Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីចិន និងមហាអំណាចផ្សេងទៀត នៅតែត្រូវការនាវាផ្ទុកយន្ដហោះចម្បាំង?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1017
វិភាគអន្តរជាតិ៖ ហេតុអ្វីចិន និងមហាអំណាចផ្សេងទៀត នៅតែត្រូវការនាវាផ្ទុកយន្ដហោះចម្បាំង? វិភាគអន្តរជាតិ៖ ហេតុអ្វីចិន និងមហាអំណាចផ្សេងទៀត នៅតែត្រូវការនាវាផ្ទុកយន្ដហោះចម្បាំង?

(ហុងកុង)៖ ហ្វូងដ្រូន និងនាវាមុជទឹកបំបាំងកាយកំពុងដើរតួនាទីកាន់តែច្រើនឡើងនៅក្នុងសង្រ្គាមសម័យទំនើប។ តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញយោធានៅតែមើលឃើញថានាវាផ្ទុកយន្ដហោះចម្បាំងនៅតែជា និមិត្តរូបមួយនៃអំណាចយោធា។ នេះហើយជាមូលហេតុមួយដែលចិន រួមទាំងប្រទេសដទៃទៀតដូចជាបារាំង តួកគី ឥណ្ឌា និងជប៉ុន បោះទុនវិយោគរាប់ពាន់លានដុល្លារលើការអភិវឌ្ឍនាវាចម្បាំង។ សង្រ្គាមអ៊ុយក្រែន និងសង្រ្គាមអ៉ីរ៉ង់បានបង្ហាញរួចទៅហើយថានាវាចម្បាំងនៅលើផ្ទៃទឹកងាយរងការវាយប្រហារពីដ្រូន និងមីស៊ីល។ អំឡុងការឡើងកម្ដៅខ្លាំងបំផុតនៃសង្រ្គាមអ៉ីរ៉ង់កាលពីខែមីនា ឆ្នាំ២០២៦ នាវាផ្ទុកយន្ដហោះចម្បាំង របស់សហរដ្ឋអាមេរិកបានប្ដូរទីតាំងឈរជើងឱ្យឆ្ងាយពីតំបន់ឆ្នេរអ៉ីរ៉ង់ ដើម្បីគេចពីរយៈចម្ងាយបាញ់នៃមីស៊ីលរបស់សត្រូវ។

ព្រមពេលជាមួយគ្នា ដ្រូនអ៊ុយក្រែនក៏បានបង្កការខូចខាតធ្ងន់ធ្ងរដល់កងទ័ពជើងទឹករុស្ស៉ីក្នុងតំបន់សមុទ្រខ្មៅផងដែរ។ ប៉ុន្តែនៅតែមានបណ្ដាប្រទេសជាច្រើនបន្តអភិវឌ្ឍកម្មវិធីនាវាផ្ទុកយន្ដហោះចម្បាំង។ បណ្ដាមហាអំណាចមធ្យមដូចជាបារាំង តួកគី ឥណ្ឌា ជប៉ុន និងឥណ្ឌូណេស៊ី មានគម្រោងបង្កើនចំនួនកងនាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួន ឬក៏កំពុងពិចារណាថាតើគួរតែបង្កើនចំនួននេះឬអត់? លោក​ Lyle Goldstein ជាអ្នកជំនាញខាងយោធាម្នាក់មកពីស្ថាប័ន Defence Priorities មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថាសង្រ្គាមមិនមែនគ្រាន់តែជាការវាយប្រយុទ្ធគ្នាប៉ុណ្ណោះទេ តែវាក៏ជាទម្រង់មួយ នៃនយោបាយផងដែរ ហើយកាលណាបើមានជាប់ពាក់ព័ន្ធនឹងនយោបាយ វានឹងផ្លាស់ប្ដូរការគិត ការសម្លុតគំរាម និងសង្រ្គាមចិត្តសាស្ត្រ។ លោកបន្ថែមថាសង្រ្គាមអ៊ុយក្រែន និងអ៉ីរ៉ង់បានធ្វើឱ្យបណ្ដាប្រទេសទាំងអស់ ចាប់ផ្ដើមគិតថាពួកគេចាំបាច់ត្រូវតែពង្រឹងសមត្ថភាពការពារខ្លួនឯង។

«ទាំងជម្លោះនៅមជ្ឈិមបូព៌ា និងតំបន់អឺរ៉ុបខាងកើតក៏បានបង្ហាញពីសារៈសំខាន់ដ៏ធំនៃការគ្រប់គ្រងផ្លូវទឹក ឬច្រកសមុទ្រ មិនថាវាជាច្រកសមុទ្រតួកគី ឬក៏ច្រកសមុទ្រ Hormuz ឡើយ។ ដូច្នេះវាបានក្រើនរំឮកដល់ បណ្ដាប្រទេសទាំងនោះថាពួកគេងាយរងគ្រោះបំផុត និងមិនអាចផ្ដេកផ្ដួលលើការជួយពីពួកមហាអំណាចនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក Goldstein។ បច្ចុប្បន្ន ចិនកំពុងធ្វើប្រតិបត្តិការ នាវាផ្ទុកយន្ដហោះចម្បាំង ៣គ្រឿង ដែលធ្វើឱ្យចិនក្លាយជាប្រទេសមានកងនាវាផ្ទុកយន្ដហោះចម្បាំងធំលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមាននាវាផ្ទុកយន្ដហោះចម្បាំង ១១គ្រឿង។ ប៉ុន្តែចិនមិនទាន់មាន នាវាផ្ទុកយន្ដហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរដូចសហរដ្ឋអាមេរិកដែលជាប្រភេទនាវាទំនើបបំផុតក្នុងពិភពលោកទេ។ សហរដ្ឋអាមេរិកមានគម្រោងជំនួសនាវាផ្ទុកយន្ដហោះចម្បាំងស៊េរីចាស់ៗប្រភេទ Nimitz-class ដោយនាវាផ្ទុកយន្ដហោះចម្បាំងទំនើបបំផុតប្រភេទ Gerald R. Ford។

បើតាមលោក Goldstein កងនាវាផ្ទុកយន្ដហោះចម្បាំងដ៏ធំណាមួយរបស់ចិន នឹងមិនអាចក្លាយជាអ្នកផ្លាស់ប្ដូរស្ថានការណ៍ក្នុងតំបន់ប៉ាស៊ីហ្វិកទេ ពីព្រោះនាវាចម្បាំងឥលូវងាយរងការវាយប្រហារ។ «ជាទស្សនៈរបស់ខ្ញុំ នាវាមុជទឹក និងដ្រូនទៅវិញដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសង្រ្គាមសម័យទំនើប នាស.វទី២១នេះ។ ម្លោះហើយខណៈនាវាផ្ទុកយន្ដហោះចម្បាំងនៅតែមានសារៈសំខាន់ក្នុងការប្រើប្រាស់ក៏ពិតមែន តែពួកវាមិន សំខាន់ដូចជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឡើយ»។ នេះជាការបន្ថែមរបស់លោក Goldstein។ អ្នកវិភាគយោធាចិន លោក Song Zhongping វិញបាននិយាយថាលោករំពឹងថាចិនអាចសាងសង់ នាវាផ្ទុកយន្ដហោះចម្បាំងបន្ថែមដោយយកនាវាផ្ទុកយន្ដហោះចម្បាំងស៊េរី Type 004 ជាមូលដ្ឋាន។

ក្រៅពីចិន និងសហរដ្ឋអាមេរិក មហាអំណាចផ្សេងទៀតក៏កំពុងសម្លឹងមើលការធ្វើបច្ចុប្បន្នភាពនាវាផ្ទុកយន្ដហោះចម្បាំងរបស់ពួកគេដែរ។ បារាំងមានគម្រោងសាងសង់នាវាផ្ទុកយន្ដហោះចម្បាំងជំនាន់ថ្មីដែលមានទំហំធំ និងទំនើបជាងនាវាផ្ទុកយន្ដហោះចម្បាំងតែមួយគត់របស់ខ្លួនគឺ Charles de Gaulle។ នាវាផ្ទុកយន្ដហោះចម្បាំងជំនាន់ក្រោយនេះមានឈ្មោះថា «France Libre» ហើយត្រូវបានរំពឹងថានឹងត្រូវដាក់ឱ្យដំណើរការ នៅឆ្នាំ២០៣៨។ ចំណែក តួកគីមាននាវាចម្បាំង​​ប្រើ​ក្នុងប្រតិបត្តិការ​​វាយ​លុក​​​ចេញ​ពី​សមុទ្រ​ទៅ​ដី​​គោក (ប្រតិបត្តិការ​លើ​ទឹក​ក៏បាន លើ​គោក​ក៏​បាន) និងបានអភិវឌ្ឍនាវាចម្បាំងប្រភេទនេះទៅជានាវាផ្ទុកដ្រូន។ តួកគី បានចាប់ផ្ដើមសាងសង់នាវាផ្ទុកយន្ដហោះចម្បាំងផលិតក្នុងស្រុកឈ្មោះ MUGEM កាលពីឆ្នាំ២០២៥ ជាប្រភេទនាវាចម្បាំងដ៏ធំមួយដែលអាចដឹកបានទាំងដ្រូន និងយន្ដហោះចម្បាំង ក្នុងនោះរួមទាំងយន្ដហោះចម្បាំង បំបាំងកាយផលិតដោយតួកគីនៅពេលអនាគត។ ឥណ្ឌាវិញបច្ចុប្បន្ន កំពុងជជែកដេញដោលលើការអភិឌ្ឍនាវាផ្ទុកយន្ដហោះចម្បាំងទី៣ដ៏ធំមួយដែលនឹងប្រើប្រាស់ប្រព័ន្ធ electromagnetic catapult និងដំណើរការដោយថាមពលនុយក្លេអ៊ែរ។

ដោយឡែក ជប៉ុនមាននាវាចម្បាំងប្រភេទ Izumo គឺ JS Izumo និង JS Kaga។ នាវាចម្បាំងទាំង២គ្រឿងនេះត្រូវបានអភិវឌ្ឍទៅជានាវាចម្បាំងដែលអាចធ្វើប្រតិបត្តិការយន្ដហោះចម្បាំងបំបាំងកាយ F-35B។ ជប៉ុនបានចាត់ទុកថានាវាចម្បាំងប្រភេទ Izumo ជានាវាពិឃាដពហុមុខងារ តែក្រុមអ្នកជំនាញយល់ថាការអភិវឌ្ឍនាវាចម្បាំងនេះនឹងធ្វើឱ្យជប៉ុនមាននាវាផ្ទុកយន្ដហោះចម្បាំងខ្នាតតូចជាលើកដំបូងបំផុត ចាប់តាំងពី សង្រ្គាមលោកលើកទី២មក ដែលនេះនឹងធ្វើឱ្យចិនស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។ ក្រៅពីប្រទេសទាំងនេះ រូបភាពផ្កាយរណបបង្ហោះដោយក្រុមហ៊ុនផ្កាយរណបចិន MizarVision កាលពីខែឧសភាកន្លងទៅ បានបង្ហាញពីរូបរាងហេដ្ឋារចនាសម្ព័ន្ធមួយនៅឯមូលដ្ឋានទ័ពជើងទឹកឥណ្ឌូណេស៊ីក្នុងទីក្រុង Surabaya ដែលមានរូបរាងដូចជាផែសម្រាប់នាវាផ្ទុកយន្ដហោះចម្បាំង ខណៈទីក្រុងហ្សាការតាកំពុងត្រៀមទទួលស្វាគមន៍ ការមកដល់នៃនាវាផ្ទុកយន្ដហោះចម្បាំង Giuseppe Garibaldi ដែលជាអំណោយផ្ដល់ដោយអ៉ីតាលី។

តាមលោក Song Zhongping នាវាផ្ទុកយន្ដហោះចម្បាំងនៅតែជានិមិត្តរូបមួយនៃអំណាចយោធា និងអាចការពារផលប្រយោជន៍នៅក្រៅប្រទេសរបស់ពួកមហាអំណាច ហើយគ្មានបរិក្ខារយោធាផ្សេងទៀតអាចយក មកប្រៀបធៀបបានឡើយ៕

-Fresh News-

អត្ថបទទាក់ទង