Grand News Asia Close

បទវិភាគ ៖ ចិននិងអឺរ៉ុបឈានដល់គំនិតឯកភាពរួមស្តីពី“ការមិនផ្តាច់ទំនាក់ទំនង”និងជំរុញកិច្ចសហប្រតិបតិ្តការ ដែលនឹងនាំមកនូវភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោក

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 263
បទវិភាគ ៖ ចិននិងអឺរ៉ុបឈានដល់គំនិតឯកភាពរួមស្តីពី“ការមិនផ្តាច់ទំនាក់ទំនង”និងជំរុញកិច្ចសហប្រតិបតិ្តការ ដែលនឹងនាំមកនូវភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោក បទវិភាគ ៖ ចិននិងអឺរ៉ុបឈានដល់គំនិតឯកភាពរួមស្តីពី“ការមិនផ្តាច់ទំនាក់ទំនង”និងជំរុញកិច្ចសហប្រតិបតិ្តការ ដែលនឹងនាំមកនូវភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោក

ថ្ងៃទី២៤ ខែមិថុនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញត្រឡប់ទៅដល់ក្រុងប៉េកាំងវិញ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់និងបារាំង ។ ក្នុងរយៈពេលមួយអាទិត្យកន្លងមក លោកបានធ្វើការប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយជាមួយឥស្សរជនមជ្ឈដ្ឋាននយោបាយ ឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយបានគូសបញ្ជាក់ថា អ្វីដែលការអភិវឌ្ឍរបស់ប្រទេសចិននាំមកដល់ពិភពលោកគឺកាលានុវត្តភាព មិនមែនជាហានិភ័យទេ ។ អ្នកដឹកនាំអាល្លឺម៉ង់និងបារាំងបានបង្ហាញយ៉ាងច្បាស់លាស់ថា ប្រឆាំងឬមិនគាំទ្រចំពោះ “ការផ្តាច់ទំនាក់ទំនង” ប្រឆាំងការធ្វើបដិបក្ខគ្នាជាក្រុម ទោះតាមទម្រង់ណាក៏ដោយ ។ ក្នុងស្ថានការណ៍អន្តរជាតិដែលបាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលនិងច្របូកច្របល់ ចិននិងអឺរ៉ុបបានឈានដល់គំនិតឯកភាពរួមស្តីពី“ការមិនផ្តាច់ទំនាក់ទំនង”និងជំរុញកិច្ចសហប្រតិបតិ្តការ ដែលនឹងនាំមកនូវភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោក ។
គិតតាំងពីចុងឆ្នាំមុនមក ចិននិងអឺរ៉ុបបានបំផុសចលនាថ្មីមួយនៃការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ។ អ្នកដឹកនាំនៃប្រទេសអឺរ៉ុបជាច្រើន ដូចជាលោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់និងលោកម៉ាក្រុង ប្រធានាធិបតីបារាំងជាដើម បានបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ហើយបានឈានដល់គំនិតឯកភាពរួមមួយចំនួនជាមួយអ្នកដឹកនាំកំពូលរបស់ចិនអំពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបតិ្តការរវាងចិននិងអឺរ៉ុប ។ ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់នាយករដ្ឋមន្ត្រីចិនលើកនេះ គឺក្នុងគោលបំណងប្រែគំនិតឯកភាពរួមទាំងនេះទៅជា“ផែនទីអនុវត្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្តែងរបស់ភាគីទាំងពីរ ។
ពេលបច្ចុប្បន្ននេះ នៅផ្ទៃក្នុងអឺរ៉ុប មានសំឡេងខុសគ្នាអំពីកិច្ចសហប្រតិបតិ្តការជាមួយចិន ដែលមានភាពស្មុគស្មាញនិងស្ទាក់ស្ទើរខាងផ្លូវចិត្ត ។ នេះគឺដោយមកពីកត្តាទស្សនៈមនោគមវិជ្ជាក្នុងរយៈពេលយូរផង ហើយក៏មានមូលហេតុដែលកម្លាំងខាងក្រៅធ្វើការរំខានដើម្បីរក្សាអនុត្តរភាពផងដែរ ។ នាពេលថ្មីៗកន្លងទៅនេះ ថ្នាក់ដឹកនាំរបស់សហភាពអឺរ៉ុបបានលើកឡើងគំនិតអំពី“ការលុបបំបាត់ហានិភ័យ” ប៉ុន្តែប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនបានចាត់ទុកការនេះដូចគ្នានឹង“ការបណ្តេញប្រទេសចិនចេញ” ដែលបានបង្កជាឧបសគ្គថ្មីដល់កិច្ចសហប្រតិបតិ្តការរវាងចិននិងអឺរ៉ុប ។
ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបលើកនេះ ភាគីចិនបានបកស្រាយបញ្ហានេះក្នុងសកម្មភាពជាច្រើន ដែលបានបញ្ចេញព័ត៌មានស្តីពីការគាំទ្រយ៉ាងមុតមាំនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនបានកែប្រែទេ និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរវាងចិននិងអឺរ៉ុបមានអនាគតយ៉ាងទូលំទូលាយជាដើម ក្នុងន័យកាត់បន្ថយប្រកបដោយប្រសិទ្ធភាពនូវ“សំឡេងរំខាន”នៃមជ្ឈដ្ឋាននយោបាយអឺរ៉ុប និងផ្សព្វផ្សាយ “សំឡេងសហការ”នៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រការទាំងនេះទទួលបានការឆ្លើយតបយ៉ាងសកម្មពីសំណាក់អ្នកនយោបាយអឺរ៉ុប ។
តាមពិតទៅ បើសិនជាពិនិត្យមើលសភាពការណ៍កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបនាពេលបច្ចុប្បន្ន អ្នកផងទាំងពួងអាចកាន់តែដឹងច្បាស់ថា សំឡេងសហការបានតំណាងឱ្យជម្រើសត្រឹមត្រូវរបស់អឺរ៉ុប ។ បច្ចុប្បន្ននេះ ចិននិងអឺរ៉ុបជាដៃគូពាណិជ្ជកម្មធំទីពីររវាងគ្នានិងគ្នា ។ ឆ្នាំ២០២២ ទំហំពាណីជ្ជកម្មសរុបរវាងចិននិងអឺរ៉ុបបានឡើងដល់៨៤៧៣០០លានដុល្លារអាមេរិក ដែលបានកើនឡើង២,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ អឺរ៉ុបបានបណ្តាក់ទុន១២១០០លានដុល្លារអាមេរិកនៅប្រទេសចិន ដែលបានកើនឡើង៧០ភាគរយ រីឯប្រទេសចិនវិញ បានបណ្តាក់ទុន១១១០០លានដុល្លារអាមេរិកនៅអឺរ៉ុបដែលបានកើនឡើង២១ភាគរយ ។ ទិន្នន័យទាំងនេះបានបង្ហាញថា កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបពោពេញទៅដោយភាពរស់រវើកនិងមានសក្តានុពលដ៏ធំធេង ។
ឆ្នាំនេះជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុប ។ ចិននិងអឺរ៉ុបរួមគ្នាប្រឆាំង “ការផ្តាច់ទំនាក់ទំនង” និងប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពិតប្រាកដ ដូច្នេះ ភាគីទាំងពីរនឹងទទួលបានផលប្រយោជន៍កាន់តែច្រើនពីការអភិវឌ្ឍរៀងខ្លួន ប្រការនេះក៏សមស្របនឹងផលប្រយោជន៍របស់ពិភពលោកផងដែរ ៕

អត្ថបទទាក់ទង