ថៃមិនអាចយកបញ្ហាព្រំដែនគោក មករារាំងដំណោះស្រាយព្រំដែនសមុទ្រឡើយ
ការដែលថៃព្យាយាមយកបញ្ហាព្រំដែនគោកមកចងភ្ជាប់នឹងដំណើរការដោះស្រាយវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ គឺជាជំហរដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នារបស់ខ្លួន។ បើថៃពិតជាចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ហេតុអ្វីត្រូវយកបញ្ហាមួយមកធ្វើជាឧបសគ្គរារាំងបញ្ហាមួយទៀត? នៅពេលវិវាទទាំងពីរមានក្របខ័ណ្ឌច្បាប់ និងយន្តការដោះស្រាយដាច់ដោយឡែកពីគ្នា ការភ្ជាប់ចំណងបញ្ហាទាំងនេះមិនមែនជាការស្វែងរកដំណោះស្រាយទេ ប៉ុន្តែជាចេតនានៃការបង្កើតឧបសគ្គ និងធ្វើឱ្យបាត់បង់ទំនុកចិត្តរវាងប្រទេសទាំងពីរកាន់តែខ្លាំង។
ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការផ្សះផ្សាវិវាទព្រំដែនសមុទ្រ នៅទីក្រុងឡាអេ ប្រទេសហូឡង់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជាភ្នាក់ងារតំណាងកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រ គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា ដែលមានក្របខ័ណ្ឌច្បាប់ និងយន្តការបច្ចេកទេសផ្សេងៗគ្នា ហើយបានដំណើរការដាច់ដោយឡែកពីគ្នាអស់រយៈពេល ២៥ ឆ្នាំមកហើយ។ នេះមិនមែនជាការបកស្រាយថ្មីដែលកម្ពុជាបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍នយោបាយនោះទេ ប៉ុន្តែជាការរំលឹកពីរបៀបដែលបញ្ហាទាំងពីរត្រូវបានដោះស្រាយតាំងពីដើមមក។
ដូច្នេះប្រសិនបើ ថៃចាត់ទុកថា បញ្ហាព្រំដែនគោកកំពុងជួបការលំបាក ឬយន្តការណាមួយមិនដំណើរការ នោះថៃគួរតែបង្ហាញហេតុផលតាមក្របខ័ណ្ឌដែលពាក់ព័ន្ធ ហើយបន្តស្វែងរកដំណោះស្រាយចំពោះបញ្ហានោះដោយឡែកវិញ។ ការយកបញ្ហាគោកមកភ្ជាប់ជាមួយសមុទ្រ ដើម្បីធ្វើឱ្យដំណើរការមួយជាប់គាំងដោយសារបញ្ហាមួយទៀត គឺជាវិធីសាស្ត្រដែលមិនអាចបង្កើតទំនុកចិត្តគ្នាបានឡើយ។ ប្រសិនបើគ្រប់បញ្ហាទាំងអស់ត្រូវបានចងភ្ជាប់គ្នាតាមឆន្ទៈនយោបាយរបស់ភាគីណាមួយ នោះកិច្ចព្រមព្រៀង និងយន្តការច្បាប់នឹងបាត់បង់តម្លៃជាក់ជាមិនខាន ហើយការដោះស្រាយជម្លោះនឹងក្លាយជាចំណាប់ខ្មាំងនៃការប្រឈមមុខគ្នាដោយគ្មានទីបញ្ចប់ឡើយ។
ចំណុចដែលធ្វើឱ្យជំហររបស់ថៃកាន់តែមានភាពមិនច្បាស់លាស់នោះ គឺការសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលមានស្រាប់ សម្រាប់ដោះស្រាយវិវាទព្រំដែនសមុទ្រ ហើយបន្ទាប់មកបែរជាភ្ជាប់បញ្ហាដែលនៅសេសសល់នៅព្រំដែនគោកមកជាឧបសគ្គដល់ដំណើរការសមុទ្រទៅវិញ។ ត្រង់ចំណុចនេះ ភាគីថៃត្រូវតែឆ្លើយឱ្យច្បាស់ថា ប្រសិនបើខ្លួនមិនចង់បន្តប្រើយន្តការដែលមានស្រាប់ ហើយក៏មិនចង់ឱ្យដំណើរការផ្សះផ្សាជាអន្តរជាតិនេះបន្តទៅមុខ តើថៃចង់ឱ្យវិវាទនេះចេញតាមច្រកណាបាន?
កម្ពុជាបានជ្រើសរើសយកយន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) ដើម្បីបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី បន្ទាប់ពីយន្តការទ្វេភាគីត្រូវរងផលប៉ះពាល់ដោយការសម្រេចចិត្តលប់ចោលជាឯកតោភាគីរបស់ថៃ។ នេះបង្ហាញថា កម្ពុជាមិនបានបិទទ្វារចរចា ឬបោះបង់ការស្វែងរកដំណោះស្រាយនោះទេ។ ផ្ទុយទៅវិញ កម្ពុជាកំពុងព្យាយាមរក្សាវិវាទឱ្យស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីឱ្យភាគីទាំងពីរមានឱកាសបង្ហាញទឡ្ហីករណ៍ និងស្វែងរកដំណោះស្រាយដោយមិនចាំបាច់ប្រើកម្លាំង ឬការដាក់សម្ពាធគ្នាទៅវិញទៅមក។
បើថៃអះអាងថាខ្លួនគោរពច្បាប់ និងចង់បានសន្តិភាព នោះការគោរពយន្តការដោះស្រាយវិវាទ និងការមិនយកបញ្ហាមួយទៅចងភ្ជាប់ជាមួយបញ្ហាមួយទៀត គួរតែជាភស្តុតាងជាក់ស្តែងនៃការអះអាងនោះ។ ការនិយាយពីសន្តិភាពដោយមិនព្រមទុកឱកាសឱ្យយន្តការដោះស្រាយបញ្ហាដំណើរការទៅមុខ គឺជាភាពផ្ទុយគ្នាស្រឡះដែលមិនអាចទទួលយកបាន។
ជាការពិតណាស់បញ្ហាព្រំដែនគោក និងសមុទ្រអាចមានឥទ្ធិពលលើបរិយាកាសទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាពតានតឹងនៅលើគោកអាចធ្វើឱ្យការចរចានៅសមុទ្រកាន់តែពិបាក ប៉ុន្តែការទទួលស្គាល់ការពិតនេះ មិនមានន័យថាត្រូវយកបញ្ហាទាំងពីរមកចងជាប់គ្នានោះទេ។ ផ្ទុយទៅវិញ វាជាហេតុផលឱ្យថៃត្រូវកាត់បន្ថយភាពតានតឹង និងគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេសបទឈប់បាញ់ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបង្កើតឱកាសអំណោយផលសម្រាប់ការដោះស្រាយវិវាទទាំងមូលបាន។
ការដែលគណៈកម្មាធិការផ្សះផ្សាបានទទួលយកសំណើរបស់កម្ពុជាបញ្ចូលចំណុចពាក់ព័ន្ធទៅក្នុងកញ្ចប់វិធានការកសាងទំនុកចិត្តនោះ គឺជាចំណុចដែលកម្ពុជាអាចបន្តប្រើប្រាស់ក្នុងការការពារជំហររបស់ខ្លួនលើឆាកអន្តរជាតិបានហើយ។ ប៉ុន្តែការងារមិនទាន់ចប់ត្រឹមចំនុចនេះទេ កម្ពុជានឹងបន្តប្រកាន់ជំហរយ៉ាងច្បាស់លាស់ រៀបចំភស្តុតាងឱ្យបានរឹងមាំ និងបង្ហាញឱ្យសហគមន៍អន្តរជាតិយល់កាន់តែច្បាស់ថា កម្ពុជាកំពុងព្យាយាមស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ មិនមែនស្វែងរកការប្រឈមមុខដាក់គ្នានោះឡើយ។
ជាចុងក្រោយ ថៃត្រូវយល់ថា ការសម្រេចចិត្តណាមួយជាឯកតោភាគីមិនអាចមានន័យថា ខ្លួនមានសិទ្ធិជាអ្នកកំណត់ថាតើវិវាទនោះត្រូវបន្ត ឬត្រូវជាប់គាំងតាមចិត្តដែលខ្លួនចង់បាននោះទេ។ ការខ្វែងគំនិតគ្នានេះក៏មិនមែនជាលេសសម្រាប់បិទផ្លូវដោះស្រាយបញ្ហា ហើយភាពតានតឹងនៅព្រំដែនគោកក៏មិនត្រូវប្រើជាឧបករណ៍រារាំងដំណើរការព្រំដែនសមុទ្រដែរ។ ប្រសិនបើថៃពិតជាចង់ឱ្យមានសន្តិភាពយូរអង្វែង ត្រូវចាប់ផ្តើមពីការគោរពកិច្ចព្រមព្រៀង ការគោរពយន្តការច្បាប់ និងបញ្ឈប់ការភ្ជាប់បញ្ហាដែលមានក្របខ័ណ្ឌដាច់ដោយឡែកមកធ្វើជាឧបសគ្គក្នុងដំណើរការដោះស្រាយបញ្ហានេះ។
សម្រាប់កម្ពុជា អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ជាតិ គឺជារឿងដែលមិនអាចចរចាដោះដូរបានឡើយ។ កម្ពុជាបន្តការពារជំហររបស់ខ្លួនដោយភាពម៉ឺងម៉ាត់ ប្រើការទូតប្រកបដោយយុទ្ធសាស្ត្រ និងគោរពច្បាប់អន្តរជាតិ។ ការរក្សាសន្តិវិធីមិនមែនជាភាពទន់ខ្សោយទេ ប៉ុន្តែជាការបង្ហាញថា កម្ពុជាការពារសិទ្ធិរបស់ជាតិដោយមានមូលដ្ឋានច្បាប់ និងភស្តុតាងច្បាស់លាស់។ ចំណែកឯការគោរពកិច្ចព្រមព្រៀង និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរបស់ភាគីនីមួយៗ នឹងបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញពីការប្តេជ្ញាចិត្តពិតប្រាកដរបស់ខ្លួន៕
ដោយ៖ ពិន វិជ័យ





