Grand News Asia Close

សុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនាវានុវត្តន៍»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រង់ប្រសាសន៍ 785
សុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនាវានុវត្តន៍» សុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនាវានុវត្តន៍»

CMF:

  • ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន
  • ឯកឧត្តម ម៉ាសាតស៊ូហ្គុ អាសាកាវ៉ា​ (Masatsugu Asakawa)  ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី​
  • ឯកឧត្តម,លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ
  • អង្គពិធីទាំងមូល!

ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» នៅទីក្រុងគុនមិញដ៏ស្រស់ស្អាតនាពេលនេះ។ កម្ពុជាសូមគាំទ្រមូលបទនៃកិច្ចប្រជុំកំពូល លើកទី៨នេះ ដែលផ្តួចផ្តើមរួមគ្នាដោយសាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលស្របទៅនឹងចក្ខុវិស័យ និងបំណងប្រាថ្នារួមរបស់យើងក្នុងការកសាងមហាអនុតំបន់មេគង្គ ប្រកបដោយសមាហរណកម្ម វិបុលភាព ចីរភាព និងបរិយាប័ន្ន។

ចាប់តាំងពីកិច្ចប្រជុំកំពូលលើកចុងក្រោយរបស់យើង កាលពីខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា មហាអនុតំបន់មេគង្គបន្តប្រឈមនឹងបញ្ហានានា ដែលបណ្តាលមកពីភាពមិនច្បាស់​លាស់នៃសេដ្ឋកិច្ចសកល ភាពតានតឹងភូមិសាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធ ការគំរាមកំហែងដល់ពាណិជ្ជកម្មសេរី និងនិន្នាការគាំពារនិយម។

ទន្ទឹមនឹងនេះ ហានិភ័យផ្នែកបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក៏បានបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ ដល់ប្រទេសជាសមាជិកមួយចំនួនក្នុងអនុតំបន់ ព្រមទាំងបានជះឥទ្ធិពលដល់កំណើនសង្គម-សេដ្ឋកិច្ចរបស់យើងផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការ​យ៉ាងរឹងមាំ ប្រទេសនៃមហាអនុតំបន់មេគង្គ បានបន្តបង្ហាញនូវភាពធន់ក្នុង ការដោះស្រាយបញ្ហាប្រឈមទាំងនោះ ​ដោយទទួលបានលទ្ធផលផ្លែផ្កាដូចដែលបានរៀបរាប់នៅក្នុង «របាយការណ៍​​ស្តីពីសមិទ្ធផលថ្មីៗ នៃកម្មវិធីកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ»

  • ឯកឧត្តម លោកជំទាវ អង្គពិធីទាំងមូល!

ក្នុងពេលដែលយើងជួបប្រជុំគ្នាដោយផ្ទាល់នៅទីនេះ បញ្ហាប្រឈម ដែលមានភាពស្មុគស្មាញ និងវិសាលភាពទូលំទូលាយ នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់។ ការដោះស្រាយបញ្ហាប្រឈមទាំងនោះ ទាមទារឱ្យយើងពង្រឹងនូវកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងត្រូវព្យាយាមជម្នះ ទំនោរឆ្ពោះទៅរកសេដ្ឋកិច្ចជាតិនិយម ដែលជ្រកក្រោមហេតុផល នៃការធ្វើឱ្យទីលាននៃការប្រកួតប្រជែងមានលក្ខណៈស្មើភាពគ្នា។

ក្នុង «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ច មហាអនុតំបន់មេគង្គឆ្នាំ២០៣០» ដែលបានអនុម័តកាលពីឆ្នាំ២០២១ បានកំណត់យ៉ាងច្បាស់នូវចក្ខុវិស័យ ទិសដៅ និង វិស័យសម្រាប់កិច្ចសហប្រតិបត្តិការរបស់មហាអនុតំបន់យើងក្នុងទសវត្សរ៍នេះ។ ខ្ញុំយល់ស្របតាមការវាយតម្លៃថា ក្រោយពីការអនុវត្តក្របខ័ណ្ឌនេះអស់រយៈពេល៣ឆ្នាំ យើងមានការចាំបាច់ក្នុងការ​ពន្លឿនសកម្មភាពជំរុញវឌ្ឍនភាព ហើយស្របពេលជាមួយគ្នានេះយើងក៏ត្រូវបន្តកំណត់ និងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន។ មូលបទនៃកិច្ចប្រជុំកំពូលលើកទី៨ នេះបានរំលេចអំពីតួនាទីស្នូលនៃឌីជីថលូបនីយកម្ម និងនវានុវត្តន៍ ក្នុងការជួយពន្លឿនកិច្ចប្រឹងប្រែងរបស់យើង សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យមហាអនុតំបន់មេគង្គឆ្នាំ២០៣០ ក្នុងការកសាងមហាអនុតំបន់មួយប្រកបដោយសមាហរណកម្ម វិបុលភាព ចីរភាព និងបរិយាប័ន្ន។

ឌីជីថលូបនីយកម្ម និងនវានុវត្តន៍ ផ្តល់កាលានុវត្តភាពសម្រាប់បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ តាមរយៈ ការពង្រីកឧស្សាហកម្ម និងទីផ្សារ ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោក និងជំរុញថាមភាព និងភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។ ស្របពេលដែលបណ្តាប្រទេសក្នុងមហាអនុតំបន់ចាប់យកបដិវត្តន៍ឌីជីថល «គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីតម្រង់ទិសដល់សកម្មភាពជាក់ស្តែង ក្នុងវិស័យគន្លឹះមួយចំនួន ដូចជា៖ វិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងវិនិយោគ។ ខ្ញុំសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការតាក់តែង «យុទ្ធសាស្ត្រស្តីពី នវានុវត្តន៍សម្រាប់ការអភិវឌ្ឍមហាអនុតំបន់មេគង្គឆ្នាំ២០៣០» និង​សូមស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមបង្កើត «មូលនិធិនវានុវត្តន៍សម្រាប់មហាអនុតំបន់មេគង្គ»

ខ្ញុំសង្ឃឹមថា “យុទ្ធសាស្ត្រ ស្តីពី នវានុវត្តន៍សម្រាប់ការអភិវឌ្ឍមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០” នឹងរួមចំណែកបំពេញបន្ថែមដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់យកបដិវត្តន៍ឌីជីថលក្នុងយុគសម័យថ្មីនេះ ក្នុងគោលដៅឈានទៅសម្រេចនូវចក្ខុវិស័យ ដ៏ច្បាស់លាស់ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏ពេញលេញ ដូចមានចែងក្នុង”យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកម្រិតតំបន់ ការចាប់យកឌីជីថលូបនីយកម្ម និងនវានុវត្តន៍នឹងផ្តល់អភិក្រមប្រកបដោយនវានុវត្តន៍ សម្រាប់ដោះស្រាយបញ្ហាប្រឈមរយៈពេលមធ្យម និងវែង ដែលកាន់តែមានភាពស្មុគស្មាញនៅក្នុងមហាអនុតំបន់មេគង្គ។

  • ឯកឧត្តម លោកជំទាវ អង្គពិធីទាំងមូល!

ខ្ញុំមានសេចក្តីសោមនស្សដោយបានឃើញនូវវឌ្ឍនភាពគួរឱ្យកត់សំគាល់ ដែលបណ្តាក្រុមការងារតាមវិស័យនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាគីពាក់ព័ន្ធបានសម្រេចក្នុងការអនុវត្តយុទ្ធសាស្ត្រ និងផែនការសកម្មភាពនាពេលកន្លងមក។ ខ្ញុំសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គរបស់យើងកាន់​តែមានភាពបើកទូលាយ និងប្រកបដោយបរិយាប័ន្ន ដែលអាចឱ្យយើងប្រើប្រាស់ឧត្តមភាព របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជាដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន យុវជន និងតួអង្គមិនមែនរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចគោលដៅរួមរបស់យើងទាំងអស់គ្នា។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី៨នេះ និងចំពោះធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ការគាំទ្រ ក៏ដូចជាការរួមចំណែករបស់មន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមធ្វើឱ្យកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គរបស់យើងសម្រេចបានជោគជ័យ។

ខ្ញុំសូមអរគុណ!

អត្ថបទទាក់ទង