Grand News Asia Close

ព្យុះស៉ីក្លូនសម្លាប់មនុស្ស១១នាក់ និងធ្វើឱ្យ២០នាក់បាត់ខ្លួន នៅភាគខាងត្បូងប្រេស៉ីល

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 327
ព្យុះស៉ីក្លូនសម្លាប់មនុស្ស១១នាក់ និងធ្វើឱ្យ២០នាក់បាត់ខ្លួន នៅភាគខាងត្បូងប្រេស៉ីល ព្យុះស៉ីក្លូនសម្លាប់មនុស្ស១១នាក់ និងធ្វើឱ្យ២០នាក់បាត់ខ្លួន នៅភាគខាងត្បូងប្រេស៉ីល

(ប្រាស៉ីលីយ៉ា)៖ អាជ្ញាធរប្រេស៉ីលបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់១១នាក់ បានបាត់បង់ជីវិត នៅរដ្ឋ រីយ៉ូហ្ក្រាន់ដូស៊ូល (Rio Grande do Sul) ភាគខាងត្បូងប្រទេស ក្រោយព្យុះស៉ីក្លូនមួយបានវាយប្រហារ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

អាជ្ញាធរនៃរដ្ឋ Rio Grande do Sul ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសអេហ្សង់ទីន និងអ៊ុយរូហ្កាយ បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា មនុស្សចំនួន១១នាក់បានស្លាប់ ដោយសារតែឥទ្ធិពលនៃព្យុះស៉ីក្លូនខាងលើ ហើយមនុស្សចំនួន ១៨នាក់ផ្សេងទៀត កំពុងបន្តបាត់ខ្លួននៅក្រុងខារ៉ា (Caraa) ដែលជាកន្លែងរងគ្រោះខ្លាំងជាងគេ និង២នាក់ នៅក្រុង ត្រេស ហ្វ័គីយ៉ាស (Tres Forquilhas)។

មនុស្សសរុប២,៣៣០នាក់ ត្រូវខូចខាតផ្ទះសម្បែង និង៦០២នាក់ ត្រូវបានជម្លៀសកាលពីចន្លោះថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ចេញពីតំបន់ដែលប្រឈមហានិភ័យ ដោយសារគន្លងផ្លូវធ្វើដំណើរ​របស់ព្យុះស៉ីក្លូននោះ ហើយរយៈពេល២ថ្ងៃចុងក្រោយនេះ មនុស្សចំនួន២,៤០០នាក់ ត្រូវបានជួយសង្រ្គោះ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំនេះ ប្រេស៉ីលបានទទួលរង គ្រោះមហន្តរាយធម្មជាតិអាក្រក់ៗជាបន្តបន្ទាប់ ដែលក្រុមអ្នកជំនាញនិយាយថា ត្រូវបានជំរុញ​ដោយការប្រែប្រួលនៃអាកាសធាតុភពផែនដី។ កាលពីខែកុម្ភៈ មនុស្សយ៉ាងតិច៦៥នាក់បានស្លាប់ នៅពេលភ្លៀងធ្លាក់ខ្លាំងជោគជាំ បានបង្កទឹកជំនន់និងបំណាក់ដី នៅរដ្ឋសៅប៉ូឡូ (Sao Paulo) ភាគអាគ្នេយ៍ប្រទេស៕

អត្ថបទទាក់ទង