Grand News Asia Close

ចិនចល័តយន្តហោះយោធាសរុប៣៧គ្រឿង ចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 279
ចិនចល័តយន្តហោះយោធាសរុប៣៧គ្រឿង ចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់  ចិនចល័តយន្តហោះយោធាសរុប៣៧គ្រឿង ចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ 

(តៃប៉ិ)៖ តៃវ៉ាន់បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះយោធាចិនសរុប៣៧គ្រឿង បានហោះចូលមកក្នុងតំបន់ការពារអាកាស ហៅថា ADIZ របស់ខ្លួន ខណៈវាគឺជាការចល័តយន្តហោះយោធារបស់ចិន ក្នុងចំនួនដ៏ច្រើនថ្មីចុងក្រោយមួយទៀត មកក្បែរដែនកោះនេះ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់តាំងពីម៉ោង៥ព្រឹកថ្ងៃព្រហស្បតិ៍នេះ ខ្លួនបានប្រទះឃើញយន្តហោះរបស់កងទ័ពអាកាសចិន សរុបចំនួន៣៧គ្រឿង ក្នុងនោះមានទាំងយន្តហោះចម្បាំងប្រភេទ J-11 និង J-16 ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកដែលអាចផ្ទុកនុយក្លេអ៊ែរ H-6 ហោះចូលមកម្តុំភាគនិរតីនៃតំបន់ ADIZ របស់តៃវ៉ាន់។ ADIZ គឺជាតំបន់ធំទូលាយមួយ ដែលតៃវ៉ាន់ធ្វើការឃ្លាំមើលនិងល្បាតដើម្បី​ឱ្យកងកម្លាំងរបស់ខ្លួន មានពេលច្រើនគ្រប់គ្រាន់ជាមុន ក្នុងការឆ្លើយតបចំពោះការគំរាមកំហែង។ តំបន់នេះគឺធំលើសពីដែនអាកាស។

គួរបញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាដែនដីមិនអាចកាត់ផ្តាច់បានរបស់ខ្លួន តែងតែធ្វើការចល័ត​យន្តហោះយោធារបស់ខ្លួនជាប្រចាំ ចូលមកក្នុងផ្ទៃអាកាសក្បែរៗកោះតៃវ៉ាន់ ក៏ប៉ុន្តែមិនធ្លាប់ទន្ទ្រានចូលដែនអាកាសរបស់ដែនកោះនេះ តែ​ម្តងនោះឡើយ។ ចំនួនយន្តហោះយោធាច្រើនបំផុត ដែលចិនបានបញ្ជូនចូលមកក្បែរតៃវ៉ាន់ក្នុងឆ្នាំនេះ គឺ៤៥គ្រឿង ក្នុងសកម្មភាពកាលពី​ថ្ងៃទី៩ ខែមេសា៕ ដោយ៖ Fresh News

អត្ថបទទាក់ទង