Grand News Asia Close

នាយករដ្ឋមន្ត្រីឡាវ ទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ប្រកបដោយកិត្តិយស និងកក់ក្តៅ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 768
នាយករដ្ឋមន្ត្រីឡាវ ទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ប្រកបដោយកិត្តិយស និងកក់ក្តៅ នាយករដ្ឋមន្ត្រីឡាវ ទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ប្រកបដោយកិត្តិយស និងកក់ក្តៅ

 

(ឡាវ, វៀងច័ន្ទ)៖ បន្ទាប់ពីអញ្ជើញដល់ប្រទេសឡាវ នៅវេលារសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤​នេះ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីបដិសណ្ឋារកិច្ចជាផ្លូវការដែលធ្វើឡើងនៅការិយាល័យនាយករដ្ឋមន្ត្រីឡាវ ក្នុងទីក្រុងវៀងច័ន្ទ បានរៀបចំ​ឡើងប្រកបដោយកិត្តិយស និងកក់ក្តៅបំផុត។ កម្រាលព្រំដ៏ក្រហមឆ្អិន ជាមួយកងកិត្តិយស និងកង​ត្រែទ័ព ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ឡាវ ត្រូវបានរៀបចំឡើង ដើម្បីទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវ។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសឡាវ នាពេលនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំង ពង្រឹង មូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំង ពីរ។

កម្ពុជា និងឡាវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦។ ទំនាក់​ទំនង​កម្ពុជា និងឡាវត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងឱកាស​ទស្សន​កិច្ច​ផ្លូវ​ការរបស់​នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩៕

អត្ថបទទាក់ទង