Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៦ «ការប្រឆាំងមេដឹកនាំខ្មែរក្រហម»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកសារ 78
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៦ «ការប្រឆាំងមេដឹកនាំខ្មែរក្រហម» សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៦ «ការប្រឆាំងមេដឹកនាំខ្មែរក្រហម»

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៦ «ការប្រឆាំងមេដឹកនាំខ្មែរក្រហម»

មានចរិតខឹង ស្អប់ អំពើជិះជាន់ អំពើអសីលធម៌ អមនុស្សធម៌ អយុត្តិធម៌ គឺជាចរិតតាំងពីកំណើតរបស់សំរេច មិនអាចកែបាន ពិសេសនៅពេលដែលទទួលដំណឹងពីការវាយធ្វើបាប ដោយ អយុត្តិធម៌ អសីលធម៌របស់អាជ្ញាធរនៃសង្គមមុនៗលើមនុស្សស្លូតត្រង់។ ឯការជំទាស់ ការប្រឆាំង ជាមួយមេដឹកនាំខ្មែរក្រហម អំពីអំពើឃោរឃៅយង់ឃ្នងអមនុស្សធម៌ លើប្រជាជនស្លូតត្រង់ មិនមែនទើបតែធ្វើឡើងនៅអំឡុងឆ្នាំ១៩៧៦ ឬ១៩៧៧នោះទេ។ មេបញ្ជាការសំរេច ចាប់ផ្តើមមិនពេញចិត្តជាមួយមេដឹកនាំចលនាខ្មែរក្រហម តាំងពីអំឡុងឆ្នាំ១៩៧៣ ឬ១៩៧៤ ក្រោយពេលពួកខ្មែរក្រហម ចាប់ផ្តើមធ្វើបាប និងកាប់សម្លាប់ប្រជាជននៅតំបន់រំដោះមួយចំនួនដោយសម្ងាត់។ ពិសេសការបណ្តេញប្រជាជនចេញពីភ្នំពេញដោយបង្ខំរបស់ពួកខ្មែរក្រហម ប៉ុន្តែគេមិនអាចមានឱកាសងើបឡើងបះបោរ ដើម្បីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។

មានមូលហេតុពីរដែលជំរុញឱ្យ សំរេច ខឹង ស្អប់ និងចង់កម្ចាត់ពួកខ្មែរក្រហមឃោរឃៅនៅអំឡុងពេលនោះ។ ទី១ គឺដោយសារសំរេច មិនមែនជាកងទ័ពដែលស្ថិតក្នុងចលនាខ្មែរក្រហមទេ តែសំរេច និងរ៉ានី ជាចលនាកងទ័ពរំដោះជាតិសីហនុនិយម។ ទី២ គឺដោយសារមើលឃើញអំពើឃោរឃៅ អយុត្តិធម៌ អមនុស្សធម៌ របស់មេដឹកនាំខ្មែរក្រហម ដែលដើរខុសមាគ៌ាបដិវត្តន៍ ដូចជាការកាប់សម្លាប់មនុស្សដោយគ្មានការជំនុំជម្រះ ការចាប់ចងមនុស្សគ្មានកំហុស រួចយកទៅសម្លាប់ក្រោមលេស និងហេតុផលថាជាខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង ឬជាអ្នកក្បត់អង្គការ ដោយគ្រាន់តែមនុស្សខ្លះត្រឹមតែធ្វើឱ្យបាក់ផ្លែចបមួយ ដាច់ដៃបង្គី ឬថែទាំគោមិនបានល្អជាដើម។ ការឈឺចាប់របស់ប្រជាជនទូទាំងប្រទេស និងអំពើឃោរឃៅអមនុស្សធម៌ ផ្តាច់ការរបស់ពួកខ្មែរក្រហមធ្វើឱ្យ សំរេច ចងចាំ និងនឹកឃើញជានិច្ច។ សំរេច ក៏មើលឃើញដែរថា សកម្មភាពរបស់ពួកខ្មែរក្រហម គឺជាសកម្មភាពមានចរិតឃោរឃៅយង់ឃ្នង ខុសពីគោលការណ៍នៃចលនាកងទ័ពរំដោះជាតិ សីហនុនិយម របស់ព្រះករុណា ព្រះបាទនរោត្តម សីហុន។

លោក ខៀវ សំផន ដែលមានឈ្មោះបដិវត្តន៍ហៅ ហែម ពេលផ្តល់បទសម្ភាសឱ្យអ្នកកាសែតបរទេសអំឡុងទសវត្សរ៍១៩៩០ ក៏ទទួលស្គាល់ដែរថា ក្នុងចលនារំដោះជាតិ ឬហៅថាសម័យសង្រ្គាម៥ឆ្នាំ គឺមានចលនាទ័ពរំដោះជាតិសីហនុនិយម ភាគច្រើនធ្វើការមិនសូវចុះសម្រុងគ្នាជាមួយកងទ័ពខ្មែរក្រហមឡើយ ហើយកងទ័ព សីហនុនិយម ដែលហៅថាកងទ័ពរំដោះ ជា កងទ័ពរបស់សម្តេចព្រះនរោត្តមសីហនុ។ មានមតិផ្ទុយគ្នាខ្លះទៀតដែររវាងក្រុម សោ ភឹម និងចលនាទ័ពរំដោះ។ សោ ភឹម ទោះបីជាស្ថិតនៅក្នុងតំបន់រំដោះទាំង៣ គឺភូមិភាគឦសាន ភូមិភាគឧត្តរ និងភូមិភាគបូព៌ាក្តី តែលោកពុំមែនជាមេនៃចលនាកងទ័ពរំដោះសីហនុនិយមទេ ព្រោះលោកជាមេដឹកនាំជាន់ខ្ពស់នៃចលនាខ្មែរក្រហម ជាមួយ ប៉ុល ពត។ ទំនាស់រវាង សោ ភឹម និងបក្ស កុម្មុយនីស្តិកម្ពុជា មិនមែនដោយសារ សោ ភឹម មាននិន្នាការនៃចលនាសីហនុនិយមទេ គឺការមិនចុះសម្រុងគ្នាជាមួយតាម៉ុក។ ក្រុមតាម៉ុក ស្អប់ខ្ពើម និងខឹងសម្បាភាគីបូព៌ា។ ទំនងដោយសារ សោ ភឹម មានអំនួត មោទនភាព ព្រោះបក្សគោរពគាត់ជាមនុស្សចាស់ទុំ។ សោ ភឹម បានហៅក្រុម តាម៉ុក ថា ពួកក្អែកទឹក ឬក្អែកខ្មៅ ព្រោះក្រុម តាម៉ុក តម្រូវឱ្យស្លៀកពាក់ខ្មៅ ឯភូមិភាគបូព៌ា អាចស្លៀកពាក់ឯកសណ្ឋានសេរី ខៀវក៏បាន ចម្រុះក៏បាន។

លោកខៀវ សំផន អះអាងថា ប៉ុល ពត ចាត់ទុក សោ ភឹម ជានិមិត្តរូប ហើយទោះបី សោ ភឹម មានកំហុសឆ្គងខ្លះៗក្តី ក៏បក្សមិនចាប់កំហុស ឬយកទោសពៃអ្វីដែរ។ ប៉ុន្តែ ប៉ុល ពត មិនចង់ឱ្យ សោ ភឹម មានទំនាក់ទំនងជិតស្និទ្ធពេកជាមួយវៀតណាមឡើយ ព្រោះ ប៉ុល ពត យល់ថា វៀត-ណាម នឹងលេបយកទឹកដីកម្ពុជានៅពេលណាមួយ ប្រសិនបើវៀតណាមកម្ចាត់ពួកអាម៉េរិកាំងឈ្នះ។ សោ ភឹម មិនមែនជាអ្នកស្នេហាជាតិល្អឥតខ្ចោះ ដូចមតិមួយចំនួនលើកឡើងដោយភាន់ច្រឡំនោះទេ។ សោ ភឹម ជាមនុស្សខិលខូចជាមួយអំពើអបាយមុខទាំងឡាយ ដូចជា វក់នឹង ស្រា ស្រី ជាដើម។ ដើម្បីបង្ហាញពីការថ្នាំងថ្នាក់ចិត្តចំពោះវៀតណាម ប៉ុល ពត មិនដែលនិយាយអំពីទឹកចិត្តខ្លួនឯងត្រង់ៗក្នុងអង្គប្រជុំទេ ប៉ុន្តែបង្ហើបក្នុងកិច្ចប្រជុំសម្ងាត់មួយអំឡុងឆ្នាំ១៩៧៣ នៅភូមិភាគឦសានថា វៀតណាមមិនមែនជាសត្រូវ មិនមែនជាខ្មាំងរបស់កម្ពុជាទេ តែជាមិត្តមានទំនាស់។ ប៉ុល ពត មិនចង់ឱ្យ សោ ភឹម ដែលមានការទាក់ទងល្អជាមួយវៀតណាម ដូចជាទៅខ្ចី ឬពឹងពាក់កម្លាំងកងទ័ពពីវៀតណាមមកទេ គឺអាចពឹងត្រឹមតែសុំអាវុធ ព្រោះកម្ពុជានៅខ្វះអាវុធច្រើន។ នួន ជា អតីតប្រធានរដ្ឋសភា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បាននិយាយថា សោ ភឹម មានទំនាក់ទំនងល្អជាមួយនឹងវៀតណាម តែ សោ ភឹម ចូលចិត្តផឹកស្រា ស្រវឹងអួទីនួ ជួនកាលសឹងតែទៅប្រឡូកប្រឡាក់ជាមួយនឹងស្រីវៀតណាមទៀត។ សោ ភឹម តែងយកមាន់ឬស្រាស ទៅដូរយកកាំភ្លើងចាស់ៗពីកងទ័ពវៀតណាម។ ដោយឡែកចំពោះទំនាស់ជាមួយ តាម៉ុក អាចមានច្រើនករណី។ តាមការរៀបរាប់ខ្លះពីបណ្តាអតីតមេទ័ពតំបន់២៥ ឬភូមិភាគបូព៌ា ទំនាស់រវាងអ្នកទាំងពីរនេះគឺដោយសារ តាម៉ុក អាក់អន់ចិត្តចំពោះក្រុមរបស់ សោ ភឹម។ ទំនាស់បានបណ្តាលឱ្យមានការកាប់សម្លាប់គ្នា។ អតីតមេទ័ពតំបន់២៥ ម្នាក់ដែលលាក់អត្តសញ្ញាណលើកឡើងថា ដើមចមនៃទំនាស់ គឺដោយសារក្រោយដណ្តើមបានតំបន់រំដោះមួយចំនួន ក្រុមតាម៉ុក ហាមប្រាមដាច់ខាតមិនឱ្យក្រុម សោ ភឹម ឆ្លងកាត់ផ្លូវដែលក្រុមរបស់គាត់ការពារទេ។ មានពេលមួយនោះក្រុម តាម៉ុក ចាប់ខ្លួនកងទ័ពរបស់ សោ ភឹម ចំនួន១២នាក់ ហើយតាំងពីថ្ងៃចាប់ខ្លួន កម្លាំងទាំង១២នាក់នោះក៏បាត់ខ្លួនរហូត ហើយនៅពេលដែល សោ ភឹម សួរនាំពីបញ្ហានេះ តាម៉ុក បានត្រឹមតែឆ្លើយយ៉ាងខ្លីថា មិនដឹង មិនដឹង។

ណាយ៉ាន់ ចាន់ដា ជនជាតិឥណ្ឌាជាអ្នកនិពន្ធសៀវភៅសម្តេចព្រះនរោត្តម សីហនុ ដ៏ល្បីល្បាញ បានរៀបរាប់រឿងរ៉ាវអំពីចលនាកងទ័ពរំដោះ និងកងទ័ពខ្មែរក្រហម ក្នុងសំណេររបស់លោកថា នៅអំឡុងឆ្នាំ១៩៧៣ ពួកខ្មែរក្រហមដែលដណ្តើមបានតំបន់រំដោះ ចាប់ផ្តើមលុបបំបាត់ចោលកម្មសិទ្ធិដីធ្លី ការចាយវាយរូបិយបណ្ណ ទីផ្សារជាដើម ហើយពួកគេក៏ចាប់ផ្តើមកាត់បន្ថយ ឥទ្ធិពលព្រះកិត្តិនាមសម្តេចព្រះនរោត្តម សីហនុ ជាបណ្តើរៗដែរ។ ពួកខ្មែរក្រហមដែលកាលពីមុនត្រូវការឱ្យគេនិយាយពីកិត្តិនាមរបស់សម្តេចឪនោះ ឥឡូវនេះអាចនឹងខឹងឬចាប់កំហុសអ្នកដែលលើកឡើងពីព្រះនាមសម្តេចព្រះនរោត្តម សីហនុ ដោយគេនិយាយថា ពួកគេរង់ចាំទទួលជ័យជម្នះលើពួកលន់ នល់ ទោះបីជាមាន ឬគ្មានវត្តមានសម្តេចឪក៏ដោយ។

ណាយ៉ាន់ ចាន់ដា ដែលទោះបីសៀវភៅរបស់លោកមានកម្រាស់ក្រាស់ តែមិននិយាយលម្អិតពីគ្រោះវិនាសកម្មនៃការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក និងការជម្លៀសប្រជាជនដោយបង្ខំ និងដ៏ឃោរឃៅចេញពីភ្នំពេញ បន្តរៀបរាប់ថា រឿងរ៉ាវផ្សេងៗ ស្តីពីការប្រឈមមុខដាក់គ្នារវាងកងទ័ពរំដោះ និងកងទ័ពខ្មែរក្រហមគេនិយាយតៗគ្នាឮសុះសាយ។ លោកលើកឧទាហរណ៍នៃការផ្ទុះអាវុធបាញ់តដៃគ្នានៅខេត្តកណ្តាល ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ១៩៧៣ ដែលឧបទ្ទវហេតុកើតឡើងដោយសារក្រុមកងទ័ពរំដោះ (កងទ័ពសីហនុនិយម) មិនព្រមធ្វើតាមការបញ្ជារបស់ខ្មែរក្រហមដែលទាមទារឱ្យកងទ័ពរំដោះបញ្ឈប់សកម្មភាពទាក់ទងជាមួយពួកយៀកកុង។

ណាយ៉ាន់ ចាន់ដា ស្រង់សម្តីលោក ខេនឃ្វីន មន្រ្តីស្ថានកុងស៊ុល អាម៉េរិកប្រចាំក្រុងក័ងធឺ ប្រទេសវៀតណាម ដែលបានវាយទូរលេខទៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៤ ថាកងទ័ពខ្មែររំដោះដែលគាំទ្រដោយយៀកកុង វៀតណាមខាងជើងមួយកង ឯកភាពគ្នាសម្លាប់កងទ័ពខ្មែរក្រហមប្រមាណ៤២នាក់ ហើយចាប់ពីពេលនោះមក ខ្មែរក្រហម និងខ្មែររំដោះចាប់ផ្តើមលួចវាយគ្នាទៅវិញទៅមក។ នៅអំឡុងខែកញ្ញា ឆ្នាំ១៩៧៤ ដដែល កម្មាភិបាលខ្មែរដែលទៅរៀនសូត្រវគ្គនយោបាយនៅហាណូយ ហើយដែលខ្មែរក្រហមសង្ស័យថាអាចលម្អៀងទៅរកចលនាកងទ័ពខ្មែររំដោះ ក្នុងចំណោម១០០នាក់ ពួកខ្មែរក្រហមសម្លាប់៩៩នាក់ទៅហើយ នៅសល់តែម្នាក់ប៉ុណ្ណោះ ឈ្មោះ យស ប៉ោ។ អតីតយុទ្ធជនតំបន់២៥ ស្អាងកោះធំ ដែលធ្លាប់ស្គាល់លោកខៀវ សំផន ច្បាស់ និងដែលទំនងជាជិតស្និទ្ធជាមួយ នង សួន ហៅជ័យ និយាយថាទំនាស់រវាងតាម៉ុក និង សោ ភឹម ដោយសារតាម៉ុក អាក់អន់ចិត្តចំពោះ សោ ភឹម ដែលកម្លាំងរបស់ សោ ភឹម ភាគច្រើនមិនសូវបាននៅ ឬចូលរួមប្រយុទ្ធសមរភូមិក្តៅបង្ហូរឈាមទេ ពួកគេទៅរៀននយោបាយនៅវៀតណាម ប៉ុន្តែក្រោយពេលទទួលជ័យជម្នះ និងពួកគេត្រឡប់មកពីរៀនវិញ បែរជាទទួលមុខតំណែងខ្ពស់ៗ ជាងទាហានតាម៉ុកដែលខំតស៊ូដេកព្រៃ ប្រឈមគ្រោះថ្នាក់ទៅទៀត។ តាម៉ុក ពិតជាមិនពេញចិត្តចំពោះរឿងនេះ ឯ ប៉ុល ពត ដែលស្ថិតនៅជាអាជ្ញាកណ្តាល មិនអាចកាត់សេចក្តីរឿងនេះទេ ព្រោះប៉ុល ពត ព្រួយបារម្ភខ្លាច សោ ភឹម មិនសប្បាយចិត្តនាំកងទ័ពរត់ចូលទៅទឹកដីវៀតណាម នាំឱ្យខូចកិច្ចការធំ។ ប៉ុល ពត ក៏មិនហ៊ានស្តីបន្ទោស តាម៉ុក ដែរ រហូតក្រោយមកក៏ប្រគល់ភារកិច្ចនេះឱ្យ វន វេត ដែលជាលេខាភូមិភាគឧត្តរ ដើរតួជាអ្នកសម្របសម្រួល។ វន វេត ដែលរអែងចិត្តចំពោះអ្នកទាំងពីរ ក៏នាំយកមនុស្សរបស់លោកម្នាក់ទៀតដែលពូកែខាងសម្របខ្លួនបានគ្រប់កាលៈទេសៈ គឺ នង សួន អ្នកខ្លះ ហៅថា នន សួន ហៅតាជ័យ មកធ្វើការនៅតំបន់២៥។ ដោយសារទំនាស់ហាក់ទុំជោរទៅហើយ នន សួន ឬនង សួន គ្រាន់តែអាចសម្របសម្រួលបញ្ហាបានខ្លះៗប៉ុណ្ណោះ។ លោកខៀវ សំផន អះអាងថា ប៉ុល ពត ថ្នម សោ ភឹម ដូចកែវ ព្រោះខ្លាចបែក។ លោកថា សោ ភឹម ជាមនុស្សកើតជំងឺស្រែង (ខ្លះថា កើតត្អក) ពេញខ្លួនព្យាបាលមិនជា ហើយរាល់ពេលលោកចេញទៅទស្សនកិច្ចជាសម្ងាត់នៅក្រៅប្រទេស លោក ខៀវ សំផន តែងតែទិញថ្នាំស្រែងផ្ញើ សោ ភឹម មិនសូវខាន ហើយដោយសារអំណាចពោរពាស អាចបណ្តាលឱ្យ សោ ភឹម ភ្លើតភ្លើនផងដែរ។ តាមរយៈករណីសិក្សាខាងលើអាចបង្ហាញឱ្យឃើញថា ក្នុងចលនារំដោះជាតិ សម័យសង្រ្គាម ៥ឆ្នាំ ខ្មែរក្រហមមានច្រើនពួក ថែមទាំងមានចលនាកងទ័ពរំដោះជាតិសីហនុនិយមផង។ ចលនារំដោះជាតិសីហនុនិយម និងពួកខ្មែរក្រហម ជាក្រុមខុសគ្នាតែមានគោលដៅរួមគ្នា គឺរំដោះទឹកដីចេញពីរបបមូលធននិយម ឬចក្រពត្តិនិយមអាម៉េរិកាំង។ កងទ័ពរំដោះជាតិសីហនុនិយម មានគោលដៅ តស៊ូរំដោះទឹកដីពីពួកលោក លន់ នល់ និងយកអំណាចថ្វាយសម្តេចព្រះនរោត្តម សីហនុ វិញ ឯក្រុមខ្មែរក្រហម ដែលមានគោលដៅអាថ៌កំបាំង គឺគ្រាន់តែយកពាក្យថារំដោះប្រទេសយកអំណាចថ្វាយព្រះករុណាវិញដែរតែប៉ុណ្ណោះ។ តែតាមធាតុពិត គឺក្រុមនេះខ្ចីដៃ ឬខ្ចីឥទ្ធិពលប្រជា-ប្រិយភាពរបស់អង្គសម្តេចឪ មកធ្វើជាឡប់ឡែក្នុងការបិទបាំងមហិច្ឆតារបស់ពួកគេតែប៉ុណ្ណោះ។ គេអាចឃើញ និងវាយតម្លៃសកម្មភាព ឬឥរិយាបថរបស់ពួកខ្មែរក្រហម នៅថ្ងៃជ័យជម្នះ១៧ មេសា ឆ្នាំ១៩៧៥។ ពួកគេប្រើអំណាចដ៏ឃោរឃៅដើម្បីបណ្តេញប្រជាជនចេញពីលំនៅឋាន ចេញពី មន្ទីរពេទ្យ ពីសាលារៀន ពីទីក្រុង ខណៈកងទ័ពរំដោះជាតិសីហនុនិយម បានត្រឹមតែប្រាប់ឱ្យប្រជាជនទាំងអស់មិនឱ្យចាកចេញពីផ្ទះ ឬត្រូវនៅក្នុងផ្ទះសិន។ ឥរិយាបថផ្ទុយគ្នាបានបង្កជា មហាវិនាសកម្មដល់ប្រជាជន និងសង្គមជាតិ និងសូម្បីកងទ័ពចលនារំដោះជាតិសីហនុនិយមក៏ទទួល រងគ្រោះចំពោះបញ្ហានេះដែរ។

នៅក្នុងសវនាការអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា កាលពីពេលកន្លងមក លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស២១ ឬហៅថាគុកទួលស្លែង លើកឡើងថា ការជម្លៀសប្រជាជនកម្ពុជាចេញពីក្រុងភ្នំពេញដោយពួកខ្មែរក្រហម កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាការអនុវត្តនូវគោលនយោបាយនៃការតស៊ូវណ្ណៈ។ ការសម្លាប់រង្គាលរបស់ខ្មែរក្រហម មុនពេលរំដោះ ភ្នំពេញបានទាំងស្រុង ឌុច បានប្រាប់សាលាក្តីកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៩ ថា គឺកើតឡើងអំឡុងចុងឆ្នាំ១៩៧០ រហូតមកដល់ឆ្នាំ១៩៧៥។ ឌុច ជម្រាបអង្គសវនាការថា លោកធ្លាប់ជាមេគុក ម-១៣ ដែលជាគុកមួយធ្វើទារុណកម្ម និងសម្លាប់អ្នកទោសអស់ប្រមាណពី២០០ ទៅ៣០០នាក់ ក្នុងចន្លោះចាប់តាំងពីឆ្នាំ១៩៧១ រហូតដល់ឆ្នាំ១៩៧៥ មុនពេលដែលគុកនេះត្រូវបិទទាំងស្រុង។ ឌុច ដែលអ្នកនិពន្ធ នីក ដងឡុប ហៅថា ពេជ្ឈឃាដ បានរៀបរាប់ថា ម-១៣ ជាមន្ទីរសន្តិសុខសម្ងាត់របស់ខ្មែរក្រហមបង្កើតឡើងនៅក្នុងឆ្នាំ១៩៧១ ក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងរដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់។ ម-១៣ ជាយន្តការសម្លាប់មនុស្ស។

ឌុច អតីតជាគ្រូបង្រៀនគណិតវិទ្យាដែរនោះអះអាងថា ខ្មែរក្រហមចាប់ផ្ដើមកាប់សម្លាប់ប្រជាជនខ្មែរ តាំងពីក្រោយរដ្ឋប្រហាររបស់លោកលន់ នល់ ខែមីនា ឆ្នាំ១៩៧០មក ហើយការកាប់សម្លាប់ទាំងនោះធ្វើឡើងក្នុងតំបន់រំដោះរបស់ពួកខ្មែរក្រហម។ ពួកខ្មែរក្រហមអះអាងថា ការសម្លាប់គឺដើម្បីការពារតំបន់របស់ខ្លួន ហើយអ្នកដែលត្រូវសម្លាប់សុទ្ធតែចោទថាជាខ្មាំង និងជាភ្នាក់ងារចារកម្ម។ ការកាប់សម្លាប់ក៏រីករាលដាលរហូតដល់ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្នុងអំណាចរបស់ពួកខ្មែរក្រហម បណ្ដាលឱ្យប្រជាពលរដ្ឋកម្ពុជាជិតពីរលាននាក់បានបាត់បង់ ជីវិត។ ឌុច អះអាងទៀតថា បេសកកម្មរបស់គុក ម-១៣ គឺដើម្បីឃុំឃាំងជនទាំងឡាយណាដែលខ្មែរក្រហមចោទថាជាខ្មាំង ឬជាគិញរបស់រដ្ឋាភិបាលលោក លន់ នល់។ ក្រៅពីអ្នកដែលចាប់មកពីក្រៅ ក៏មានកម្មាភិបាល ម-១៣ ម្នាក់ និងប្រជាជនក្នុងមូលដ្ឋានរាប់សិបនាក់ត្រូវសម្លាប់នៅ ម-១៣ដែរ ដែលគេចោទថាជាខ្មាំងបង្កប់ ចង់បះបោរផ្ទៃក្នុង។ ឌុច ពណ៌នាប្រាប់ចៅក្រមសាលាក្តីថា ពេលនោះលោកចាប់អ្នកអមលាំង ដែលជាមូលដ្ឋានបង្អែកបដិវត្តប្រហែលជាជិត៥០នាក់។ ឈ្មោះដែលលោករម្លឹកឃើញបណ្ដើរៗប្រហែលជា ២០ប្លាយនាក់។ លោកតក់ស្លុតនឹងការចាប់យកអាយុជីវិតមនុស្ស ដែលឃើញមុខគ្នារាល់ថ្ងៃ ហើយការសម្រេចចាប់នរណាម្នាក់មកដាក់មន្ទីរម-១៣ គឺគណៈមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាជាអ្នកសម្រេច។ ប៉ុន្តែ ឌុច សារភាពទៀតថា គាត់ធ្លាប់ធ្វើទារុណកម្មអ្នកទោសពីរបីនាក់ប៉ុណ្ណោះ។ អ្នកទោសស្រី គាត់តែងសួរចម្លើយដោយផ្ទាល់ ហើយអ្នកទោសស្រីម្នាក់ គាត់ធ្វើទារុណកម្មដោយវិធីឱ្យចុះក្នុងទឹក ហើយឡើងមកហាលខ្យល់ពេលខែត្រជាក់។

ស្ថានភាពរស់នៅរបស់អ្នកទោសនៅម-១៣ គឺដូចក្នុងសៀវភៅរបស់លោក ប៊ីហ្សូ សរសេរអ៊ីចឹង គឺងងឹត សើម មនុស្សស្លាប់ដោយសារខ្វះពន្លឺ ដោយសារខ្វះបាយ ខ្វះអនាម័យ ខ្វះថ្នាំសង្កូវ។ ឌុច និយាយថា ម-១៣ គឺជាមន្ទីរនគរបាលលេខ១៣ នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ការធ្វើទារុណកម្ម និងការសម្លាប់អ្នកទោសអំឡុងដើមឆ្នាំ១៩៧០ ក្នុងគុកម-១៣ គឺជាការសម្ងាត់បំផុត ដូច្នេះមិនដែលអនុញ្ញាតឱ្យនរណាឃើញឡើយ។ ការសម្លាប់អ្នកទោសគឺជាបញ្ជារបស់ថ្នាក់មជ្ឈិម ក៏ប៉ុន្តែឌុចជាអ្នកបញ្ជាបន្តទៅពេជ្ឈឃាដអាយុខ្ទង់១៦ឆ្នាំ ជាអ្នកអនុវត្តការសម្លាប់ ហើយ ឌុច ពិតជាអ្នកណែនាំគេអំពីយុទ្ធវិធីសម្លាប់ និងពិតជាអ្នកបានប្រគល់ឈ្មោះឱ្យគេតាមគោលការណ៍។

“… ឱ្យតែកាលណាសួរចប់ មេគេថា ‘អើ! ពេញចិត្ត’ ខ្ញុំឱ្យកូនចៅយកចេញទៅ។ ដូច្នេះចំពោះថាឱ្យសម្លាប់ផ្ទាល់ដៃ ខ្ញុំនិយាយមួយម៉ាត់ម្ដងទៀតថា អត់ដែលសម្លាប់មនុស្សដោយផ្ទាល់ដៃទាល់តែសោះ…” (សម្ដីឌុច)។

កាំង ហ្កេកអ៊ាវ លើកឡើងទៀតថា ក្នុងរយៈពេល៤ឆ្នាំ វាសនាអ្នកទោសនៅ ម-១៣ មានតែប្រមាណជា១០នាក់ប៉ុណ្ណោះត្រូវដោះលែង ដែលក្នុងនោះមានលោក ហ្វ្រង់ស័រ ប៊ីហ្សូ ជនជាតិបារាំង ក្រៅពីនោះសុទ្ធតែត្រូវសម្លាប់នៅទីនោះទាំងអស់ ក្រោយការសួរចម្លើយរួច។ ជនដៃដល់ប្រមាណ៦នាក់ ធ្វើការនៅគុកទួលស្លែង ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ដែលសម្ភាសដោយទូរទស្សន៍បរទេស ឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ពួកទាហាន លន់ នល់ មែន។ ខ្លះថាកងរបស់ពួកគេសម្លាប់ទាហានរបស់រដ្ឋការ លន់ នល់ ប្រមាណជាង១៥០០នាក់ ដែលការសម្លាប់នោះ គឺទទួលបញ្ជាពីថ្នាក់លើ (ប៉ុល ពត) ឱ្យតែទាហានលន់ នល់ ត្រូវតែសម្លាប់ទាំងអស់។

ហ៊ឹម ហ៊ុយ អតីតឆ្មាំគុកទួលស្លែង ដែលមានស្រុកកំណើតនៅស្រុកស្អាងព្រែកតូច និងដែលសម្ភាសដោយអ្នកផលិតកម្មវិធីទូរទស្សន៍បារាំង រិទ្ធី ប៉ាន់ បានឆ្លើយថា លោកធ្លាប់សម្លាប់មនុស្សដែរ តែមិនច្រើនទេ គឺតែពីរនាក់ប៉ុណ្ណោះ ហើយការសម្លាប់នោះធ្វើឡើងដោយបង្ខំចិត្ត ព្រោះ ឌុច បង្ខំលោកឱ្យធ្វើ បើលោកមិនធ្វើ នោះវាសនាអាយុជីវិតលោក ក៏មិនខុសពីអ្នកដទៃដែរ គឺត្រូវគេសម្លាប់ដូចគ្នា។

តាមរបាយការណ៍នៃសំណុំរឿង ០០២ របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅថាសាលាក្តីខ្មែរក្រហម ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់ថា ទោះបីជារដ្ឋអំណាចបក្សជាន់ខ្ពស់ បន្តនិយាយរហូតដល់ឆ្នាំ១៩៧៦ អំពីចំនួនប្រជាជនកម្ពុជា ដែលរួមបញ្ចូលនូវអ្នកដែលមិនមែនជាសញ្ជាតិខ្មែរយ៉ាងណាក៏ដោយ បក្សកុម្មុយនីស្តកម្ពុជាបានប្រកាសជាផ្លូវការនៅខែសីហា ឆ្នាំ១៩៧៧ ថាការលុបបំបាត់ និងការដាក់បញ្ចូលគ្នានៃជនជាតិភាគតិច គឺដូចដែលយើងអាចនិយាយថា ជាប្រទេសមួយដែលមាន៩៩% ជាខ្មែរ។ គោលដៅមួយទៀតនៃគោលនយោបាយនេះ គឺដើម្បីលុបបំបាត់ខ្មាំង និងដើម្បីបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមទាំងនោះតែម្តង។ វិធានការប្រឆាំងនឹងជនជាតិចាម គឺកើតចេញមកពីគោលនយោបាយដែលចាប់ផ្ដើមនៅដើមឆ្នាំ១៩៧០ នៅតាមតំបន់មួយចំនួន និងដែលមានសម្ទុះកើនឡើងនៅពេញមួយរបបរបស់កម្ពុជាប្រជាធិបតេយ្យ យ៉ាងហោចណាស់រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ការជម្លៀសអ្នកភូមិទាំងឡាយជាជនជាតិចាម ចាប់ផ្តើមប្រហែលជាក្នុងឆ្នាំ១៩៧៣ និងកាន់តែខ្លាំងឡើងបន្ទាប់ពីឆ្នាំ១៩៧៥ ដោយសារសមាជិកនៃក្រុមនេះមួយចំនួន ត្រូវគេបំបែកឱ្យទៅរស់នៅតាមភូមិខ្មែរ។

សារទូរលេខ លេខ១៥ ចុះខែវិច្ឆិកា ឆ្នាំ១៩៧៥ រៀបរាប់អំពីគោលនយោបាយក្នុងការបំបែកជនជាតិចាម ដែលបក្សកុម្មុយនីស្តកម្ពុជា ប្រើប្រាស់តាមរយៈមធ្យោបាយនៃការជម្លៀសដោយបង្ខំ បក្សកុម្មុយនីស្តកម្ពុជា បានហាមឃាត់ជនជាតិចាមមិនឱ្យគោរពសាសនារបស់ពួកគេ។ មេដឹកនាំសាសនា និងចាស់ព្រឹទ្ធាចារ្យរបស់ជនជាតិចាម ត្រូវគេឃុំឃាំង ឬសម្លាប់ ដូចគ្នាដែរចំពោះសមាជិកនៃក្រុមនេះដែលបានតវ៉ា ឬបន្តគោរពសាសនារបស់ពួកគេ។ បក្សកុម្មុយនីស្តកម្ពុជា ក៏ហាមឃាត់ដែរនូវវប្បធម៌ ភាសា និងសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិចាម ។

ចាប់ពីឆ្នាំ១៩៧៧ និងជាទូទៅ ចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៧៨ បក្សកុម្មុយនីស្តកម្ពុជា បានប្រព្រឹត្តិហួសពីការធ្វើទុក្ខបុកម្នេញសាសនា ដោយអនុវត្តន៍គោលនយោបាយនេះ តាមរយៈការអនុម័តនូវគោលនយោបាយសំដៅកម្ទេចជនជាតិចាមក្នុងនាមជាក្រុមនោះ នៅផ្នែកមួយចំនួននៃប្រទេសកម្ពុជាដែលជនជាតិចាមរស់នៅ។ ការសម្លាប់ជនជាតិចាមជាលក្ខណៈទ្រង់ទ្រាយធំ បានប្រព្រឹត្តនាឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ នៅក្នុងភូមិភាគកណ្តាល (ភូមិភាគឧត្តរចាស់) និងភូមិភាគបូព៌ា។ សាក្សីនានាផ្តល់ភស្តុតាងថា ជនជាតិចាមត្រូវគេចាត់ទុកថាជាខ្មាំងរបស់បដិវត្តន៍ហើយបក្សកុម្មុយនីស្តកម្ពុជាមានចេតនាកម្ទេចក្រុមនេះចោលត្រឹមឆ្នាំ១៩៨០។ ភស្តុតាងបង្ហាញថា កែ ពក ជាលេខាភូមិភាគកណ្តាល ជាសមាជិកគណៈមជ្ឈិម និងជាគណៈយោធាមជ្ឈិម ព្រមទាំងលេខាស្រុកនៃភូមិភាគបូព៌ានិងកណ្តាលចូលរួមដោយផ្ទាល់ក្នុងការកម្ទេចជនជាតិចាម រួមជាមួយអង្គភាពយោធារបស់មជ្ឈិម និងអង្គភាពយោធាផ្សេងទៀត ។

នៅមុនឆ្នាំ១៩៧៥ ជនជាតិចាមមួយចំនួនធំរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម។ ពួកគេមានចំនួនច្រើន ជាពិសេសនៅស្រុកក្រូចឆ្មារ និងស្រុកកងមាស។ យោងតាមរបាយការណ៍របស់អ្នកបច្ចេកទេសខាងប្រជាសាស្រ្ត ជនរងគ្រោះក្រោមរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ចាប់ពីខែមេសា ១៩៧៥ ដល់ខែមករា ១៩៧៩ សន្និដ្ឋានថា ៣៦% នៃប្រជាជនចាមនៅកម្ពុជា ត្រូវស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចំណែកឯប្រជាជនខ្មែរ អត្រានៃការស្លាប់ ១៨,៧%។ មុនឆ្នាំ១៩៧៥ ចាមមួយចំនួនត្រូវគេចាប់ឃុំខ្លួន ធ្វើទារុណកម្ម និងសម្លាប់។ ចាប់ពីឆ្នាំ១៩៧០ ឬឆ្នាំ១៩៧១ មន្ទីរសន្តិសុខមួយ (ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចាប់ធ្វើទារុណកម្ម និងសម្លាប់ បានបង្កើតឡើងនៅក្រូចឆ្មារ)។ បក្សកុម្មុយនីស្តកម្ពុជា បានកំណត់មុខសញ្ញាចំពោះអ្នកដឹកនាំសាសនា និងចាមដែលតវ៉ាប្រឆាំងនឹងការរារាំងនូវសេរីភាព ក្នុងការប្រតិបត្តិនូវជំនឿសាសនារបស់ពួកគេ ។

សកម្មភាព និងអំពើព្រៃផ្សៃដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះ ធ្វើឱ្យមេបញ្ជាការសម្រេច ឈឺចាប់យ៉ាងខ្លាំង រកអ្វីមកប្រៀបផ្ទឹមមិនបាន និងជំរុញរម្លឹកសម្បជ្ជញ្ញៈ មនសិការ ឱ្យយល់ថាមានតែការអត់ធ្មត់ រង់ចាំឱកាសតស៊ូ រំដោះជាតិទេ ទើបប្រជាជនរួចផុតពីសេចក្តីឈឺចាប់ សេចក្តីស្លាប់ និងមហន្តរាយបាន។ តែខណៈនោះឱកាសមិនទាន់ហុច ព្រោះកម្លាំងមិនទាន់ប្រមូល និងកសាងបានច្រើនសមល្មមអាចនឹងទប់ទល់ឬងើបប្រឆាំងអង្គការប៉ុល ពត បាន។ ដូច្នេះ សំរេច នៅតែព្យាយាមអត់ធ្មត់ ស៊ូទ្រាំ តទៅទៀតដើម្បីរង់ចាំឱកាសដ៏ល្អណាមួយដើម្បីងើបបះបោរ ប្រឆាំង និងផ្តួលរំលំរបបដ៏យង់ឃ្នង គ្មានក្តីមេត្តា របស់ពួកប៉ុល ពត។ ក្តីឈឺចាប់ ការចង់កម្ចាត់ពួកខ្មែរក្រហម ឬរបបឃោរឃៅព្រៃផ្សៃមិនមែនដោយសារតែអង្គការបំបែក សំរេច ចេញពី រ៉ានី ឬធ្វើបាប រ៉ានី នោះទេ តែជាការឈឺចាប់ចំពោះជាតិទាំងមូល នៅពេលមើលឃើញ និងដឹងថារបបនេះបង្កការឈឺចាប់ បង្កើតទុក្ខវេទនាឱ្យប្រជាជន ដូចជាបង្ខំឱ្យធ្វើការហួសកម្លាំង គ្មានពេលសម្រាកគ្រប់គ្រាន់ គ្មានថ្នាំព្យាបាលត្រឹមត្រូវ ឱ្យហូបអាហារមិនឆ្អែត ជាដើម។

ការបែកធ្លាយមុខសញ្ញាប្រឆាំងអង្គការខ្មែរក្រហម ធ្វើឱ្យអង្គការចាប់ផ្តើមសង្ស័យកាន់តែខ្លាំងថា សំរេច កំពុងមានផែនការក្បត់អង្គការ ហើយអង្គការក៏ចាប់ផ្តើមរកយុទ្ធវិធីទប់ទល់ កម្ចាត់ និងបោសសម្អាតកម្លាំងមេបញ្ជាការ សំរេច ទាំងស្រុង។ ដោយសារការអត់ទ្រាំ ឈរមើលការឈឺចាប់ ចំពោះការធ្វើទុក្ខបុកម្នេញ ធ្វើទារុណកម្ម កាប់សម្លាប់ប្រជាជនខ្មែរកាន់តែច្រើនទៅៗ កាន់តែមានទ្រង់ទ្រាយធំឡើងៗ ដែល សំរេច គិតថាអាចនឹងអស់មនុស្សពីប្រទេស ឬកម្ពុជា និងនៅសល់តែដីគ្មានមនុស្សរស់នៅ ឬកម្ពុជាបាត់ឈ្មោះពីផែនទីពិភពលោក ធ្វើឱ្យមេបញ្ជាការ សំរេច សម្រេចចិត្តថាត្រូវតែក្រោកឡើងបះបោរដើម្បីប្រឆាំង និងផ្តួលរំលំរបប ប៉ុល ពត ជាដាច់ខាត។

ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលដ៏ឈឺចាប់វេទនានោះ គ្មានប្រទេសសប្បុរសណាមួយអើពើ ឈឺឆ្អាល ឬចាប់អារម្មណ៍ចង់ជួយ ចង់រំដោះប្រជាជនកម្ពុជា ចេញពីរបបដ៏អមនុស្សធម៌ និងឃោរឃៅព្រៃផ្សៃនេះទេ ទោះបីមានប្រជាជនខ្មែរមួយចំនួនរត់រួចពីរបបនេះទៅដល់បារាំង កាណាដា ឬប្រទេសថៃ និងបានរាយការណ៍អំពីសកម្មភាពឃោរឃៅ ទៅអង្គការមនុស្សធម៌ អន្តរជាតិក៏ដោយ។

នៅជាង៤០ឆ្នាំក្រោយ គឺនៅឆ្នាំ២០០៨ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងពេលអ្នកកាសែតសួរថា ហេតុអ្វីកាលពីអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩ អង្គការសហប្រជាជាតិមិនចូលមកជួយប្រជាជនកម្ពុជា? ហេតុអ្វីទុកឱ្យប្រជាជនកម្ពុជារងទុក្ខវេទនា មហាវេទនា និងស្លាប់សឹងតែអស់ពីផ្ទៃប្រទេសនោះ? លោក រ៉ូប៊ឺត ពើទីត សហអគ្គព្រះរាជអាជ្ញាអន្តរជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅថាសាលាក្តីខ្មែរក្រហមឆ្លើយពង្វាងថា រវាងញាតិនិងមិត្ត បើញាតិអត់ចិត្ត គេយកមិត្តហើយ។ ចម្លើយនេះ មិនធ្វើឱ្យអ្នកកាសែតពេញចិត្តនោះទេ។

ដូច្នេះអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប៉ុល ពត ដ៏ទុរយសគ្មានក្តីមេត្តា គ្មានបរទេសណាអើពើ ឬឈឺឆ្អាលចំពោះទុក្ខវេទនារបស់កម្ពុជាទេ សូម្បីប្រទេសអាស៊ានដែលនៅកៀកបង្កើយ ព្រោះគោលការណ៍អាស៊ាន មិនលូកដៃចូលផ្ទៃក្នុងប្រទេសណាមួយឡើយ។ មានតែប្រជាជន កម្ពុជា ដោយខ្លួនឯង ជាអ្នកសម្រេចជោគវាសនារបស់ខ្លួន គឺរើបម្រះ តស៊ូ ប្រយុទ្ធ ដើម្បីដណ្តើមយកសិទ្ធិសេរីភាពរបស់ខ្លួនមកវិញ។

មុនពេលចេញដំណើរទៅវៀតណាម មេបញ្ជាការ ហ៊ុន សំរេច ក៏បានផ្តាំផ្ញើអំពីយុទ្ធវិធីការពារ និងយុទ្ធសាស្រ្តរំដោះជាតិផ្សេងៗ ដល់កម្លាំងបង្កប់របស់ខ្លួនដែរថា ប្រសិនបើពួកគេទៅបាត់ដំណឹង ឬមានបញ្ហាដោយប្រការណាមួយ គឺមិនត្រូវបញ្ចប់បេសកកម្មតស៊ូរំដោះជាតិទេ ត្រូវតែបន្ត និងធ្វើជាសម្ងាត់បំផុត។ មូលហេតុដែលសំរេច យកមនុស្សជំនិតតែ៥នាក់ទៅជាមួយ ក្នុងចំណោមជាច្រើនរយនាក់ គឺទី១ គ្នាតិចងាយចល័តខ្លួនដើម្បីកុំឱ្យបែកការណ៍។ ទី២ ប្រសិនបើពួកខ្មែរក្រហមចាប់បាន គឺចាប់បានតែ៥នាក់ ឯកម្លាំងដទៃជាច្រើនទៀត អាចតស៊ូបន្តទៀតបាន។ ទី៣ បើនាំកម្លាំងចេញទៅទ្រង់ទ្រាយធំ ពេលជួបកងទ័ពវៀតណាម នឹងនាំឱ្យមានការភាន់ច្រឡំ និងប្រយុទ្ធគ្នា នាំឱ្យគ្រោះថ្នាក់ធំ ហើយបើកងទ័ពវៀតណាម ចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញ ក៏ចាប់ខ្លួនតែ៥នាក់ មិនប៉ះពាល់ដល់កម្លាំងបង្កប់។

នៅអំឡុងឆ្នាំ១៩៧៧ ពួកអង្គការ ប៉ុល ពត បង្កើនការកាប់សម្លាប់ប្រជាជនកាន់តែខ្លាំងឡើងៗ គឺធ្វើឡើងដោយគ្មានរើសមុខ ឱ្យតែមានការសង្ស័យ ឬមានអ្នករាយការណ៍ពីនរណាម្នាក់មិនល្អ គឺចាប់យកទៅធ្វើទារុណកម្ម ឬសម្លាប់ភ្លាម។ ចំពោះមុខសភាពការណ៍ដ៏រន្ធត់តក់ស្លុត មេបញ្ជាការ សំរេច (មិនទាន់ដូរឈ្មោះទៅជា ហ៊ុន សែន ទេ) បានគិតក្នុងចិត្តថា គឺមានជម្រើស៤ ចំពោះជីវិតខ្លួនឯង និងប្រទេសជាតិ៖

ទី១ គឺប្រើប្រាស់កម្លាំងដែលមានស្រាប់ស្ថិតនៅក្រោមបញ្ជារបស់ខ្លួន វាយកាន់កាប់ស្រុក ត្រមូង ស្រុកមេមត់ នៃខេត្តកំពង់ចាម និងស្រុកស្នួល ខេត្តក្រចេះ ដើម្បីធ្វើឈ្នាន់យុទ្ធសាស្រ្ត ជាតំបន់រំដោះ ឈានទៅវាយដណ្តើមភូមិសាស្ត្រផ្សេងទៀត។ ជម្រើសនេះមេបញ្ជាការសំរេច អាច ទស្សន៍ទាយបានថា គឺនឹងត្រូវបញ្ចប់ក្នុងថ្លុកឈាមយ៉ាងយូរកន្លះខែ ហើយអ្វីៗនឹងត្រូវបញ្ចប់ដោយគ្មានលទ្ធផល។ ទី២ គឺដកខ្លួនចេញពីគំនិតចង់ផ្តួលរំលំរបប ប៉ុល ពត ដោយប្រើប្រាស់កម្លាំងខ្លួនឯង ហើយរៀបចំការតស៊ូជាថ្មី ដោយឆ្លងកាត់ទៅរកការជួយឧបត្ថម្ភពីមិត្តវៀតណាម តាមទម្រង់នៃ សម្តេចព្រះនរោត្តម សីហនុ ធ្លាប់បានធ្វើកាលពីឆ្នាំ១៩៧០។ ទី៣ មិនធ្វើអ្វីទាំងអស់ ហើយទុកឱ្យពួក ប៉ុល ពត ចាប់យកទៅសម្លាប់តាមសម្រួល។ ទី៤ គឺត្រូវធ្វើអត្តឃាត បញ្ចប់ជីវិតដោយខ្លួនឯង។

ប៉ុន្តែក្រោយពីការពិចារណាដោយល្អិតល្អន់ ហ្មត់ចត់ និងត្រឹមត្រូវ ទីបំផុតសំរេច សម្រេចចិត្តជ្រើសរើសយកជម្រើសទី២ គឺការប្រថុយរត់ភៀសខ្លួនចូលទៅទឹកដីវៀតណាម ដើម្បីសុំជំនួយយោធា ព្រោះការរត់ទៅវៀតណាម មិនប្រាកដថាវៀតណាមនឹងយល់ព្រមជួយតាមសំណើ១០០%ទេ។ ការសម្រេចចិត្តជ្រើសរើសយកជម្រើសទី២ ដែលការសម្រេចបែបនេះធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៧៧ នៅវត្តដំបែ ស្រុកដំបែ ពេលបញ្ចប់វគ្គនយោបាយនៅទីនោះ ដែលអង្គការហៅមករៀនសូត្ររយៈពេលជាងមួយខែកន្លងមក។ មេបញ្ជាការសំរេច បានជួប រ៉ានី ភរិយាសំណព្វចិត្ត ជាចុងក្រោយនៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៧ បន្ទាប់ពីចេញពីសាលានយោបាយ នៅស្រុកដំបែ គឺមុនពេលដែលសំរេច ចេញដឹកនាំការតស៊ូវាយរំលំរបប ប៉ុល ពត តែ២ថ្ងៃ។ ទោះជាសម្រេចចិត្តបែបនេះរួចហើយក៏ដោយ ក៏មេបញ្ជាការសំរេច មិនប្រាប់ រ៉ានី ជាភរិយាឱ្យដឹងដែរ។ ការមិននិយាយប្រាប់ភរិយា មិនមានន័យថា សំរេចមិនទុកចិត្តភរិយានោះទេ តែអ្វីដែលសំខាន់ គឺសំរេចមិនចង់ឱ្យ រ៉ានី ភ័យនិងព្រួយបារម្ភ និងមិនចង់ឃើញទឹកភ្នែក រ៉ានី ហូរធ្លាក់មក មិនចង់ឱ្យនាងទទួលរងនូវការឈឺចាប់ផ្នែកផ្លូវចិត្តភ្លាមៗ ចំពោះរឿងមួយដែលមិនទាន់បានកើតឡើង។ សំរេច ចង់អូសបន្លាយនូវសេចក្តីសុខ ភាពកក់ក្តៅរបស់នាងឱ្យបានយូរ មុនពេលទុក្ខសោក ការឈឺចាប់បានចូលមកដល់។ រឿងនេះសូម្បីតែពេល សំរេច លា រ៉ានី ចេញមក ក៏សំរេចមិនសម្រក់ទឹកភ្នែក ឬបង្ហាញអាកប្បកិរិយា ឥរិយាបថនៃការឈឺចាប់ ទុក្ខព្រួយឱ្យនាងឃើញដែរ។

កត្តាមួយទៀតដែលជាភាពឆ្លាតវាងវៃរបស់មេបញ្ជាការសំរេច គឺគេបានប្តូរឈ្មោះពី សំរេច ទៅជា ហ៊ុន សែន ដែលជាឈ្មោះហៅក្រៅពីកំណើតវិញ ដើម្បីកុំឱ្យពួកខ្មែរក្រហមចាប់អារម្មណ៍ ទោះបីប្រធានយោធាតំបន់បានស្គាល់ឈ្មោះ ហ៊ុន សែន នេះរួចមកហើយក៏ដោយ។ មុនពេលចាកចេញពីកម្ពុជា ទោះបីមានការគិតល្អិតល្អន់ និងហ្មត់ចត់ អំពីការរំដោះប្រជាជនកម្ពុជា តែបញ្ហា និងឧបសគ្គចម្បង គឺស្ថិតនៅលើពេលវេលា កម្លាំងកងទ័ព ស្បៀង និងយុទ្ធសាស្ត្រ ឬយុទ្ធវិធី។

មុននឹងទៅវៀតណាម មេបញ្ជាការ ហ៊ុន សែន ក៏គិតដែរថា បើទៅពឹងលាវ តើលាវមាន លទ្ធភាពជួយទេ បើកងទ័ពលាវនៅខ្សោយ ហើយបើទៅពឹងថៃ តើថៃអាចជួយបានទេ បើព្រំដែនពីកំពង់ចាមទៅដល់ព្រំដែនថៃមានចម្ងាយឆ្ងាយនោះ? ហើយថាតើប្រាកដទេថា ប្រទេសថៃនឹងលូកដៃជួយកម្ពុជា? មេបញ្ជាការក៏គិតទៀតដែរថា ប្រសិនបើមានការប្រយុទ្ធកើតឡើងនៅពេលនេះ តើ រ៉ានី ដែលមានផ្ទៃពោះ ឬកូនខ្ចីនឹងទៅជាយ៉ាងណា? តែទីបំផុត មេបញ្ជាការ ហ៊ុន សែន ត្រូវតែសម្រេចចិត្ត ចាកចេញពីកម្ពុជា ទៅពឹងបរទេសឱ្យមកជួយប្រជាជនកម្ពុជា។ ការពឹងបរទេសជិតខាងនេះ មិនមែនទើបតែជាលើកដំបូងទេ គឺអំឡុងសតវត្សរ៍ទី១៨ ឬ១៩ និងជាពិសេសក្នុងរជ្ជកាលសម្ដេចព្រះនរោត្តម សីហនុ ក៏ព្រះអង្គធ្លាប់ពឹងប្រទេសវៀតណាមដែរ។ មេបញ្ជាការ ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជា ប្រថុយជីវិត កាត់សន្សើម កាត់តំណក់ទឹកភ្លៀង កាត់ព្រៃជ្រៅដ៏ស្ងាត់ជ្រងំ ប្រកបដោយគ្រោះថ្នាក់ ឆ្លងកាត់ព្រៃឫស្សីរាប់ពាន់ហិកតាដ៏ក្រាស់ឃ្មឹក ចូលទៅកាន់ទឹកដីវៀតណាម ក្នុងខេត្តសុងប៊ែរ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ មុនពេលចាកចេញពីកម្ពុជា មេបញ្ជាការ ហ៊ុន សែន ប្រាប់ជាសម្ងាត់ឱ្យយុទ្ធមិត្តដែលជាកម្លាំងបង្កប់របស់ខ្លួន ដើរកាត់ខ្សែវិទ្យុទាក់ទងនៅតាមផ្លូវជាច្រើនកំណាត់ ដើម្បីកុំឱ្យពួកទាហានខ្មែរក្រហមទាក់ទងគ្នាបាន និងលបស្តាប់ដឹងការចាកចេញរបស់ខ្លួន និងប្រាប់ឱ្យកម្លាំងផ្ទៃក្នុងទាំងអស់ បង្កប់ខ្លួននៅក្នុងប្រទេស ដោយមេបញ្ជាការ ហ៊ុន សែន នាំយកយុទ្ធមិត្តចំនួនតែ៤នាក់ប៉ុណ្ណោះទៅជាមួយ។

ទោះបីមេបញ្ជាការ ហ៊ុន សែន មិនមែនជាមនុស្សល្បីល្បាញ ឬមានឥទ្ធិពលដែលត្រូវគេស្គាល់ជាទូទៅ តែការចាកចេញពីកម្ពុជាដោយមោះមុត និងមានផែនការរំដោះជាតិ រំដោះប្រជាជនច្បាស់លាស់ ពីរបបបិសាចស្រេកឈាម ធ្វើឱ្យ ប៉ុល ពត និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតព្រួយបារម្ភយ៉ាងខ្លាំងដែរ ថានឹងមានការបះបោរដ៏ធំមួយប្រឆាំងពួកគេ ដឹកនាំដោយមេបញ្ជាការឈ្មោះ ហ៊ុន សែន ហើយធ្វើឱ្យរបប និងការដឹកនាំរបស់ពួកគេរង្គោះរង្គើ ដួលរលំ ឬពួកគេអាចបាត់បង់ជីវិតក៏ថាបាន ។ ប៉ុល ពត ដឹងថាការគ្រប់គ្រងអំណាចរបស់ខ្លួនហាក់ដូចជាភ្លើង ដែលមានកម្តៅជ្រុលហួសហេតុចំពោះប្រជាជនឯង។ ដូច្នេះដើម្បីត្រៀមខ្លួនពីគ្រោះថ្នាក់នេះ ប៉ុល ពត និងថ្នាក់ដឹកនាំដទៃទៀត បានរៀបចំយុទ្ធសាស្រ្តដកថយទៅកាន់តំបន់ព្រំដែនខាងលិចរួចជាស្រេច ព្រោះមានតែភាគខាងលិចប្រទេសទេ ដែលពួកគេអាចគេចផុតពីការវាយប្រហារ និងអាចបន្តជីវិតជាទ័ពព្រៃបាន។

មេបញ្ជាការ ហ៊ុន សែន និងយុទ្ធមិត្តទាំង៤នាក់ បានចាកចេញផ្សងព្រេង ផ្សងគ្រោះថ្នាក់ទៅរកជំនួយពីបរទេស គឺប្រទេសវៀតណាម ដោយបន្សល់ទុកភរិយាដែលមានផ្ទៃពោះឱ្យនៅកម្សត់ និងរស់នៅលាក់ប្រវត្តិជាស្រីមេម៉ាយតែម្នាក់ឯង ក្នុងស្រុកមេមត់។ រ៉ានី ក្នុងវ័យ២១ឆ្នាំ ដែលមានទឹកមុខស្លេកស្លាំង រាងកាយស្គមស្គាំង ស្ទើរតែខ្យល់បក់រលំ និងមានផ្ទៃពោះជាង៥ខែ ស៊ូទ្រាំរស់នៅធ្វើការហួសកម្លាំង ទាំងលំបាកវេទនា ឈឺចាប់ ដូចជាប្រជាជនទូទាំងប្រទេសដែរ។ ចាប់ផ្តើមមានផ្ទៃពោះសាជាថ្មី ដែលជាកំណើតកូនប្រុសទី២ គឺ ហ៊ុន ម៉ាណែត នៅអំឡុងចុង ខែមករា ឆ្នាំ១៩៧៧។ ការមានផ្ទៃពោះលើកនោះ មិនស្របនឹងបំណងរបស់មេបញ្ជាការ ហ៊ុន សែន ទេ ព្រោះយល់ថាមិនគួរមានកូនក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ ភ័យរន្ធត់ តក់ស្លុត ព្រឺព្រួច ព្រោះខ្លួនត្រៀមរួចហើយថានឹងតស៊ូ ងើបឡើងប្រឆាំង និងវាយរំលំពួកពេជ្ឈឃាដ ប៉ុល ពត។ តែទោះយ៉ាងណា ក៏ធូរស្រាលក្នុងចិត្តដែរ ព្រោះយល់ថា ការមានផ្ទៃពោះលើកនេះជាការល្អប្រសើរម្យ៉ាង ដោយសារ រ៉ានី មិនចាញ់ដូចកូនដំបូង។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលលំបាកបំផុតចំពោះមេបញ្ជាការ ហ៊ុន សែន ព្រោះជាថ្ងៃលើកដំបូងបំផុតដែលត្រូវចាប់ផ្តើមជាថ្មី ក្នុងការយកជីវិតធ្វើដើមទុនដើម្បីដឹកនាំចលនាតស៊ូសង្រ្គោះជីវិតប្រជាជន និងជាតិ។ មេបញ្ជាការ ហ៊ុន សែន បញ្ជាឱ្យកងទ័ពបើកជង្រុកស្រូវដែលមានស្រូវប្រមាណ១ពាន់ថាំង ទាំងស្រូវខ្សាយ ទាំងស្រូវដំណើប ដែលស្តុកទុកជូនអង្គការជាយូរមកហើយ ដើម្បីឱ្យកងទ័ពយកបុកដាំបាយហូប ព្រោះជិតមួយឆ្នាំហើយដែលកងទ័ពហូបតែបបរ។ នេះជាចំណុចចាប់ផ្តើមវាយអង្គការជាចំហរបស់មេបញ្ជាការ ហ៊ុន សែន។ មុនពេលចាកចេញពីកម្ពុជា ទៅកាន់ព្រំដែនវៀតណាម ម៉ោងប្រហែល២រសៀល ដើម្បីបញ្ជាក់ពីការនឹករលឹកអាឡោះអាល័យ និងស្នេហាដ៏ជ្រាលជ្រៅបំផុតចំពោះភរិយា និងកូនក្នុងផ្ទៃ មេបញ្ជាការ ហ៊ុន សែន បានឆ្លៀតឱកាសដ៏ឆក់កណ្តៀត និងមានតម្លៃបំផុត អង្គុយសរសេរលិខិតមនោសញ្ចេតនា ជ្រាលជ្រៅផ្ញើទៅរ៉ានី ភរិយាជាទីស្រលាញ់។ នៅលើក្រដាសស៊ីម៉ងត៍ជាមួយនឹងប៊ិក ទឹកភ្នែកចាប់ស្រក់នៅលើក្រដាស់រួចទៅហើយ។ បញ្ហាដែលលំបាកបំផុតនាពេលនោះ តើត្រូវប្រាប់រ៉ានី ជាភរិយាថាដូចម្តេច ប្រាប់ថាខ្លួនជាមេបញ្ជាការត្រូវទៅទីណា? ព្រោះគ្មានគោលដៅ ឬទិសដៅអ្វីច្បាស់ទេចំពោះជីវិតពេលនោះ។ កំពុងសរសេរលិខិត ឬសរសេរលិខិតហើយត្រូវគេបាញ់សម្លាប់? ឬសរសេរលិខិតហើយត្រូវធ្វើការប្រយុទ្ធស្លាប់រស់? ឬ៣ម៉ោងមុននៅទិសខាងកើត តែ៣ម៉ោងក្រោយត្រូវនៅទិសខាងលិចវិញ? នៅក្នុងលិខិតនោះ មេបញ្ជាការមិនមានការចាំបាច់ដើម្បីបង្កប់ន័យកុំឱ្យអង្គការដឹងនោះទេ ព្រោះសមមិត្តមេបញ្ជាការ ចេញមុខប្រឆាំងអង្គការដោយចំហរួចទៅហើយ តែរឿងដែលលំបាក តើត្រូវប្រាប់ភរិយាសំណព្វចិត្តលើសពីជីវិតថាខ្លួនឯងនៅទីណា? នៅពេលនាងអានសំបុត្រនោះ? នៅទីបំផុតមេបញ្ជាការ ហ៊ុន សែន សម្រេចចិត្តប្រើពាក្យថា៖

“ មកដល់ រ៉ានី ប្រពន្ធដ៏កម្សត់របស់បង នៅពេលដែលអូនបានអានលិខិតនេះ រូបបង បាននៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថាខ្លួនឯងនៅកន្លែងណាផងទេ…” មេបញ្ជាការ ហ៊ុន សែន រៀបរាប់ច្រើននូវរឿងរ៉ាវដែលកើតឡើងក្នុងជីវិតប្តីប្រពន្ធទាំងពីរ និងក៏សុំការយោគយល់ពី រ៉ានី ដែរ នូវការដែលគេមិនប្រាប់រឿងពិតដល់នាងនៅមុនការបែកគ្នានោះ។ លិខិតមនោសញ្ចេតនាដ៏ជ្រាលជ្រៅចេញពីទឹកខ្មៅ ដែលហូរស្រក់ពីបេះដូងមួយច្បាប់នោះ ត្រូវបញ្ចប់ដោយការប្រើពាក្យថា “លាហើយ លាដើម្បីជួបវិញដោយគ្មានពេលកំណត់”។ នេះជាពាក្យពេចន៍ដែលបង្កប់អត្ថន័យថា មានសង្ឃឹមផង និងអស់សង្ឃឹមផង។ គេមិនអាចនិយាយថា ខែក្រោយ ឬឆ្នាំក្រោយជួបគ្នាទេ ព្រោះគ្មានអ្វីមួយដែលច្បាស់លាស់ ពិតប្រាកដឡើយចំពោះសភាពការណ៍នៅពេលនោះ។

“ខ្ញុំស្លាប់ ឬ រ៉ានី ស្លាប់? ការតស៊ូត្រូវជួបនឹងបរាជ័យ?។ល។ ”

មេបញ្ជការ ហ៊ុន សែន ចំណាយពេលសរសេរប្រមាណ២ម៉ោង ដោយទឹកភ្នែកហូរសស្រាក់ ស្រក់មិនឈប់រហូតធ្វើឱ្យសមមិត្តមេបញ្ជាការស្រវាំងភ្នែក។ ក្រោយពីសរសេរចប់ នៅម៉ោងប្រហែល៤ល្ងាច មេបញ្ជការ ហ៊ុន សែន បានហៅយុទ្ធមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ម្នាក់ជានីរសារឈ្មោះ នឿន មកជួប ហើយប្រគល់លិខិត និងសម្ភារៈមួយចំនួនទៅ រ៉ានី។ បន្ទាប់ពីប្រគល់សម្ភារៈដល់ នឿន រួចហើយក៏ចូលទៅសម្រាកលង់លក់ក្នុងបន្ទប់ផ្ទះស្នាក់ ក្បែរដើមឈើដ៏ធំដើម្បីរង់ចាំមិត្តភក្តិ៤នាក់ទៀត ដែលមិនទាន់មកដល់។ សមមិត្តមេបញ្ជាការលង់លក់យ៉ាងស្កប់ស្កល់ លុះពេលរលឹកឡើង គឺម៉ោង៨យប់ទៅហើយ។ ខណៈទោះយប់មិនទាន់ជ្រៅ តែស្ថានភាពព្រៃធ្វើឱ្យផ្ទៃរាត្រីងងឹតខ្លាំង សឹងមើលអ្វីមិនយល់។ សំឡេងសត្វរាត្រីចរ ក៏លាន់ឮកងរំពងដែរ។ សមមិត្តមេបញ្ជាការក្រោកអង្គុយ ហើយយកដែកកេះដុតចង្កៀងប្រេងកាត។ ពេលចង្កៀងឆេះភ្លាម ស្រាប់តែមានសំឡេងមនុស្សស្រែកសន្ធាប់ឡើងគួរព្រឺខ្លាចចេញពីដើមជ្រៃ ដែលមានខ្ទមអ្នកតានៅនឹងគល់ និងឆ្ងាយពីផ្ទះកន្លែងស្នាក់នៅរបស់សមមិត្តមេបញ្ជាការប្រហែល៣០ម៉ែត្រ។ សំឡេងមនុស្សប្រុសវ័យចំណាស់ស្រែកខ្លាំងៗ ស្ទើរបែកក្រដាសត្រចៀកថា “ចេញភ្លាមទៅ ចេញឱ្យឆាប់”។ សំឡេងស្រែកបន្ទរឡើងជាច្រើនដង។ បន្ទាប់ពីសំឡេងស្រែកចប់ ភ្លើងចម្រុះពណ៌បានមករុំខ្លួនសមមិត្តមេបញ្ជាការជុំជិត ធ្វើឱ្យភ័យយ៉ាងខ្លាំង ហើយស្រែកស្ទើរភ្លាត់សំឡេង ហៅឱ្យអ្នកនៅខាងក្រៅចូលមកជួយ។ យុទ្ធជន៣នាក់ ដែលយាមនៅខាងក្រៅបន្ទប់ ពេលស្តាប់ឮសំឡេងស្រែកឱ្យជួយក៏ស្ទុះចូលមកដល់ភ្លាមៗដែរ តែភ្លាមនោះមេបញ្ជាការ សំរេច ដែលកំពុងញ័រខ្លួននៅឡើយ សួរត្រឡប់ទៅពួកគេថា តើអ្នកណាស្រែកអីអម្បាញ់មិញ? ហើយមានឃើញភ្លើងក្នុងផ្ទះនេះទេ? ពួកគេទាំង៣នាក់ឆ្លើយព្រមគ្នាថាមិនឮ និងមិនឃើញអ្វីទាំងអស់។ ពេលនោះធ្វើឱ្យមេបញ្ជាការវ័យជាង២៤ឆ្នាំព្រឺក្បាលខ្ញាក ហើយគិតក្នុងចិត្តថា បារមីតាមថែរក្សាមកដាស់ មកប្រាប់ថាដល់ពេលវេលាហើយត្រូវតែចាកចេញហើយ។ ភ្លាមនោះមិនទាន់បានរៀបចំខ្លួនស្រួលបួលផង យុទ្ធមិត្ត៤នាក់ របស់ មេបញ្ជាការបានមកដល់ ដោយមានឈ្មោះ ១. នុច ថន ២. ញ៉ឹក ហួន ៣. ស៊ូ គឹមស្រ៊ាង ហៅសាញ់ (ឬ សន សាញ់) និង ៤. វ៉ា ប៉ោអ៊ាន។ បន្ទាប់ពីជួបជុំគ្នា និងពិនិត្យសម្ភារៈដែលត្រូវយកតាមខ្លួនសព្វគ្រប់អស់ហើយ អ្នកទាំង៥នាក់ ក៏ចាកចេញពីទីបញ្ជាការនៅម៉ោង៩យប់ ដោយធ្វើដំណើរតាមផ្លូវសម្ងាត់មួយដែលមិនឱ្យកងទ័ពក្នុងបន្ទាយដឹងថា អ្នកទាំងអស់គ្នាទៅណា។ អ្នកទាំង៥នាក់ បានចាកចេញដោយការឈឺចាប់ ជាមួយនឹងទឹកភ្នែករាប់ម៉ឺនរាប់សែនរាប់លានតំណក់។ តែទឹកភ្នែក និងការឈឺចាប់នោះហើយដែលជាកម្លាំងពង្រឹងស្មារតីក្រុមមេបញ្ជាការឱ្យប្រឹងតស៊ូដើម្បីសេរីភាព និងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។

ដើម្បីកុំឱ្យសង្ស័យ ឬភ្ញាក់ផ្អើលដល់ពួកអង្គការ ប៉ុល ពត មេបញ្ជាការហ៊ុន សែន សម្រេចឱ្យដើរផ្លូវវាង តែការធ្វើដំណើរផ្លូវវាង ឆ្កែដែលនៅក្នុងកសិដ្ឋានភូមិទា ព្រុសកាន់តែខ្លាំង។ ឆ្កែនោះធ្លាប់ខាំជើងសមមិត្តមេបញ្ជាការកាលពីលើកមុន។ ការធ្វើដំណើរប្រហែលជាម៉ោង១០យប់ បានមកដល់ទីតាំងមួយដែលមិនអាចដឹងច្បាស់ថាកន្លែងណា ហើយភ្លៀងក៏ចាប់ផ្តើមធ្លាក់ខ្លាំងឡើងៗ។ ភ្លៀងធ្លាក់ដីរអិលប៉ប៉ាច់ និងសើមប៉ផ្អៀច គឺជាឧបសគ្គក្នុងការធ្វើដំណើរ តែក៏ជួយបិទបាំងពីពួកអង្គការផងដែរ។ ក្នុងការធ្វើដំណើរដ៏លំបាកនោះ សមមិត្តមេបញ្ជាការនៅនឹកអាឡោះអាល័យចំពោះពាក្យសម្តីរបស់យុទ្ធមិត្តទាំង៤ ពេលមកដល់ផ្លូវបំបែក ពួកគេបាននិយាយថា “បងទៅយកបងស្រីសិន បើសិនជាគាត់មិនអាចដើរបានទេ ពួកខ្ញុំជួយសែង”។ សមមិត្តមេបញ្ជាការរលីងរលោងទឹកភ្នែក ព្រោះនេះជាសម្ដីដែលចេញពីបេះដូង ដ៏ស្មោះត្រង់គ្មានកិច្ចកលរបស់យុទ្ធមិត្តទាំង៤នាក់។ ដោយមិនចង់ឱ្យយឺតពេល ឬខកខានចំពោះការតាំងចិត្ត សមមិត្តមេបញ្ជាការតបវិញថា មិនអាចទេ ព្រោះរ៉ានី កំពុងនៅមន្ទីរពេទ្យយោធា ឯឃុំសំរោង គឺឆ្ងាយពីទីនេះណាស់។ ម្យ៉ាង បើទៅយកនាង នឹងក្លាយជាមហាគ្រោះថ្នាក់មួយបន្ថែមទៀត ប្រសិនបើសមមិត្តមេបញ្ជាការ ហ៊ុន សែន សម្រេចចិត្តធ្វើតាមសំណូមពររបស់យុទ្ធមិត្ត ព្រោះនឹងជួបទាហានខ្មែរក្រហម ដែលកំពុងតាមប្រមាញ់។ តែទោះជាយ៉ាងណា នេះជាសំណូមពរដ៏គួរឱ្យគោរពរបស់យុទ្ធមិត្ត។

បន្ទាប់ពីនោះពួកគេក៏ពិភាក្សាគ្នាពីបញ្ហាថា តើត្រូវទៅតាមផ្លូវណា? យុទ្ធមិត្តម្នាក់ឈ្មោះ នុច ថន លើកឡើងថា ចង់ទៅតាមខ្សែត្រៀមព្រោះអាវុធរបស់នុច ថន ទុកនៅខ្សែត្រៀម តែ សមមិត្តមេបញ្ជាការតបវិញថា មិនបានទេ ព្រោះទោះបីបានកាត់ផ្តាច់ខ្សែទូរសព្ទទាក់ទងភ្ជាប់មកកាន់ខ្សែត្រៀមជួរមុខក៏ដោយ ក៏គេអាចមានលទ្ធភាពដើម្បីតភ្ជាប់ឡើងវិញ ក្នុងការទប់ស្កាត់ជាមុនដែរ។ តែរឿងនេះមិនមែនជារឿងធ្វើឱ្យមេបញ្ជាការព្រួយបារម្ភខ្លំាងពេកទេ អ្វីដែលគេបារម្ភខ្លាំងជាងគេ គឺការឆ្លងកាត់ ព្រោះនឹងមានអ្នកដែលមកតាមជាមួយចៀសមិនផុត។ ដូច្នេះគ្មានជម្រើសអ្វីផ្សេងក្រៅពីការឆ្លងកាត់ចម្ការមីនទេ។

តំបន់នោះគឺជាតំបន់សម្លាប់ភូមិសាស្រ្តតែម្តង គឺការដាក់មីនដែលគ្មានផែនទីដើម្បីត្រួតពិនិត្យ។ មេបញ្ជាការហ៊ុន សែន ប្រាប់ថាត្រូវធ្វើដំណើរឆ្លងកាត់តំបន់ដែលគ្មានកងទ័ព ប៉ុន្តែ កាត់ចម្ការមីន។ បញ្ហាលំបាកខ្លាំង គឺបញ្ហានៃការដោះមីន។ ពួកគេត្រូវធ្វើដំណើរពីចំណុចពិភាក្សាមកកាន់ទល់ដែន និងឆ្លងកាត់ព្រំដែន។ ការធ្វើដំណើរកាត់ព្រៃមហាលំបាក គឺយុទ្ធមិត្តញឹក ហួន និង សន សាញ់ ជាអ្នកដើរជួរមុខ មេបញ្ជាការហ៊ុន សែនដើរ កណ្តាល យុទ្ធមិត្ត វ៉ា ប៉ោអ៊ាន នៅបន្ទាប់ឯ នុច ថន នៅក្រោយគេ។ ពួកគេនិយាយដាស់តឿន នុច ថន ដែលលីកាំបិតក្រោយគេថា ធ្វើយ៉ាងណាកុំឱ្យរអិល ឬទាក់ជើងដួល ព្រោះកាលណាទាក់ជើងដួល គឺច្បាស់ជាកាំបិតផ្គាក់កាប់ត្រូវអ្នកមុខ។ ក្រៅពីពាក្យដាស់តឿន យុទ្ធមិត្តទាំង៤នាក់ នៅនិយាយលើកទឹកចិត្តសមមិត្តមេបញ្ជាការថែមទៀតថា ទោះបីពួកគេស្លាប់ ក៏ពួកគេសូមចម្លង សមមិត្តមេបញ្ជាការឱ្យចេញផុតពីព្រំដែនដែរ។

ក្នុងចំណោមយុទ្ធទាំង៥នាក់ មេញ្ជាការ ហ៊ុន សែន គឺមានទុក្ខ និងអម្រែកធ្ងន់ជាងគេ ដោយអ្នកដទៃនៅលីវ មិនទាន់មានគ្រួសារ ចំណែកមេបញ្ជាការមានរ៉ានី ជាភរិយាដែលកំពុងមានផ្ទៃពោះ ហើយការសម្រេចចិត្តរត់ភៀសខ្លួន ក៏មិនមែនរត់ចោលមាតុភូមិដើម្បីស្វែងរកភាពសុខសាន្តសម្រាប់ខ្លួនឯង និងគ្រួសារដែរ គឺរត់ដើម្បីស្វែងរកជំនួយរំដោះប្រជាជន រំដោះប្រទេស ពីរបបដ៏យង់ឃ្នងក្នុងប្រវត្តិពិភពលោក។ ទោះបីដំណើរនោះមានលក្ខណៈផ្សងព្រេង តែជាការរៀបចំមួយដ៏ត្រឹមត្រូវបំផុតតាមយុទ្ធសាស្ត្រ។ ម៉ោងប្រហែលជិត១២យប់ ក្រោមតំណក់ភ្លៀងស្រិចៗនៅឡើយ ពួកគេបានដល់ទីតាំងមួយ។ សមមិត្តមេបញ្ជាការ គិតថាឧបសគ្គនៃការធ្វើដំណើរដោយសារភ្លៀង និងយប់ជារឿងមួយ តែបញ្ហាដើរកាត់ចម្ការមីនគឺជារឿងដ៏គ្រោះថ្នាក់បំផុត មិនអាចជារឿងដែលត្រូវប្រញាប់ប្រញាល់ពេកទេ។ ខណៈយុទ្ធមិត្តកំពុងធ្វើសកម្មភាពដោះមីនបណ្តើរ សមមិត្តមេបញ្ជាការ យកឱកាសនោះឈរបែរក្រឡេកមើលក្រោយ ដោយក្ដីឈឺចាប់ដែលខ្លួនត្រូវចាកចោលប្រទេសជាតិ ដែលកំពុងរងទុក្ខវេទនា ពិសេសក្នុងពេលដែលភរិយាកំពុងមានផ្ទៃពោះ។ សមមិត្តមេបញ្ជាការនៅតែគិតថា តើជីវិតរបស់ភរិយានឹងទៅជាយ៉ាងណា? ប្រសិនបើត្រឹមតែរត់យករួចខ្លួនជាមួយនឹងយុទ្ធមិត្ត និងភរិយា គឺគ្មានអ្វីត្រូវលំបាកទេ ព្រោះក្នុង ឋានៈជានាយទាហានកងទ័ពពិសេសម្នាក់ ដែលបានហ្វឹកហាត់សព្វគ្រប់ច្បាស់លាស់ ពីរបៀបមើលពីចម្ងាយ និងរបៀបវាស់វែង តាំងពីរវាងល្បឿននៃសំឡេងក្នុងមួយវិនាទីប៉ុន្មានម៉ែត្រ ពេលដែលឃើញគ្រាប់ហោះឡើង? ហើយនៅពេលមើលឃើញទាំងកែវភ្នែក ទាំងឡេវអាវរបស់មនុស្ស តើមានចម្ងាយប៉ុន្មាន? ជាពិសេសជាកងទ័ពស្គាល់ភូមិសាស្រ្តច្បាស់ មិនពិបាកឡើយ តែពេលនោះយកជីវិតប្តូរធ្វើជាដើមទុនដើម្បីរំដោះជាតិ។

ពេលទៅដល់ព្រំប្រទល់ដែនកម្ពុជា-វៀតណាម ពួកគេដោះមីនចូលទៅទឹកដីវៀតណាមបន្តទៀត ហើយត្រឹមតែចម្ងាយប្រមាណ២០០ ម៉ែត្រ ត្រូវប្រើពេលដល់ទៅ២ម៉ោង។ ឧបសគ្គធំជាងគេគឺមីន។ ម្យ៉ាងទៀតពួកគេក៏គិតដែរថា តើនៅតាមបន្ទាត់ព្រំដែនមានកងទ័ពវៀតណាមទេ? ដោយសារតែយប់ងងឹតពេក ពួកគេមិនអាចមើលគ្នាឃើញទេ។ លុះចូលផុតទៅខាងវៀតណាម សមមិត្តមេបញ្ជាការ ហ៊ុន សែន នាំយុទ្ធមិត្តសម្រាកនៅក្បាលដំបូកមួយ។ ពេលសម្រាកយុទ្ធមិត្តខ្លះក៏ស្រក់ទឹកភ្នែកយំស្រណោះខ្លួន ស្រណោះទឹកដី ឪពុកម្តាយ ឯមេបញ្ជាការ ហ៊ុន សែន ក៏ស្រក់ទឹកភ្នែកដែរ ព្រោះនឹកអាណិតភរិយា និងកូនក្នុងផ្ទៃ។ ពួកគេសម្រាកក្រោមដើមឈើរហូតដល់ម៉ោង៨ព្រឹក ទើបក្រោកចាកចេញ ប៉ុន្តែពួកគេត្រូវឃាត់ខ្លួនដោយកងទ័ពឆ្មាំព្រំដែនវៀតណាម។

ក្រោយពេលឃាត់ខ្លួន កងទ័ពវៀតណាមមិនជឿថាពួកគេរត់ភៀសខ្លួនភ្លាមទេ។ គ្រាន់តែជឿត្រឹមថា មិនមែនជាកងវាយឆ្មក់របស់កម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ វៀតណាមបានបញ្ជូនថ្នាក់ឧត្តមសេនីយ៍ម្នាក់ និងវរសេនីយមួយចំនួនឱ្យមកបញ្ចុះបញ្ចូលពួកគេនៅឯខេត្តសុង ប៊ិញ។ ពួកឧត្តមសេនីយ៍វៀតណាម ប្រាប់ដោយនិយាយបញ្ចុះបញ្ចូល និងផ្តល់ឱកាសដើម្បីឱ្យបានទៅរស់នៅប្រទេសទី៣ ដោយសុខស្រួលថា ចង់ទៅអូស្រ្តាលី ចង់ទៅជប៉ុន ចង់ទៅថៃ ទៅ អាម៉េរិក កាណាដា ឬ បារាំង វៀតណាមនឹងរៀបចំឱ្យទៅបានទាំងអស់។ ជាការឆ្លើយតប ទោះបីជាប្រទេសកម្ពុជាកំពុងស្ថិតក្នុងឋាននរក ហើយប្រទេសទាំងនោះជាឋានសួគ៌ ក៏មេបញ្ជាការ ហ៊ុន សែន មិនទៅដែរ។ ដោយសារភាពស្មោះត្រង់ចំពោះជាតិ ទឹកដីនិងប្រជាជនកម្ពុជា មេបញ្ជាការ ហ៊ុន សែន បដិសេធចំពោះការផ្តល់ទ្រនំដ៏សុខសាន្ត ព្រោះត្រូវការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា សុខចិត្តពលីដើម្បីប្រទេសកម្ពុជា។ ចម្លើយរបស់មេបញ្ជាការ ហ៊ុន សែន ពេលនោះមានតែមួយគត់ គឺរត់មកដើម្បីស្វែងរកជំនួយទៅជួយសង្រ្គោះប្រទេស និងប្រជាជន កម្ពុជាដែលកំពុងលំបាកវេទនាហួសនិស្ស័យជាមនុស្ស។ ប្រសិនបើ វៀតណាមមិនអាចជួយបានទេ ក៏សុំប្រគល់ត្រឹមតែអាវុធមកក៏បាន ដោយសុខចិត្តត្រឡប់ទៅស្លាប់ជាមួយប្រជាជនកម្ពុជានៅកម្ពុជាវិញ។ មេបញ្ជាការ ហ៊ុន សែន បញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖

“យើងខ្ញុំមកនេះ មិនមែនមកដើម្បីស្វែងរកសេចក្ដីសុខផ្ទាល់ខ្លួនឯងតែម្នាក់ៗនោះទេ។ យើងខ្ញុំមកនេះ ពិតជាខុស ព្រោះបានយកអាវុធមកជាប់ខ្លួនចូលទឹកដីសមមិត្ត តែការយកអាវុធមកជាប់ខ្លួន គឺដើម្បីការពារខ្លួនពីពួកខ្មែរក្រហមប៉ុល ពត ប្រសិនបើយើងខ្ញុំជួបពួកគេដោយចៃដន្យ។ ពេលនេះពួកខ្មែរក្រហមប៉ុល ពត កំពុងក្បត់ប្រជាជនឯង កាប់សម្លាប់ប្រជាជនឯងខ្លាំងណាស់។ យើងខ្ញុំមិនអាចឈរឱបដៃមើលការកាប់សម្លាប់នេះ តទៅទៀតបានទេ” ។

គោលបំណងដ៏ចាំបាច់ និងសំខាន់មួយទៀតរបស់មេបញ្ជាការ ហ៊ុន សែន គឺត្រូវផ្ញើសារឱ្យ ដល់មេដឹកនាំវៀតណាម យ៉ាងហោចណាស់ក៏កុំឱ្យវៀតណាមចាប់បញ្ជូនជនជាតិកម្ពុជាដែល ភៀសខ្លួនទៅវៀតណាម ត្រឡប់មកកាន់កម្ពុជាវិញ។ មេបញ្ជាការ ហ៊ុន សែន គិតជាស្រេចថា ពេលវៀតណាមចាប់បាន ហើយចងដៃទៅក្រោយ គាត់មានលទ្ធភាពក្នុងការលូកហោប៉ៅយកម្ជុល១២ដើម មកចាក់បំពង់កខ្លួនឯង (មុនពេលរត់ចាកចេញពីកម្ពុជាទៅវៀតណាម សមមិត្តមេបញ្ជាការ ត្រៀមជាស្រេចដែរនូវម្ជុលដេរមួយប៉ាវ (មួយប្រអប់) ដោយស៊កក្នុងហោប៉ៅខោ។ ពួកគេមិនត្រូវការឱ្យកងទ័ពវៀតណាមបញ្ជូនមកកម្ពុជាវិញទេ ព្រោះអ្នកដែលរត់ទៅវៀតណាម ហើយត្រូវបញ្ជូនមកវិញភាគច្រើនគឺស្លាប់ឬយ៉ាងហោចណាស់ក៏ត្រូវជាប់ឃុំ រងនូវទារុណកម្មដ៏ឃោរឃៅមហាព្រៃផ្សៃដែរ។ ក្នុងស្ថានភាពនោះ តិច ឬច្រើន យ៉ាងហោចណាស់មេដឹកនាំវៀតណាមនឹងទទួលនូវសារដែលចេញពីការធ្វើអត្តឃាតមួយ។ ប៉ុន្ដែក្រោយការពន្យល់ និងបកប្រែដ៏ត្រឹមត្រូវជាច្រើនថ្ងៃ ទើបកងទ័ពវៀតណាមឱ្យពួកគេសម្រាក និងយល់ព្រមផ្តល់អាវុធ និងកងទ័ពដើម្បីជួយរំដោះប្រជាជន និងប្រទេសកម្ពុជា។

ក្នុងដំណាក់កាលនោះ សម្តេចព្រះនរោត្តម សីហនុ ព្រះរាជអគ្គមហេសី មុនីនាថសីហនុ និងសែរាជវង្សមួយចំនួនទៀត កំពុងស្ថិតក្នុងពន្ធនាគារ (ឃុំខ្លួនក្នុងវាំង) នៅឡើយ ហើយទោះបីកងទ័ពខ្មែរក្រហមវាយលុកចូលទឹកដីវៀតណាមជាញឹកញាប់ ប៉ុន្តែវៀតណាមនៅតែរក្សាមិត្តភាព សាមគ្គីភាពជាមួយកម្ពុជាប្រជាធិបតេយ្យ តាមរយៈទំនាក់ទំនងការទូត។ ដូច្នេះដើម្បីចៀសវាងកុំឱ្យមានការថ្នាំងថ្នាក់រវាងគ្នានិងគ្នា វៀតណាមតែងតែចាប់បញ្ជូនអ្នកដែលរត់ទៅវៀតណាមឱ្យមកកម្ពុជាវិញ។ អ្នកដែលវៀតណាមបញ្ជូនមកដល់កម្ពុជាវិញ ភាគច្រើនគឺស្លាប់ ឬយ៉ាងហោចណាស់ក៏ត្រូវជាប់ឃុំ និងរងនូវទារុណកម្មដ៏ឃោរឃៅមហាព្រៃផ្សៃ។ តាមចម្លើយសារភាពរបស់មេដឹកនាំខ្មែរក្រហម ដែលបន្សល់ទុកនៅមន្ទីរ ស-២១ ឬគុកទួលស្លែង បង្ហាញថាអ្នកទោសរបស់អង្គការមួយចំនួនត្រូវឆ្មាំ ឬអ្នកសួរចម្លើយចាប់ដកក្រចក ឆក់ខ្សែភ្លើង កាត់សរសៃកែង ឬយកម្ជុលចាក់ទម្លុះគ្រាប់ភ្នែក ឬចាក់ម្ជុលក្នុងសាច់បន្តិចម្តងៗ ដើម្បីជំរិតយកចម្លើយ ក្រោយមកយកទៅសម្លាប់។

ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៧ មុនពេលក្រុមរបស់មេបញ្ជាការ ហ៊ុន សែន ចេញទៅ វៀតណាមជិត៣ខែ ទាហានខ្មែរក្រហមចាប់ផ្ដើមការវាយប្រហារប្រដាប់អាវុធ នៅព្រំប្រទល់ភាគនិរតីវៀតណាម។ ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហមចូលទៅសម្លាប់ជនស៊ីវិលស្លូតត្រង់ នៅក្នុងឃុំបាជុក នៃខេត្តអានយ៉ាង (An Giang) ដែលនៅចម្ងាយ២គីឡូម៉ែត្រពីព្រំដែនខេត្តតាកែវ។ មនុស្សជាច្រើនរត់ភៀសខ្លួនទៅកាន់វិហារភីឡៃ និងតាំប៊ូ ប៉ុន្តែត្រូវក្រុមខ្មែរក្រហមតាមសម្លាប់យ៉ាងឃោរឃៅ ។ នៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ១៩៧៧ ពួកកងទ័ពខ្មែរក្រហម វាយលុកចូលទឹកដីវៀតណាម និងកាប់សម្លាប់ជនជាតិវៀតណាម នៅស្មាច៍ តំបន់តៃនិញ នៃខេត្តតៃនិញ ធ្វើឱ្យវៀតណាមប្រតិកម្មការពារខ្លួន និងវាយបករុញច្រានកងទ័ពខ្មែរក្រហមមកដល់ខេត្តកំពង់ចាម។

ខណៈនោះចលនាកងទ័ពរបស់មេបញ្ជាការ ហ៊ុន សែន ក៏ចូលមកជាមួយដែរ តែមិនប្រយុទ្ធទ្រង់ទ្រាយធំទេ ព្រោះមិនទាន់មានកម្លាំង និងឧបករណ៍ សម្ភារៈគាំទ្រគ្រប់គ្រាន់។ មេបញ្ជាការ ហ៊ុន សែន ចូលតាមច្រកកៅស៊ូ៧ដើម និងសម្រាកនៅឃុំដា ស្រុកមេមត់ រួចចូលទៅក្នុង ទីបញ្ជាការយោធាតំបន់នៅចម្ការដូង និងក្នុងមន្ទីរពេទ្យដើម្បីស្វែងរកភរិយា ប៉ុន្តែមនុស្សត្រូវគេជម្លៀសនិងរត់ចេញអស់។ មេបញ្ជាការអាចរកឃើញតែសៀវភៅកំណត់ហេតុរបស់ភរិយាតែប៉ុណ្ណោះ ដែលនៅក្នុងសៀវភៅកំណត់ហេតុនោះ ភរិយាជាទីស្រលាញ់សរសេរពីថ្ងៃ ខែ ឆ្នាំ និងឈ្មោះ ម៉ាណែត ជាកូនប្រុសយ៉ាងច្បាស់។ កំណត់ហេតុនោះហើយដែលបញ្ជាក់ និងធ្វើឱ្យដឹងថាភរិយាខ្លួនទើបតែឆ្លងទន្លេរួច ប៉ុន្តែគេជម្លៀសទៅផុត។ មេបញ្ជាការហ៊ុន សែន និងសហសេវិក ស្នាក់នៅទីនោះ២ ថ្ងៃ១យប់។ កងទ័ពវៀតណាម បានវាយចូលទឹកដីខ្មែរជិតដល់ក្រុងសួង ហើយដោយសារការវាយលុករបស់កងទ័ពវៀតណាម ធ្វើឱ្យនៅថ្ងៃ៥ ខែមករា ឆ្នាំ១៩៧៨ របបកម្ពុជាប្រជាធិបតេយ្យ តាមរយៈ ខៀវ សំផន បានប្រកាសផ្តាច់ទាក់ទងការទូតជាមួយនឹងវៀតណាម។ ចំណែកវៀតណាម ក្រោយពីកម្ពុជាប្រជាធិបតេយ្យ ប្រកាសផ្តាច់ទាក់ទងការទូត ពួកគេក៏សម្រេចប្រកាសដកកងទ័ពទៅវិញ និងដកជាបណ្តើរៗ។ ការដកថយរបស់កងទ័ពវៀតណាម ធ្វើឱ្យមេបញ្ជាការ ហ៊ុន សែន អស់សង្ឃឹម ព្រោះយល់ថា ការសម្រេចចិត្តដករបស់កងទ័ពវៀតណាម នឹងធ្វើឱ្យចលនានៃការរំដោះជាតិរបស់ពួកគេ មានការយឺតយ៉ាវ ហើយជីវិតប្រជាជនកម្ពុជានឹងត្រូវគេសម្លាប់កាន់តែច្រើន ឬអាចនៅសល់តែដីទទេ ព្រោះខ្មែរក្រហមកាន់តែក្រពុលមុខខ្លាំង ឯការសម្លាប់ក៏លែងរើសមុខ។ ជនណាដែលគេសង្ស័យ នឹងត្រូវចាប់ខ្លួន និងសម្លាប់។ មេបញ្ជាការ ហ៊ុន សែន ស្រក់ទឹកភ្នែក នឹកស្រណោះស្រណោកដល់ជីវិតមហាវេទនារបស់ប្រជាជន និងទឹកដីកម្ពុជាដ៏កម្សត់ នៅចំពោះមុខយុទ្ធមិត្ត និងមេបញ្ជាការកងទ័ពវៀតណាម។ ដោយឃើញឥរិយាបថ មេបញ្ជាការស្មោះស្ម័គ្រចំពោះជាតិបែបនេះ កងទ័ពវៀតណាម ឆ្លើយតបវិញថា វៀតណាមគ្រាន់តែប្រើសិទ្ធិការពារខ្លួនប៉ុណ្ណោះ ព្រោះដោយសារតែពួកខ្មែរក្រហម វាយចូលទៅកាប់សម្លាប់ប្រជាជនវៀតណាម ហើយប្រសិនបើវៀតណាមបន្តវាយ ឬបន្តឈរជើងនៅលើទឹកដីកម្ពុជា នោះគឺស្មើនឹងវៀតណាមឈ្លានពានកម្ពុជា។ ក្រោយការពន្យល់ដ៏សមហេតុផល សមមិត្តមេបញ្ជាការ ហ៊ុន សែន នៅទ្រឹង តែក្នុងចិត្តនៅតែរំពឹងថា ពួកគេនឹងអាចមានឱកាសចូលមករំដោះប្រជាជន និងទឹកដី កម្ពុជា ពីរបបកម្ពុជាប្រជាធិបតេយ្យ បានទាន់ពេលវេលានៅថ្ងៃណាមួយ។

ការតាំងចិត្តនិងការរំពឹងទុក និងក្តីសង្ឃឹម បានដល់ទីបញ្ចប់ គឺសមមិត្តមេបញ្ជាការ ហ៊ុន សែន ទទួលការឧបត្ថម្ភពីវៀតណាម លើជំនួយកងទ័ព សព្វាវុធ និងស្បៀងដែរ។ ថ្ងៃទី២ ខែធ្នូ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ពួកគេធ្វើសន្និបាតប្រកាសបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដោយមានការចូលរួមពីបណ្តាសមមិត្ត ជា ស៊ីម (សម្តេចធម្មពោធិសាល ជា ស៊ីម)សមមិត្ត ហេង សំរិន (សម្តេចពញាចក្រី ហេង សំរិន ) និងបណ្តាសមមិត្តជាឥស្សរជនជាច្រើនរូបទៀត។ ប៉ុន្តែនៅដំណាលគ្នានោះ ការបង្អត់អាហារ ការបង្ខំឱ្យធ្វើការហួសកម្លាំង ការគ្មានថ្នាំព្យាបាល ការកាប់សម្លាប់ប្រជាជនកម្ពុជានៅក្នុងទូទាំងប្រទេស កាន់តែធ្វើខ្លាំងឡើងៗ ដោយចាប់ផ្តើមពីភូមិភាគ បូព៌ា ជាពិសេសក្រោយពេលលេខាភូមិភាគបូព៌ាធ្វើអត្តឃាត នៅអំឡុងក្រោយបុណ្យចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ១៩៧៨។ លេខាភូមិភាគបូព៌ា ជាអតីតមេបញ្ជាការរបស់សមមិត្ត ហេង សំរិន ត្រូវអង្គការសង្ស័យថាក្បត់ ហើយអង្គការតាមចាប់ខ្លួន។ ក្រោយការធ្វើអត្តឃាតរបស់ សោ ភឹម ហើយចូលមកជំនួសដោយពួកនិរតី ដែលមានឈ្មោះ ឈិត ជឿន ហៅតាម៉ុក ចូលមកកាន់កាប់ រួមជាមួយនឹង សុន សេន រដ្ឋមន្រ្តីក្រសួងការពារជាតិ និង កែ ពក ប្រជាជនដែលនៅក្នុងស្រុកពារាំង ប្របទន្លេតូចទាំងអស់ ត្រូវគេជម្លៀសចេញពីភូមិគ្មានសល់។ នៅម្តុំភូមិតាព្រះ ភូមិព្រែកតាប៉ុក ឃុំព្រែកតាស ប្រជាជនត្រូវជម្លៀសគ្មានសល់ម្នាក់។ ក្នុងភូមិទាំងមូលស្ងាត់ជ្រងំ គួរឱ្យស្រងេះស្រងោចបំផុតគ្មានសល់អ្វីក្រៅពីមាន់ និងឆ្កែ ជ្រូកនៅតាមផ្ទះ។ ភូមិឋានក្លាយជារហោស្ថានដ៏គួរឱ្យសង្វេគ។ លុះយូរបន្តិច ទើបអ្នកភូមិត្រឡប់មកវិញ ដោយគ្រួសារខ្លះបាត់បង់សមាជិកគ្រួសារ។ បន្ទាប់ពីបោសសម្អាតភូមិភាគបូព៌ាដ៏ឃោរឃៅ នៅដំណាក់កាលបន្ទាប់ ក៏ចូលមកដល់វេនភូមិភាគពាយព្យ នៃខេត្តពោធិ៍សាត់ និងបាត់ដំបង។ ភូមិភាគពាយព្យ ត្រូវគ្រប់គ្រង និងកាន់កាប់ដោយ មូល សម្បត្តិ ហៅ រស់ ញឹម ជាដន្លងរបស់ សោ ភឹម ហើយមូលហេតុដែលអង្គការបោសសម្អាតអ្នកភូមិភាគពាយព្យ បន្ទាប់ពីបូព៌ា គឺដោយសារ រស់ ញឹម ត្រូវជាដន្លងជាមួយ សោ ភឹម។ ដូច្នេះអង្គការយល់ថា បើដន្លងនៅបូព៌ាក្បត់ ដន្លងនៅពាយព្យក៏ក្បត់ដែរ គេត្រូវជីកស្មៅ ជីកទាំងឫស។

នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញា ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ កាំង ហ្កេកអ៊ាវ បញ្ជាក់ថា អង្គភាពទាំង៤ ដែលមានសិទ្ធិសម្រេចចិត្តឱ្យចាប់អ្នកទោសទាំងនៅថ្នាក់មជ្ឈិម និងថ្នាក់មូលដ្ឋាន ទី១ គឺលេខាភូមិភាគ ត្រូវចាប់ខ្លួនទាំងអស់ចំនួន៧នាក់ ៧ភូមិភាគ។ទី២ ប្រធានគណៈកម្មាធិការមន្ទីរមជ្ឈិម មន្ទីរ៨៧០។ ទី៣ គឺអចិន្រ្តៃយ៍មជ្ឈិម ទទួលខុសត្រូវសម្រេចកម្ទេចក្នុងតំបន់ឯករាជ្យ។ ទី៤ គឺសេនាធិការ សម្រេចកម្ទេចនៅក្នុងជួរកងទ័ពមជ្ឈិម។ ឌុច អះអាងថា មន្ទីរស-២១ ចាប់មនុស្សភាគច្រើនដែលស្ថិតក្នុងជួរបដិវត្តន៍ខ្មែរក្រហមជាមួយគ្នាប៉ុណ្ណោះ ហើយអង្គភាព៤ក្រុមជាអ្នកសម្រេច ឯ ស-២១ គ្រាន់តែជាអ្នកអនុវត្តសកម្មភាព ធ្វើយ៉ាងណាឱ្យស្ងាត់ កុំឱ្យតដៃបាន កុំឱ្យរត់រួច ហើយបញ្ចូលគុកឱ្យបាន។ នៅមន្ទីរស-២១ ឬគុកទួលស្លែងនៅអំឡុងរបបខ្មែរក្រហមមានអ្នកទោសប្រមាណមួយម៉ឺន៦ពាន់នាក់ ត្រូវចាប់ខ្លួន សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់។ បើតាមបញ្ជីឈ្មោះអ្នកទោសដែលបន្សល់ទុកនៅមន្ទីរ ស-២១ ភាគច្រើនជាកម្មាភិបាលខ្មែរក្រហមនោះ ក៏មានអ្នកទោសជាជនជាតិភាគតិច និងជនបរទេសផងដែរ រួមមានអ្នកទោសវៀតណាមចំនួន៤៨៨នាក់ ថៃ៣១នាក់ អាម៉េរិក៤នាក់ បារាំង៤នាក់ អូស្ត្រាលី២នាក់ និងអង់គ្លេស១នាក់។ មន្ទីរសន្តិសុខ ស-២១ និងមន្ទីរនគរបាលទូទាំងប្រទេស នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺឋិតក្រោមការដឹកនាំ និងបញ្ជារបស់ការិយាល័យនយោបាយ ឬគណៈមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ដែលមាន ប៉ុល ពត ជាលេខាបក្ស និង នួន ជា ជាអនុលេខាបក្ស។ គោលនយោបាយបក្សកុម្មុយនីស្តកម្ពុជា ចេញនៅឆ្នាំ១៩៧១ សម្រេចថា អ្នកដែលបក្សចោទថាជាខ្មាំង គឺត្រូវតែសួរចម្លើយ ហើយសម្លាប់ទាំងអស់ លើកលែងតែអ្នកទោសខ្លះគេទុកប្រើសិនប៉ុណ្ណោះ។ នួន ជា ក៏ជាអ្នកបញ្ជាឱ្យចាប់ភរិយាកម្មាភិបាលជាន់ខ្ពស់នៃបក្សកុម្មុយនីស្តកម្ពុជា ដែលចោទប្រកាន់ថាក្បត់។ គោលការណ៍របស់បក្សកុម្មុយនីស្តកម្ពុជា កាលណាមេគ្រួសារត្រូវគេចោទថាជាជនក្បត់បក្ស សមាជិកគ្រួសាររបស់អ្នកនោះទាំងអស់ក៏ត្រូវគេសម្លាប់ ឬហៅថាកម្ទេចដែរ ព្រោះខ្លាចមានការសងសឹក។ ចំពោះកូនក្មេង ជាគោលការណ៍ប្រសិនបើម៉ែឪក្បត់ កូនគេត្រូវសម្លាប់។ ទីតាំងសម្លាប់អ្នកទោសពេលនោះមាននៅជើងឯក មន្ទីរពេទ្យតាខ្មៅ និងជុំវិញគុកទួលស្លែង។ មនុស្សចាស់ត្រូវសម្លាប់នៅជុំវិញគុកទួលស្លែង ឯកុមារគេសម្លាប់នៅជើងឯក។ មន្ទីរស-២១ ឬគុកទួលស្លែង គេវាយតម្លៃថា គឺជាទីតាំងនៃម៉ាស៊ីនសួរចម្លើយ ព្រោះរាល់ការចាប់ខ្លួននិងសម្លាប់ គឺត្រូវធ្វើឡើងតាមរបាយការណ៍ដែលចេញពីស-២១ ដែល ឌុច គ្រប់គ្រងផ្ទាល់ និង នួន ជា សុន សេន អ្នកនៅពីលើ។ សួស ធី អ្នកកាន់បញ្ជីអ្នកទោស បញ្ជាក់នៅក្នុងសាលាក្តី នៅអំឡុងខែមិថុនា ឆ្នាំ២០១៦ ថាលទ្ធផលឬវាសនារបស់អ្នកទោស គឺអាស្រ័យលើចំណាររបស់ឌុច។ បើឌុច ចារមកថា “ទុកប្រើ” គឺមនុស្សអាចនៅមានជីវិតបន្តទៀត តែបើឌុច ចារមកដោយសរសេរអក្សរកាត់ថា “កំ” គឺត្រូវសម្លាប់ហើយ។ កំ មានន័យថា “កម្ទេច”។ ហ៊ឹម ហ៊ុយ អតីតអ្នកចាប់ខ្លួនថ្នាក់កម្មាភិបាល និងសួរចម្លើយអ្នកទោសទួលស្លែង បានប្រាប់អ្នកផលិតភាពយន្តឯកសារជនជាតិបារាំងក្នុងពេលកន្លងមកថា រាល់ការយកអ្នកទោសទួលស្លែងទៅសម្លាប់ គឺឌុច តែងតែទៅមើល និងពិនិត្យផ្ទាល់ភ្នែក ព្រោះខ្លាចក្រុមពេជ្ឈឃាដសម្លាប់អ្នកទោសមិនស្លាប់នាំឱ្យរត់រួច។ ឌុច ទៅអង្គុយមើលដល់មាត់រណ្តៅ នៅជើងឯកផ្ទាល់។ អ្នកទោសដែលវាយនឹងដែកភ្លៅរទេះហើយ គឺត្រូវយកកាំបិតអារកបន្ថែមទៀត និងត្រូវដោះសម្លៀក បំពាក់ចេញដើម្បីកាន់តែច្បាស់ថា អ្នកទាំងនោះពិតជាស្លាប់។ ការសម្លាប់រង្គាល ដែលមានសភាពកាន់តែខ្លាំងឡើង លក្ខណៈជាពាលស៊ីពាល គឺកើតឡើងដោយសារការមិនទុកចិត្តគ្នា និងចាប់ផ្តើមនៅអំឡុងចុង ឆ្នាំ១៩៧៧ សូម្បីតែចុងក្រោយ ឌុច និង សុន សេន ក៏ត្រូវអ្នកទោសឆ្លើយដាក់ដែរ រហូតដល់បក្សចេញបទបញ្ជាមិនឱ្យនរណាទុកចិត្តនរណាម្នាក់ ឬនិយាយគ្នា ទាក់ទងគ្នា គឺម្នាក់ត្រូវតាមដានម្នាក់។ យុទ្ធជនតាមដានកម្មាភិបាល កម្មាភិបាលតាមដានយុទ្ធជន ហើយមានសិទ្ធិរាយការណ៍ដូចគ្នា។ ប្រជាជននៅតាមមូលដ្ឋានក៏ដូចគ្នា គឺខ្លួនទីពឹងខ្លួន ឬសក់អ្នកណាក្បាលអ្នកហ្នឹង។ ការធ្វើការជាទម្ងន់កាន់តែមានសម្ពាធខ្លាំងឡើងៗ ហើយប្រជាជនក៏ចាប់ផ្តើមតាមដានសកម្មភាពពីគ្នាទៅវិញទៅមកដែរ ព្រោះតែមិនទុកចិត្តគ្នា។ និយាយពីមិត្តនារី រ៉ានី គឺទុក្ខស្រីប្តីព្រាត់ ចាប់ផ្តើមសង្កត់ទម្ងន់លើជីវិតនាងបន្ថែមទៀត ក្រោយពីទទួលបានលិខិតដ៏តក់ស្លុតពីនីរសារ។ នៅពេលដែលនាងទទួលលិខិតរបស់សមមិត្តមេបញ្ជាការ ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ តាមរយៈនាយសារឈ្មោះ នឿន សមមិត្តមេបញ្ជាការ បានធ្វើដំណើរទៅឆ្ងាយហើយ ហើយមិនដឹងថាពេលណា ទើបត្រឡប់មកជួបគ្នាវិញ ឬមិនដឹងថាភ័ព្វព្រេងសំណាងយ៉ាងដូចម្តេច? គិលានុបដ្ឋាយិកា រ៉ានី កាន់តែតក់ស្លុតរន្ធត់បន្ថែមទៀត ពេលអង្គការខ្មែរក្រហមប្រកាសថា សមមិត្ត ហ៊ុន សែន ដឹកនាំកម្លាំងរត់ភៀសខ្លួននោះ ត្រូវគេបាញ់សម្លាប់នៅតាមបន្ទាត់ព្រំដែន។ រ៉ានី ក្លាយជាស្រ្តីមេម៉ាយក្នុងពេលនោះដែរ ឯការប្រកាសរបស់ពួក ប៉ុល ពត ធ្វើឡើងដើម្បីបំបាក់ស្មារតីចលនាដទៃទៀត និងកុំឱ្យចលាចល ឬបះបោរពីសំណាក់ប្រជាជនប្រឆាំងនឹងពួកគេ (ខ្មែរក្រហម)។ ដំណឹងបំបាក់ស្មារតីដ៏ញ័រភ័យនេះ ធ្វើឱ្យ រ៉ានី និងសាច់ញាតិមេបញ្ជាការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះគិតថា គេតាមស៊ើបរកសាច់ញាតិដទៃទៀតយកទៅធ្វើបាប។ ប៉ុន្តែចំពោះមេបញ្ជាការ ហ៊ុន សែន ពេលទទួលដំណឹងថា ពួកខ្មែរក្រហមប្រកាសថាខ្លួនស្លាប់នោះ គេយល់ភ្លាមថា នេះគឺគ្រាន់តែជាសង្រ្គាមបែបចិត្តសាស្រ្ត បំបាក់ស្មារតីអ្នកស្នេហាជាតិតែប៉ុណ្ណោះ ហើយការប្រកាសថា មេបញ្ជាការ ហ៊ុន សែន មានគ្រោះថ្នាក់នៅព្រំដែនកម្ពុជាវៀតណាម គឺគ្រាន់តែធ្វើឱ្យ រ៉ានី ក្លាយជាស្រ្តីមេម៉ាយនៅពេលនោះកាន់តែក្តុកក្តួល និងឈឺចាប់បន្ថែម។ មេបញ្ជាការ ហ៊ុន សែន វាយតម្លៃដោយភាពឆ្លាតវៃថា ការប្រកាសកុហក បោកបញ្ឆោតប្រជាជនថាខ្លួនស្លាប់របស់មេដឹកនាំខ្មែរក្រហម គឺជារឿងអាក្រក់ផងល្អផង ព្រោះថាព័ត៌មាននេះនឹងធ្វើឱ្យ រ៉ានី តក់ស្លុត និងព្រួយបារម្ភកាន់តែខ្លាំង នៅពេលទទួលដំណឹង តែល្អត្រង់ថា ពួកខ្មែរក្រហមនឹងលែងតាមដាន ឬធ្វើទុក្ខបុកម្នេញភរិយាខ្លួនទៀត។ ជីវិតមិត្តនារី រ៉ានី នៅពេលនោះកាន់តែអត្តខាត់ទៅៗ ព្រោះត្រូវធ្វើការហួសកម្លាំង និងទទួលបានអាហារមិនគ្រប់គ្រាន់ ការសម្រាកមិនគ្រប់គ្រាន់។ រ៉ានី ត្រូវគេចខ្លួនមកពួនរស់នៅជាមួយឪពុកម្តាយ ហើយក្រោយពីប្រសូតបានកូនប្រុស (ហ៊ុន ម៉ាណែត) ទារកនេះថែទាំយ៉ាងល្អ ពីឪពុកបង្កើតរបស់នាង ត្រូវជាជីតាបង្កើតរបស់ ម៉ាណែត។ ពេលរត់គេចពីការតាមបាញ់សម្លាប់របស់ពួកខ្មែរក្រហមម្តងៗ ជីតាមិនដែលភ្លេចនាំទៅជាមួយនូវសម្ភារៈដើម្បីចៅរបស់គាត់ទេ។ ទៅដល់កន្លែងសុវត្ថិភាពថ្មី កិច្ចការដែលជីតាត្រូវធ្វើមុនគេ គឺរៀបចំអង្រឹងឱ្យចៅដេក។ ការរស់នៅក្នុងព្រៃទាំងការភ័យខ្លាច គ្មានអាហារហូបចុក និងការរត់លូនគេចចេញពីការតាមកាប់សម្លាប់របស់ពួក ប៉ុល ពត បានបន្តរហូតដល់ថ្ងៃដែលចលនារបស់មេបញ្ជាការ ហ៊ុន សែន យុទ្ធមិត្ត រួមនឹងឥស្សរជនស្នេហាជាតិជាច្រើនទទួល ជ័យជម្នះលើពួកខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងរថក្រោះរបស់វៀតណាម ជាមួយនឹងកងថ្មើរជើងកម្ពុជា ចូលមកដល់ភ្នំពេញ ខណៈឌុច កំពុងស្លៀកខោខ្លី មិនទាន់រៀបចំខ្លួនជាមុននៅឡើយ។ ឌុច មិនដឹងពីការចូលមកដល់របស់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាទេ រហូតទាល់តែឃើញរថក្រោះចូលមកដល់ និងបរលើមហាវិថីនរោត្តម និងម៉ៅ សេទុង ដែលស្ងាត់ជ្រងំ និងសោះកក្រោះ គ្មានមនុស្សដើរ ឬរស់នៅទាល់តែសោះ។ ប៉ុន្តែនៅមុននោះប៉ុន្មានថ្ងៃ ខណៈនៅតាមបណ្តោយព្រំដែនខាងកើតមានអរិភាពកាន់តែខ្លាំងឡើង នួន ជា បានប្រាប់ឱ្យ ឌុច សម្លាប់អ្នកទោសនៅទួលស្លែងទាំងអស់ និងត្រូវបំផ្លាញឯកសារចោល។ ឌុច មិនអាចធ្វើកិច្ចការនេះទាន់ពេលទេ ធ្វើឱ្យឯកសារត្រូវបន្សល់នៅរាប់ម៉ឺនទំព័រ។ ឌុច រត់យ៉ាងប្រផិតប្រផើយចេញពីភ្នំពេញ ទៅកាន់តំបន់កំពង់ស្ពឺ មុននឹងបន្តដំណើរទៅភាគខាងលិចប្រទេស។ ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ នៅក្នុងរាជធានីភ្នំពេញ គេរកឃើញថា មានតែមនុស្សចំនួន៧០នាក់ប៉ុណ្ណោះដែលរស់នៅ និងធ្វើការ ហើយក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដូចរដ្ឋាភិបាល មុនៗដែរ សាធារណរដ្ឋប្រជាមានិតកម្ពុជា ឬហៅថារដ្ឋាភិបាលថ្មី ពុំផ្លាស់ប្តូររដ្ឋធានីទៅកាន់តំបន់ផ្សេងដូច មហាក្សត្រមុនៗ ដែលប្តូររាជធានីភ្នំពេញទៅនៅទួលបាសាន ឧដុង្គ និងលង្វែក ដែលមានអាយុកាលជិត៦០០ឆ្នាំមកហើយនោះទេ គឺនៅរក្សាដដែល ។

ភ្នំពេញក្រោយថ្ងៃ ៧មករា ជារហោស្ថានដ៏អត្តខាត់ ខ្លោចផ្សាបំផុត គ្មានទឹក គ្មានអគ្គិសនី គ្មានមនុស្សរស់នៅ និងគ្មានអ្វីៗទាំងអស់។ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ មិនមែនតែនៅភ្នំពេញទេ គឺនៅទូទាំងប្រទេសតែម្តង ប្រជាជនស្ថិតក្នុងសភាពទ្រុឌទ្រោមសុខភាពខ្លាំង សេដ្ឋកិច្ចជាតិក៏ទ្រុឌទ្រោម ឯហេដ្ឋារចនាសម្ពន្ធជាតិ គឺខូចខាតគ្មានសេសសល់។ សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវកសាងប្រទេសពីបាតដៃទទេ ពីប្រទេសមួយដែលមានតែសម្បកប្រទេស ដែលពោរពេញដោយអ្នកជំងឺ ទាំងជំងឺបាក់ស្បាត ជំងឺស្មារតី រហូតដល់ជំងឺរាងកាយ។ ឯការទិញដូររបស់របរផ្សេងៗនៅដំណាក់កាលនោះ គឺប្រើមាសដូរអង្ករ ដូរថ្នាំជក់ ដូរក្រមា គោរដូរស្រូវ មាសដូរកង់ ដូររទេះ រហូតដល់ឆ្នាំ១៩៨០ ទើបបោះពុម្ពក្រដាសប្រាក់ចាយ។ រដ្ឋាភិបាលសង្គមនិយម ត្រូវប្រឹងប្រែងឈរទាំងត្រដាបត្រដួស គឺដៃម្ខាងកសាង ដៃម្ខាងច្បាំងទប់ស្កាត់ការវិលត្រឡប់របបឃោរឃៅយង់ឃ្នងរបស់ពួក ប៉ុល ពត កុំឱ្យវិលត្រឡប់មកកាប់សម្លាប់ប្រជាជន និងបំផ្លិចបំផ្លាញជាតិ ។

គ្រាដំបូងនៃឆ្នាំ១៩៧៩ កម្មាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ទទួលនូវរបប១៦គីឡូក្រាមក្នុងមួយខែម្នាក់ ក្នុងនោះអង្ករ១២ គីឡូក្រាម ពោត៤គីឡូក្រាម។ ការទទួលទាន គឺត្រូវដាំ បាយអង្ករលាយពោត និងប្រសិនបើខ្វះ គឺអាចស្ងោរចេក ឬដំឡូងហូបបន្ថែមដើម្បីបំពេញក្រពះ។ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង