Grand News Asia Close

វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើតុលាការធម្មនុញ្ញថៃ ដកតំណែងនាយករដ្ឋមន្ត្រី លោក សេដ្ឋា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 1300
វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើតុលាការធម្មនុញ្ញថៃ ដកតំណែងនាយករដ្ឋមន្ត្រី លោក សេដ្ឋា? វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើតុលាការធម្មនុញ្ញថៃ ដកតំណែងនាយករដ្ឋមន្ត្រី លោក សេដ្ឋា?

(បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ កាលពីថ្ងៃទី១២ ខែមិថុនា បាននិយាយថា ខ្លួននឹងបើកសវនាការជំនុំជម្រះនាថ្ងៃទី១៨ ខែមិថុនា សម្រាប់សំណុំរឿងមួយដែលអាចនឹងឈាន ដល់ការដកតំណែងនាយករដ្ឋមន្រ្តី លោក សេដ្ឋា ថាវីស៉ីន។ សំណុំរឿងប្រឆាំងលោក សេដ្ឋា ត្រូវបានផ្តើមឡើងដោយសមាជិកព្រឹទ្ធសភាថៃ ៤០នាក់ កាលពីខែឧសភាកន្លងទៅ ហើយ​តុលាការធម្មនុញ្ញាថៃ បានសម្រេចទទួលយកសំណុំរឿងនោះ មកពិចារណា។ សមាជិកព្រឹទ្ធសភាថៃទាំងនេះបានចោទប្រកាន់លោក សេដ្ឋាថាបានបំពានក្រមសីលធម៌ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ។ សំណុរឿងនេះពាក់ព័ន្ធទៅនឹងការសម្រេចចិត្តរបស់លោក សេដ្ឋា ក្នុងការ​តែងតាំងអតីតមេធាវីម្នាក់ឈ្មោះ Pichit Chuenban ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី នៅក្នុងជួរគណៈរដ្ឋមន្រ្តី របស់លោកទាំងដែលដឹងថាលោក Pichit ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារពីបទសូកប៉ាន់ និងប្រមាថតុលាការ។ លោក Pichit បានលាលែងពីតំណែងវិញហើយ ក្រោយភាពចម្រូងចម្រាសបាន ផ្ទុះឡើង។

លោក សេដ្ឋា គឺជានាយករដ្ឋមន្ត្រីថៃទី៥ ដែលនឹងត្រូវតតាំងក្ដីនៅឯតុលាការធម្មនុញ្ញ ចាប់តាំងពីតុលាការនេះត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ១៩៩៧មក ដោយក្នុងនោះធ្លាប់មាន នាយករដ្ឋមន្ត្រីថៃ២នាក់ត្រូវបានកាត់ទោសឱ្យជាប់ពិរុទ្ធ ហើយត្រូវបានដកចេញពីតំណែង ខណៈនាយករដ្ឋមន្ត្រី២នាក់ទៀតបានរួចខ្លួន។ នាយករដ្ឋមន្ត្រីដែលត្រូវបានតុលាការធម្មនុញថៃ ចេញសាលក្រមដកតំណែងរួមមានលោក Samak Sundaravej និងលោកស្រី Yingluck Shinawatra។ ចំណែក នាយករដ្ឋមន្ត្រីថៃ២នាក់ដែលបានរួចខ្លួន គឺលោក Thaksin Shinawatra និងលោក Prayut Chan-o-cha។ គេមិនទាន់ដឹងថាតើលោក សេដ្ឋា អាចនឹងបន្តរក្សាកៅអីនាយករដ្ឋមន្ត្រីបានដែរ ឬក៏យ៉ាងណានោះទេ? ប៉ុន្តែចុះបើតុលាការធម្មនុញ្ញដកតំណែងលោក សេដ្ឋាវិញ តើនឹងមានរឿងអ្វីកើតឡើង?

* សេណារីយ៉ូដែលអាចទៅរួច
លោក សេដ្ឋា មិនបានបង្អែបង្អង់ឡើយ ដោយបានដាក់ជូនតុលាការធម្មនុញ្ញនូវអំណះអំណាងការពារខ្លួន នាំឱ្យក្រុមអ្នកវិភាគជឿថារូបលោកមានទំនុកចិត្តថាសំណុំរឿងនឹងបិទបញ្ចប់ទៅ តាម ការចង់បានរបស់លោក។ ក្រុមអ្នកវិភាគក៏ជឿជាក់ដែរថាលោក សេដ្ឋា បាន និងកំពុងពង្រឹងឱកាសរក្សាកៅអីនាយករដ្ឋមន្ត្រី បន្ទាប់ពីលោកបានតែងតាំងអ្នកជំនាញច្បាប់ម្នាក់គឺលោក Wissanu Krea-ngam ជាទីប្រឹក្សារបស់លោក។ លោក Wissanu ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថៃអាណត្តិមុន ហើយក៏ជាមនុស្សម្នាក់ដែលបានជួយលោក Prayut រួចផុតពី ពាក្យបណ្ដឹងចំនួន៥ នៅឯតុលាការធម្មនុញ្ញក្នុងពេលកំពុងកាន់អំណាចផងដែរ។ តែយ៉ាងណាក៏ដោយ ប្រសិនបើតុលាការរកឃើញថាលោក សេដ្ឋាមានពិរុទ្ធ នោះលោកអាចនឹងបាត់បង់តំណែង ជានាយករដ្ឋមន្ត្រី ដែលអាចនឹងនាំឱ្យមានការចរចាសម្រុះសម្រួលគ្នាសាជាថ្មីនៅក្នុងចំណោមគណបក្សស្ថិតក្នុងរដ្ឋាភិបាលចម្រុះសព្វថ្ងៃ។ តាមក្រុមអ្នកវិភាគ ប្រសិនបើលោក សេដ្ឋាត្រូវបានដក តំណែងមែន នោះគណបក្ស Pheu Thai នឹងកា្លយជាអ្នកខាតបង់ច្រើនជាងគេ។

បញ្ហានៅទីនេះ គឺស្ថិតនៅត្រង់ថាបេក្ខជននាយករដ្ឋមន្ត្រី២នាក់ផ្សេងទៀតមកពីគណបក្ស Pheu Thai ហាក់មិនបានត្រៀមខ្លួនរួចរាល់ដើម្បីឡើងកាន់តំណែងជំនួសលោក សេដ្ឋា ដឹកនាំ រដ្ឋាភិបាលថ្មីមួយនោះឡើយ។ ប្រធានគណបក្ស Pheu Thai អ្នកស្រី Paetongtarn បានសារភាពកាលពីចុងខែឧសភាកន្លងទៅថាអ្នកស្រីមិនទាន់ត្រៀមលក្ខណៈរួចរាល់ដើម្បីក្លាយជា នាយករដ្ឋមន្ត្រីរបស់ថៃទេ។ ចំណែក បេក្ខជនម្នាក់ទៀត គឺលោក Chaikasem Nitisiri មានអាយុ ៧៥ឆ្នាំ ក៏ត្រូវបានរាយការណ៍ដែរថាមានបញ្ហាសុខភាពប្រចាំកាយ។ លោកធ្លាប់បានធ្លាក់ខ្លួន ឈឺភ្លាមៗ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ អំឡុងធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។ ជាការពិតណាស់ ទោះបីជាតុលាការធម្មនុញ្ញ ចេញសាលក្រមដកតំណែងលោក សេដ្ឋាក៏ដោយ ក៏ច្បាប់មិនបានរារាំងរូបលោកឈរឈ្មោះជាថ្មីប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីនោះដែរ។ ក៏ប៉ុន្តែ ការតែងតាំងលោក សេដ្ឋា ជាបេក្ខជននាយករដ្ឋមន្ត្រីម្ដងទៀត នៅក្នុងសេណារីយ៉ូបែបនេះ ទំនងជានឹងមិនអាចទៅរួចទេ ពីព្រោះវាមានតែបង្កភាពស្មុគស្មាញដល់លោក សេដ្ឋាខ្លួនឯង និងគណបក្ស Pheu Thai តែប៉ុណ្ណោះ។

* បេក្ខជនដែលអាចក្លាយជានាយករដ្ឋមន្ត្រី
នៅក្នុងករណីដែលតុលាការធម្មនុញ្ញថៃ​ចេញសាលក្រមប្រឆាំងនឹងលោក សេដ្ឋា ហើយដករូបលោកចេញពីតំណែងជានាយករដ្ឋមន្ត្រី នោះរដ្ឋសភាថៃនឹងរៀបចំការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី។ បើយោងតាមរដ្ឋធម្មនុញ្ញថៃ បេក្ខជនទាំងអស់ត្រូវតែជាអ្នកដែលធ្លាប់ត្រូវបានគណបក្សនយោបាយតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតសកលកាលពី ឆ្នាំ២០២៣។ ពួកគេក៏ត្រូវតែមកពីគណបក្សដែលមានសមាជិកសភារបស់ខ្លួន ២៥រូប ឬទទួលបានអាសនៈ ៥ភាគរយ នៃអាសនៈរដ្ឋសភាសរុប។ បេក្ខជនដែលចង់ឈ្នះក្នុងការប្រកួតប្រជែង ត្រូវប្រមូលឱ្យបានសំឡេងគាំទ្រភាគច្រើនយ៉ាងតិច ២៥១សំឡេងពីសមាជិករដ្ឋសភាទាំង៥០០រូប។

ក្នុងពេលបច្ចុប្បន្ន គណបក្សនយោបាយថៃដែលបំពេញតាមគ្រប់លក្ខខណ្ឌទាំងនេះ មានចំនួន ៦ គឺ Move Forward (មាន១៥១អាសនៈ) Pheu Thai (មាន១៤១អាសនៈ), Bhumjaithai (៧១អាសនៈ) Palang Pracharath (៤០អាសនៈ) United Thai Nation (៣៦អាសនៈ) និងគណបក្ស Democrat Party (២៥អាសនៈ)។ នៅក្នុងជួររដ្ឋាភិបាលចម្រុះ Pheu Thai មានបេក្ខជននាយករដ្ឋមន្ត្រីដូចជាលោក សេដ្ឋា អ្នកស្រី Paetongtarn និងលោក Chaikasem ខណៈគណបក្ស Bhumjaithai មានបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់គត់គឺលោក Anutin Charnvirakul ជាមេដឹកនាំគណបក្សតែម្តង។ បេក្ខជនមកពីគណបក្ស Palang Pracharath គឺមេដឹកនាំបក្ស លោក Prawit Wongsuwan ហើយបេក្ខជនរបស់គណបក្ស United Thai Nation គឺអតីតនាយករដ្ឋមន្ត្រីថៃ លោក Prayut និងមេដឹកនាំបក្ស លោក Pirapan Salirathavibhaga។ តែលោក Prayut បានចូលនិវត្តន៍ពីនយោបាយទៅហើយ និងបានក្លាយជាសមាជិក មួយរូបនៃឧត្តមប្រឹក្សាព្រះមហាក្សត្រ។

ចំណែក នៅខាងគណបក្សប្រឆាំងវិញ បេក្ខជនរបស់គណបក្ស Move Forward មានតែម្នាក់គត់ គឺអតីតមេដឹកនាំបក្ស លោក Pita Limjaroenrat ខណៈខាងបក្ស Democrats មានអតីតមេដឹកនាំរបស់ខ្លួន គឺលោក Jurin Laksanawisit ជាបេក្ខជននាយករដ្ឋមន្ត្រី៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង