពឯកតោភាគី។ ជំហរនេះមិនត្រឹមតែការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពជឿជាក់របស់អន្តរជាតិចំពោះកម្ពុជា និងបង្ហាញថាកម្ពុជាតែងតែផ្តល់អាទិភាពដល់សន្តិភាព ស្ថិរភាព និងការសហប្រតិបត្តិការដែលមានចីរភាព។ ប៉ុន្តែ ក្នុងករណីដែលថៃសម្រេចដកខ្លួនជាឯកតោភាគី កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ(Compulsory Conciliation) ដែលត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតីសមុទ្រនោះឡើយ ពោលគឺកម្ពុជានៅតែឈរលើគោលការណ៍ច្បាប់អន្តរជាតិដដែល៕

អត្ថបទទាក់ទង