Grand News Asia Close

ទស្សនៈមិត្តអ្នកអាន៖ អ្នកនយោបាយតំបន់មេគង្គ ត្រូវចេះញែកឲ្យដាច់រវាងសេដ្ឋកិច្ច និងនយោបាយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 345
ទស្សនៈមិត្តអ្នកអាន៖ អ្នកនយោបាយតំបន់មេគង្គ ត្រូវចេះញែកឲ្យដាច់រវាងសេដ្ឋកិច្ច និងនយោបាយ ទស្សនៈមិត្តអ្នកអាន៖ អ្នកនយោបាយតំបន់មេគង្គ ត្រូវចេះញែកឲ្យដាច់រវាងសេដ្ឋកិច្ច និងនយោបាយ

 

(ភ្នំពេញ)៖ ថ្មីៗនេះមានការព្រួយបារម្ភរបស់ពលករចំណាកស្រុកថា រដ្ឋាភិបាលថៃអាណត្តិក្រោយ អាចនឹងបណ្តេញពលករខ្មែរ និងឡាវចេញពីប្រទេសថៃ។ ទោះបីជារដ្ឋាភិបាលថៃ មិនមានកំណត់គោលនយោបាយជាក់លាក់បែបនេះក៏ដោយ ក៏ក្តីបារម្ភនេះមិនមែនសុទ្ធតែគ្មានមូលដ្ឋាននោះដែរ ព្រោះថា ពីអតីតកាល ប្រទេសថៃធ្លាប់បានបណ្តេញពលករខ្មែរប្រមាណជា ២សែននាក់ចេញពីប្រទេសខ្លួន កាលពីខែមិថុនា ឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារយោធានៅថ្ងៃទី២២ ខែឧសភា។ ការបណ្តេញចេញនេះត្រូវបានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបរិយាយថា ធ្វើឡើងដោយ «អសីលធម៌ និងអមនុស្សធម៌»។

ប្រសិនបើគោលនយោបាយជាតិនិយមជ្រុលបែបនេះ កើតឡើងមែន វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ភាគីទាំងសងខាង។ បើមើលពីសំបកខាងក្រៅ មើលទៅហាក់ដូចជាប្រជាជនកម្ពុជាទទួលរងគ្រោះតែម្ខាង ប៉ុន្តែ តាមពិតទៅ នយោបាយបែបនេះគឺជាការកាត់ដៃសេដ្ឋកិច្ចថៃ។ ជាក់ស្តែង ពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា កំពុងធ្វើការងារពលកម្មដែលប្រជាជនថៃ លែងចង់ធ្វើដោយសារថា សេដ្ឋកិច្ចរបស់ថៃមានការលូតលាស់ឈានទៅរកសេដ្ឋកិច្ចដែលផ្អែកលើសមត្ថភាពជំនាញ ជាជាងសេដ្ឋកិច្ចអតិពលកម្ម (ផ្តោតខ្លាំងលើកម្លាំងពលកម្មរាងកាយ)។

អ្នកនយោបាយថៃ គួរតែការគោរព និងផ្តល់តម្លៃចំពោះពលករចំណាកស្រុកទាំងនេះ ពីព្រោះថា បើគ្មានពួកគេទេ ប្រជាជនថៃប្រាកដជាមិនអាចរស់នៅដោយស្រណុកសុខស្រួល និងមានជីវភាពធូរធារជាងមុននោះទេ។ ពួកគេត្រូវគោរពចំពោះអ្នកដែលជួយទ្រទ្រង់ដល់ជីវភាព និងមូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេសថៃ ជាជាងការញុះញង់គំនិតជាតិនិយមជ្រុលលើវិស័យសេដ្ឋកិច្ច ដើម្បីការចំណេញផ្នែកនយោបាយ។

វាមានសារៈសំខាន់ណាស់ក្នុងការរំលឹកឡើងវិញ នូវគោលការណ៍ណែនាំនៃសេចក្តីថ្លែងការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ និងកិច្ចព្រមព្រៀងអាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានបញ្ជាក់យ៉ាងច្បាស់ពីសិទ្ធិពលករទេសន្តរប្រវេសន៍ និងសមាជិកនៃគ្រួសាររបស់ពួកគេ ដែលកំពុងតែរួមរស់ ជាមួយពួកគេនៅក្រៅប្រទេស និងការទទួលស្គាល់ការទទួលខុសត្រូវរួម និងមានតុល្យភាពរវាងរដ្ឋទទួល និងរដ្ឋបញ្ជូនពលករនៅក្នុងតំបន់អាស៊ាន ដើម្បីលើកកម្ពស់សក្តានុពលពេញលេញរបស់ពលករ សេចក្តីថ្លៃថ្នូរ សិទ្ធិជាមូលដ្ឋានរបស់ពួកគេ និងការទទួលពួកគេដោយស្មើភាព។

អ្នកនយោបាយដែលមានទំនួលខុសត្រូវ នៅក្នុងតំបន់មេគង្គគួរតែប្រុងប្រយ័ត្នក្នុងការផ្តួចផ្តើមគោលនយោបាយជ្រុលនិយម ដែលអាចប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់។ ពួកគេត្រូវញែកឱ្យដាច់រវាងសេដ្ឋកិច្ច និងនយោបាយ។
បើមើលពីករណីរបស់អ្នកនយោបាយប្រឆាំងរបស់ខ្មែរវិញ គឺរិតតែយ៉ាប់យ៉ឺនជាងថៃទៅទៀត។ ឧទាហរណ៍ជាក់ស្តែង គឺដូចអ្នកប្រឆាំងអសោចកេរ្តិ៍ លោក សម រង្ស៉ី មានស្ទីលនយោបាយរបស់ខ្លួន គឺការញុះញង់ឱ្យមានអំពើហិង្សាមិនចេះចប់ ដូចជាការអំពាវនាវឱ្យមានការបះបោរដោយយោធា និងការបះបោរដោយកម្លាំងប្រជាជនដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដែលកំពុងកាន់អំណាច។ នរណាក៏ស្គាល់គាត់ច្បាស់ដោយសារនយោបាយរើសអើងពូជសាសន៍ និងការញុះញង់ឱ្យស្អប់ចិន និងវៀតណាម។ ប៉ុន្តែ អ្វីដែលបារម្ភបំផុតនោះគឺយុទ្ធនាការបញ្ចុះបញ្ចូលរបស់ក្រុមប្រឆាំងរបស់គាត់ ដែលលើកទឹកចិត្តឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីកម្ពុជា។ ក្រុមប្រឆាំងតែងតែព្យាយាមញុះញង់ឱ្យអ្នកនយោបាយបរទេសដាក់លក្ខខណ្ឌ និងសម្ពាធសេដ្ឋកិច្ច ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរនយោបាយក្នុងស្រុកនៅកម្ពុជា។

បើមានការដកប្រព័ន្ធអនុគ្រោះពន្ធ ដូចការដែលក្រុមប្រឆាំងញុះញង់ចង់បាន នោះនឹងធ្វើឱ្យមានការប៉ះពាល់ដល់វិស័យកាត់ដេរធ្ងន់ធ្ងរជាងគេបំផុត។ សម្រាប់ពួកប្រឆាំង ពួកគេមិនខ្វល់ពីការបាត់បង់ការងាររបស់កម្មករជិត ៨សែននាក់ក្នុងវិស័យកាត់ដេរ ដែលភាគច្រើនលើសលុបជាស្ត្រីនោះទេ ឱ្យតែពួកគេសម្រេចបាននូវមហិច្ឆតានយោបាយក្នុងការបង្កឱ្យមានចលាចលសេដ្ឋកិច្ចក្នុងស្រុក និងការបំផ្លាញមូលដ្ឋានគាំទ្រផ្នែកនយោបាយចំពោះរាជរដ្ឋាភិបាលកាន់អំណាច។ ទង្វើរបស់ពួកគេគឺមិនខុសអ្វីពីការដុតផ្ទះទាំងមូលដើម្បីស្ងោរពងមាន់មួយគ្រាប់ឱ្យឆ្អិននោះទេ។

ការពិតដែលយើងត្រូវទទួលស្គាល់ គឺគុណធម៌របស់អ្នកនយោបាយថៃ ដូចជា លោក តាក់ស៊ីន និងលោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់។ សម្រាប់ពួកគាត់ បើទោះបីជាមានគំនុំគុំគួនចំពោះរដ្ឋប្រហារដកអំណាច និងការដាក់ឱ្យនិរទេសខ្លួនក៏ដោយ ក៏ពួកគាត់មិនដែលអំពាវនាវឱ្យរដ្ឋាភិបាលបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសថៃនោះឡើយ។

អ្នកនយោបាយមីយ៉ាន់ម៉ាក៏ដូចគ្នា លោកស្រី អោង សាន់ ស៊ូជី មិនថាគាត់ត្រូវជាប់ឃុំឃាំងទាំងមុនពេលឡើងកាន់អំណាច និងក្រោយពេលខ្ទាតចេញពីអំណាចដោយរដ្ឋប្រហារយោធាយ៉ាងដូចម្តេចក្តី ទោះបីជាលោកស្រីកំពុងជាប់ឃុំក្នុងពន្ធនាគារ និងមានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការកំចាត់ក្រុមយោធាចេញពីស្ថាប័នគ្រប់គ្រងរដ្ឋរបស់មីយ៉ាន់ម៉ាយ៉ាងណាក៏ដោយ ក៏លោកស្រីមិនដែលទាល់តែសោះក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលបរទេសបំផ្លិចបំផ្លាញសេដ្ឋកិច្ចមីយ៉ាន់ម៉ា។

បើគិតពីនយោបាយការបរទេស និងភាពជាអ្នកជិតខាងវិញ យើងអាចពិនិត្យពិចៃ និងធ្វើការកត់សំគាល់លើទំនាក់ទំនងរវាងចិន និងវៀតណាម។ ប្រទេសទាំងពីរនេះ ជាទូទៅ ពួកគេអាចមានសង្គ្រាមជាមួយគ្នានៅថ្ងៃស្អែក ក៏មិនដឹងផងទេ ដោយសារតែរឿងទំនាស់ដែនអធិបតេយ្យលើតំបន់សមុទ្រចិនខាងត្បូង។ យ៉ាងណាក្តី អ្នកនយោបាយនៃប្រទេសទាំងពីរកម្រនឹងធ្វើឱ្យមានការប៉ះទង្គិចទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរបស់ពួកគេណាស់។

ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងចិនបានកើនឡើងដល់ ២៣៤,៩ ប៊ីលានដុល្លារអាមេរិកកាលពីឆ្នាំ២០២២ ដែលជាការកើនឡើងទ្វេដងធៀបនឹង៤ឆ្នាំមុន គឺឆ្នាំ២០១៨ ដែលមានទំហំ ១០៦,៧១ប៊ីលានដុល្លារ។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង១០ និងជាដៃគូធំបំផុតទី៦ របស់ចិន ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់ក្នុងពិភពលោក។

ជំនួសឱ្យការបំផ្លាញទំនាក់ទំនងសេដ្ឋកិច្ច ប្រទេសចិន និងវៀតណាមមានតែពង្រឹងកាន់តែខ្លាំងថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជនរបស់ពួកគេ ដោយសារតែពួកគេគិតថា ទំនាក់ទំនងសេដ្ឋកិច្ចខ្លាំងនឹងអាចក្លាយជាទ្រនាប់ការពារសន្តិភាព កុំឱ្យមានការបង្កសង្គ្រាមដែលគ្មាននរណាចង់បាន។
អ្នកនយោបាយក្នុងតំបន់មេគង្គត្រូវមានក្រមសីលធម៌ និងគុណធម៌ ក្នុងការបែងចែកឱ្យដាច់រវាងសេដ្ឋកិច្ច និងនយោបាយ។

សម្រាប់នយោបាយក្នុងស្រុក មិនថាមានការប្រកួតប្រជែងនយោបាយជូរចត់យ៉ាងណាក៏ដោយ ក៏អ្នកនយោបាយមិនត្រូវសុំឱ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសខ្លួនឯងដែរ។ សម្រាប់ទំនាក់ទំនងការបរទេស បើទោះជាមាននយោបាយខុសគ្នាក៏ដោយ ក៏អ្នកនយោបាយនៃប្រទេសនីមួយៗត្រូវតែប្រុងប្រយ័ត្នកុំធ្វើឱ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រោះថា សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់មេគង្គ សុទ្ធតែពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងខ្លាំង។

នេះជាកាតព្វកិច្ច ជាគុណធម៌ និងជាសីលធម៌ដែលអ្នកនយោបាយក្នុងតំបន់មេគង្គត្រូវប្រកាន់យក ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាពរួមគ្នារបស់ប្រជាពលរដ្ឋក្នុងតំបន់របស់យើង៕

ដោយ៖ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អត្ថបទទាក់ទង