Grand News Asia Close

មតិអ្នកអាន៖ ខួប៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ ទស្សនៈ-Opinion ព័ត៌មានជាតិ 1092
មតិអ្នកអាន៖ ខួប៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា មតិអ្នកអាន៖ ខួប៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា

(ភ្នំពេញ)៖ ជាង៣ទសវត្សកន្លងទៅ នៅរៀងរាល់ឆ្នាំនាខែតុលា ហាក់រំលឹកឡើងវិញដល់ស្រទាប់មនុស្សចាស់នៅកម្ពុជាដែលបានរស់រានមានជីវិត ហើយដែលធ្លាប់បានភ្លក្សរសជាតិនៃទុក្ខវេទនាដ៏សែនគ្រាំគ្រា មហាខ្លោចផ្សា ឱ្យចងចាំជាប់ជានិច្ចមិនអាចបំភ្លេចសោះឡើយពីព្រឹត្តិការណ៍អតីតកាលនៃមហន្តរាយ វិនាសកម្មដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ នៅលើទឹកដីមាតុភូមិដ៏សែនកម្សត់របស់ខ្លួន។

នៅខែតុលា ឆ្នាំ២០២៥នេះ ដោយការរំពើកបន្ថែមពីឧបទ្ទវហេតុនៃសង្គ្រាម ៥ថ្ងៃ ជាមួយប្រទេសសៀម ការចងចាំនេះបានរំឭកជាថ្មីឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាលពី៣៤ឆ្នាំមុន ដែលឥស្សរជននយោបាយជាន់ខ្ពស់នៃគ្រប់ភាគីប្រដាប់អាវុធស្នេហាជាតិកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

បរិយាកាសដែលនាំឱ្យមានកិច្ចព្រមព្រៀងនៅពេលនោះ មួយចំណែកគឺបានមកដោយសារភាពអំណោយផលនៃសណ្ដាប់ធ្នាប់ពិភពលោក (The World Order) ក្រោយសម័យសង្គ្រាមត្រជាក់(The Cold War) ដែលធ្វើឱ្យមានកុងសង់ស៊ុស (Consensus) ជាអន្តរជាតិនៃបណ្ដាប្រទេសទាំងធំ ទាំងមធ្យម ទាំងតូច ជាអ្នកពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលជាមួយសង្គ្រាមនៅកម្ពុជា។ ក្រោយសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) ការប្រជែងដណ្ដើមភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោកក្នុងប្លុក ឬប៉ូលទាំងពីរ រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត បានបង្កទៅជាសង្គ្រាមមនោគមវិជ្ជារវាងលទ្ធិមូលធននិយម និងលទ្ធិកុម្មុយនីស្តនិយម ដែលហៅថា “សង្គ្រាមត្រជាក់”។

ការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល តានតឹង និងប្ដូរផ្ដាច់បំផុតក្នុងសម័យសង្គ្រាមត្រជាក់រវាងមហាអំណាចធំទាំងពីរនេះ បានឈានដល់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ខាងយោធា (Direct Military Conflict) ស្ទើរតែផ្ទុះសង្គ្រាមប្រល័យលោកទៅហើយ។ ជាក់ស្ដែងករណីឧបទ្ទវហេតុនៅជ្រោយ Bay of Pigs ប្រទេសគុយបា នាខែមេសា ឆ្នាំ១៩៦១ បានបង្កជា « វិបត្តិមីស៊ីលគុយបា » (Cuban Missile Crisis) ដ៏ធ្ងន់ធ្ងរដែលហៀបធ្វើឱ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែររវាងមហាអំណាចទាំង២ នាខែតុលា ឆ្នាំ១៩៦២។ ទន្ទឹមនោះ ប្លុកទាំងពីរសុទ្ធតែបង្កើតបានជាសម្ព័ន្ធភាពយោធារបស់ខ្លួនយ៉ាងខ្លាំងក្លាបំផុតគឺ ណាតូ (NATO) និង វ៉ាសូវី (Warsaw Pact)។

ទោះបីយ៉ាងនេះក្ដី សង្គ្រាមត្រជាក់បានបង្កឱ្យមានសង្គ្រាមរណប (Proxy Wars) យ៉ាងសាហាវ និងក្ដៅគគុកបំផុតនៅតាមប្រទេសជាច្រើនលើពិភពលោក មានជាអាទិ៍ សង្គ្រាមកូរ៉េ (The Korean War) សង្គ្រាមជញ្ជាំងប៊ែរឡាំង (Wars of Berlin Wall)
សង្គ្រាមឥណ្ឌូចិន (The Indochina War)។ល។និង។ល។ មួយចំណែកសំខាន់ទៀត គឺដោយសារទឹកចិត្តស្នេហាជាតិបរិសុទ្ធរបស់ភាគីកម្ពុជាទាំង៤ ដែលបានស្រុះស្រួលគ្នាក្នុងស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងនៅកម្ពុជា។ ជម្លោះនេះទៀតសោត កន្លងទៅត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាទូទៅ និងជាសាកល ថាជាសង្គ្រាមស៊ីវិលនៅកម្ពុជា។

ក្នុងនាមកូនខ្មែរមួយរូបដែលជាសាក្សីរស់នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ មុនបង្អស់ខ្ញុំសូមលំឱនកាយគោរពព្រលឹងនិងវិញ្ញាណក្ខន្ធបុព្វបុរស អ្នកស្នេហាជាតិ និងពលរដ្ឋរួមជាតិទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍នៅកម្ពុជា រួមទាំងពលីកម្មរបស់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាជនខ្មែរដ៏ស្លូតត្រង់ក្នុងសង្គ្រាម៥ថ្ងៃកន្លងទៅថ្មីៗនេះផង។

ខ្ញុំសូមអនុញ្ញាតធ្វើការវិភាគដោយសង្ខេប និងចែករំលែកនូវការយល់ដឹងផ្ទាល់របស់ខ្លួនជុំវិញសង្គ្រាមជិត៣០ឆ្នាំនៅកម្ពុជា ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៨ ដូចខាងក្រោម៖

១. សង្គ្រាមផ្ទៃក្នុងនៅកម្ពុជាពិតមែនតែកើតឡើងពីជម្លោះផ្ទៃក្នុងនៃអ្នកស្នេហាជាតិកម្ពុជា ប៉ុន្តែសង្គ្រាមនេះត្រូវបានអុចអាល ញុះញង់ បង្កាត់ បំពក់ដុតឱ្យឆាបឆេះ រោលរាល និងអូសបន្លាយដោយសារចំហាយឥទ្ធិពលនៃការប្រកួតប្រជែងដណ្ដើមភូមិសាស្ត្រនយោបាយឬនយោបាយភូមិសាស្ត្រ (Geopolitics) របស់មហាអំណាចពិភពលោកក្នុងសម័យសង្គ្រាមត្រជាក់ចន្លោះពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៩១។ តាំងពីដើមរៀងមក កម្ពុជាគ្រាន់តែជាអ្នករងគ្រោះដោយសារសង្គ្រាមត្រជាក់ ហើយនាពេលបច្ចុប្បន្ននេះទៀតសោត សន្តិភាពនៅកម្ពុជាត្រូវបានគំរាមកំហែងដោយសង្គ្រាមដែលប្រទេសជិតខាងជាអ្នកបង្កឡើងតែប៉ុណ្ណោះ។ ក្រៅពីនេះ គេគួរតែសិក្សាបន្ថែមទៀតពីមូលហេតុជាបច្ច័យនៃគំនាបប្រវត្តិសាស្ត្រដែលជាមរតក (Legacy) បន្សល់ទុកដោយការធ្វើអាណានិគមនិយម (Colonization) របស់បរទេសមកលើកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ជាអាទិ៍ កេរដំណែលដ៏សែនស្មុគស្មាញដែលជាបញ្ហាទំនាស់ព្រំដែន (Border Dispute) រវាងកម្ពុជាជាមួយប្រទេសជិតខាង។ ការពិត បណ្ដាប្រទេសមហាអំណាចពិភពលោកដែលពោរពេញទៅដោយអនុត្តរមហិច្ឆតា (Hegemonic Ambition) រៀងៗខ្លួន តែងតែមានបរិវារកូនជឹងដែលជាអនុមហាអំណាចតាមតំបន់ (Regional Hegemons) ( អនុមហាអំណាចតាមតំបន់ (Regional Hegemons) ជាពាក្យដែលស្មេរប្រើសំដៅទៅដល់ប្រទេសតាមតំបន់ដែលមានអនុត្តរភាពគ្របដណ្តប់លើបណ្តាប្រទេសតូចៗដទៃទៀត) ។ ហេតុនេះ ប្រទេសតូចដូចកម្ពុជាលំបាកគេចផុតពីចំហាយឥទ្ធិពល ពីនយោបាយ និងពីមហិច្ឆតារបស់ពពួកទេវតាលោកិយខាងលើនេះណាស់។ អព្យាក្រឹតភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសតូចៗ គឺអាស្រ័យដោយប្រទេសធំជាអ្នកកំណត់ ព្រោះពួកគេជាអ្នករៀបចំ គ្រប់គ្រង កំណត់សណ្ដាប់ធ្នាប់ពិភពលោក ដែលបច្ចុប្បន្នបានផ្លាស់ប្ដូរទៅជាពិភពលោកពហុប៉ូល (Multipolar World) រួចទៅហើយ (ក្រោយសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់នៅឆ្នាំ១៩៩១ ពោលគឺក្រោយពេលដែលសហភាពសូវៀតត្រូវរលំរលាយនិងបក្សសម្ព័ន្ធវ៉ាសូវីត្រូវរំសាយ សកលលោកបានក្លាយជាពិភពលោកមានប៉ូលតែមួយ ឬ ឯកប៉ូល (Unipolar) ដែលមានសហរដ្ឋអាមេរិកជាអ្នកនាំមុខតែឯង) ។

២. សង្គ្រាមផ្ទៃក្នុងកម្ពុជាមិនអាចបញ្ចប់បានសោះឡើយ ប្រសិនបើគុណតម្លៃជាប្រយោជន៍នៃការបញ្ចប់ជម្លោះផ្ទៃក្នុងកម្ពុជាមិនបានផ្ដល់ប្រយោជន៍ដល់ភាគីពាក់ព័ន្ធពីខាងក្រៅ ដែលជាប្រទេសមហាអំណាចពិភពលោកនិងជាប្រទេសអនុមហាអំណាចតំបន់។
គុណតម្លៃជាប្រយោជន៍នេះផ្លាស់ប្ដូរ ប្រែប្រួល បត់បែនតាមពេលវេលា កាលៈទេសៈ និងបរិយាកាស ព្រោះវិធាននៃល្បែង (Rule of the Game) របស់អ្នកលេងភូមិសាស្ត្រនយោបាយគឺ “គ្មានទេមិត្ត គ្មានទេសត្រូវ មានតែប្រយោជន៍”។ លោក ហង់រី គីស៊ីងហ្គ័រ (Henry Kissinger) ជាអតីតរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខរដ្ឋបាលប្រធានាធិបតីអាមេរិក ដែលអាចចាត់ទុកថាជាអ្នកនយោបាយនៅពីក្រោយផ្ទាល់សង្គ្រាមឥណ្ឌូចិន វៀតណាម ឡាវ និងកម្ពុជា គាត់ធ្លាប់និយាយថា « America Has No Permanent Friends or Enemies, Only Interests » ប្រែមកថា « អាមេរិកគ្មានមិត្តឬសត្រូវជាអចិន្ត្រៃយ៍ទេ មានតែប្រយោជន៍មួយប៉ុណ្ណោះ» ។

៣. កត្តាកំណត់បញ្ចប់សង្គ្រាមផ្ទៃក្នុងកម្ពុជា គឺការចរចា ស្រុះស្រួល ព្រមព្រៀងគ្នារវាងភាគីខ្មែរស្នេហាជាតិទាំង៤ រួមមាន ភាគីរដ្ឋកម្ពុជា ភាគីរាជានិយម ភាគីសាធារណរដ្ឋ និងភាគីខ្មែរក្រហម។ ក្នុងនោះ ភាគីកំណត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ គឺភាគីរដ្ឋកម្ពុជាដែលជាភាគីធំកាន់អំណាចពិតប្រាកដ ដោយបានគ្រប់គ្រងរចនាសម្ព័ន្ធរដ្ឋបាលជាក់ស្ដែងលើទឹកដីនិងប្រជាជនជាង ៩០% ។

គេអាចស្រមៃឃើញយ៉ាងច្បាស់ថា ប្រសិនបើភាគីរដ្ឋកម្ពុជាគ្មានភាពស្មោះត្រង់ សុខចិត្តលះបង់ធ្វើសម្បទានច្រើនជាងគេ ក្នុងការចរចាធ្វើឱ្យមានការព្រមព្រៀង និងក្នុងការអនុវត្តកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមប្ដូរយកសន្តិភាពទេនោះ តើមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣តុលា បានឬទេ? ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ពេលចាប់ផ្ដើមអនុវត្ត ភាគីខ្មែរក្រហមបានដើរចោលកិច្ចព្រមព្រៀង។ ពេលនោះ ប្រសិនបើភាគីរដ្ឋកម្ពុជាដើរចោលវិញ តើបេសកកម្មដ៏ធំជាងគេក្នុងប្រវត្តិរបស់អង្គការសហប្រជាជាតិដែលមានកម្លាំងទ័ពមួកខៀវនិងមន្ត្រីស៊ីវិលជាង ១ម៉ឺន២ពាន់នាក់ និងបានចំណាយលុយអស់ជិត ២ពាន់លានដុល្លារ នៅពេលនោះ នឹងក្លាយទៅជាយ៉ាងណា? តើមានពន្លឺឬស្រមោលសន្តិភាពនៅកម្ពុជាដោយពិតប្រាកដបានឬទេ?

សរុបមកវិញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ គ្រាន់តែជាឯកសារផែនការសន្តិភាព (Peace Plan) សម្រាប់ដោះស្រាយបញ្ហាកម្ពុជា។ វាក៏អាចជាផែនទីបង្ហាញផ្លូវ (Roadmap) សម្រាប់កម្ពុជាឆ្ពោះទៅកាន់ការបញ្ចប់សង្គ្រាមដោយខ្លួនឯង ដើម្បីបុព្វហេតុសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែងរបស់កម្ពុជានាពេលក្រោយមកទៀតតែប៉ុណ្ណោះ។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗដែលបានកើតឡើងនៅកម្ពុជាក្នុងរយៈពេលជាង៣ទសវត្ស ក្រោយការបញ្ចប់បេសកកម្មអន្តរាគមន៍ដ៏ធំសម្បើមរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) នៅឆ្នាំ១៩៩៣ បានបង្ហាញច្បាស់ថា សន្តិភាពរបស់ប្រទេសមួយកើតមានឡើងនិងថែរក្សាការពារឱ្យស្ថិតស្ថេរចីរកាលទៅបាន គឺអាស្រ័យដោយប្រជាជនម្ចាស់ស្រុកខ្លួនឯងផ្ទាល់។ រីឯការជួយឧបត្ថម្ភគាំទ្រពីខាងក្រៅរបស់សហគមន៍អន្តរជាតិ ដែលជាធាតុគួបផ្សំមិនអាចកាត់ផ្ដាច់បាន គឺដើម្បីធានាបរិយាកាសនយោបាយ
ភូមិសាស្ត្រនិងសណ្ដាប់ធ្នាប់ពិភពលោកដែលសម្របសម្រួលផ្ដល់អំណោយផលដល់បរិបទផ្ទៃក្នុងរបស់ប្រទេសនោះ។

ចុងក្រោយ សង្គ្រាមផ្ទៃក្នុងកម្ពុជាត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៨ ដោយនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ ហេតុនេះ ប្រការដែលមានមតិលើកឡើងថា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ពីកាលណោះ ទើបមានអ្វីៗទាំងអស់នៅពេលនេះ រាប់ចាប់តាំងពីសន្តិភាព វិបុលភាព និងប្រជាធិបតេយ្យនៅកម្ពុជា គឺហាក់ដូចជាការបំផ្លើសសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា។ ការពិត អ្វីដែលកំពុងកើតឡើង
នៅពេលបច្ចុប្បន្ន បានបង្ហាញច្បាស់នូវតថភាព (Reality) ជាក់ស្ដែងពីបុព្វបទ (Prelude) ពីអត្ថិភាព (Existence) និងពីចក្ខុទស្សន៍ (Perspective) របស់កម្ពុជានៅលើដំណើរផ្លូវទៅកាន់អនាគតវែងឆ្ងាយ ដែលពលរដ្ឋរួមជាតិទាំងអស់ មិនគួរបំភ្លេច បំភ្លៃ ឬបំផ្លាញទៅតាមមហិច្ឆតានយោបាយផ្ទាល់ខ្លួននោះឡើយ។

មតិដែលបានលើកឡើងតាមមេសូត្រច្រំដែល (Rhetoric) ពីប្រការដែលថាត្រូវយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា មកអនុវត្តឡើងវិញសម្រាប់ធ្វើជាមធ្យោបាយដោះស្រាយនៅពេលដែលកម្ពុជាជួបបញ្ហាប្រឈមនានា តួយ៉ាងដូចជាសង្គ្រាម៥ថ្ងៃកន្លងទៅ គឺជាក្ដីស្រមៃ (Delusion) ហួសឆ្ងាយពីការពិតជាក់ស្ដែង (Beyond the Reality) និងជាសំណូមពរមួយដែលមិនអាចទៅរួច (Demand
the Impossible) ព្រោះថា គេមិនអាចយកកម្ពុជាដែលកំពុងស្ថិតក្នុងស្ថានភាព ទេសៈកាលៈនៃបរិការណ៍នាពេលសព្វថ្ងៃត្រលប់ទៅកាន់អ្វីៗដែលបានកន្លងផុតទៅកាលពីជាង៣០ឆ្នាំមុននោះបានឡើយ បើគិតពីទិដ្ឋភាពគតិយុត្ត (Juridical Aspect) នីតិរដ្ឋ (Rule of Law) និងលទ្ធិប្រជាធិបតេយ្យ (Democracy) ។ល។

ម្យ៉ាងវិញទៀត ប្រសិនបើនៅតែសំអាងគ្មានទីបញ្ចប់លើកិច្ចព្រមព្រៀងមួយដែលអស់អាជ្ញាយុកាលទៅហើយនោះ វានាំឱ្យមានបច្ច័យមិនគាប់ប្រសើរ ៣យ៉ាង ១៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ ពុំមានគុណតម្លៃអ្វីសោះសម្រាប់
ការវិវត្តរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមករហូតដល់បច្ចុប្បន្ននេះ ២៖ កម្ពុជាពុំអាចធ្វើអ្វីដោយខ្លួនឯងបាន ព្រោះតែពុំជឿជាក់លើកម្លាំងខ្លួនឯង ហើយនៅតែបន្តរស់ដោយក្ដីសោកសង្រេង ស្រមើស្រមៃពីអតីតកាលដ៏ខ្មៅងងឹត ដោយពុំព្រមរៀនសូត្រពីកំហុសរបស់ខ្លួនឯងម្ដងណាសោះឡើយ (No Lessons Learned) ៣៖ សហគមន៍អន្តរជាតិប្រាកដជាខកចិត្តនិងលែងមានជំនឿលើសមត្ថភាពផ្ទាល់របស់កម្ពុជា ព្រោះយើងប្រៀបហាក់ដូចជាកុមារពិការដែលត្រូវការជំនួយ និងការគាំទ្រពីខាងក្រៅជារៀងរហូតគ្មានទីបញ្ចប់។

ឆ្លងកាត់ ប្រឈមនឹងស្ថានការណ៍ប្រែប្រួលឆាប់រហ័សនិងមិនប្រាកដប្រជានៃពិភពលោកបច្ចុប្បន្ន ប្រទេសនីមួយៗមិនអាចស្ថិតស្ថេរ គង់វង្សបានទេ ប្រសិនបើយើងគ្មានភាពធន់ (Resilience) សមល្មមដើម្បីរស់រានមានជីវិតដោយខ្លួនឯង និងបន្តជំហានយ៉ាងរឹងមាំលើកំណាត់ផ្លូវដ៏សែនចម្រូងចម្រាសឆ្ពោះទៅអនាគត។ និយាយយ៉ាងសាមញ្ញឱ្យងាយស្រួលស្ដាប់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានធ្វើបរិវត្តកម្ម (Transformation) រួចស្រេចហើយ ទៅជារដ្ឋធម្មនុញ្ញ ទៅជាប្រទេសនីតិរដ្ឋប្រកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានសន្តិភាព វឌ្ឍនភាពនិងវិបុលភាព។

ខ្ញុំសង្ឃឹមថា រឿងរ៉ាវប្រវត្តិសាស្ត្ររបស់កម្ពុជាតាំងពីដើមរៀងមកទល់ដល់សព្វថ្ងៃ មិនត្រឹមតែជាមេរៀនពិសោធសម្រាប់កម្ពុជាខ្លួនឯងប៉ុណ្ណោះទេ វាពិតជាអាចនឹងក្លាយជាមេរៀនពិសោធសម្រាប់ប្រទេសដទៃទៀតផងដែរ រួមមាន អ៊ុយក្រែន ប៉ាឡេស្ទីន និងស៊ូដង់… ដែលបាននិងកំពុងឆ្លងកាត់ព្យុះព្យោមានៃសង្គ្រាមគ្រប់យ៉ាង រួមទាំងប្រទេសដទៃដែលកំពុងឆ្លងកាត់កោលាហល ចលាចល និងការបះបោរផ្ទៃក្នុង (Unrests) ផ្សេងៗទៀត…។ល។

សូមបញ្ជាក់ថា អត្ថបទនេះជាសំណេររបស់ ទេស ទុំ ដែលបានដកស្រង់ និងកែសម្រួលខ្លឹមសារពីអត្ថបទដើមនៃសៀវភៅ “រដ្ឋមន្ត្រីកូវីដ” របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ៕

ស្មេរ ទេស ទុំ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥

អត្ថបទទាក់ទង