ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តធ្វើបច្ចុប្បន្នភាពអំពីព្រឹត្តិការណ៍ការទូតសំខាន់ៗពីរាជរដ្ឋាភិបាល និងវិធានការអន្តរាគមន៍លើតម្លៃប្រេងឥន្ធនៈ ដូចតទៅ៖
ទី១. ភ្លាមៗបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារនៅប្រទេសបារាំង ប្រមុខដឹកនាំនៃប្រទេសទាំងពីរ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំងបានបញ្ចេញសារតាមបណ្តាញសង្គមរៀងៗខ្លួន ដែលបង្ហាញពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងកក់ក្តៅជាទីបំផុត ដែលពេលនេះ ខ្ញុំសូមស្រង់សារខ្លីតែមានន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំទាំងពីរមកជម្រាបជូនជនរួមជាតិដូចតទៅ៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «សូមអរគុណឯកឧត្តមប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេរភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសការរៀបចំតម្លើងកម្រិតនៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដល់កម្រិត «ភាពជាដៃគូរយុទ្ធសាស្ត្រ Strategic Partnership» នៅពេលឆាប់ៗខាងមុខ។ ខ្ញុំរង់ចាំស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីមកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមរបស់ឯកឧត្តមក្នុងកិច្ចប្រជុំកំពូលលើកទី២០ នៃបណ្តាប្រទេសនិយាយភាសាបារាំង (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ»។
ឯកឧត្តម Emmanuel Macron៖ «សូមអរគុណលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល One Health កាលពីម្សិលមិញនៅទីក្រុងល្យុង និងសម្រាប់ការពិភាក្សារបស់យើងនៅថ្ងៃនេះនៅទីក្រុងប៉ារីស។ រវាងកម្ពុជានិងបារាំង ប្រវត្តិសាស្ត្ររបស់យើងមានជម្រៅយ៉ាងខ្លាំង ហើយកាន់តែរឹងមាំឡើងនៅក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ។ តាមរយៈអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង យើងក៏បន្តដំណើររបស់យើងដែរ៖ បន្ទាប់ពីកិច្ចប្រជុំកំពូល Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់នឹងប្រព្រឹត្តទៅនៅភ្នំពេញ ដែលខ្ញុំនឹងមានកិត្តិយសទៅបំពេញទស្សនកិច្ចនៅខែវិច្ឆិកា។ នេះជាឱកាសបន្ថែមមួយទៀតដើម្បីពង្រឹងទំនាក់ទំនងដែលចងភ្ជាប់យើងកាន់តែខ្លាំងឡើង»។
សូមបញ្ជាក់ជូនថា ក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរ ប្រធានបទស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានលើកមកពិភាក្សា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនប្រធានាធិបតីបារាំង អំពីការកាន់កាប់ទឹកដីកម្ពុជាដោយយោធាថៃ និងសកម្មភាពរបស់យោធាថៃនៅលើដីផ្ទាល់ ដែលផ្លាស់ប្តូរស្ថានភាពដើមក្នុងគោលដៅបង្កើតឱ្យមានស្ថានភាពបង្ខំឱ្យទទួលយកនូវអ្វីដែលកើតមាន។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគ្មានការប្រើប្រាស់កម្លាំង ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោរពសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។
ភាគីទាំងពីរ បារាំងនិងកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នូវការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការរក្សាសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់។
ដោយឡែក នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គនាយកអង្គការយូណេស្កូ នៅប្រទេសបារាំង។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ព្រមទាំងការការពារ និងអភិរក្សបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមរបស់ភាគីទាំងពីរផងដែរ។
ទី២. តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត បានចុះទាបវិញបន្តិចហើយនាពេលនេះ។ ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីអំពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីទប់តម្លៃប្រេងឥន្ធនៈដូចខាងក្រោម៖
១. រាជរដ្ឋាភិបាលបន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយរដ្ឋជាអ្នកចេញថវិកាជំនួស។
២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល
៣. បញ្ចុះពន្ធគយដល់ ០ (សូន្យ) ដុល្លារតែម្តង។
៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និង ប្រេងម៉ាស៊ូតពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥២០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៦៩០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)។
ទី៣. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញមួយកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៦ នៅចំពោះមុខអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ បទបង្ហាញនេះដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
តាមរយៈបទបង្ហាញនេះ អង្គទូតនិងតំណាងអង្គការអន្តរជាតិនានា បានយល់អំពីការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបាននាំមកនូវលទ្ធផលជាច្រើន។ បណ្តាអង្គទូតនិងតំណាងអង្គការអន្តរជាតិទាំងនោះក៏បានយល់ពីសារៈសំខាន់ និងភាពពាក់ព័ន្ធនៃច្បាប់ថ្មីប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលទើបតែត្រូវបានអនុម័ត។ ច្បាប់ថ្មីនេះដាក់ទោស យ៉ាងតឹងរ៉ឹងចំពោះជនល្មើស និងជាឧបករណ៍គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព សម្រាប់អាជ្ញាធរអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវការដៃគូអន្តរជាតិបន្តជួយគាំទ្រផ្នែកកសាងសមត្ថភាព ជំនួយបច្ចេកទេស ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន៕
សូមអរគុណ!




