Grand News Asia Close

វិភាគអន្តរជាតិ៖ ឪពុកជាប្រធានាធិបតី លើកលែងទោសឱ្យកូនខ្លួនឯង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 317
វិភាគអន្តរជាតិ៖ ឪពុកជាប្រធានាធិបតី លើកលែងទោសឱ្យកូនខ្លួនឯង វិភាគអន្តរជាតិ៖ ឪពុកជាប្រធានាធិបតី លើកលែងទោសឱ្យកូនខ្លួនឯង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ បានលើកលែងទោសឱ្យកូនប្រុសរបស់លោក គឺលោក Hunter Biden ដែលជាប់ពិរុទ្ធពីបទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ ពាក់ព័ន្ធនឹងសាវតាត្រួតពិនិត្យការទិញកាំភ្លើង និងការកាន់កាប់កាំភ្លើងខុសច្បាប់ ព្រមទាំងការគេចវេសបង់ពន្ធ។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយសេតវិមាន លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃអាទិត្យ ទី១ ខែធ្នូ) ខ្ញុំបានចុះហត្ថលេខាលើកលែងទោសឱ្យ Hunter កូនប្រុសរបស់ខ្ញុំ។ ចាប់តាំងពីខ្ញុំឡើងកាន់អំណាចមក ខ្ញុំធ្លាប់បាននិយាយថាខ្ញុំនឹងមិនជ្រៀតជ្រែកការសម្រេចចិត្តរបស់ ក្រសួងយុត្តិធម៌ទេ ហើយខ្ញុំបានរក្សាពាក្យសន្យារបស់ខ្ញុំ ដោយសុខចិត្តឈរមើលកូនប្រុសរបស់ខ្ញុំរងការកាត់ទោសដោយអយុត្តិធម៌»។ បើតាមលោក បៃដិន លោក Hunter Biden រងការកាត់ទោសដោយ អយុត្តិធម៌ នោះក៏ដោយសារតែជាកូនប្រុសរបស់លោក។

ក៏ប៉ុន្តែ ការសម្រេចចិត្តរបស់លោក បៃដិន បាន និងកំពុងបង្កឱ្យមានការជជែកវែកញែកពីឯករាជ្យភាពនៃប្រព័ន្ធតុលាការអាមេរិក ហើយវាក៏បានបង្ហាញដែរថាទាំងលោក បៃដិន និងលោក ដូណាល់ ត្រាំ ហាក់ទទួលស្គាល់ការពិតមួយថា «ក្រសួងយុត្តិធម៌អាមេរិក» ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ។

តាមរយៈសេចក្ដីថ្លែងការណ៍ដដែល លោក បៃដិន បាននិយាយថាលោកមានជំនឿលើប្រព័ន្ធយុត្តិធម៌ តែថាលោកផ្ទាល់ក៏ជឿដែរថាជម្លោះនយោបាយបានរាលដាលចូលក្នុងដំណើរការកាត់ក្ដី ដែលបាននាំ ទៅរកការកាត់ទោសមនុស្សគ្មានកំហុស។ ការសម្រេចចិត្តរបស់លោក បៃដិន ក្នុងការប្រើប្រាស់អំណាចពិសេសរបស់ប្រធានាធិបតី ដើម្បីលុបចោលពិរុទ្ធភាពរបស់កូនខ្លួនឯង ក្រោមបទចោទកាន់កាប់អាវុធ ខុសច្បាប់ និងគេចវេសបង់ពន្ធ កើតមានឡើងបន្ទាប់ពីលោក បៃដិន រួមទាំងសេតវិមានបានលើកឡើងម្ដងហើយម្ដងទៀតថារូបលោកនឹងមិនជ្រៀតជ្រែកចូលក្នុងនីតិវិធីរបស់តុលាការនោះទេ។ ជាក់ស្ដែង កាលពីខែមិថុនាកន្លងទៅ ក្រោយលោក Hunter Biden ត្រូវបានគណៈវិនិច្ឆយសម្រេចឱ្យជាប់ពិរុទ្ធពីបទកាន់កាប់កាំភ្លើងខុសច្បាប់ លោក បៃដិន ខ្លួនឯងបានទាត់ចោលគំនិតលើកលែងទោសឱ្យកូន ហើយ ថែមទាំងបញ្ជាក់ទៀតផងថា «ខ្ញុំនឹងទទួលយកលទ្ធផលនៃសំណុំរឿងនេះ ហើយនឹងបន្តគោរពតាមនីតិវិធីរបស់តុលាការ»។ ម្លោះហើយ សេចក្ដីថ្លែងការណ៍របស់លោក បៃដិន កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា លោកមិនបានទទួលស្គាល់សេចក្ដីសម្រេច ហើយក៏មិនបានគោរពដល់នីតិវិធីរបស់តុលាការនោះដែរ។

លើសពីនេះទៅទៀត ការលើកលែងទោស និងការបញ្ជាក់ពីហេតុផលនៅពីក្រោយការសម្រេចចិត្តលើកលែងទោសឱ្យកូនខ្លួនឯងរបស់លោក បៃដិន អាចនឹងកាន់តែបង្កើនកម្ដៅនយោបាយនៅសហរដ្ឋអាមេរិក ខណៈលោក ត្រាំ ត្រូវបានរាយការណ៍ថាកំពុងត្រៀមឡើងកាន់តំណែងជាប្រធានាធិបតីជាមួយផែនការប្រើប្រាស់ក្រសួងយុត្តិធម៌ និង FBI ដើម្បីសងសឹកសត្រូវនយោបាយរបស់លោក។ លោក ត្រាំ បានត្អូញត្អែរ ជារឿយៗថាប្រព័ន្ធយុត្តិធម៌ត្រូវបានប្រើជា «អាវុធ» ប្រឆាំងនឹងរូបលោក ហើយថារូបលោកគឺជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញនយោបាយ។ ការត្អូញត្អែរនេះគឺដូចគ្នាទៅនឹងអ្វីដែលលោក បៃដិន បាននិយាយ ដើម្បីការពារកូនប្រុសរបស់ខ្លួន។ ជាការពិតណាស់ លោក បៃដិន មិនបានចោទប្រកាន់ត្រង់ៗថាក្រសួងយុត្តិធម៌អាមេរិកលម្អៀងប្រឆាំងនឹងគ្រួសាររបស់លោកនោះទេ តែលោកបានកត់សម្គាល់ថាមានសម្ពាធ និងឥទ្ធិពលពីអ្នកនយោបាយមួយចំនួនមកពីគណបក្សសាធារណរដ្ឋ ដែលបានដឹកនាំយុទ្ធនាការជាសាធារណៈប្រឆាំងនឹងលោក Hunter Biden ជាយូរណាស់មកហើយ។

សំណុំរឿងក្ដីក្ដាំរបស់លោក ត្រាំ និងលោក​ Hunter Biden គឺស្ថិតនៅក្នុងដៃរដ្ឋអាជ្ញាពិសេសអាមេរិកដាច់ដោយឡែកពីគ្នា រីឯក្រុមមន្ត្រីជាន់ខ្ពស់ក្រសួងយុតិ្តធម៌បានច្រានចោលការជ្រៀតជ្រែកពីអ្នកនយោបាយ ប្រឆាំងលោក ត្រាំ ឬលោក Hunter ហើយក៏មិនមានភស្តុតាងបញ្ជាក់ថាលោក បៃដិនបានលូកដៃចូលក្នុងសំណុំរឿងរបស់លោក ត្រាំ ដែរ។ ក៏ប៉ុន្តែ ការលើកលែងទោសឱ្យកូនខ្លួនឯងរបស់លោក បៃដិន នឹងកាន់តែធ្វើឱ្យអ្នកប្រជាធិបតេយ្យ ពិបាកក្នុងការការពារសុចរិតភាពនៃក្រសួងយុត្តិធម៌ រួមទាំងការប្រកាន់ជំហរប្រឆាំងនឹងផែនការរបស់លោក ត្រាំ ដើម្បីប្រើប្រាស់ក្រសួងនេះបម្រើដល់ប្រយោជន៍នយោបាយ របស់លោក។ ជាពិសេសនៅក្រោយលោក ត្រាំ បានប្រកាសតែងតាំងមនុស្សមានភក្ដីភាពចំពោះរូបលោក គឺលោក Kash Patel ជានាយកថ្មីរបស់ FBI។ មិនតែប៉ុណ្ណោះ វាថែមទាំងបង្កផលលំបាកដល់ អ្នកប្រជាធិបតេយ្យ ក្នុងការរិះគន់លោក ត្រាំ ក្នុងករណីលោក ត្រាំ ប្រើប្រាស់អំណាចប្រធានាធិបតីលើកលែងទោសឱ្យសម្ព័ន្ធមិត្ត និងមិត្តរបស់លោកដែលខ្លះកំពុងជាប់ពន្ធនាគារ និងខ្លះកំពុងប្រឈមនឹង សវនាការកាត់ទោស។

ការសម្រេចចិត្តរបស់លោក បៃដិន មិនត្រឹមតែរងការរិះគន់ពីលោក ដូណាល់ ត្រាំ ប៉ុណ្ណោះទេ តែសូម្បីអ្នកប្រជាធិបតេយ្យក៏បានបង្ហាញការមិនពេញចិត្តផងដែរ។ ​«ក្នុងនាមជាឪពុកម្នាក់ ច្បាស់ណាស់ខ្ញុំយល់ពី ទឹកចិត្តរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលចង់ជួយកូនប្រុសរបស់ខ្លួនតាមរយៈការលើកលែងទោស។ តែខ្ញុំខកចិត្តដែលរូបលោកគិតពីគ្រួសារ មុនប្រទេសជាតិ»។ នេះជាការលើកឡើងរបស់លោក Jared Polis អភិបាលរដ្ឋ Colorado មកពីបក្សប្រជាធិបតេយ្យ នៅលើបណ្ដាញទំនាក់ទំនងសង្គម។

តាមពិតទៅ សំណុំរឿងរបស់លោក ដូណាល់ ត្រាំ និងលោក Hunter Biden សឹងតែមិនអាចយកមកប្រៀបធៀបគ្នាបានទេ។ លោក ត្រាំ ត្រូវបានចោទប្រកាន់ពីបទព្យាយាមកែប្រែលទ្ធផលបោះឆ្នោតកាលពី ឆ្នាំ២០២០ ដោយខុសច្បាប់ ព្រមទាំងបទចោទប្រកាន់បំផ្លាញសន្តិសុខជាតិ និងបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌ ជុំវិញការរក្សាទុកឯកសារសម្ងាត់ដោយខុសច្បាប់ មុនពេលលោកចុះចេញពីតំណែងកាលពី អាណត្តិទី១របស់លោក។ ចំណែក លោក Hunter Biden វិញ ត្រូវបានគណៈវិនិច្ឆយកាត់ទោសឱ្យជាប់ពិរុទ្ធពីបទកាន់កាំភ្លើងខុសច្បាប់ និងបទគេចវេសបង់ពន្ធ។ ទោសទាំងនេះត្រូវបានអ្នកជំនាញច្បាប់ មួយចំនួនអះអាងថាអាចនឹងត្រូវបានដោះស្រាយតាមធម្មតា ដោយអាចឱ្យលោក Hunter រួចផុតពីបទល្មើសកម្រិតសហព័ន្ធ។ តែអ្វីដែលសំខាន់ នោះគឺលោក បៃដិនខ្លួនឯងបានក្បត់សន្យាជាមួយ ប្រជាជនអាមេរិក ដែលថារូបលោកនឹងមិនលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យកូនរបស់ខ្លួនឡើយ។

ដោយមិនឱ្យឱកាសល្អរំលងផុត ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខរិះគន់ចំៗ ដោយហៅការសម្រេចចិត្តរបស់លោក ចូ បៃដិន លើកលែងទោសឱ្យកូនប្រុសរបស់ ខ្លួនឯង គឺលោក Hunter Biden ថាជាការរំលោភអំណាច និងជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌។ «តើការលើកលែងទោសរបស់ចូ (បៃដិន) ទៅកាន់ Hunter មានរួមបញ្ចូលទាំងចំណាប់ខ្មាំងថ្ងៃទី៦ ខែមករា (J-6 Hostages) ដែលបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារដែរ ឬទេ? នេះជាការបំពានមួយ និងជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌»។ នេះជាការគូសបញ្ជាក់របស់លោក ដូណាល់ ត្រាំ ក្នុងការបង្ហោះមួយលើបណ្ដាញ ទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអាទិត្យ ហើយចំណាប់ខ្មាំងថ្ងៃទី៦ ខែមករា ឬ J-6 Hostages គឺលោក ត្រាំ ចង់សំដៅលើអ្នកគាំទ្ររបស់លោកដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋពាក់ព័ន្ធនឹង កុបកម្មចូលអុកឡុកវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ការលើកលែងទោសរបស់លោក បៃដិន គឺគ្របដណ្ដប់លើបទល្មើសទាំងឡាយដែលកូនប្រុសរបស់លោកបានប្រព្រឹត្ត ឬក៏ចូលរួមពាក់ព័ន្ធ ចន្លោះពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺមិនមែនគិតត្រឹមតែបទចោទគេចវេសបង់ពន្ធ និងកាន់កាប់កាំភ្លើងខុសច្បាប់នោះទេ។ បានន័យថាការលើកលែងទោសនេះនឹងក្លាយជាអាវក្រោះការពារលោក Hunter Biden ពីការស៊ើបអង្កេតជាថ្មីណាមួយនៅពេលអនាគត ស្របពេលមានការរំពឹងថាលោក ត្រាំ អាចនឹងបញ្ជាឱ្យក្រសួងយុត្តិធម៌ ឬនាយក FBI ថ្មី លោក Patel បើកការស៊ើបអង្កេត នៅក្រោយពេលលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង