Grand News Asia Close

វិភាគអន្តរជាតិ៖ កូរ៉េខាងជើងក្លាយជាផ្នែកមួយនៃម៉ាស៊ីនសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion 1012
វិភាគអន្តរជាតិ៖ កូរ៉េខាងជើងក្លាយជាផ្នែកមួយនៃម៉ាស៊ីនសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន វិភាគអន្តរជាតិ៖ កូរ៉េខាងជើងក្លាយជាផ្នែកមួយនៃម៉ាស៊ីនសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន

​(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានព្រមានថាវិមានក្រឹមឡាំងបានសម្រេចចិត្តដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ចន្លោះពី ៣០ ០០០ ដល់ ៥០ ០០០នាក់ នៅលើទឹកដីរុស្ស៉ី។ បើតាមមន្ត្រីចារកម្មអ៊ុយក្រែនម្នាក់ ទីក្រុងមូស្គូកាលពីពេលថ្មីៗនេះក៏បានដាក់ពង្រាយផងដែរ មីស៊ីលបាលលិស្ទីគ KN-23 និង KN-24 ចំនួន១២០គ្រាប់ ប្រព័ន្ធជើងទម្របាញ់មីស៊ីល ៦គ្រឿង រួមទាំងយោធាកូរ៉េខាងជើង ៩០នាក់នៅក្នុងតំបន់ Voronezh ស្ថិតនៅភាគខាងលិចប្រទេសរុស្ស៉ី។ ពិតណាស់ វត្តមានកងទ័ពកូរ៉េខាងជើងជារឿងសំខាន់ តែអ្វីដែលរឹតតែសំខាន់ជាងនេះ នោះគឺមីស៊ីលបាលិស្ទីគកូរ៉េខាងជើងកំពុងបង្ហាញប្រសិទ្ធភាពក្នុងការវាយទម្លុះប្រព័ន្ធខែលការពារដែនអាកាសអ៊ុយក្រែន ក្នុងគ្រាដែលទីក្រុងកៀវត្រូវប្រឈមមុខនឹងការខ្វះគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស។

* កូរ៉េខាងជើងក្លាយជាផ្នែកមួយនៃម៉ាស៊ីនសង្រ្គាមរបស់រុស្ស៉ី
ចាប់តាំងពីរុស្ស៉ីលើកទ័ពលុកលុយចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក កូរ៉េខាងជើងបានក្លាយជាអ្នកគាំទ្រដោយផ្ទាល់ និងដ៏សំខាន់បំផុតមួយរបស់រុស្ស៉ី។ មិនត្រឹមតែគាំទ្រតាមរយៈសេចក្ដីថ្លែងការណ៍ប៉ុណ្ណោះទេ កូរ៉េខាងជើងថែមទាំងបញ្ជូនកងទ័ព និងផ្គត់ផ្គង់អាវុធមានទាំងគ្រាប់មីស៊ីល គ្រាប់រំសេវ អ្នកឯកទេសខាងយោធា និងពលករទៅជួយរុស្ស៉ីទៀតផង។ ជាថ្នូរត្រឡប់ទៅវិញ កូរ៉េខាងជើងទទួលបានលុយ ការផ្គត់ផ្គង់ថាមពល និងបច្ចេកវិទ្យាគិតជាទឹកប្រាក់យ៉ាងហោច ១៤ពាន់លានដុល្លារពីរុស្ស៉ី ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ។ កូរ៉េខាងជើង និងរុស្ស៉ីបានពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ កាលពីខែមិថុនា ឆ្នាំ២០២៤ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក អំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី​ វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង។ នៅខែតុលា ឆ្នាំដដែល កូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានបញ្ជូនកងទ័ពប្រហែល ១៤០០០នាក់ ទៅកាន់តំបន់ Kursk របស់រុស្ស៉ីដើម្បីជួយកងកម្លាំងរុស្ស៉ីវាយបណ្ដេញកងទ័ពអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវបើកប្រតិបត្តិការលុកលុយចូលតំបន់មួយនេះរបស់រុស្ស៉ី។

ចាប់តាំងពីចុងឆ្នាំ២០២៣ ទីក្រុងព្យុងយ៉ាងត្រូវបានរាយការណ៍សាជាថ្មីថាបានផ្គត់ផ្គង់ឱ្យរុស្ស៉ីនូវមីស៊ីលបាលិស្ទីគជាង ១៥០គ្រាប់។ នៅខែឧសភា ឆ្នាំ២០២៥ របាយការណ៍មួយរបស់ក្រុមការងារតាមដានការដាក់ទណ្ឌកម្ម UN ប្រឆាំងនឹងកូរ៉េខាងជើង បានរកឃើញថាទីក្រុងមូស្គូបាន និងកំពុងប្រើប្រាស់អាវុធកូរ៉េខាងជើងនៅក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបណ្ដាក្រុងរបស់អ៊ុយក្រែន។ ស្ថានការណ៍វិវត្តន៍ទាំងនេះបានឱ្យសញ្ញាថារុស្ស៉ីកំពុងធ្វើឱ្យទំនាក់ទំនងជាមួយកូរ៉េខាងជើងកាន់តែមានលក្ខណៈផ្លូវការ ខណៈស្វែងរកការគាំទ្របន្ថែមពីអ៉ីរ៉ង់ និងចិន។ ក្នុងន័យនេះម៉ាស៊ីនសង្រ្គាមរបស់រុស្ស៉ី ក្នុងពេលបច្ចុប្បន្នត្រូវបានគាំទ្រដោយខ្សែច្រវ៉ាក់ផ្គត់ផ្គង់ថ្មីមួយ គឺកូរ៉េខាងជើងផ្ដល់មីស៊ីល គ្រាប់រំសេវ និងកងទ័ព រីឯអ៉ីរ៉ង់ផ្ដល់ដ្រូន ខណៈចិនផ្គត់ផ្គង់បរិក្ខារអាចប្រើបានទាំងស៊ីវិល និងយោធា។

* រដូវរងាដ៏គ្រោះថ្នាក់
នៅមុនរដូវរងាចូលមកដល់ ទីក្រុងមូស្គូកំពុងទាញយកប្រយោជន៍ពីការខ្វះខាតគ្រាប់មីស៊ីលរបស់អ៊ុយក្រែនសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ក្នុងគោលបំណងវាយប្រហារលើវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់អ៊ុយក្រែន បំបាក់ស្មារតីប្រជាជនអ៊ុយក្រែន និងបង្ខំឱ្យអ៊ុយក្រែនសុំចុះចាញ់។ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក ហ្សេលេនស្គី បាននិយាយថារុស្ស៉ីបានប្រើប្រាស់មីស៊ីលបាលិស្ទីគកូរ៉េខាងជើង នៅក្នុងការវាយប្រហារលើរដ្ឋធានីកៀវ ហើយអ៊ុយក្រែនមិនអាចស្ទាក់ចាប់មីស៊ីលទាំងនោះបានសូម្បីតែមួយគ្រាប់។ បើតាមលោកឧត្តមសេនីយ៍ Robert “Magyar” Brovdi ជាមេបញ្ជាការនៃប្រព័ន្ធកងកម្លាំងយានគ្មានមនុស្សបើករបស់អ៊ុយក្រែន រុស្ស៉ីកំពុងព្យាយាមបង្កើនចំនួនមីស៊ីលបាលិស្ទីគ ៣ដង ដែលខ្លួនអាចប្រើប្រាស់វាយប្រហារក្នុងពេលតែមួយប្រឆាំងនឹងអ៊ុយក្រែន ដោយបង្កើនពីការបាញ់មីស៊ីល ៧៧គ្រាប់ ទៅ ២០០គ្រាប់។ តួលេខនេះជាចំនួនច្រើនជាងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសដែលបណ្ដាប្រទេសលោកខាងលិចបានផ្ដល់ឱ្យអ៊ុយក្រែន ក្នុងបរិបទគ្រាប់មីស៊ីលលោកខាងលិចផ្គត់ផ្គង់ឱ្យអ៊ុយក្រែន បានធ្លាក់ចុះអស់ ១ភាគ៣ ក្នុងឆ្នាំ២០២៥។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថាអ៊ុយក្រែនត្រូវការជាចំាបាច់នូវគ្រាប់មីស៊ីល PAC-3 និង PAC-2 សម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដែលសហរដ្ឋអាមេរិក កំពុងត្រូវការជាចាំបាច់យកទៅប្រើក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។ រីឯសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនក្នុងតំបន់អឺរ៉ុបកំពុងមានការស្ទាក់ស្ទើរបញ្ជូនគ្រាប់មីស៊ីលដ៏ទំនើបនេះទៅឱ្យទីក្រុងកៀវ ដ្បិតពួកគេក៏ត្រូវការគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេដើម្បីទប់ស្កាត់ការវាយប្រហារណាមួយពីរុស្ស៉ីនៅពេលអនគត។

ក្រុមមន្ត្រីអ៊ុយក្រែន និងអ្នកគាំទ្រអ៊ុយក្រែនបាននិយាយថាបច្ចុប្បន្នភាពងាយរងគ្រោះរបស់អ៊ុយក្រែន មានផ្នែកដោយសារតែការស្ទាក់ស្ទើររបស់លោកខាងលិចក្នុងការផ្ដល់អាវុធដែលទីក្រុងកៀវត្រូវការជាចាំបាច់ ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៉ី។ ម្យ៉ាងវិញទៀត ពួកគេយល់ថាប្រសិនបើបណ្ដាប្រទេសអឺរ៉ុបវិនិយោគមុននេះបន្តិច នៅក្នុងការពង្រីកសមត្ថភាពផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ឬក៏ប្រព័ន្ធការពារដែនអាកាសអឺរ៉ុប ដូចជាប្រព័ន្ធមីស៊ីល SAMP/T ផលិតដោយបារាំង និងអ៉ីតាលី ម្ល៉េះទីក្រុងកៀវ និងអឺរ៉ុបប្រហែលជាមិនសូវពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក ហើយក៏មិនសូវងាយរងគ្រោះពីការវាយប្រហាររបស់រុស្ស៉ីដូចពេលបច្ចុប្បន្ននេះនោះទេ៕

-Fresh News-

អត្ថបទទាក់ទង