Grand News Asia Close

វិភាគអន្តរជាតិ៖ តើកិច្ចប្រជុំកំពូល NATO នៅវ៉ាស៊ីនតោន នឹងធ្វើអ្វីខ្លះដើម្បីអ៊ុយក្រែន?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 424
វិភាគអន្តរជាតិ៖ តើកិច្ចប្រជុំកំពូល NATO នៅវ៉ាស៊ីនតោន នឹងធ្វើអ្វីខ្លះដើម្បីអ៊ុយក្រែន? វិភាគអន្តរជាតិ៖ តើកិច្ចប្រជុំកំពូល NATO នៅវ៉ាស៊ីនតោន នឹងធ្វើអ្វីខ្លះដើម្បីអ៊ុយក្រែន?

(វ៉ាស៊ីនតោន)៖ មេដឹកនាំនៃបណ្ដាប្រទេស NATO នឹងត្រូវជួបជុំគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃបក្សសម្ព័ន្ធយោធាដ៏ធំជាងគេបំផុត មួយនេះនៅលើពិភពលោក។ កិច្ចប្រជុំកំពូលនេះធ្វើឡើងក្នុងពេលវេលាដ៏សំខាន់ នៅក្នុងប្រវត្តិសាស្ត្ររបស់ NATO​ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩មក ដោយបក្សសម្ព័ន្ធមួយនេះ កំពុងប្រឈមមុខនឹងសង្រ្គាមមួយក្នុងតំបន់អឺរ៉ុប ចំពោះមុខបញ្ហាប្រឈមជាសកលជាច្រើនស្អេកស្កះ។ បើតាមអគ្គលេខាធិការ NATO លោក Jens Stoltenberg កិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោននឹង ផ្តោតលើប្រធានបទសំខាន់ៗចំនួន៣៖ ទីមួយគឺពង្រឹងសមត្ថភាពយោធា និងការកំញើញទប់ស្កាត់ដែលជាកិច្ចការស្នូលរបស់ NATO។ ទី២៖ គាំទ្រកិច្ចប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងសង្រ្គាម ប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ីដែលជារបៀបវារៈបន្ទាន់ និងទី៣៖ បន្តការពង្រឹងភាពជាដៃគូសកលរបស់ NATO ជាពិសេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

កិច្ចប្រជុំកំពូលនេះដែរ អាចនឹងក្លាយជាឱកាសចុងក្រោយរបស់លោក វStoltenberg ក្នុងនាមជាប្រមុខ​ NATO ខណៈលោកនឹងត្រូផ្ទេរតំណែងនេះទៅឱ្យប្រមុខ NATO​ថ្មី គឺលោក Mark Rutte ជាអតីតនាយករដ្ឋមន្ត្រីហូឡង់។ នៅឯកិច្ចប្រជុំកំពូល NATO អ៊ុយក្រែននឹងក្លាយជារបៀបវារៈសំខាន់។ ប៉ុន្តែតើកិច្ចប្រជុំនេះអាចនឹងធ្វើអ្វីខ្លះសម្រាប់អ៊ុយក្រែន?

នៅពេលបានជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីចុងខែមិថុនាកន្លងទៅ លោក Stoltenberg បាននិយាយថា «អ៊ុយក្រែននឹងស្ថិតនៅកំពូលនៃរបៀបវារៈរបស់ យើង ហើយយើងកំពុងប្រឹងប្រែងធ្វើឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ»។ តែទោះជាមានការរំពឹងថានឹងមាន «ការសម្រេចចិត្តយ៉ាងរឹងមាំមួយ» ក៏ពិតមែន ក៏អ៊ុយក្រែនទំនងជានឹងមិនទទួលបាន ការអញ្ជើញជាផ្លូវការឱ្យចូលរួមក្នុងបក្សសម្ព័ន្ធ NATO នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងវ៉ាស៊ីនតោននោះទេ។ យ៉ាងនេះក្ដី មហិច្ឆតារបស់ទីក្រុងកៀវ ក្នុងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយ សហភាពអឺរ៉ុប បានរីកចម្រើនទៅមុខកាលពីសប្ដាហ៍មុន នៅពេលអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការនូវកិច្ចចរចាស្ដីពីសមាជិភាពក្នុងសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបក៏បានចុះហត្ថលេខាលើគំនិត ផ្ដួចផ្ដើមថ្មីមួយផងដែរនោះគឺ «Joint Security Commitment» ដើម្បីផ្ដល់ការគាំទ្រដល់អ៊ុយក្រែនសម្រាប់រយៈពេលវែង ខណៈក្រុមប្រទេស G7​ បានយល់ព្រមផ្ដល់កម្ចីជាង ៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែនដោយប្រើប្រាស់ទ្រព្យសម្បតិ្តរបស់រុស្ស៉ីដែលត្រូវបានបង្កកនៅតាមបណ្ដាប្រទេសលោកខាងលិច។

កញ្ចប់ជំនួយផ្ទាល់ខ្លួនរបស់ NATO សម្រាប់អ៊ុយក្រែនចែកចេញជា៣ផ្នែក រួមមាន «សេចក្ដីថ្លែងការណ៍ ការសម្របសម្រួល និងជំនួយ»។ សេចក្ដីថ្លែងការណ៍ គឺចង់សំដៅលើសមាជិកភាពរបស់ អ៊ុយក្រែន ដែលនឹងចាំបាច់ត្រូវពឹងផ្អែកលើការសន្យាធ្វើឡើងក្នុងកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុង Vilnius នៃប្រទេសលីទុយអានីដែលថា «អនាគតរបស់អ៊ុយក្រែនស្ថិតនៅក្នុង NATO»។ ខណៈ កិច្ចចរចាលើពាក្យពេចន៍ជាក់លាក់នៃសេចក្ដីថ្លែងការណ៍ចុងក្រោយ ទំនងជានឹងត្រូវបន្តប្រព្រឹត្តទៅរហូតដល់នាទីចុងក្រោយ សម្ព័ន្ធមិត្តទាំងអស់ប្រហែលជានឹងចង់បញ្ចៀសការតឹងសរសៃកដាក់គ្នា ជាមួយអ៊ុយក្រែនជាសាធារណៈដូចដែលបានកើតឡើងនៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុង Vilnius កាលពីឆ្នាំ២០២៣។ នៅក្នុងជំនួបជាមួយលោក ហ្សេលេនស្គីកាលពីចុងខែមិថុនា លោក Stoltenberg បានទទួលស្គាល់ថាលោករំពឹងថាសម្ព័ន្ធមិត្តនឹងយល់ស្របគ្នាឱ្យ NATO ជាអ្នកដឹកនាំក្នុងកិច្ចការសម្របសម្រួល និងផ្ដល់ជំនួយយោធា ក៏ដូចជាការបណ្ដុះបណ្ដាលសម្រាប់អ៊ុយក្រែន។

មកទល់នឹងបច្ចុប្បន្ន តួនាទីបែបនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមចម្រុះមួយមាន ៥០ប្រទេសដឹកនាំដោយសហរដ្ឋអាមេរិក។ កាលពីដើមខែកក្កដានេះ រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេស ជាសមាជិក NATO បានបញ្ជាក់ថាពួកគេនឹងបង្កើតទីបញ្ជាការថ្មីមួយនៅក្នុងទីក្រុង Wiesbaden នៃប្រទេសអាល្លឺម៉ង់ ដោយមានកងទ័ពសម្ព័ន្ធមិត្តប្រចាំការជិត ៧០០នាក់។ ប្រទេសហុងគ្រីត្រូវបាន រាយការណ៍ថានឹងមិនផ្ដល់លុយ អាវុធ ឬកងទ័ពឱ្យចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះទេ តែក៏មិនបានជំទាស់នឹងគំនិតផ្ដួចផ្ដើមនេះដែរ គ្រាន់តែមិនចង់ពាក់ព័ន្ធប៉ុណ្ណោះ ដោយសារបារម្ភខ្លាចប្រទេសរបស់ខ្លួន ត្រូវធ្លាក់ចូលក្នុងជម្លោះ ឬសង្រ្គាម។ លោក Stoltenberg បាននិយាយថាកិច្ចប្រឹងប្រែងមួយនេះនឹងមិនធ្វើឱ្យ NATO ក្លាយជាភាគីជម្លោះនោះឡើយ ប៉ុន្តែវានឹងជួយពង្រឹងការគំាទ្ររបស់បក្សសម្ព័ន្ធ ដើម្បីអ៊ុយក្រែន បន្តអនុវត្តសិទ្ធិការពារខ្លួនឯង។ ជាចុងក្រោយ កិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៊ីនតោនក៏ប្រហែលជាអាចសម្រេចបាននូវការប្ដេជ្ញាចិត្តជាក់ស្ដែងបន្ថែមចំពោះអ៊ុយក្រែនផងដែរ។

នៅបន្ទាប់ពីសេចក្ដីថ្លែងការណ៍រួមគាំទ្ររបស់ក្រុមប្រទេស G7 ត្រូវបានឯកភាពនៅឯកិច្ចប្រជុំកំពូល ក្នុងទីក្រុង Vilnius ប្រទេសជាសមាជិក G7 ទាំងអស់បានចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរៀងៗខ្លួន ជាមួយទីក្រុងកៀវ ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរយៈពេល១០ឆ្នាំរវាងសហរដ្ឋអាមេរិក និងរវាងជប៉ុន ជាមួយអ៊ុយក្រែនជាដើម។ មានការរំពឹងថាប្រទេសចំនួន២០ជាសមាជិក NATO នឹងចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយអ៊ុយក្រែន។ កូរ៉េខាងត្បូងក៏ត្រូវបានគេរាយការណ៍ដែរថាកំពុងពិចារណាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះ បន្ទាប់ពីរុស្ស៉ី និងកូរ៉េខាងជើងចុះសន្ធិសញ្ញាយោធា ការពារគ្នាទៅវិញទៅមកនាពេលថ្មីៗនេះ។ លើសពីនេះទៅទៀត សម្ព័ន្ធមិត្ត NATO អាចនឹងដើរឆ្ងាយជាងនេះក្នុងកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន ប្រសិនបើពួកគេសម្រេចបានការឯកភាពគ្នាលើគំនិត របស់លោក Stoltenberg សម្រាប់ការប្ដេជ្ញាផ្ដល់ជំនួយយោធា ១០០ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងរយៈពេល៥ឆ្នាំ។

ប៉ុន្តែ កិច្ចចរចាលើសេចក្ដីលម្អិតនៃមហិច្ឆតានេះអាចនឹងត្រូវធ្វើឡើងរហូតដល់នាទីចុងក្រោយ ដោយសារតែទស្សនយល់ឃើញផ្សេងៗគ្នានៅក្នុងចំណោមប្រទេសជាសម្ព័ន្ធមិត្តថាតើពួកគេអាចធ្វើការប្ដេជ្ញាចិត្តរបៀបនេះបានដែរឬក៏យ៉ាងណា៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង