ក្រុមអ្នកវិភាគ៖ ជំហរប្រឆាំងចិន របស់អាមេរិក អាចកាន់តែតឹងរ៉ឹងបើលោក Trump ជាប់ឆ្នោត
ក្រុមអ្នកវិភាគបានប្រាប់សារព័ត៌មាន CNA ថា ការជ្រើសរើសលោក ជេឌី វែនស៍ (JD Vance) ជាបេក្ខភាពអនុប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរបស់លោក Donald Trump អាចមានន័យថា ជំហររបស់អាមេរិក នឹងកាន់តែអាក្រក់ទៅៗលើប្រទេសចិន ប្រសិនបើអតីតប្រធានាធិបតីអាមេរិករូបនេះជាប់ឆ្នោតជាថ្មី។
លោក ថម ស្វីតហ្សឺ (Tom Switzer) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យ (CIS) របស់អូស្ត្រាលីបាននិយាយថា «មានការយល់ស្របទ្វេបក្សពីការកើនឡើងនៃអំណាចនៅក្នុងប្រទេសចិន ហើយលោក Vance ចង់ប្រឆាំងនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ចិន»។
លោក Vance បានហៅចិន ថាជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយភ្លាមៗបន្ទាប់ពីការជ្រើសរើសជាបេក្ខភាពអនុប្រធានាធិបតីរបស់លោកកាលពីថ្ងៃចន្ទ (១៥ កក្កដា)។ ការលើកឡើងនេះស្របតាមជំនឿរបស់លោក Trump និងអ្នកប្រជាធិបតេយ្យជាច្រើន ដែលថាកំណើនឥទ្ធិពលរបស់ចិនជារោងចក្រដ៏ធំរបស់ពិភពលោក បានបំផ្លាញវិស័យផលិតកម្មរបស់អាមេរិក។
លោក Switzer បានបញ្ជាក់ថា សមាជិកបក្សសាធារណរដ្ឋជាច្រើនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេពីអឺរ៉ុប ទៅលើអាស៊ីបន្តិចម្តងៗ ហើយមានបំណងសម្របសម្រួលកិច្ចប្រឹងប្រែងរបស់អ្នកដែលប្រឆាំងនឹងមហិច្ឆតារបស់ចិន ដើម្បីក្រោកឈរឡើងជាសមូហភាពតទល់នឹងទីក្រុងប៉េកាំង។ ចិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Vance ថា ខ្លួនតែងតែប្រឆាំងទៅនឹងអាមេរិក ដែលចាត់ទុកចិនជាបញ្ហានៅក្នុងការបោះឆ្នោតរបស់ខ្លួន៕ ប្រភព៖ BAYON Radio News