Grand News Asia Close

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងលូកដៃចូលក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 243
វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងលូកដៃចូលក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ឬ? វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងលូកដៃចូលក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ឬ?

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានសន្យាជួយអ៉ីស្រាអែលដោយគ្មានងាករេ ភ្ជាប់ជាមួយការគាំទ្រនូវអ្វីដែលអ៉ីស្រាអែលហៅថាជាសិទ្ធិ ស្វ័យការពារខ្លួនប្រឆាំងក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ ក្នុងការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ប៉ុន្តែ ដោយសំអាងលើសិទ្ធិស្វ័យការពារនេះដែរ អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកមិនរើសមុខលើតំបន់ហ្កាហ្សា សម្រាប់ជនជាតិប៉ាឡេស្ទីនជាង ១៥,២០០នាក់ គួបផ្សំនឹងការធ្វើសង្រ្គាមតាមជើងគោកក្នុងគោលដៅកម្ទេចក្រុមហាម៉ាស។

ជាការបង្ហាញពីសាមគ្គីភាព លោក ចូ បៃដិន បានធ្វើទស្សនកិច្ច កាលពីថ្ងៃ១១ ខែតុលា ទៅកាន់អ៉ីស្រាអែលជាទីដែលលោកត្រូវបានទទួល ស្វាគមន៍ដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅឯអាកាសយានដ្ឋាន និងបានសន្យាដោយផ្ទាល់ថា សហរដ្ឋអាមេរិកនឹងបង្កើនការផ្ដល់ជំនួយឱ្យអ៉ីស្រាអែល។ សហរដ្ឋអាមេរិកជាប្រទេសដំបូងបំផុតបានប្រកាសទទួលស្គាល់អ៉ីស្រាអែល នៅពេលប្រកាសឯករាជ្យក្នុងឆ្នាំ១៩៤៨។ ចាប់តាំងពីពេលនោះមក អ៉ីស្រាអែលបានក្លាយជាសម្ព័ន្ធមិត្តដែលទទួលបានជំនួយយោធា ច្រើនជាងគេបំផុតពីសហរដ្ឋអាមេរិក ដោយក្នុងមួយឆ្នាំៗអ៉ីស្រាអែលទទួលបានជំនួយយោធា ៣.៣ពាន់លានដុល្លារ បូកបន្ថែម ៥០០លានដុល្លារសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល។ តាម Congressional Research Service សហរដ្ឋអាមេរិកបានផ្ដល់ជំនួយឱ្យ អ៉ីស្រាអែលសរុប ១៥៨ពាន់លានដុល្លារ។

ដូច្នេះវាមិនមែនជារឿងចម្លែកនោះទេដែលសហរដ្ឋអាមេរិកគាំទ្រអ៉ីស្រាអែលក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ ប៉ុន្តែតាមរយៈការជួយ នេះ តើសហរដ្ឋអាមេរិកកំពុងលូកដៃចូលក្នុងសង្រ្គាមនៅហ្កាហ្សាឬ?

* តើសហរដ្ឋអាមេរិក កំពុងធ្វើអ្វី ខណៈអ៉ីស្រាអែលបន្តធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាស?
នៅចំពោះមុខការព្រួយបារម្ភខ្លាចក្រែងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល មន្ទីរបញ្ចកោណបានបញ្ជូនកងនាវាចម្បាំងជាច្រើនគ្រឿងដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ទៅកាន់សមុទ្រ មេឌីទែរ៉ាណេខាងកើត ជាផ្នែកមួយនៃការសម្ញែងសាច់ដុំកំញើញកុំឱ្យតួអង្គដទៃ តួយ៉ាងដូចជាអ៉ីរ៉ង់ និងក្រុមចលនាប្រដាប់អាវុធគាំទ្រដោយ អ៉ីរ៉ង់ដូចជាហេសបូលឡា និងក្រុមហ៊ូទីយេម៉ែនលូកដៃចូលក្នុងសង្រ្គាម ក៏ដូចជាការពារអ៉ីស្រាអែលពីការវាយប្រហារទាំងឡាយ និងជាការត្រៀមលក្ខណៈជម្លៀសពលរដ្ឋអាមេរិក នៅក្នុងករណីចាំបាច់។

តាមក្រុមអ្នកវិភាគ សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសអាចនឹងផ្ទុះរាលដាលកាន់តែធំ ប្រសិនបើក្រុមហេសបូឡា ឬក្រុមហ៊ូទី ប្រកាសធ្វើ សង្រ្គាមទាំងស្រុងប្រឆាំងអ៉ីស្រាអែល។ ក្រុមមន្ត្រីអាមេរិក ក៏បានអះអាងដែរថាការបញ្ជូនកងនាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាគឺមាន គោលបំណងទប់ស្កាត់កុំសង្រ្គាមផ្ទុះរាលដាលកាន់តែធំ។ ព្រមពេលជាមួយគ្នា នាវាចម្បាំងអាមេរិកត្រូវបានរាយការណ៍ថាបានបាញ់ស្កាត់ ទម្លាក់យន្ដហោះដ្រូន និងមីស៊ីលជាច្រើននៅឯតំបន់សមុទ្រក្រហម ដែលបាញ់ចេញពីមូលដ្ឋានរបស់ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន សំដៅ ទៅរកអ៉ីស្រាអែល ខណៈកងទ័ពអាមេរិកឈរជើងនៅអ៉ីរ៉ាក់ និងស៊ីរី ក៏រងការវាយប្រហារជាបន្តបន្ទាប់ដែរ។

* តើមានជំនួយយោធាអ្វីខ្លះដែលសហរដ្ឋអាមេរិកបញ្ជូនឱ្យអ៉ីស្រាអែល?
យន្ដហោះដឹកជំនួយយោធាដំបូងសហរដ្ឋអាមេរិក បានចុះចតនៅឯមូលដ្ឋានទ័ពអាកាស Nevatim របស់អ៉ីស្រាអែលកាលពីថ្ងៃទី១០ ខែតុលា។ មិនតែប៉ុណ្ណោះ មន្ទីរបញ្ចកោណ បានបញ្ជូនកងកម្លាំងយន្ដហោះចម្បាំងបន្ថែម ក្នុងនោះរួមមានទាំងកងកម្លាំងយន្ដហោះចម្បាំង F-16 ទៅកាន់តំបន់មជ្ឈិមបូព៌ា។ នៅថ្ងៃទី១៨ ខែតុលា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់ ក្រុមអ្នកសារព័ត៌មានថាសហរដ្ឋអាមេរិកមិនមានបំណងបញ្ជូនកងទ័ពថ្មើរជើងឱ្យទៅជួយអ៉ីស្រាអែលដោយផ្ទាល់នោះទេ។ តែកម្លាំងអាមេរិក ដូចជានាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford និងក្រុមនាវាពិឃាតប្រដាប់ដោយមីស៊ីលកំពុងប្រចាំការជាស្រេចក្នុងតំបន់។

កាលពីខែតុលា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើឱ្យសភាអាមេរិកទម្លាក់កញ្ចប់ថវិកា ១៤.៣ពាន់លានដុល្លារសម្រាប់អ៉ីស្រាអែល ក្រោមក្របខណ្ឌនៃការស្នើសុំកញ្ចប់ថវិកា ១០៦ពាន់លានដុល្លារ។ កញ្ចប់ជំនួយយោធាសម្រាប់អ៉ីស្រាអែល មាន១០.៦ពាន់លានដុល្លារផ្ដោតលើ ការគាំទ្រដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល រីឯ ៣.៧ពាន់លានដុល្លារត្រូវបានផ្ដល់តាមរយៈក្រសួងការបរទេសអាមេរិក។ ក្រៅតែផ្ដល់ជំនួយយោធា ដល់អ៉ីស្រាអែល លោក បៃដិន បានប្រកាសពីការបញ្ជូនជំនួយ ១០០លានដុល្លារដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីន នៅ Gaza និង West Bank។

ការផ្ដល់ជំនួយយោធាទាំងនេះ កើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីអ៉ីស្រាអែលបានស្នើឱ្យសហរដ្ឋអាមេរិក ជួយបំពេញស្ដុកមីស៊ីលនៃប្រព័ន្ធខែល ប្រឆាំងមីស៊ីល Iron Dome និងគ្រាប់កំាភ្លើងសម្រាប់កាំភ្លើងយន្ដជាដើម។ អ៉ីស្រាអែលក៏បានស្នើផងដែរកិច្ចសហប្រតិបត្តិការបន្ថែម ពីសហរដ្ឋអាមេរិកលើការចែករំលែកព័ត៌មានសម្ងាត់ ជាពិសេសពាក់ព័ន្ធនឹងស្ថានការណ៍នៅភាគខាងត្បូងនៃប្រទេសលីបង់។

គួរបញ្ជាក់ថា អ៉ីស្រាអែល បច្ចុប្បន្ន កំពុងបង្កើនការវាយលុកលើក្រុមហាម៉ាសលើតំបន់ហ្កាហ្សា ដោយបានពង្រីកការវាយប្រហារដល់ភាគខាងត្បូង នៃតំបន់ហ្កាហ្សា ក្រោយបទឈប់បាញ់បណ្ដោះអាសន្នមួយដួលរលំ។ ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលចាប់តាំងពី ថ្ងៃទី៧ ខែតុលាមក ជាការសងសឹកនឹងក្រុមហាម៉ាសដែលបានសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង បានសម្លាប់ ជនជាតិប៉ាឡេស្ទីន ១៥,២០០នាក់ហើយ ក្នុងនោះមានភាគច្រើនជាស្ត្រី និងកុមារ៕

អត្ថបទទាក់ទង