Grand News Asia Close

រដ្ឋាភិបាលស៊ុយអែតប្រកាសអនុញ្ញាតឱ្យ NATO ដាក់ពង្រាយកងកម្លាំងក្នុងប្រទេសខ្លួន ទោះមិនទាន់ក្លាយជាសមាជិកក៏ដោយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 364
រដ្ឋាភិបាលស៊ុយអែតប្រកាសអនុញ្ញាតឱ្យ NATO ដាក់ពង្រាយកងកម្លាំងក្នុងប្រទេសខ្លួន ទោះមិនទាន់ក្លាយជាសមាជិកក៏ដោយ រដ្ឋាភិបាលស៊ុយអែតប្រកាសអនុញ្ញាតឱ្យ NATO ដាក់ពង្រាយកងកម្លាំងក្នុងប្រទេសខ្លួន ទោះមិនទាន់ក្លាយជាសមាជិកក៏ដោយ

(ស្តុកខុល)៖ នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការពារជាតិស៊ុយអែត នាថ្ងៃសុក្រនេះ បាននិយាយថា ស៊ុយអែតនឹងអនុញ្ញាតឱ្យអង្គការណាតូ (NATO) អាចដាក់ពង្រាយកងកម្លាំងឱ្យឈរជើងនៅក្នុងប្រទេសរបស់ខ្លួន ទោះបីមិនទាន់បានចូលជាសមាជិក របស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ជាផ្លូវការក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីស៊ុយអែត លោក អ៊ូហ្វ គ្រីស្ទើសុន (Ulf Kristersson) និងរដ្ឋមន្រ្តីការពារជាតិរបស់លោក គឺលោក ផាល ចនសុន (Pal Jonson) បានប្រកាសយ៉ាងដូច្នេះថា «រដ្ឋាភិបាលបានសម្រេចឱ្យកងកម្លាំងប្រដាប់អាវុធស៊ុយអែត អាចរៀបចំត្រៀមលក្ខណៈជាមួយ NATO និងបណ្តាប្រទេសជាសមាជិក NATO សម្រាប់ការធ្វើប្រតិបត្តិការរួមគ្នានាពេលអនាគត។ ការត្រៀមលក្ខណៈនោះ អាចរួមមានដូចជា ការទទួល​​ដាក់ពង្រាយកងកម្លាំងនិងបរិក្ខារយោធាបរទេស ជាបណ្តោះអាសន្ននៅក្នុងទឹកដីស៊ុយអែតជាដើម។ ការសម្រេចចិត្តនេះ គឺជាការផ្ញើសារមួយយ៉ាង​ច្បាស់ទៅកាន់រុស្ស៉ី និងជាការពង្រឹងបន្ថែម នូវសមត្ថភាពការពារជាតិរបស់ស៊ុយអែតផ្ទាល់»។

គួរបញ្ជាក់ថា ស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិក NATO កាលពីពាក់កណ្តាលឆ្នាំមុន ក្រោយការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ យ៉ាងណាក្តី មកទល់ពេលនេះ ប្រទេសជាសមាជិក NATO ពីរចុងក្រោយគេ គឺតួកគីនិងហុងគ្រីបានបន្តអូសបន្លាយ ការផ្តល់សច្ចាប័នចំពោះសមាជិកភាព​របស់ស៊ុយអែត។ ឥឡូវទីក្រុងស្តុកខុលកំពុងសង្ឃឹមថា នឹងអាចចូលជាសមាជិកកំលុងកិច្ចប្រជុំកំពូលរបស់ NATO នាខែកក្កដាខាងមុខ។ រីឯ​ហ្វាំងឡង់ ដែលបានដាក់ពាក្យដំណាលគ្នានឹងស៊ុយអែតដែរនោះ បានក្លាយជាសមាជិករបស់ NATO រួចហើយ កាលពីខែមេសា៕ Fresh News

អត្ថបទទាក់ទង