Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣១ « ភាពស្មុគស្មាញ និង ឧបសគ្គនៃដំណើរការចរចាសន្តិភាព »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 216
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣១ « ភាពស្មុគស្មាញ និង ឧបសគ្គនៃដំណើរការចរចាសន្តិភាព » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣១ « ភាពស្មុគស្មាញ និង ឧបសគ្គនៃដំណើរការចរចាសន្តិភាព »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។

ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៣១ « ភាពស្មុគស្មាញ និង ឧបសគ្គនៃដំណើរការចរចាសន្តិភាព »

ទោះបីជាសាធារណរដ្ឋប្រជាមានិតកម្ពុជា យល់ព្រមទទួលយកសំណើ ថានឹងដកកងទ័ពវៀតណាមចេញពីកម្ពុជា តាមការស្នើសុំ ឬតាមការគ្រោងទុករបស់ខ្លួនរួចហើយក្តី ថាវៀតណាមនឹងដកអស់ពីកម្ពុជា នៅឆ្នាំ១៩៨៩ ឬយូរបំផុត ឆ្នាំ១៩៩០ក្តី ក៏រដ្ឋាភិបាលចម្រុះត្រីភាគីនៅតែរន្ថើនហើយរន្ថើនទៀតឱ្យកងទ័ពវៀតណាមដកឱ្យបានឆាប់។ សម្តេច ហ៊ុន សែន អះអាងថា កម្ពុជាដាច់ខាតមិនស្ថិតក្រោមអាណានិគមរបស់វៀតណាទេ។ កងទ័ពវៀតណាមចូលកម្ពុជា គឺគ្រាន់តែមកដើម្បីរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់របស់ ប៉ុល ពត ប៉ុណ្ណោះ ហើយវៀតណាមក៏គ្មានចេតនាធ្វើអាណានិគមលើកម្ពុជាដែរ ជាពិសេសមិនចង់លូកដៃជួយប្រជាជនកម្ពុជាទេ ព្រោះគេយល់ថានេះជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលប្រជាជនកម្ពុជាត្រូវដោះស្រាយដោយខ្លួនឯង។ ម្យ៉ាងនៅគ្រានោះរដ្ឋាភិបាលវៀតណាម ក៏កំពុងមានការទាក់ទងជាមួយនឹងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យផងដែរ។ គោលបំណងនៃការបង្ខំឱ្យវៀតណាមដកកងទ័ពចេញពីកម្ពុជា មានគោលដៅចំនួនពីរ។ ទី១ គឺដើម្បីឱ្យច្បាស់ថា កម្ពុជាពិតជាមិនស្ថិតក្រោមអាណានិគមរបស់វៀតណាម។ ទី២ គឺប្រសិនបើវៀតណាមពិតជាដកចេញពីកម្ពុជាមែន នោះ រដ្ឋាភិបាលត្រីភាគី នឹងសាកល្បងផ្អាកការចរចាសិន ហើយងាកមកប្រើប្រាស់អាវុធ។ បើគេឈ្នះ នោះគេមិនបាច់ចរចា តែបើគេចាញ់ នោះគេនឹងងាកមករកតុចរចាឡើងវិញ។ក្នុងជំនួបលើកទី១ នៅប៉ារីស សម្តេច ហ៊ុន សែន បានពន្យល់សម្តេចព្រះនរោត្តម សីហនុ ថាបញ្ហាវៀតណាម គឺអាចដោះស្រាយបាន ប៉ុន្តែបញ្ហាធំបំផុតនោះ គឺប្រជាជនកម្ពុជាព្រួយបារម្ភថា បើវៀតណាមដក ហើយកិច្ចចរចាមិនធ្វើដើម្បីសន្តិភាព នោះប៉ុល ពត អាចនឹងវិលទៅកាន់អំណាចវិញ។ ប្រជាជនកម្ពុជា ដែលឆ្អែតឆ្អន់នឹងរបបដ៏ខ្មៅងងឹត យង់ឃ្នង មិនត្រូវការឱ្យ ប៉ុល ពត វិលមកវិញទេ។

ក្នុងជំនួបចរចានៅប៉ារីស ពីថ្ងៃទី២០ ដល់២១មករា ឆ្នាំ១៩៨៨ សម្តេច ហ៊ុន សែន ព្យាយាមបញ្ចុះបញ្ចូលឱ្យសម្តេចព្រះនរោត្តម សីហនុ ងាកមករកការចរចាដើម្បីសន្តិភាព ក្នុងនោះសម្តេច លើកឡើងនូវទិសដៅ ២ចំណុច។ ទី១ គឺក្រោយការជួបគ្នារវាងសម្តេចព្រះនរោត្តម សីហនុ និងសម្តេច នឹងឈានដល់ការជួបនូវក្រុមខ្មែរគ្រប់ភាគីទាំងអស់ដើម្បីដោះស្រាយ ហើយប្រសិនបើដំណើរការចរចាចូលមកក្នុងរូបមន្តនេះ គឺជាល្អចំពោះសម្តេច ពិសេសចំពោះសាធារណរដ្ឋប្រជាមានិតកម្ពុជាចង់បាន។ ប៉ុន្តែក្នុងករណីដែលភាគីពីរទៀត ឬក៏ក្នុងចំណោមភាគីពីរនោះ ភាគីណាមួយមិនព្រមចូលមកដោះស្រាយ ក៏ដំណើរការចរចានៅតែមិនអាចដោះស្រាយបាន ព្រោះនឹងចូលនូវរូបមន្តមួយទៀតដែលហៅថា ដំណោះស្រាយមួយមានពីរជំហាន។ ជំហានទីមួយ គឺក្នុងពេលដែលក្រុមផ្សេងទៀតមិនព្រមចូលរួមចរចាដើម្បីបង្រួបបង្រួមជាតិ នោះភាគីទាំងពីរ (សម្ដេចសីហនុ និងសម្ដេច) ត្រូវសហការគ្នាដើម្បីដោះស្រាយបញ្ហាកម្ពុជា។ គឺសម្តេចព្រះនរោត្តម សីហនុ ត្រូវវិលត្រឡប់មកដឹកនាំសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយកម្លាំងទ័ពរបស់សម្តេចព្រះនរោត្តម សីហនុ នឹងមានតួនាទីដ៏សំខាន់ក្នុងការកសាងប្រទេស។ ក្រោយពេលដែលភាគីទាំងពីរស្រុះស្រួលគ្នាហើយ ភាគីទាំងពីរនឹងអំពាវនាវឱ្យក្រុមខ្មែរឯទៀតចូលរួម វៀរលែងតែពួកមានទោសចំពោះប្រជាជន និងពួកដែលមិនព្រមបោះបង់ចោលនយោបាយប្រល័យពូជសាសន៍ និង ប្រឆាំងការបង្រួបបង្រួមជាតិ។ ទីពីរ ក្រោយពេលដែលដកងទ័ពវៀតណាមដក ត្រូវចាត់តាំងគណ:កម្មាធិការបោះឆ្នោត និងដំណើរការបោះឆ្នោតដែលមានភាគីទាំងអស់ចូលរួម លើកលែងតែពួកមានទោសចំពោះប្រជាជនដដែល។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយមានអ្នកសង្កេតការណ៍បរទេសដើម្បីជ្រើសតាំងរដ្ឋសភា ហើយបង្កើតឡើងនូវរដ្ឋាភិបាលចម្រុះមួយដែលមានភាគីទាំងអស់ចូលរួម។ ដូច្នេះនៅតែ៤ភាគីដដែល ប៉ុន្តែគោលការណ៍នេះ ភាគីពីរទៀត (លោក សឺន សាន និងលោក ខៀវ សំផន តំណាងខ្មែរក្រហម) មិនព្រមទេ។

សម្តេច ហ៊ុន សែន ពន្យល់ទៀតថា ក្នុងករណីទី១ គឺមានរូបមន្តរួម៤ភាគីនោះ គឺក្រុមខ្មែរមានជម្លោះទាំងអស់ ដែលចូលរួមដោះស្រាយចេញមិនរួចទេ នៅមានច្រកចេញមួយទៀត គឺទ្វារបម្រុង។ មានន័យថា បើសិនភាគីពីរទៀតបន្ទន់ឥរិយាបថ ហើយចូលកាន់តុចរចាជាមួយនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា នោះគឺបញ្ហាជាការងាយ ហើយនេះជាចំណុចសំខាន់និងល្អបំផុត ហើយធានាបំផុតដែរ។

សម្តេចរំភើបខ្លាំងណាស់ដោយសារតែលទ្ធផលដែលទទួលបានគឺលើស ពីការស្មាន។ ពេលសម្តេច ហ៊ុន សែន លើកឡើងដល់ចំណុចនេះ សម្តេចព្រះនរោត្តម សីហនុ ហាក់អស់សំណើច ហើយផ្ទុះសំណើច។ សម្តេច ហ៊ុន សែន ថ្លែងថា ការជួបគ្នារវាងជនជាតិខ្មែរជាមួយនឹងគ្នា គ្មានរឿងអ្វីដែលត្រូវលំបាកនោះទេ។

មុនពេលចាប់ផ្តើមពិភាក្សា ពីការស្វែងរកសន្តិភាពកម្ពុជា ជាលើកទី២ នាក្រុងប៉ារីស (ប្រជុំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៨៨) នៅថ្ងៃទី២៨កក្កដា មុនពេលប្រជុំមកដល់២ថ្ងៃ លោក អ៊ីណូអេ សុំចូលគាល់សម្តេចព្រះនរោត្តម សីហុន នៅក្រុងប៉ារីស ដើម្បីចង់ដឹងពីគោលជំហរព្រះអង្គ ។ ជាលទ្ធផលលោកអ៊ីណូអេ ចាប់អារម្មណ៍ចំពោះកិច្ចខិតខំស្វែងរកសន្តិភាពនៅក្រុងប៉ារីសយ៉ាងដូច្នេះថា សម្ដេចព្រះនរោត្តម សីហនុ ទាមទារឱ្យមានយន្តការត្រួតពិនិត្យការដកកងទ័ព ពីកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ការខ្វែងគំនិតគ្នា ធ្វើឱ្យដំណើរការស្វែងរកសន្តិភាពនៅប៉ារីសជាប់គាំង។ ប៉ុន្តែដើម្បីឱ្យដំណើរការនៃការស្វែងរកសន្តិភាពអាចនៅមានដង្ហើម ឬមានជីវិតបន្តទៅទៀតបាន លោក អ៊ីស្សេ អ៊ីណូអេ សាកល្បងទៅជួបលោកប្រធានាធិបតីបារាំងថ្មី គឺលោកហ្រ្វង់ស័រ មីតេរ៉ង់ ដើម្បីស្នើយោបល់ថា ប្រសិនបើដំណើរការស្វែងរកសន្តិភាពជាប់គាំង តើអាចមានប្រទេសអាស៊ី ណាមួយ ដូចជាថៃ ឥណ្ឌូនេស៊ី ឬជប៉ុន ដែលអាចជួយជំរុញឱ្យមានការជួបចរចាគ្នាឡើងវិញបានទេ? ជាការឆ្លើយតប លោកប្រធានាធិបតីបារាំងថ្មី យល់ស្របតាមគំនិត ផ្តួចផ្តើមរបស់លោកអ៊ីណូអេ និងលើកទឹកចិត្តឱ្យលោកលើកសំណើនេះទៅជូននាយករដ្ឋមន្រ្តីជប៉ុន Toshiki Kaifu ។ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៨៩ សារព័ត៌មានជប៉ុនផ្សព្វផ្សាយថា នាយករដ្ឋមន្រ្តី Toshiki Kaifu ឆ្លើយតបជាវិជ្ជមាន ចំពោះគំនិតរបស់ប្រធានាធិបតីបារាំង ក្នុងការរៀបចំឱ្យមានការចរចាស្វែងរកសន្តិភាព ចំពោះប្រទេសកម្ពុជានៅតូក្យូ។

តាមការពិតជំនួបចរចានៅប៉ារីស គឺមានចំណុចវិជ្ជមានច្រើន ដូចដែលសម្តេចព្រះនរោត្តមសីហនុ វាយតម្លៃថា លទ្ធផលនៃកិច្ចប្រជុំគឺជាអឌ្ឍចន្ទ មានន័យថា មានពន្លឺពាក់កណ្តាល ងងឹតពាក់កណ្តាល ឬព្រះចន្ទពាក់កណ្តាលរង្វង់។ ឯលោក អ៊ីស្សេ អ៊ីណូអេ វាយតម្លៃថា មិនមែនព្រះចន្ទពាក់ កណ្តាលរង្វង់ទេ គឺព្រះចន្ទពេញវង់ គ្រាន់តែជាព្រះចន្ទតូច។ ចំណែកឯសម្តេច ហ៊ុន សែន វិញលើកឡើងថា លទ្ធផលនៃកិច្ចចរចានេះ គឺមានន័យស្មើនឹងព្រះចន្ទពេញវង់ ពេញបូណ៌មី ពេញខ្នើតតែម្តង លើកលែងករណីខ្លះតែប៉ុណ្ណោះ ដូចជាសម្តេចព្រះនរោត្តម សីហនុ ទាមទារឱ្យកងទ័ពវៀតណាមដកចេញពីកម្ពុជា ចំណែកឯសម្តេច ទាមទារឱ្យមានការដកភាគីប៉ុល ពត ខ្មែរក្រហមចេញពីរង្វង់នៃកិច្ចចរចា។ ចំពោះសម្តេចព្រះនររោត្តមសីហនុ ព្រះអង្គនៅតែមានមហិច្ឆតាដ៏ល្អរបស់ព្រះអង្គមួយទៀត គឺព្រះអង្គចង់ឱ្យប្រទេសកម្ពុជា មិនមែនជាប្រទេសឯករាជ្យបែបជប៉ុន បែបបារាំង បែបអាម៉េរិកឡើយ តែឯករាជ្យបែបប្រទេសស្វីស ព្រោះប្រទេសស្វីស ស្ថិតនៅអាស៊ីដូចគ្នា ហើយគ្មានប្រទេសណាមួយលូកដៃចូលផ្ទៃក្នុងរបស់ប្រទេសស្វីស។ ទម្ងន់នៃកិច្ចចរចាចំពោះសម្តេចហ៊ុន សែន វិញនៅគ្រានោះគ្រប់កាលៈទេសៈ គឺអន្ទះសាចង់ចរចាបញ្ចប់សង្រ្គាមនៅកម្ពុជាភ្លាមៗ ហើយទោះជាយ៉ាងណា ក៏ សម្តេច នៅតែប្រកាន់យកគោលការណ៍សន្តិភាព ឬត្រូវបញ្ចប់សង្រ្គាមនៅកម្ពុជា ដោយការចរចា មិនមែនបញ្ចប់ដោយការប្រើអាវុធនោះឡើយ។

ក្នុងជំនួបនោះ សម្តេចព្រះនរោត្តម សីហនុ មានបន្ទូលដដែលៗ អំពីបញ្ហាវត្តមានកងទ័ព វៀតណាម ហើយសម្តេច ហ៊ុន សែន ក៏មានប្រសាសន៍អះអាងដដែលៗអំពីកងទ័ពវៀតណាម ដែរ។ សម្តេចថា កងទ័ពវៀតណាម មានភារ:ត្រឹមតែជួយការពារតែប៉ុណ្ណោះ តែត្រង់ថា កិច្ចការរបស់កម្ពុជាទាក់ទងទៅនឹងប្រយោជន៍ និងសេរីភាពរបស់ប្រជាជនកម្ពុជា វៀតណាមគ្មានសិទ្ធិនោះទេ ព្រោះវៀតណាមគ្មានសិទ្ធិអ្វីនឹងស្តីបន្ទោសចំពោះប្រជាជនកម្ពុជា ឬធ្វើបាបប្រជាជន កម្ពុជាឡើយ។

យោងតាមកាសែតប្រជាជនលេខ២២៤ ឆ្នាំទី៣ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៨៧ សរសេរថា ក្នុងជំនួបនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧ នេះដែរ ភាគីទាំងពីរបានសម្រេចនូវ៤ចំណុច៖

ទី១. ជម្លោះនៅកម្ពុជា ត្រូវឆ្លងតាមដំណោះស្រាយនយោបាយជាចាំបាច់។ ទី២.បញ្ហាកម្ពុជាត្រូវដោះស្រាយដោយប្រជាជនកម្ពុជាខ្លួនឯងជាចាំបាច់តាមរយៈការចរចារវាងភាគីទាំងអស់ ដែលមានវិវាទដើម្បីបញ្ចប់សង្រ្គាមបញ្ចប់ការបង្ហូរឈាមនិងដើម្បីកសាងឡើងវិញនូវកម្ពុជាមួយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អធិបតេយ្យ អព្យាក្រឹតនិងមិនចូលបក្សសម្ពន្ធ។

ទី៣.នៅពេលដែលសម្រេចបានកិច្ចព្រមព្រៀងរវាងភាគីកម្ពុជាទាំងឡាយ សន្និសីទអន្តរជាតិមួយនឹងត្រូវកោះប្រជុំដើម្បីធានាកិច្ចព្រមព្រៀងនេះ ធានាឯករាជ្យភាពរបស់កម្ពុជា សន្តិភាព និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍។ ទី៤. ភាគីទាំងពីរព្រមព្រៀងជួបគ្នាជាថ្មីម្តងទៀត ក្នុងអំឡុងខែមករា ឆ្នាំ១៩៨៨ នៅ ហ្វែរ អង់ តាដឺន័រ ប្រទេសបារាំង។ បញ្ហាមួយទៀត គឺបញ្ហាកងទ័ពវៀតណាមនៅកម្ពុជា។ វត្តមានកងទ័ពវៀតណាម គឺដើម្បីបន្តជួយការពារកុំឱ្យរបប ប៉ុល ពត ត្រឡប់មកវិញ។ ការត្រៀមខ្លួនរបស់សម្តេច ហ៊ុន សែន មិនមែនត្រឹមតែសម្លឹងការបញ្ចប់សង្រ្គាមទេ សូម្បីតែបញ្ហាជនភៀសខ្លួន ក៏គិតគូរយ៉ាងហ្មត់ចត់ផងដែរ។ ក្នុងជំនួបលើកទី១ នៅថ្ងៃ២ធ្នូ ឆ្នាំ១៩៨៧ នៅ ហ្វែរ អង់ តាដឺន័រ សម្តេចក៏លើកឡើងពីបញ្ហាជនភៀសខ្លួនកម្ពុជា នៅក្នុងកិច្ចចរចានោះដែរ។

ដើម្បីបញ្ចប់មន្ទិល ឬចម្ងល់មួយចំនួន អំពីកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ដែលអ្នកនយោបាយមួយចំនួនចេះតែលើកឡើង និងទាមទារឱ្យអនុវត្តឡើងវិញនោះ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ សម្តេច ហ៊ុន សែន បានរម្លឹកនៅលើទំព័រហ្វេសប៊ុក របស់សម្តេច ពីដំណើរការចរចារហូតសម្រេចបានជាកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស (២៣តុលា ឆ្នាំ១៩៩១-២៣តុលា ឆ្នាំ២០១៥)។ សម្តេចរម្លឹកថា ការបន្តសង្គ្រាមមានតែធ្វើឱ្យប្រជាជនរងទុក្ខវេទនាតែប៉ុណ្ណោះ។ ក្នុងគោលបំណងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ សម្ដេចក៏ដូចជាគណបក្សប្រជាជន កម្ពុជា និងរដ្ឋាភិបាលនាសម័យនោះ បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយមួយ។ ដើម្បីសម្រេចនូវដំណោះស្រាយនយោបាយ តម្រូវការចាំបាច់ត្រូវតែមានការចរចា។ ឆ្នាំ១៩៨៤ នៅពេលដែលសម្ដេចស្ថិតនៅជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស មានការរៀបចំជំនួបមួយរវាងសម្ដេច ជាមួយនឹងសម្តេចព្រះនរោត្តម សីហនុ នៅក្រុង ប៉ារីស ប្រទេសបារាំង ដែលជួយរៀបចំដោយរដ្ឋមន្រ្តីក្រសួងការបរទេសបារាំង នាពេលនោះ។ ប៉ុន្តែជំនួបនោះអាក់ខានទៅវិញអាស្រ័យដោយប្រទេសមួយចំនួន និងក្រុមខ្មែរក្រហមជំទាស់។ ក្រោយមកបន្ទាប់ពីសម្ដេច ក្លាយជានាយករដ្ឋមន្រ្តី នាខែមករា ឆ្នាំ១៩៨៥ សម្ដេច និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ប្រឹងប្រែង សាជាថ្មីម្តងទៀត ក្នុងការស្វែងរកការចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ។ ការខិតខំលើកនេះប្រើរយៈពេលវែងបង្គួរ ដោយមានការជ្រោមជ្រែងពីមិត្តភក្តិបរទេស និងឥស្សរជនខ្មែរមួយចំនួន ក្នុងនោះមាន លោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការលីកាដូ ជាអ្នកប្រឹងប្រែងខ្លាំងជាងគេ ក្នុងការទាក់ទងរវាងសម្ដេច ជាមួយនឹងសម្តេច ព្រះនរោត្តម សីហនុ និងពីសម្តេចព្រះនរោត្តម សីហនុ មកសម្ដេចវិញ ព្រមទាំងជួយសម្ដេច ហ៊ុន សែន យ៉ាងច្រើនពេលចរចានៅក្រុងប៉ារីស។ ទោះបីជាមានការលំបាកដោយសារប្រទេសមួយចំនួន និងភាគីខ្មែរក្រហម ព្រមទាំងភាគី រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរជំទាស់ ប៉ុន្តែសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គសម្រេចព្រះទ័យចរចាជាមួយនឹងសម្ដេច។ ចាប់ផ្តើមចរចាដំបូង គឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ ហ្វែរ អង់ តាដឺន័រ នៅប្រទេសបារាំង ដែលការចរចានោះមានសេចក្តីប្រកាសរួម ឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងសម្ដេច (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ Fere En Tardenois ថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧)។

ការចរចារវាងសម្ដេចព្រះនរោត្ត សីហនុ និងសម្ដេច ហ៊ុន សែន លើកទី២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង។ ចាប់ផ្តើមពីជំនួបបើកផ្លូវរវាងសម្ដេចព្រះនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន ទាំងពីរលើក ចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើង។

វេទិកាចរចាចេះតែពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយចំនូន ដូចជា JIM1, JIM2, IMC រហូត ទៅដល់សន្និសីទក្រុងប៉ារីស ដែលបានបើកធ្វើតាំងពីខែកក្កដា និងខែសីហា ឆ្នាំ១៩៨៩ តែពុំមានលទ្ធផល។ ក្រោយមកសម្ដេច ហ៊ុន សែន រកមធ្យោបាយដើម្បីធ្វើការជាមួយនឹងសម្តេចព្រះនរោត្តម សីហនុ តាមរយៈការរៀបចំឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅថា អេស អិន ស៊ី (SNC) ដោយបានចែកចេញជា ៣ដំណាក់កាល៖ ដំណាក់កាលទី១ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៩០ ចុះហត្ថលេខារវាងសម្តេចព្រះរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន នៅក្រុងបាងកក។

ដំណាក់កាលទី២ ថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ១៩៩០ នៅក្រុងតូក្យូ ប្រទេសជប៉ុន ចុះហត្ថលេខារវាងសម្តេចព្រះនរោត្តម សីហនុ ក្នុងនាមប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ (អមដំណើរដោយ សម្តេច សឺន សាន ក្នុងនាមនាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ តែពហិកាដោយលោក ខៀវ សំផន ដែលជាអនុប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ) ជាមួយនឹងសម្ដេច ហ៊ុន សែន បង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់តាមរូបមន្ត ៦+៦ ឬ ៦+២+២+២=១២ មានន័យថា ត្រីភាគី ក្នុងមួយភាគីដាក់មនុស្ស ២នាក់ ឯរដ្ឋកម្ពុជាដាក់មនុស្ស ៦នាក់។

ដំណាក់កាលទី៣៖ ថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ១៩៩០ នៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលពេលនោះ ភាគី ហ៊្វុនស៊ិនប៉ិច ពុំមាន ព្រះនាមសម្តេចព្រះនរោត្តម សីហនុ នោះទេ ព្រោះព្រះអង្គពុំបានយាងទៅហ្សាកាតា ហើយត្រូវជំនួសដោយ សម្តេចចៅ សែនកុសល។

ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ១៩៩០ នៅស្ថានទូតកម្ពុជាប្រចាំនៅក្រុងបាងកក ប៉ុន្តែការប្រជុំនោះពុំមានលទ្ធផលសូម្បីតែបន្តិច បន្ទាប់ពីមានការជ្រោមជ្រែងពីប្រទេសធំទាំង៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរៀបចំជាពង្រាងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយចំពោះបញ្ហាកម្ពុជា ប៉ុន្តែដំណើរនៅតែមិនទៅមុខ។

ជាថ្មីម្តងទៀត សម្ដេច ហ៊ុន សែន និងសម្តេចព្រះនរោត្តម សីហនុ ខិតខំសាជាថ្មី នៅថ្ងៃទី២ និងថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៩១ នៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាសម្ងាត់ ដោយសម្តេចព្រះនរោត្តម សីហនុ, សម្តេចព្រះនរោត្តម មុនីនាថ សីហនុ, សែរាជវង្សានុវង្ស នឹងយាងមករួមរស់ជាមួយនឹងរដ្ឋកម្ពុជា ដោយរក្សាទុកនូវរដ្ឋធម្មនុញ្ញ ទង់ជាតិ ភ្លេងជាតិរបស់រដ្ឋកម្ពុជា សម្តេច ហេង សំរិន នៅតែជាប្រធានក្រុមប្រឹក្សារដ្ឋ សម្តេច ជា ស៊ីម នៅតែជាប្រធានរដ្ឋសភា ឯសម្ដេច ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រី។ ប៉ុន្ដែសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានស្នើឱ្យបង្កើតឡើងនូវគណៈប្រធានជាតិ ដែលព្រះអង្គជាប្រធាន ឯសម្ដេច ហ៊ុន សែន ជាអនុប្រធាន ពេលនោះសម្ដេច ហ៊ុន សែន បានឯកភាពលើសំណើនេះ។

សម្តេចព្រះនរោត្តម សីហនុ មានបន្ទូលម្តងហើយម្តងទៀត ប្រាប់សម្ដេច ហ៊ុន សែន ថាទោះមាន ឬគ្មានដំណោះស្រាយនយោបាយ ក៏ព្រះអង្គត្រូវតែវិលត្រឡប់ទៅនៅជាមួយសម្ដេច ហ៊ុន សែន ដែរ ព្រោះមិនអាចនៅជាមួយពួកខ្មែរក្រហមបន្តទៀតទេ។ ការសម្ងាត់ត្រូវបែកធ្លាយនៅក្រុងបាងកក ប្រទេសថៃ វាជាសម្ពាធខាងនយោបាយដ៏ធំមួយចំពោះពួកខ្មែរក្រហម និងបរទេសខ្លះ។ ដើម្បីកុំឱ្យសម្តេចព្រះនរោត្តម សីហនុ យាងមកកម្ពុជាតែអង្គឯង ក្រៅដំណោះស្រាយនយោបាយ ប្រទេសមួយចំនួនបានរកវិធីរារាំងតាមរយៈការដាក់បញ្ចូលសម្តេចព្រះនរោត្តម សីហនុ ទៅជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជំនួសសម្តេច ចៅ សែនកុសល។ ចាប់ពីពេលនោះមក អ្វីៗគឺដើរលឿនណាស់ នៅថ្ងៃទី២៤-២៦ ខែមិថុនា ឆ្នាំ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បានប្រជុំឡើងវិញនៅប៉ាតាយ៉ា ប្រទេសថៃ ក្រោមអធិបតីភាពរបស់សម្តេចព្រះនរោត្តម សីហនុ ជាប្រធានអង្គប្រជុំ តែមិនមែនជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ។ លោក ខៀវ សំផន បានបន្ទន់ឥរិយាបថ ព្រមប្រកាសឈប់បាញ់ និងឈប់ទទួលយកជំនួយយោធាបរទេស ដែលជាលើកដំបូងនៃការបន្ទន់ឥរិយាបថពីភាគីរឹងរូសមួយនេះ។

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៩១ ប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពេលនោះហើយដែលសម្ដេច ហ៊ុន សែន បានជួបជាសម្ងាត់ជាមួយនឹងសម្តេច ព្រះនរោត្តម សីហនុ និងថ្វាយព្រះរាជតួនាទីព្រះអង្គ ជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលឡាយព្រះហស្ដលេខា និងចុះហត្ថលេខា ដោយសម្ដេចហ៊ុន សែន លើសេចក្តីប្រកាសរួមមួយដែលព្រាងឡើងដោយសម្ដេចផ្ទាល់ និងដោយមានការយល់ព្រមពីសម្តេចព្រះនរោត្តម សីហនុ (នឹងមានភ្ជាប់ជាមួយនូវសេចក្តីប្រកាសរួមនេះ)។

អ្វីៗស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ រួមប្រទេសធំទាំង៥ សហប្រធានសន្និសីទក្រុងប៉ារីស ដែលមានបារាំង និងឥណ្ឌូនេស៊ី ព្រមទាំងតំណាងពិសេសរបស់ អគ្គលេខាអង្គការសហប្រជាជាតិ បានបន្តធ្វើពីថ្ងៃទី២៦-៣០ ខែសីហា ឆ្នាំ១៩៩១ នៅប៉ាតាយ៉ា ប្រទេសថៃ។ ចំណុច ៣ ដែលសំខាន់នាដំណាក់កាលចុងក្រោយនៃការចរចា រួមមាន៖ ទី១៖ ការឈប់បាញ់ និងការរំសាយកងទ័ព ការឈប់បាញ់ បានឯកភាពឈប់បាញ់នៅនឹងកន្លែង ភាគីណានៅទីណាត្រូវឈរជើងនៅទីនោះ។ អ្វីដែលលំបាក គឺការរំសាយកងទ័ព។ ត្រីភាគីតំណាងដោយលោក ខៀវ សំផន បានស្នើភាគីនីមួយៗរក្សាទុកកងទ័ពចំនួន ២ ០០០ នាក់។ តាមរូបមន្តនេះ ត្រីភាគីនឹងរក្សាទុកបានកងទ័ពចំនួន ៦ ០០០ នាក់ ដែលតាមការប៉ាន់ស្មានពេលនោះ កងទ័ពទាំង៣ ភាគីមានមិនដល់៤០ ០០០ នាក់ ហើយគ្រប់គ្រងទឹកដីមិនដល់ ១០ %។ ឯរដ្ឋកម្ពុជាដែលមានកងទ័ពជាង ១៤០ ០០០ នាក់ និងគ្រប់គ្រងទឹកដីជាង៩០ % ក៏រក្សាកងទ័ពបាន ២ ០០០ នាក់ ដូចគេឯងដែរ។ ដើម្បីរកច្រកចេញ សម្ដេច ហ៊ុន សែន បានពិគ្រោះជាមួយឯកឧត្តម ទៀ បាញ់ និងឯកឧត្តម ហោ ណាំហុង អំពីលទ្ធភាពរំសាយកងទ័ព ៧០ %។ បន្ទាប់ពីការពិគ្រោះគ្នាហើយ នាថ្ងៃបន្ទាប់សម្ដេច បានអញ្ជើញប្រធានគណៈប្រតិភូបារាំង ដែលជាសហប្រធានសន្និសីទប៉ារីសមកស្រស់ស្រូបពេលព្រឹក ហើយសួរទៅកាន់ប្រធានប្រតិភូបារាំងថា ប្រសិនបើរំសាយកងទ័ពចំនួន៧០ % តើប្រទេសធំទាំង ៥ យល់យ៉ាងណា? ប្រធានប្រតិភូបារាំងឆ្លើយតបទៅសម្ដេចវិញថា ច្បាស់ជាមានការគាំទ្រ។ សម្ដេចប្រាប់ទៅប្រធានប្រតិភូបារាំង ថាលោក ខៀវ សំផន និងលោក សឺន សាន រង់ចាំតែជំទាស់នឹងការស្នើសុំនេះទេ។ ដូច្នេះសម្ដេចស្នើប្រធានប្រតិភូបារាំង ទៅទូលថ្វាយសម្តេចព្រះនរោត្តម សីហនុ ថាប្រទេសធំទាំង ៥ មានបំណងឱ្យភាគីកម្ពុជារំសាយកងទ័ព៧០ % ពេលសម្តេចព្រះនរោត្តម សីហនុ លើកឡើងសម្ដេចនឹងគាំទ្រភ្លាម។ អ្វីៗដូចគ្រោងទុក ពេលបើកអង្គប្រជុំ សម្តេចព្រះនរោត្តម សីហនុ បានប្រាប់អង្គប្រជុំថា ប្រទេសធំទាំង៥ មានបំណងឱ្យភាគីកម្ពុជារំសាយកងទ័ព៧០ % ពេលនោះសម្ដេច ហ៊ុន សែន ប្រកាសគាំទ្រភ្លាមៗ បន្ទាប់ទៅលោក ខៀវ សំផន លោក សឺន សាន ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ បានប្រកាសគាំទ្រដូចគ្នាដែរ។ ត្រង់នេះមានន័យថា នំរបស់សម្ដេច ហ៊ុន សែន ផលិតផ្ញើតាមអ្នកដទៃ មកឱ្យសម្ដេច ហ៊ុន សែន ទទួលទានវិញយ៉ាងឆ្ងាញ់ពិសា។ ដូច្នេះប្រធានបទលើ ការឈប់បាញ់ និងរំសាយកងទ័ព ដោះស្រាយនៅប៉ាតាយ៉ា ប្រទេសថៃ។

ទី២៖ អំពីប្រព័ន្ធបោះឆ្នោត ព្រមព្រៀងប្រទេសធំទាំង៥ គឺប្រព័ន្ធសមាមាត្រទូទាំងប្រទេស ឯភាគីរដ្ឋកម្ពុជា ស្នើឡើងនូវប្រព័ន្ធឯកត្តនាម។ ចំណុចនេះ មិនបានដោះស្រាយនៅក្រុងប៉ាតាយ៉ាទេ សម្ដេច ហ៊ុន សែន បានមកពិភាក្សាជាមួយថ្នាក់ដឹកនាំនៅក្នុងប្រទេស ហើយសម្រេចស្នើឡើងនូវរូបមន្តប្រព័ន្ធសមាមាត្រតាមខេត្ត ហើយភាគីទាំងអស់យល់ព្រមនៅក្រុងញូវយ៉ក ពេលប្រជុំអង្គការសហប្រជាជាតិពីថ្ងៃ១៤-២១ ខែកញ្ញា ឆ្នាំ១៩៩១។ ប្រព័ន្ធសមាមាត្រតាមខេត្តកំពុងប្រើប្រាស់ ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរហូតដល់សព្វថ្ងៃនេះ។

ទី៣៖ អំពីសិទ្ធិសម្រេចចុងក្រោយ ពង្រាងកិច្ចព្រមព្រៀងត្រូវប្រគល់ទៅឱ្យប្រធានអាជ្ញាធរ បណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិហៅកាត់ថា “អ៊ុនតាក់” ឯសម្ដេច ហ៊ុន សែន ខាង ភាគីរដ្ឋកម្ពុជា ចង់ថ្វាយសិទ្ធិសម្រេចចុងក្រោយនេះទៅសម្តេចព្រះនរោត្តម សីហនុ ក្នុងឋានៈ ព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ចំណុចនេះ មិនបានដោះស្រាយនៅប៉ាតាយ៉ាទេ តែត្រូវដោះស្រាយនៅទីស្នាក់អង្គការសហប្រជាជាតិ ដែលពេលនោះសម្ដេចហ៊ុន សែន ប្រៀបដូចជាស្ថិតនៅលើជ្រញ់ ព្រោះនៅពេលចូលដល់កន្លែងប្រជុំអង្គការសហប្រជាជាតិ សម្ដេចឃើញ ព្រះរាជសាររបស់សម្តេចព្រះនរោត្តម សីហនុ នៅលើតុផ្ញើជូន ឯកឧត្តម ប៉េរ៉េស ដឺគូអេឡា អគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលនោះ មានន័យថា សិទ្ធិសម្រេចចុងក្រោយដោយប្រធាន SNC ឬប្រធាន អ៊ុន តាក់ អាស្រ័យលើសម្ដេច ហ៊ុន សែន ជាអ្នកសម្រេច។ សម្ដេចគ្មានជម្រើសក្រៅតែពីការយល់ព្រមនោះទេ។ អ្វីៗដែលត្រូវដោះស្រាយរួចរាល់នៅពេលដែល អេសអិន ស៊ី ចូលកាន់កាប់អាសនៈអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ឆ្នាំ១៩៩១ រាប់ទាំងកំណត់យកថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៩១ ជាថ្ងៃចុះហត្ថលេខា នៅក្រុងប៉ារីសផងដែរ។

យោងទៅលើអ្វីដែលជាការរៀបរាប់ ដំណើរការស្វែងរកសន្តិភាពមានការលំបាក តែវាប្រសើរជាងការបន្តសង្រ្គាម។ យើងបានឆ្លងកាត់ដំណាក់កាលសង្រ្គាមទាំងស្រុង ដំណាក់កាលវាយផង ចរចាផង និងដំណាក់កាលសន្តិភាពទាំងស្រុង។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺនៅពេលដែលអ៊ុនតាក់ដកចេញ បានបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ជម្រើសចុងក្រោយដើម្បីសន្តិភាពទាំងស្រុងនៅកម្ពុជា គឺការដាក់ចេញ និងអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ដែលបានអនុវត្តដ៏ជោគជ័យពីឆ្នាំ១៩៩៦-១៩៩៨ នេះជាសន្តិភាពដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិជាង៥០០ឆ្នាំ ដែលកម្ពុជាជាប្រទេសមួយមានតំបន់ត្រួតត្រាមួយ មានរដ្ឋធម្មនុញ្ញាមួយ មានមហាក្សត្រមួយ មានរាជរដ្ឋាភិបាលតែមួយមានកម្លាំងប្រដាប់អាវុធតែមួយ គ្មានការបែងចែក ដែលយើងទាំងអស់គ្នាត្រូវរួមគ្នារក្សានូវសន្តិភាពនេះ។

សម្តេច ហ៊ុន សែន លើកឡើងថា កិច្ចចរចាសន្តិភាពដែលមនុស្សគ្រប់គ្នានិយាយឡើងរត់មាត់ តែមិនដឹងពីប្រភព និងឧបសគ្គច្បាស់លាស់នេះ បានជួបចរចាលើកដំបូង ដែលទាំងខាង សម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គជួបការលំបាកខ្លាំងណាស់ ទម្រាំបានការចរចា ព្រោះត្រូវស្ទាក់ដោយ ប្រទេសខ្លះ និងក្រុមខ្លះនៅក្នុងត្រីភាគី មិនឱ្យព្រះអង្គមកធ្វើការចរចា។ ប៉ុន្តែព្រះអង្គជម្នះចរចា ហើយបារាំងក៏ជួយសម្រួលឱ្យបានចរចា។

ចាប់ផ្តើមពីការចរចា សីហនុ-ហ៊ុន សែន នៅហ្វែរ អង់ តាដឺន័រ ថ្ងៃទី២ធ្នូ ១៩៨៧ ទៅការចរចា សីហនុ-ហ៊ុន សែន នៅ Saint-Germain-en-Laye នៅខែមករា ឆ្នាំ១៩៨៨ គឺជាការបើកច្រកដើម្បីដំណើរការចរចាដោយឈានមកដល់ Jim 1, Jim 2 នៅឥណ្ឌូនេស៊ី។ នៅពេលនោះមាន ឯកឧត្តម ថាច់ រ៉េន, អៀង ម៉ូលី, សៀង ឡាប្រែស, ប៉ែន ថុល ចេញមុខចរចាជាមួយនឹងលោក សឺន សាន។ តាមពិតទៅចរចានៅប៉ូហ្គោ (Bogor) គួរតែហៅ BIM ទើបត្រូវ។ Bogor Informal Meeting ប៉ុន្តែ យើងហៅ JIM ទៅវិញ។ Jim គឺថា Jakarta Informal Meeting ធ្វើពីរដង។ ដូច្នេះ ការចរចា ចេះតែចរចាបន្តៗ រហូតទៅដល់មានកិច្ចព្រមព្រៀងក្រុងប៉ារីស។ ពីកន្លែងមួយទៅកន្លែង មួយ ច្រើនកន្លែងណាស់ រហូតចរចាទៅចុះហត្ថលេខាបង្កើត SNC នៅតូក្យូ។ អ៊ីចឹងហើយ បានសម្ដេចហ៊ុន សែនចេះតែឆ្ងល់ថា អ្នកដែលមិនដឹងពីកិច្ចព្រមព្រៀងប៉ារីសបែរមុខទៅខាងណា ពូកែស្រែកជាងគេឱ្យគោរពកិច្ចព្រមព្រៀងប៉ារីស? ហើយមិនដឹងកិច្ចព្រមព្រៀងប៉ារីសកើតចេញកន្លែងណាមកទៀត? សូម្បីតែ SNC ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ កើតចេញពីកន្លែងណាក៏មិនដឹងផង?

ការពិតការចាប់ផ្តើមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ សម្ដេចស្នើតាំងពីឆ្នាំ១៩៨៨ ក៏ប៉ុន្តែត្រូវទាត់ចោល ព្រោះពេលនោះ សម្ដេចឱ្យប្រធាន១នាក់ អនុប្រធាន៣នាក់ ក៏ប៉ុន្តែអត់ព្រម។ ក្រោយមកកើតនៅបាងកក ចុះហត្ថលេខារវាងសម្ដេច និងសម្ដេចព្រះនរោត្តម សីហនុ បង្កើត SNC ប៉ុន្តែនោះគ្រាន់តែជាការចរចាចុះហត្ថលេខាតែប៉ុណ្ណោះ។ ដូច្នេះដើម្បីឱ្យគ្រប់គ្រាន់ ជប៉ុនក៏រៀបចំឱ្យមានជំនួបចរចានៅតូក្យូ រវាងសម្ដេច ហ៊ុន សែន និងសម្តេចព្រះនរោត្តម សីហនុ។

ជុំវិញរឿងបង្កើតឱ្យមានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ សម្ដេច ហ៊ុន សែន មានប្រសាស៍ថា រឿងខ្មែរមិនមែនរឿងសាមញ្ញពេកទេ ជាក់ស្ដែងជប់លៀងនៅក្នុងសាលតែមួយ តែមានតុពីរ។ តុមួយ គឺខាងរដ្ឋកម្ពុជា ឯតុមួយទៀតខាងត្រីភាគី។ អ៊ីចឹងជាម្ចាស់ផ្ទះ ជប៉ុនត្រូវធ្វើយ៉ាងម៉េច? ដាក់ម្ហូបមកប្រាំមួយមុខ។ រដ្ឋមន្ត្រីការបរទេសជប៉ុនឈ្មោះ ណាកាយ៉ាម៉ា (Taro Nakayama) នៅអង្គុយតុជាមួយត្រីភាគី ហើយឱ្យអនុរដ្ឋមន្ត្រី អូវ៉ាដា (Ovada) ដែលឥឡូវជាឪពុកក្មេករបស់ព្រះចៅអធិរាជជប៉ុនថ្មី អង្គុយតុជាមួយខាងរដ្ឋកម្ពុជា។ ដល់ផុតម្ហូបបីមុខ ត្រូវដូររដ្ឋមន្ត្រីការបរទេសជប៉ុនមកអង្គុយជាមួយរដ្ឋកម្ពុជា ហើយអនុរដ្ឋមន្ត្រីទៅអង្គុយជាមួយតុត្រីភាគីម្តង។ មិនមែនរឿងលេង រឿងសើចទេ។ លុះពេលទៅប្រជុំ នាយករដ្ឋមន្រ្តីជប៉ុន ខៃហ្វូ (Toshiki Kaifu) ចូលរួមប្រជុំ រួចពេលដែលនាយករដ្ឋមន្ត្រីជប៉ុនចេញផុត ខៀវ សំផន ងឿកដើរចេញពីការប្រជុំ ធ្វើឱ្យការប្រជុំអាក់ខាន។ ជប៉ុនរួមជាមួយ Chavalit Yongchaiyudh ដែលពេលនោះជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីការពារជាតិ របស់រដ្ឋាភិបាល Chatichai Choonhavan ទៅសម្រួលលើបញ្ហានេះ ដោយចុះហត្ថលេខាអត់មានក្រុមខ្មែរក្រហម។ ពេលនោះខាងជប៉ុនដឹងថា រឿងនេះមិនឡូហ្សិកដែរ តែសូមស្នើឱ្យសម្ដេច ហ៊ុន សែន លេបមិន ឡូហ្សិក ហ្នឹងទៅ។ សម្ដេចតបថា សម្ដេចទទួលបាន ប៉ុន្តែសម្ដេចមិននិយាយ ព្រោះសម្ដេចក៏ស្អប់ខ្មែរក្រហមដែរ។ សម្ដេចក៏មិនចង់ឱ្យខ្មែរក្រហមចូលរួមចុះហត្ថលេខាដែរ ក៏ប៉ុន្តែការពិត គឺមិនត្រូវនិយាយអ៊ីចឹងទេ។ ដូច្នេះបានជាឃើញរូបភាពនៃការចុះហត្ថលេខានៅតូក្យូ ដើម្បីបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់នោះ គឺមានតែសម្តេចព្រះនរោត្តម សីហនុ ចុះហត្ថលេខាជាមួយនឹងសម្ដេច ហ៊ុន សែន រួចនឹងមានលោកសឺន សាន ក្រុមរណរសិរ្ស រំដោះប្រជាពលរដ្ឋខ្មែរ ដោយអត់មានខ្មែរក្រហម។ អ៊ីចឹងចេញរូបមន្ត ៦+៦ ពីពេលនោះមក ឬហៅថា ៦+២+២+២។ រូបមន្តនេះ ជារូបមន្តដែលសម្ដេចដាក់ចេញតែម្តង គឺ ៦+៦ ឬ ៦+២+២+២ ដោយជ្រើសរើសយកមួយណាក៏បាន ទើបស្មើគ្នា។ ព្រោះសម្ដេច ហ៊ុន សែន ជារដ្ឋាភិបាលមួយ ឯត្រីភាគីជារដ្ឋាភិបាលមួយទៀត ហើយខាងត្រីភាគីចង់យកទៅកាត់ជាបីកង់ ឬក៏កាត់ទៅជាពីរកង់ក៏កាត់ទៅ តែធ្វើម៉េចឱ្យចេញប្រាំមួយ។ សម្ដេចចង់ប្រើពាក្យ ៦+៦ ជាជាង ៦+៣+៣ ព្រោះសម្ដេចអត់ចង់ដឹងថាម្ខាងទៀតប៉ុន្មានភាគីទេ។ពេលនោះគ្រាន់តែចុះហត្ថលេខាលើក្របខ័ណ្ឌតែប៉ុណ្ណឹងទេ ប៉ុន្ដែមកដាក់ឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ គឺមកដាក់ឈ្មោះនៅឯហ្សាកាតាវិញ រួចហើយប្រជុំលើកដំបូង គឺប្រជុំនៅឯស្ថានទូត នៅបាងកក។ ដោយ៖ គង់ សិរីរ័ត្ន

អត្ថបទទាក់ទង