Grand News Asia Close

អ្វីទៅនៅពីក្រោយការបោសសម្អាតផ្ទៃក្នុងយោធាចិនរបស់លោក ស៊ី ជីនពីង?

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ទស្សនៈ-Opinion 1048
អ្វីទៅនៅពីក្រោយការបោសសម្អាតផ្ទៃក្នុងយោធាចិនរបស់លោក ស៊ី ជីនពីង? អ្វីទៅនៅពីក្រោយការបោសសម្អាតផ្ទៃក្នុងយោធាចិនរបស់លោក ស៊ី ជីនពីង?

#វិភាគអន្តរជាតិ

(ប៉េកាំង)៖ ចិនកាលពីចុងសប្ដាហ៍កន្លងទៅបានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយដោយនិយាយថាខ្លួនកំពុងបើកការស៊ើបអង្កេតលើឧត្តមសេនីយ៍កំពូលម្នាក់ នៅក្រោមការសង្ស័យថាបានបំពានធ្ងន់ធ្ងរលើវិន័យ និងច្បាប់។ មកទល់នឹងពេលនេះទោះបីជាមិនមានព័ត៌មានលម្អិតអ្វីក៏ដោយ ប៉ុន្តែនេះជាការបោសសម្អាតផ្ទៃក្នុងដ៏ធំមួយក្នុងជួរកងទ័ពរំដោះប្រជាជនចិន PLA ក៏ព្រោះតែឧត្តមសេនីយ៍ដែលរងការស៊ើបអង្កេតនោះ គឺស្ថិតនៅក្រោម មនុស្សម្នាក់ តែនៅលើមនុស្សរាប់លាននាក់នៅក្នុងប្រទេសចិន។ តាមក្រុមអ្នកវិភាគ ការបោសសម្អាតនេះក៏នឹងបង្កជាផលវិបាកផងដែរដល់ចិនក្នុងការប្រជែងអំណាចជាមួយសហរដ្ឋអាមេរិក ក៏ដូចជាអនាគតនៃជម្លោះ លើកោះតៃវ៉ាន់។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹង៖

* តើមានអ្វីបានកើតឡើង?
នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៤ ខែមករា ក្រសួងការពារជាតិចិនបានប្រកាសថានាយឧត្តមសេនីយ៍កំពូល លោក Zhang Youxia ជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម (CMC) ត្រូវបានដាក់ឱ្យស្ថិតនៅ ក្រោមការស៊ើបអង្កេតក្រោមការសង្ស័យថាបានបំពានធ្ងន់ធ្ងរលើវិន័យ និងច្បាប់។ ព្រមពេលជាមួយគ្នា ឧត្តមសេនីយ៍ម្នាក់ទៀតគឺលោក Liu Zhenli ជានាយសេនាធិការ CMC ក៏រងការស៊ើបអង្កេតក្រោមការសង្ស័យ ដូចគ្នានេះដែរ។ លោក Zhang ជាមនុស្សស្និទ្ធស្នាលបំផុតរបស់លោក ស៊ី ជីនពីង ដោយអ្នកទាំង២មានទំនាក់ទំនងនឹងគ្នាតាំងតែពី «សម័យយុវជនក្រហមជំនាន់ទី២» ដែលគេចង់សំដៅលើកូនចៅជំនាន់ក្រោយ នៃយុគសម័យបដិវត្តន៍របស់គណបក្សកុម្មុយនិស្ដចិន។ មិនតែប៉ុណ្ណោះ ឪពុករបស់លោក Zhang ដែលបានទទួលមរណភាពទៅហើយនោះ គឺជាមន្ត្រីដ៏មានឥទ្ធិពលម្នាក់នៅក្នុងជួរកងទ័ពរំដោះប្រជាជន PLA និងជាឧត្តមសេនីយ៍ម្នាក់ស្ថិតនៅក្នុងចំណោមឧត្តមសេនីយ៍ចិនដែលត្រូវបានគេចាត់ទុកថាជាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ លោក Zhang ធ្លាប់បានប្រយុទ្ធនៅក្នុងជម្លោះរវាងចិន និងវៀតណាម ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ រូបលោកត្រូវបានដំឡើងតំណែងជាលើកដំបូងក្លាយទៅជាសមាជិក CMC នៅឆ្នាំ២០១៨ អំឡុងសម័យប្រជុំលើកទី១ នៃសភាជាតិប្រជាជនចិនលើកទី១៣។ កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃទី២៥ ខែមករា បានរាយការណ៍ថាលោក Zhang ត្រូវបានចោទប្រកាន់ថាបានធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់អំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ចិនទៅឱ្យសហរដ្ឋអាមេរិក និងបានទទួលយក សំណូកដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ តែសេចក្ដីរាយការណ៍នេះមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ។

* តើប៉េកាំងនិយាយអ្វីខ្លះ?
ការប្រកាសកាលពីថ្ងៃសៅរ៍ ទី២៤ ខែមករា ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល គ្រាន់តែជាការជូនដំណឹងខ្លីត្រឹមជាសេចក្ដីថ្លែងការណ៍មានសរសេរតែមួយបន្ទាត់ប៉ុណ្ណោះដូចគ្នាទៅនឹងសេចក្ដីថ្លែងការណ៍មុនៗដែរពាក់ព័ន្ធនឹង ការដកតំណែង ឬបើកការស៊ើបអង្កេតលើមន្ត្រីយោធាចិន។ រហូតដល់ល្ងាចថ្ងៃដដែល ទើបកាសែត PLA Daily របស់យោធាចិនបានចេញផ្សាយអត្ថបទមួយដោយប្រើពាក្យពេចន៍រិះគន់លោក Zhang និងលោក Liu ធ្ងន់ៗ ហើយប្ដេជ្ញាថានឹងបន្តកម្ចាត់អំពើពុករលួយនៅក្នុងកងទ័ព PLA។ តាមអត្ថបទដដែល ឧត្តមសេនីយ៍ចិនទាំង២នាក់បានប្រព្រឹត្តទង្វើក្បត់ធ្ងន់ធ្ងរលើទំនុកចិត្ត និងក្ដីសង្ឃឹមរបស់គណៈកម្មាធិការមជ្ឈិមបក្ស និង CMC ព្រមទាំងបង្កបញ្ហានយោបាយ និងអំពើពុករលួយដែលបានបំផ្លាញដល់ការដឹកនាំរបស់បក្ស។ PLA Daily មិនដែលប្រើប្រាស់ពាក្យពេចន៍របៀបនេះពាក់ព័ន្ធនឹងការបោសសម្អាតមន្ត្រីដទៃទៀតដែលរងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយនាពេលកន្លងមកនោះទេ។ ការណ៍នេះបានធ្វើឱ្យមានពាក្យចចាមអារ៉ាម និងការសង្ស័យពីការដណ្ដើមអំណាចគ្នារវាងក្រុមបក្ខពួកផ្សេងៗគ្នានៅក្នុងជួរកងទ័ព PLA រហូតឈានដល់មានការចោទសួរថា តើពិតជាមានការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប៉េកាំងឬក៏យ៉ាងណា?

លោក Sonny Lo ជាសាស្ត្រាចារ្យកិត្តិយសម្នាក់មកពីមហាវិទ្យាល័យនយោបាយ និងរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យហុងកុង (University of Hong Kong) បាននិយាយថា «ប្រយោគត្រូវបានប្រើដោយ ក្រសួងការពារជាតិចិនដែលថាលោក Zhang ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីការសិក្សាស្រាវជ្រាវមួយដឹកនាំដោយគណបក្សគឺពិតជាសារៈសំខាន់ ពីព្រោះវាបានគូសបញ្ជាក់ថាយោធាត្រូវតែស្ថិត នៅក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន (CCP)»។ តាមលោក Lo រឿងសំខាន់បំផុតនៅក្នុងការបោសសម្អាតផ្ទៃក្នុង PLA កាលពីចុងសប្ដាហ៍កន្លងទៅ នោះគឺទំនាក់ទំនងរវាងមេដឹកនាំស៊ីវិល និងយោធា។ សាស្ត្រាចារ្យរូបនេះបានពន្យល់ថា​ខុសពីអតីតមេដឹកនាំចិនដូចជាលោក ម៉ៅ សេទុង និងលោក តេង ស៊ាវពីងដែលបានកសាងអំណាចក្នុងសម័យសង្រ្គាម មេដឹកនាំស៊ីវិលចិនដូចជាលោក Jiang Zemin លោក Hu Jintao និងលោក ស៊ី ជីនពីង មិនមានបទពិសោធន៍យោធាដែលអាចយកមកប្រៀបធៀបគ្នាបានទេដែលនេះបានធ្វើឱ្យទំនាក់ទំនងរបស់ពួកគេជាមួយយោធាមានសារៈសំខាន់បែបនយោបាយ និងរសើបបំផុត។ នៅក្រោមការដឹកនាំរបស់លោក Jiang យោធាត្រូវបានផ្ដល់សិទ្ធិឱ្យដឹកនាំក្រុមហ៊ុន និងធ្វើជំនួញ មុននឹងត្រូវបានរឹតបន្តឹងការគ្រប់គ្រងដោយវិស័យស៊ីវិលនៅដើមទសវត្សរ៍ឆ្នាំ១៩៩០។

* តើ CMC កំពុងស្ថិតក្នុងស្ថានភាពបែបណា?
ការដកតំណែងលោក Zhang និងលោក Liu ធ្វើឱ្យ CMC ដែលមានសមាជិក៧រូប មើលទៅលែងសូវមានឥទ្ធិពលខ្លាំងដូចពីមុន។ បច្ចុប្បន្ន CMC នៅសស់សមាជិកតែ២រូបគត់ គឺលោក ស៊ី ជីនពីង ដែលជាប្រធាន និងលោក Zhang Shengmin ជាលេខាធិការនៃគណៈកម្មការអធិការកិច្ចវិន័យរបស់ CMC។ លោក Zhang Shengmin ត្រូវបានបញ្ចូលជាសមាជិក CMC កាលពីខែតុលា ឆ្នាំ២០២៥ ហើយលោកក៏ជាសមាជិក កងកម្លាំងរ៉ុក្កែតរបស់លោក ស៊ី ជីនពីង​ផងដែរ។ លោក Lyle Morris ជាអ្នកវិភាគជាន់ខ្ពស់ខាងនយោបាយការបរទេស និងសន្តិសុខជាតិនៃមជ្ឈមណ្ឌលសម្រាប់ការវិភាគពីចិនរបស់វិទ្យាស្ថាន Asia Society Policy យល់ថា «PLA កំពុងស្ថិតក្នុងភាពច្របូកច្របល់ដោយមានចន្លោះប្រហោងដ៏ធំមួយក្នុងជួរថ្នាក់ដឹកនាំយោធា ដែលអាចនឹងអូសបន្លាយរហូតដល់មហាសន្និបាតសភាទាំងពីរនៃប្រទេសចិននៅខែមីនាខាងមុខ ឬក៏អាចយូរជាងនេះក៏ថាបាន។ ឬក៏គេអាចនិយាយម្យ៉ាងទៀតបានថា PLA មិនដែលស្ថិតក្នុងភាពច្របូកច្របល់ធំបែបនេះចាប់តាំងពីមានបដិវត្តន៍វប្បធម៌មកម្ល៉េះ»។ តាមអ្នកវិភាគរូបនេះ មន្ត្រីជាន់ខ្ពស់ក្នុង PLA ដែលមាន ទំនាក់ទំនងជាមួយលោក Zhang និងលោក Liu អាចកំពុងស្ថិតនៅក្រោមការតាមដាន ហើយការមិនជឿទុកកំពុងស្ថិតក្នុងកម្រិតដ៏ខ្ពស់មួយ។

លោក He Weidong ដែលធ្លាប់ជាអនុប្រធាន CMC និងមានតំណែងស្មើនឹងលោក Zhang Youxia ត្រូវបានបណ្ដេញចេញពីតំណែងក្រោមបទចោទប្រព្រឹត្តអំពើពុករលួយ រួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ ៨នាក់ ផ្សេងទៀតកាលពីឆ្នាំ២០២៥ ក្នុងនោះរួមមានទាំងលោកឧត្តមនាវី Miao Hua និងឧត្តមសេនីយ៍លោក ​He Hongjun។ គិតចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ពាក់កណ្ដាលខែតុលា ឆ្នាំ២០២៥ មានឧត្តមសេនីយ៍ចិន ប្រហែល ២០នាក់ត្រូវបានបណ្ដេញចេញពីតំណែង ក្នុងនោះមាន ៦នាក់មកពីកងកម្លាំងរ៉ុក្កែតជាអង្គភាពដ៏សំខាន់មួយមានភារកិច្ចគ្រប់គ្រងឃ្លាំងមីស៊ីលបាលិស្ទីគ មីស៊ីលល្បឿនលឿនជាងសំឡេង និងមីស៊ីលគ្រូស ទាំងបំពាក់ក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែរ។

*​ តើមានជាប់ពាក់ព័ន្ធអ្វីនឹងតៃវ៉ាន់?
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៦ ខែមករាថាទីក្រុងតៃប៉ិនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការប្រែប្រួលខុសពីធម្មតានៅក្នុងចំណោមថ្នាក់ដឹកនាំ កំពូលរបស់យោធា គណបក្ស និងរដ្ឋាភិបាលចិន។ ក្រុមអ្នកតាមស្ថានការណ៍តៃវ៉ាន់បានត្រឹមតែអាចប៉ាន់ស្មានប៉ុណ្ណោះ តែមានមតិជាច្រើនយល់ថាភាពច្របូកច្របល់នយោបាយនៅក្នុង CMC នឹងកាត់បន្ថយលទ្ធភាពនៃ ការគំរាមកំហែងភ្លាមៗរបស់ចិនចំពោះតៃវ៉ាន់។ តែទោះជាបែបនេះក្ដី យោធាចិនដែលមានភាពស្មោះត្រង់កាន់តែខ្លាំង នឹងបង្កជាបញ្ហាសម្រាប់តៃវ៉ាន់នៅពេលអនាគត ខណៈលោក ស៊ី ជីនពីងបានលើកឡើងម្ដងហើយម្ដងទៀត ថាការបង្រួបបង្រួមជាតិគ្មានអ្វីអាចមកបញ្ឈប់បានទេ និងប្ដេជ្ញាប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់ក្នុងករណីចាំបាច់។ «ការបោសសម្អាតផ្ទៃក្នុងយោធាចិនចុងក្រោយបំផុតរបស់លោក ស៊ី ជីនពីង ធ្វើឱ្យការគំរាមកំហែងរបស់ ចិនចំពោះតៃវ៉ាន់មានភាពទន់ខ្សោយក្នុងរយៈពេលខ្លី តែមានភាពរឹងមាំក្នុងរយៈពេលវែង»។ នេះជាការយល់ឃើញរបស់លោក Neil Thomas ជាអ្នកជំនាញម្នាក់ពីចិនមកពីវិទ្យាស្ថាន Asia Society។ លោកបន្ថែមថា ក្នុងពេលបច្ចុប្បន្ន ភាពច្របូកច្របល់ក្នុងជួរថ្នាក់ដឹកនាំយោធាចិន អាចនឹងធ្វើឱ្យលោក ស៊ី ជីនពីងមានការប្រុងប្រយ័ត្នជាងមុនក្នុងការសម្រេចចិត្តថាតើត្រូវធ្វើយ៉ាងណាជាមួយតៃវ៉ាន់? ប៉ុន្តែក្នុងរយៈពេលវែង យោធាចិនដែលមានភាពស្មោះត្រង់ និងមានអំពើពុករលួយតិចតួចបំផុតអាចនឹងកាន់តែមានសមត្ថភាពបង្ខំឱ្យតៃវ៉ាន់ចុះញ៉ម និងកំញើញសហរដ្ឋអាមេរិកមិនឱ្យធ្វើអន្តរាគមន៍ជួយតៃវ៉ាន់។​ បើតាមលោក Neil Thomas ការធ្វើទំនើបកម្មយោធាចិននឹងនៅតែបន្ត តែការផលិតអាវុធជារឿងមួយ ហើយការដាក់ពង្រាយ ឬការប្រើប្រាស់អាវុធឱ្យមានប្រសិទ្ធភាពគឺជារឿងមួយផ្សេងទៀត។

លោកស្រី Amanda Hsiao ជានាយកកម្មវិធីចិននៃស្ថាប័ន Eurasia Group ក៏យល់ឃើញដូចគ្នានេះដែរ។ លោកស្រីបាននិយាយថា «យុទ្ធនាការធ្វើបន្សុទ្ធនយោបាយរបស់លោក ស៊ី ជីនពីងមានគោលដៅធ្វើឱ្យ ប្រសើរឡើងនូវប្រសិទ្ធភាពយោធាចិន ដើម្បីអាចសម្រេចបានជោគជ័យក្នុងប្រតិបត្តិការនៅពេលអនាគត តួយ៉ាងដូចជាការបង្ខំឱ្យតៃវ៉ាន់ព្រមរួបរួមជាមួយចិន។ តែក្នុងរយៈពេលខ្លី ការប្រើកម្លាំងយោធារបស់ចិនដើម្បីគ្រប់គ្រង តៃវ៉ាន់ដូចជាមិនទំនងនោះទេ។ ពីព្រោះថាការដកតំណែងឧត្តមសេនីយ៍កំពូល២នាក់ដែលមានបទពិសោធន៍លើសមរភូមិ បានបន្សល់ទុកចន្លោះប្រហោងមួយយ៉ាងធំនៅក្នុងប្រព័ន្ធទីបញ្ជាការ និងអាចសន្មត់បានថាមេដឹកនាំចិន មិនទាន់ទុកចិត្តទាំងស្រុងលើយោធាខ្លួនឯងក្នុងការប្រថុយនឹងគ្រោះថ្នាក់របៀបនេះឡើយ»។ កាលពីចុងឆ្នាំ២០២៥ ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឡោមព័ទ្ធកោះតៃវ៉ាន់។ លោក James Char ជាសាស្ត្រាចារ្យរង មកពីសាកលវិទ្យាល័យ Nanyang Technological University of Singapore បាននិយាយថាតៃវ៉ាន់ និងប្រទេសជាដៃគូគួរតែត្រៀមលក្ខណៈឱ្យហើយសម្រាប់ការធ្វើសមយុទ្ធយោធារបស់ចិននៅជុំវិញតៃវ៉ាន់។ «យើងអាចរំពឹងថាប៉េកាំងនឹងធ្វើសកម្មភាពយោធានៅក្រោមកម្រិតនៃសង្រ្គាម ក្នុងពេលរយៈពេលខ្លី ឬមធ្យម»។ នេះជាការកត់សម្គាល់របស់លោក James Char។

* តើនឹងមានអ្វីកើតឡើងបន្ទាប់?
ការបោសសម្អាតផ្ទៃក្នុង PLA ត្រូវបានគេមើលឃើញថាជាការពង្រឹងអំណាចគ្រប់គ្រងរបស់លោក ស៊ី ជីនពីង លើយោធាចិន និងជាការបោះជំហានមួយយ៉ាងធំក្នុងការកម្ចាត់គូប្រជែងនយោបាយ។ «សកម្មភាពដែលបានធ្វើឡើង អាចសន្មត់បានថាលោក ស៊ី ជីនពីង កំពុងពង្រឹងអំណាច និងឥទ្ធិពលរបស់លោកតាមមធ្យោបាយមួយមិនធ្លាប់មានពីមុនមក»។ នេះជាការគូសបញ្ជាក់របស់លោក Morris ដោយបន្ថែមថា «វាអាចនឹងមានការប្រឆាំងពី ក្រុមអ្នកអភិរក្សនិយមនៅក្នុងជួរកងទ័ព​ PLA ជាពិសេសក្នុងចំណោមក្រុមមនុស្សដែលមានភក្ដីភាពជាមួយលោក Zhang។ ប៉ុន្តែលោក ស៊ី ជីនពីង មានជំនឿចិត្តគ្រប់គ្រាន់ចំពោះអំណាចគ្រប់គ្រងរបស់លោកលើ PLA ទើបលោកសម្រេចចិត្តធ្វើសកម្មភាពដ៏ភ្ញាក់ផ្អើលបែបនេះ»។ លោក Thomas វិញយល់ថានៅសល់ពេលជាង ១៨ខែទៀត ពោលគឺរហូតដល់ចិនរៀបចំមហាសន្និបាតគណបក្សកម្មុយនិស្ដនៅឆ្នាំ២០២៧ ដើម្បីជ្រើសរើស សមាជិកថ្មីនៃគណៈកម្មការមជ្ឈិមដែលមានភារៈធ្វើការតែងតាំងសមាជិកថ្មីនៃ CMC។ លោក Thomas បាននិយាយថាលោក ស៊ី ជីនពីងចង់ឱ្យ PLA ក្លាយទៅជាកងទ័ពដ៏ខ្លាំងក្លាមួយដែលមានអំពើពុករលួយតិចតួចបំផុត និងមានភាពស្មោះត្រង់ទាំងស្រុងចំពោះរបៀបវារៈរបស់លោក។ តាមអ្នកជំនាញរូបនេះ លោក ស៊ី ជីនពីង​ប្រហែលជារង់ចាំរហូតដល់ពេលនោះមកដល់ ដើម្បីលើកតម្កើងមេដឹកនាំយោធាជំនាន់ថ្មី ហើយលោកអាចនឹងប្រើប្រាស់ ពេលវេលារង់ចាំនេះធ្វើការជ្រើសរើសបេក្ខជនយ៉ាងសម្រិតសម្រាំងដើម្បីព្យាយាម និងកម្ចាត់ឥទ្ធិពលនៃទំនាក់ទំនងតាមខ្សែរយៈបណ្ដាញបក្ខពួក។

លោក Thomas បានបន្ថែមទៀតថាចំណុចសំខាន់ដែលត្រូវតាមដានដែរ នោះគឺថាតើលោក ស៊ី ជីនពីងនឹងកាត់បន្ថយតួនាទីរបស់ PLA ក្នុងនយោបាយ តួយ៉ាងតាមរយៈការធ្វើកំណែទម្រង់ CMC ឬក៏ដកក្រុមឧត្តមសេនីយ៍ PLA ចេញពីការិយាល័យនយោបាយឬក៏យ៉ាងណា? យ៉ាងណាក៏ដោយ បើទោះជាមានកៅអីមួយចំនួនរបស់ CMC នៅទំនេរក៏ដោយ ក៏ការធ្វើប្រតិបត្តិការប្រចាំថៃ្ងរបស់ PLA នឹងនៅតែបន្តដំណើរជាធម្មតា ហើយលោក ស៊ី ជីនពីងទំនងជានឹងតែងតាំងមនុស្សមានភក្ដីភាពចំពោះរូបលោក៕

-Fresh News-

អត្ថបទទាក់ទង