Grand News Asia Close

វិភាគអន្តរជាតិ៖ តើបេសកកម្ម​សង្រ្គោះ​ពីឡុត​យន្ដហោះ​ចម្បាំង​អាមេរិក ដែលអ៉ីរ៉ង់​បាញ់​ទម្លាក់ ប្រព្រឹត្ត​ទៅយ៉ាង​ដូចម្ដេច?

ដោយ៖ Morm Sokun ​​ | 9 ម៉ោងមុន ទស្សនៈ-Opinion 1021
វិភាគអន្តរជាតិ៖ តើបេសកកម្ម​សង្រ្គោះ​ពីឡុត​យន្ដហោះ​ចម្បាំង​អាមេរិក ដែលអ៉ីរ៉ង់​បាញ់​ទម្លាក់ ប្រព្រឹត្ត​ទៅយ៉ាង​ដូចម្ដេច? វិភាគអន្តរជាតិ៖ តើបេសកកម្ម​សង្រ្គោះ​ពីឡុត​យន្ដហោះ​ចម្បាំង​អាមេរិក ដែលអ៉ីរ៉ង់​បាញ់​ទម្លាក់ ប្រព្រឹត្ត​ទៅយ៉ាង​ដូចម្ដេច?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាពីឡុតអាមេរិកម្នាក់ដែលបាត់ខ្លួន ក្រោយយន្តហោះចម្បាំង F-15E ១គ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើប្រទេសអ៉ីរ៉ង់ត្រូវបាន ជួយសង្រ្គោះចេញពីទីនោះដោយជោគជ័យហើយ កាលពីថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការពិសេសមួយ។ ពីឡុតខាងលើគឺជាពីឡុតម្នាក់ចុងក្រោយ ក្នុងចំណោមពីឡុតអាមេរិកសរុប ២នាក់។ ពីឡុតម្នាក់ដំបូងត្រូវបានកងកម្លាំងយោធាអាមេរិកជួយសង្រ្គោះបានភ្លាមៗ ក្រោយការបាញ់ទម្លាក់យន្តហោះ កាលពីសុក្រសប្តាហ៍មុន នៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់។

បើតាមមន្រ្តីអាមេរិក ការជួយសង្រ្គោះពីឡុតចុងក្រោយប្រព្រឹត្តទៅដោយជោគជ័យ គឺបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករវាងកុម្ម៉ង់ដូពិសេសអាមេរិក និងកងកម្លាំងអ៉ីរ៉ង់ ដើម្បីនាំរូបគេចាកចេញពី ប្រទេសអ៉ីរ៉ង់។ លោក ត្រាំ អះអាងថា ពុំមានទាហានអាមេរិកណាម្នាក់បានបាត់បង់ជីវិត ឬរងរបួសធ្ងន់ធ្ងរក្នុងប្រតិបត្តិការសង្រ្គោះនោះឡើយ ប៉ុន្តែបានបន្ថែមថាពីឡុតរងរបួស។ ពីឡុតទាំង២នាក់ដែលជិះ នៅលើយន្ដហោះចម្បាំង F-15E ចុចប៊ូតង់លោតចេញពីយន្ដហោះទាន់ពេលវេលា។ ពីឡុតទី១ត្រូវបានជួយសង្រ្គាមភ្លាមៗ រីឯប្រតិបត្តិការស្វែងរក និងសង្រ្គោះពីឡុតទី២បានបើកធ្វើឡើងជាបន្ទាន់។ ក្នុងករណីដាច់ដោយឡែកមួយទៀត កាលពីថ្ងៃសុក្រសប្ដាហ៍មុនផងដែរ យន្ដហោះយោធាអាមេរិកមួយគ្រឿងផ្សេងទៀតធុន A-10 Warthog បានឆ្លាក់នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ហើយពីឡុតត្រូវបានជួយសង្រ្គោះ។

* តើប្រតិបត្តិការជួយសង្គ្រោះប្រព្រឹត្តទៅយ៉ាងដូចម្ដេច?
កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានជំរុញភ្លាមៗឱ្យប្រជាជនក្នុងតំបន់ចូលរួមជាមួយកងកម្លាំងសន្តិសុខ ដើម្បីតាមស្វែងរកពីឡុតអាមេរិកទី២ ដែលជាអ្នកបញ្ជាប្រព័ន្ធបាញ់កម្លាំងភ្លើងរបស់យន្ដហោះចម្បាំង F-15Eកាលពីថ្ងៃសុក្រ ខណៈមានការរំពឹងថាអ៉ីរ៉ង់ចង់ចាប់ខ្លួនពីឡុតអាមេរិករូបនេះឱ្យបានដើម្បីដាក់សម្ពាធលើសហរដ្ឋអាមេរិកនៅឯតុចរចា។ កុម្ម៉ង់ដូពិសេសអាមេរិក Navy SEAL Team 6 បានជួយសង្រ្គោះ ពីឡុតក្នុងប្រតិបត្តិការមួយដែលមានការចូលរួមពីកុម្ម៉ង់ដូររាប់រយនាក់ និងមន្ត្រីយោធាជាច្រើននាក់ផ្សេងទៀតដែលបានធ្វើប្រតិបត្តិការយ៉ាងជ្រៅក្នុងទឹកដីរបស់សត្រូវ។ Navy SEAL គឺជាកុម្ម៉ង់ដូរដែលធ្លាប់ បានចូលរួមក្នុងប្រតិបត្តិការពិសេសតាមប្រមាញ់ និងសម្លាប់អតីតមេដឹកនាំអាល់កៃដា Osama bin Laden កាលពីឆ្នាំ២០១១។

បន្ទាប់ពីចុចប៊ូតង់លោតចេញពីយន្ដហោះ ពីឡុតអាមេរិកបានសម្ងំលាក់ខ្លួននៅឯតំបន់ជួរភ្នំមួយរបស់អ៉ីរ៉ង់់។ រូបគេបានគេចពីកងកម្លាំងអ៉ីរ៉ង់អស់រយៈពេលជាង២៤ម៉ោង នៅឯជួរភ្នំមួយដែលមានកម្ពស់ដល់ទៅ ២១០០ម៉ែត្រ។ តាមមន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ កងកម្លាំងអាមេរិកដំបូងឡើយមិនអាចកំណត់ទីតាំងរបស់ពីឡុតនេះបាននោះទេ ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេបានរកឃើញកន្លែងលាក់ខ្លួនរបស់ពីឡុតរូបនោះ តាមរយៈឧបករណ៍ឱ្យសញ្ញាមួយ។ គ្រប់ពីឡុតយន្ដហោះចម្បាំងសុទ្ធតែត្រូវបានបំពាក់ដោយឧបករណ៍ឱ្យសញ្ញាទាក់ទងដើម្បីងាយស្រួលទាក់ទងជាមួយក្រុមអ្នកជួយសង្រ្គោះ។ ប៉ុន្តែព្រមពេលជាមួយគ្នា ពីឡុតយន្ដហោះចម្បាំងក៏ត្រូវបានបណ្ដុះបណ្ដាលផងដែរកុំឱ្យផ្ដល់សញ្ញាពីទីតាំងរបស់ខ្លួនជាប់លាប់ និងរឹតត្បិតលើការប្រើប្រាស់ឧបករណ៍ឱ្យសញ្ញាទាក់ទងដើម្បីបញ្ចៀសកុំឱ្យសត្រូវចាប់បានទីតាំងរបស់ពួកគេ។

ក្នុងប្រតិបត្តិការជួយសង្រ្គោះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ក៏បានចូលរួមចំណែកយ៉ាងខ្លាំងដែរ។ ជាជំហានដំបូង CIA បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមដើម្បីបញ្ឆោតកងកម្លាំងសន្តិសុខអ៉ីរ៉ង់ ដោយធ្វើឱ្យពួកគេច្របូកច្របល់ជាមួយការប្រកាសថាពីឡុតអាមេរិកត្រូវបានជួយសង្រ្គោះរួចហើយ និងកំពុងត្រូវបានបញ្ជូនចេញពីទឹកដីអ៉ីរ៉ង់តាមផ្លូវគោក។

បន្ទាប់ពីផ្ទៀងផ្ទាត់អត្តសញ្ញាណពីឡុតទី២ថាកំពុងស្ថិតនៅទីតាំងលាក់ខ្លួនតែម្នាក់ឯង កុម៉្មង់ដូរពិសេសអាមេរិកបានរង់ចាំរហូតដល់ពេលយប់ដើម្បីធ្វើសកម្មភាព ក្នុងនោះរួមមានទាំងប្រតិបត្តិការពិសេស មានការចូលរួមពីឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដែលផ្ទុកដោយកងកុម្ម៉ង់ដូរ។ ក្នុងប្រតិបត្តិការជួយសង្គ្រោះនោះ យន្តហោះយោធាអាមេរិកបានទម្លាក់គ្រាប់បែក និងបើកការបាញ់ប្រហារដើម្បីរារាំងកុំឱ្យ កងកម្លាំងសន្តិសុខអ៉ីរ៉ង់ចូលទៅក្បែរទីតាំងដែលពីឡុតអាមេរិកកំពុងលាក់ខ្លួន។ កងកុម្ម៉ង់ដូរពិសេសអាមេរិកក៏បានបើកការបាញ់ប្រហារដែរដើម្បីរារាំងមិនឱ្យកងកម្លាំងអ៉ីរ៉ង់ចូលទៅកាន់ទីតាំងជួយសង្រ្គោះ ក្នុងពេលដែលកុម្ម៉ង់ដូរអាមេរិកបានរកឃើញពីឡុត។

ពីឡុតរូបនោះត្រូវបានដឹកតាមឧទ្ធម្ភាគចក្រឆ្ពោះទៅកាន់តំបន់វាលខ្សាច់មួយជាទីដែលយន្ដហោះយោធា C-130 ២គ្រឿងរង់ចាំជាស្រេចដើម្បីដឹកកុម្ម៉ង់ដូរពិសេស និងពីឡុតឆ្ពោះទៅកាន់គុយវ៉ែត។ ប៉ុន្តែ យន្ដហោះ C-130 ទាំង២គ្រឿងនេះបានជាប់ផុងក្នុងខ្សាច់មិនអាចរើទៅណារួច ទើបយោធាអាមេរិកសម្រេចចិត្តបញ្ជូនយន្ដហោះថ្មីទៅដឹកកុម្ម៉ង់ដូរពិសេសអាមេរិក និងពីឡុតរូបនោះហោះចេញពីអ៉ីរ៉ង់ដោយសុវត្ថិភាព។ យោធាអាមេរិកបានបំផ្ទុះបំផ្លាញយន្ដហោះ C-130 ២គ្រឿងចោលជាជាងទុកឱ្យធ្លាក់ចូលដៃរបស់អ៉ីរ៉ង់

អ៉ីរ៉ង់បានអះអាងថាពួកគេបានកម្ទេចយន្ដហោះ C-130 ២គ្រឿងរបស់សហរដ្ឋអាមេរិក រួមទាំងឧទ្ធម្ភាគចក្រ Black Hawk ២គ្រឿង ក្នុងខេត្ត Isfahan ជាទីដែលប្រតិបត្តិការជួយសង្រ្គោះត្រូវបានធ្វើឡើង។ F-15E ដែលជាយន្ដហោះចម្បាំងជំនាន់ទី៤ មិនមានសមត្ថភាពបំបាំងកាយពីប្រព័ន្ធរ៉ាដាដូចយន្ដហោះចម្បាំងជំនាន់ទី៥ ដូចជា F-22 និង F-35 នោះទេ។ F-15E បានធ្វើប្រតិបត្តិការហោះហើរជាលើកដំបូង ក្នុងឆ្នាំ១៩៨៦។ យន្ដហោះចម្បាំងនេះមានសមត្ថភាពវាយប្រហារលើពីអាកាសទៅលើដីគោក និងការប្រយុទ្ធនៅលើអាកាស។ F-15E ក៏ធ្លាប់ត្រូវបានដាក់ពង្រាយផងដែរសម្រាប់ការប្រើប្រាស់ ដោយយោធាអាមេរិកក្នុងសង្រ្គាមនៅអ៉ីរ៉ាក់ លីប៊ី និងស៊ីរី។ យន្ដហោះចម្បាំង F-15E មានពីឡុតបញ្ជា២នាក់ ម្នាក់ជាពីឡុតខាងមុខដែលជាអ្នកបើកយន្ដហោះ និងម្នាក់ទៀតអង្គុយកៅអីខាងក្រោយគឺជាអ្នកបញ្ជា លើប្រព័ន្ធអាវុធរបស់យន្ដហោះចម្បាំងនេះ។ F-15E អាចហោះក្នុងល្បឿន ៣០១៨គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកគ្រាប់បែកទម្ងន់ ២០ ០០០ផោន ឬជាង ៩០៧១គីឡូម៉ែត្រ៕

-Fresh News-

អត្ថបទទាក់ទង