Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុង​ពិធី​បិទ​វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក “ការប្រែ​ក្លាយ​ច្រវាក់​ផ្គត់​ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព”

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 315

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុង​ពិធី​បិទ​វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក “ការប្រែ​ក្លាយ​ច្រវាក់​ផ្គត់​ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព”


CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា និង រាជរដ្ឋាភិបាល,
ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងស្ថាប័នអង្គទូតនានា ប្រចាំកម្ពុជា និង ដៃគូអភិវឌ្ឍជាតិ និង អន្តរជាតិ,
ឯកឧត្តម លោកជំទាវ,  អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបាន​ចូលរួម​ ក្នុង​ពិធីបិទ វេទិកាស្រូវអង្ករកម្ពុជាលើកទី​ ៧ ដែល​ជាពេលវេលាដ៏សំខាន់មួយ សម្រាប់វិស័យស្រូវអង្ករកម្ពុជា និង តួអង្គពាក់ព័ន្ធ ​ក្នុងការជួបជុំ ពិនិត្យមើលសមិទ្ធផល កន្លងមក​ និង ពិភាក្សាអំពីបញ្ហាប្រឈម, កាលានុវត្តភាព និង កំណត់ទិសដៅអនាគត ក្នុងវិស័យនេះ ។

ខ្ញុំ​បាន​ស្តាប់ដោយ​យកចិត្តទុកដាក់នូវ​របាយការណ៍របស់ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, អំពីសមិទ្ធផលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ដែល​មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែង, លើ​ផ្នែកដាំដុះ យើងសម្រេចបានជាង ១២ លានតោន ក្នុងមួយឆ្នាំ ក្នុង រយៈពេល ២ ឆ្នាំចុងក្រោយ, មាន​ការ​នាំចេញអង្ករបានប្រមាណជាង ៦០ ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ, ហើយ​ការនាំចេញស្រូវក៏​បានកើនឡើងជាង ៤ លានតោន 

ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំ​ពិតជាមានមោទនភាព និង កោត-សរសើរ​ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងធនធានទឹក និង ឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម  បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង នវានុវត្តន៍, សមាគមស្រូវអង្ករកម្ពុជា, ដៃគូសហប្រតិបត្តិការ  អន្តរជាតិ​, ដៃគូវិនិយោគ, ប្រជា​កសិករគ្រប់រូប និង ដៃគូពាក់ព័ន្ធ ដែល​បានសហការគ្នាស្អិតរមួត នៅក្នុង​ការបង្កើត​ប្រព័ន្ធអេកូឡូស៊ីដ៏ល្អ សម្រាប់វិស័យ​ដ៏មាន​សារៈសំខាន់នេះ​ ដែល​អាចផ្តល់​ផល​ប្រយោជន៍ជាច្រើន ដល់​គ្រប់ភាគីពាក់ព័ន្ធ ។ ខ្ញុំ​ក៏សូម​គូសរំលេចផងដែរថា សមិទ្ធផលទាំងនេះ ក៏បាន​កើត​ចេញពីការដាក់ចេញដោយ​ត្រឹមត្រូវ​ និង ការខិតខំ​អនុវត្តប្រកបដោយប្រសិទ្ធភាព​​នូវ គោលនយោបាយ​​ស្តីពីការជំរុញផលិតកម្មស្រូវ និង ការនាំចេញអង្ករ ឆ្នាំ ២០១០ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជា​អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានត្រួសត្រាយផ្លូវ​ និង រៀបចំផែនការប្រកប​ដោយចក្ខុវិស័យវែងឆ្ងាយ​ សម្រាប់​វិស័យកសិកម្ម ។

ក្រៅពី​កត្តាទិន្នផល, ខ្ញុំ​ក៏មាន​សេចក្តីរីករាយដោយដឹងថា កម្ពុជាបាន​ពង្រីកវិសាលភាព និង ធ្វើ​ពិពិធកម្ម​ទីផ្សារ ស្រូវអង្កររបស់ខ្លួន ដោយ​បានបន្តចែកចាយ និង នាំចេញទៅគោលដៅ   ទីផ្សារពិភពលោកចំនួន ២១២ គោលដៅ លើបរិមាណប្រមាណជាង ៦,៦ លានតោនអង្ករ ពីឆ្នាំ ២០១០ មកដល់ឆ្នាំ ២០២៤ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]

នៅព្រឹកមិញនេះ ខ្ញុំបានទទួលជួបជាមួយនឹងគណៈប្រតិភូធុរកិច្ចពីសហរដ្ឋអាមេរិកពីកាលីហ្វ័រញ៉ាដែលគាត់ចូលរួមនៅទីនេះដែរ។ គោលដៅគឺដើម្បីបន្តបញ្ជាទិញអង្ករកម្ពុជានាំចេញទៅអាមេរិក។ ខ្ញុំនិយាយលេងជា​មួយគាត់ថា អង្កាលពី ៣០ ឆ្នាំមុន នៅពេលដែលខ្ញុំទៅរៀននៅសហរដ្ឋអាមេរិក ដើរចូលទៅក្នុងហាងអាស៊ីអត់ដែលមានផលិតផលខ្មែរនៅទីនោះទេ។ ពេលនេះ យើងអាចនិយាយដោយមោទនភាពថា យើង (១) មានផលិតផលកសិកម្មជាច្រើនប្រភេទបាននាំចេញទៅក្រៅប្រទេស មិនមែនតែសហរដ្ឋអាមេរិក តែក៏មាននៅតាមបណ្តាប្រទេសជាច្រើននៅអឺរ៉ុប។ ក្រៅពីផលិតផលកសិកម្ម យើងក៏មានផលិតផលផ្សេងៗ រាប់ទាំងសំលៀកបំពាក់ វាយនភណ្ឌ កាតាប​ កាបូប គ្រឿងអលង្ការដែលផលិតនៅកម្ពុជា គ្រឿងបង្គំអគ្គិសនី ឧបករណ៍អគ្គិសនី។ នេះគឺជាមោទនភាពធំរបស់កម្ពុជានៅក្នុង ៣០ ឆ្នាំនេះ។ ខ្ញុំក៏សូមអរគុណដៃគូ ជាពិសេសវិស័យឯកជននៅបណ្តាប្រទេសដែលបានសហការជាមួយនឹងវិស័យឯកជនរបស់កម្ពុជា ដើម្បីធ្វើការងារជំរុញផលិតផលកសិកម្មយើងចេញទៅខាងក្រៅ។

[ចប់សេចក្តីអធិប្បាយ ១]

នេះសបញ្ជាក់ឱ្យឃើញថា ការជំរុញ​ដោយ​សកម្ម​ នៅក្នុង​ការ​ធ្វើទីផ្សារអង្ករកម្ពុជា, ទាំងពី​សំណាក់​រាជរដ្ឋាភិបាល និង វិស័យឯកជន បានទទួល​ជោគជ័យជាបណ្តើរៗ បើទោះបីជាប្រទេសយើងជាប្រទេសថ្មី ហើយ​​ត្រូវ​ប្រកួតប្រជែងជាមួយប្រទេសដែលមានបទពិសោធន៍ និង កាន់កាប់ទីផ្សារ ក្នុងរយៈពេលយូរឆ្នាំក៏ដោយ​ ។

រាជរដ្ឋាភិបាល​គ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្ម​, ម្យ៉ាងដោយសារថា យើង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ ដែល​ប្រកបរបរកសិកម្ម, និង ម្យ៉ាងទៀត កម្ពុជា មានទាយជ្ជទានគាប់ប្រសើរ​ពី​​ធម្មជាតិ, ជាពិសេស លើ​កត្តា​ទឹកដី ដែល​អាច​ផ្តល់​នូវ​កសិផលឥតដាច់ សម្រាប់ជាស្បៀងអាហាររបស់ពលរដ្ឋផង និង សម្រាប់ការជួញដូររកកម្រៃផង ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]

គោលនយោបាយនេះត្រូវបានយកចិត្តទុកដាក់ ជាពិសេស (២) ដាក់ចេញនូវការអនុគ្រោះជាច្រើន ក្នុងនោះយើងអាចនិយាយដោយត្រួសៗ (ថាមាន)ការលើកលែងពន្ធប្រចាំឆ្នាំលើដីកសិកម្មរបស់កសិករ។ ការលើកលែងពន្ធប្រចាំឆ្នាំលើដីសម្បទានសេដ្ឋកិច្ចដែលពាក់ព័ន្ធកសិកម្ម។ សហគ្រាសកសិកម្មដែលអាចសុំការអនុគ្រោះតាមគម្រោងមានលក្ខណៈគ្រប់គ្រាន់ អនុគ្រោះពន្ធអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋលើការនាំចូល និងការផ្គត់ផ្គង់ទំនិញមួយចំនួនដូចជាជី ពូជដំនាំ ចំណីសត្វផ្សេងៗ។ ការលើកលែងអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ ហើយអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលក៏បន្តដាក់ចេញនូវគោលនយោ​បាយ​អនុគ្រោះជាច្រើនទៅដល់វិស័យកសិកម្ម ការព្យួរទុក ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលដល់សហគ្រាសប្រកបអជីវកម្មក្នុងវិស័យកសិកម្ម ក្នុងនោះក៏មានស្រូវអង្ករ។ ការលើកលែងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋលើការផ្គត់ផ្គង់ទំនិញ ឬសេវាដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ ក្នុងនោះផលិត​ផលមួយចំនួនដែលមានស្រូវអង្ករផងដែរ។ អាករលើតម្លៃពិសេសបន្ថែម ជាបន្ទុករបស់រដ្ឋលើការផ្គត់ផ្គង់ទំនិញ ឬសេវាដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវអង្ករ និងទំនិញមួយចំនួនទៀតដែលយើងបានធ្វើ។ ការសម្រួលការបញ្ចុះតម្លៃអគ្គិសនីលើវិស័យកសិកម្មផ្សេងៗ កាត់បន្ថយថ្លៃដើមនៃការប្រ​កួតនិងការផលិត ហើយយើងកំពុងតែខិតខំនិងពិនិត្យមើលលទ្ធភាពដើម្បីជួយផ្សេងៗទៀត។

មានការសួរថាតើរដ្ឋាភិបាលក្នុងដំណាក់កាលនេះ សេដ្ឋកិច្ចមិនទាន់នឹងនរ តើបានជួយប្រជាពលរដ្ឋតាមរូបភាពណាខ្លះ? ជាពិសេសសួរថា (៣) តើការឧបត្ថម្ភធន បានឧបត្ថម្ភសាច់ប្រាក់យ៉ាងម៉េច? ខ្ញុំបានប្រាប់ថាយើងធ្វើក្នុងរូបភាព២ រូបភាពទី១ គឺថវិកា ដែលរដ្ឋប្រមូលបានគឺយើងចែកចេញទៅវិញតាមរយៈការដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងវិស័យសង្គមកិច្ច។ កន្លងទៅ យើងបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ក្រីក្រ រងសម្ពាធដោយកូវីដ-១៩ រហូតដល់ខែមេសា ២០២៤ ទើបយើងបិទ ដោយបានឧបត្ថម្ភចំនួន៧០ ម៉ឺនគ្រួសារ គឺ ២លាន ៨សែននាក់ ហើយប្រើជាង ១៤០០ លានដុល្លារ។ ឥឡូវយើងមានកម្មវិធីជាជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលប្រជាពលរដ្ឋ ៥៦ម៉ឺនគ្រួសារ។ ក្រៅពីនោះ រដ្ឋចេញថវិកាជួយកម្មវិធីមូលនិធិផ្សេងៗ ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ កុមារក្រោមអាយុ ២ឆ្នាំ។ កម្មវិធីភាគច្រើនរបស់ប្រទេសមួយចំនួនគឺរដ្ឋប្រមូលពន្ធមក ក៏យកមួយផ្នែកនៃពន្ធបញ្ចេញទៅវិញប៉ុន្តែរាជរដ្ឋាភិបាលយើងបានទុកលុយនេះឲ្យគាត់។ យើងអត់ប្រមូលមក ហើយបានបញ្ចេញទៅវិញទេ។ ទុកលុយឲ្យវិស័យឯកជន ទុកលុយឲ្យប្រជាពលរដ្ឋ តាមរយៈការមិនយកពន្ធ ឬការបន្ថយពន្ធនេះឯង។ បើសិនជាខ្ញុំយក ១០០មក ហើយខ្ញុំឲ្យ ១៥ទៅវិញ អញ្ចឹងខ្ញុំទុក ១៥ភាគរយឲ្យតែម្តង មិនបាច់យក។

នៅក្នុងសុន្ទរកថាដែលខ្ញុំអានអម្បាញ់មិញ​ (៤) ទាក់ទងទៅការបន្ថយអាករពិសេស ការលើកលែងពន្ធផ្សេងៗ គឺទុកលុយនេះជូនទៅដល់វិស័យឯកជន ជូនប្រជាពលរដ្ឋតែម្តង។ យើងមើលអត់ឃើញទេ។ បើយើងយកពន្ធមកពេញ ហើយបានឲ្យទៅវិញ ហ្នឹងយើងឃើញ។ ដល់តែយើងអនុគ្រោះ មិនយកពន្ធនេះ គឺទុកជូនគាត់តែម្តង (មើលមិនឃើញទេ)។ អញ្ចឹង អ្នកខ្លះថារាជរដ្ឋាភិបាលអត់ធ្វើអ្វីសោះជូនប្រជាពលរដ្ឋក្នុងដំណាក់កាលនេះ។ មិនដូចនោះទេ។ យើងជួយទាំងការឧបត្ថម្ភសាច់ប្រាក់ បញ្ជូនទៅវិញ រួមទាំងការមិនយកនូវសាច់ប្រាក់មួយចំនួនពីគាត់ តាមរយៈការបន្ធូរបន្ថយ និងអនុគ្រោះពន្ធនេះ ដើម្បីទុកឱ្យបង្វិល។ នេះគឺជាអ្វីដែលខ្ញុំបានឆ្លើយជូនជ្រាបទៅតាមលទ្ធភាពដែលយើងមាន។ ប្រទេសកម្ពុជាមិនមែនប្រទេសអ្នកមានទេ ប៉ុន្តែយើងក៏មិនអង្គុយឱបដៃ(មើល)ប្រជាជនដែលគាត់មានការលំបាកនោះទេ។ រដ្ឋសុខចិត្តបានពន្ធតិច មិនយកពន្ធ អនុ​គ្រោះពន្ធ បានន័យថាលុយពន្ធអត់ចូលមកទេ ទុកនៅក្នុងហោប៉ាវប្រជាពលរដ្ឋនៅក្នុងពេលលំបាក។ យើងនឹងបន្តពិនិត្យវាយតម្លៃជាប្រចាំថា តើការអនុគ្រោះនេះត្រូវបន្តឬយ៉ាងណា? កន្លែងខ្លះ យើងឲ្យម្តងមួយឆ្នាំ កន្លែងខ្លះ ២ឆ្នាំ។ បើស្ថានភាពមិនទាន់ល្អ យើងនឹងបន្តអនុគ្រោះ។ បានន័យថា ទុកលុយឲ្យប្រជាពលរដ្ឋ ទុកលុយឲ្យវិស័យឯកជន សហគ្រាសដើម្បីបង្កសកម្មភាពសេដ្ឋកិច្ចតទៅទៀត។ នេះគឺជាការឧបត្ថម្ភរបស់រដ្ឋ។ ក្រៅពីនោះ ក្នុងអាណត្តិទី ៧ រាជរដ្ឋាភិបាលបានកំណត់ចេញនូវអាទិភាពចំនួន ៣ផងដែរក្នុងវិស័យកសិកម្ម។

[ចប់សេចក្តីអធិប្បាយ ២]

ទី​១) ការលើក ស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន, ទី២) ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាម​ ឃុំ-សង្កាត់។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]

យើង(ទទួលមន្ត្រីកសិកម្ម តាមរយៈការ)ប្រឡង ២៥០នាក់។ តាមគ្រោង យើងនឹងរើសតែ ៨០០នាក់ទេ សំរាប់ឆ្នាំក្រោយ។ ខ្ញុំថាយក ១០០០ នាក់តែម្តងទៅ ដើម្បីពន្លឿនការពង្រាយមន្រ្តីកសិកម្មទៅជួយកសិករនៅតាមឃុំ។ ដាក់ឲ្យបានច្រើនដើម្បីជួយ ព្រោះកសិករត្រូវការការជួយបច្ចេកទេស។ អញ្ចឹង (៥) ការជួយពង្រឹងកសិ​កម្មរៀបចំជាស្តង់ដារ និងបង្កើនប្រសិទ្ធភាពនេះ គឺជាកិច្ចការសំខាន់ ដោយ ទី១ កាត់តម្លៃដើមក្នុងការផលិត តែទី២ បង្កើនផលិតភាព productivity ដើម្បីដីមួយហិកតាដូចគ្នា ប៉ុន្តែផលិតបានច្រើនជាងមុន និងមានចំ​ណូលបានច្រើនជាងមុន។ នេះជាអ្វី?​ ដីអត់រីកទេ។ អ្វីដែលសំខាន់គឺធ្វើឲ្យចំណូលប្រជាពលរដ្ឋរីកកាត់ដោយបន្ថយតម្លៃដើម ហើយធ្វើយ៉ាងណាជួយរក្សាចំណូលនៅសល់ឲ្យបានច្រើន និងប្រាក់ចំណេញ។​​ នេះហើយជាអ្វីដែលទាំងក្រសួងពាណិជ្ជកម្មខំរកទីផ្សារនៅខាងក្រៅ ទាំងក្រសួងកសិកម្មដែលខំគិតគូរយ៉ាងណាដើម្បីបង្កើនលទ្ធភាពជូនប្រជាជន …។

[ចប់សេចក្តីអធិប្បាយ ៣]

ទី៣) ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៤]

ខ្ញុំបានឃើញវិធីសាស្រ្តថ្មីក្នុងការចងក្រង ហើយឃើញក្រសួងកសិកម្ម ឯកឧត្តម ខេង សូហ្វីណេ ចុះសាកល្បងផ្សព្វផ្សាយច្រើន។ ថ្ងៃណាមួយខ្ញុំនឹងទៅមើល។ របៀបធ្វើផ្ទះសំណាញ់ របៀបធ្វើម៉េចដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផលជូនប្រជាពលរដ្ឋយើងបានធ្វើ។

[ចប់សេចក្តីអធិប្បាយ ៤]

កម្មវិធីគោលនយោបាយទាំងបីនេះ បាន និង​ កំពុង​អនុវត្តយ៉ាងសកម្ម ដែលក្នុងនោះ យើងមាន​កម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ របស់រាជរដ្ឋាភិបាលសម្រាប់រក្សាលំនឹងតម្លៃស្រូវ  ដែលពីឆ្នាំទៅពេលជួបវិស័យឯកជននោះ ខ្ញុំបានដាក់ចេញនូវកញ្ចប់ថវិកានេះ។

តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម, ចាប់តាំងពីខែ មីនា ឆ្នាំ ២០២៤ យើងបាន​ចាប់​ផ្តើមអនុវត្តកម្មវិធីនេះ ​លើ​ទំហំទឹកប្រាក់ចំនួន ៤០ លានដុល្លារ ដែល​សម្រេចគោលការណ៍បាន ២៨ លានដុល្លារ និង គ្រោងបន្ថែមហិរញ្ញប្បទាន សម្រាប់រដូវប្រមូលផលស្រូវវស្សា នាពេលដ៏ខ្លីខាងមុខ​ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៥]

សំរាប់ (៦) ការអភិវឌ្ឍកសិកម្មទំនើប យើងរៀបចំបាន៨ គ្របដណ្តប់លើផ្ទៃដីជិត ២០០០ហិកតានៅក្នុងដំណាក់កាលដំបូង។ សូមបន្តធ្វើឲ្យរីកបន្តទៀត។ វិនិយោគថ្លៃ ប៉ុន្តែបានផលរយៈពេលវែងល្អប្រសើរ។ តែត្រូវការការជួយពីក្រសួង(កសិកម្ម)ជាប្រចាំ។ ក្រៅពីនោះ យើងក៏បានជំរុញការអភិវឌ្ឍផ្សេងៗ ប្រព័ន្ធធារាសាស្រ្ត។ ឥឡូវនៅមានទំនប់ប្រឡាយជាច្រើន។ ខែ១១ នេះ ខ្ញុំទៅសម្ពោធទំនប់មួយនៅមណ្ឌលគិរីដែលអាចស្តុកទឹកបាន ១លាន ២សែនគូបជូនប្រជាពលរដ្ឋ។ ថ្ងៃមុននៅកំពង់គោ កន្លែងហ្នឹងធ្វើទំនប់មួយធំ ដោយសារទឹកស្ទឹងសែនពេលខែប្រាំងទៅអស់ ខែវស្សាហូរហៀរ។ ខែប្រាំងប្រជាពលរដ្ឋត្រូវរំពឹងថាតើទឹកមក(ដូចម្តេច?)។ ឆ្នាំនេះ ធ្វើស្រូវរៀងចុងដៃបន្តិច ដោយសារនៅចាំទឹកមក។ នៅពេលដែលយើងធ្វើប្រព័ន្ធធារាសា្រស្តបែបនេះគឺយើងធានាការទស្សន៍ទាយបានថា ទឹកអាចធានាបាន ហើយធ្វើតាមរដូវបាន បង្កើននូវប្រសិទ្ធផលរបស់ប្រ​ជាពលរដ្ឋ។ យើងធ្វើប្រព័ន្ធធារាសាស្រ្តច្រើនទៀត និងប្រព័ន្ធទំនប់ដើម្បីជួយដល់កសិករ ជួយដល់សេដ្ឋកិច្ចហើយអម្បាញ់មិញ ឧកញ៉ាក៏បានលើកអំពីព្រែកជីហ្វូណន។

(៧) ព្រែកជីកហ្វូណនជាគម្រោងធារាសាស្រ្តផង និងប្រព័ន្ធភស្តុភាកម្មផង បំរើអោយការនាំចេញទៅក្រៅប្រ​ទេសនិងនៅក្នុងស្រុក។ យកផលិតផលកសិកម្មជាស្វាយចន្ទីពីក្រចេះមកលក់នៅតាកែវក៏ដោយ បើសិនជាដឹកជញ្ជូនថ្លៃ ក៏លក់ថ្លៃដែរ។ យើងបង្កើនសមត្ថភាពកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើន និងធានានូវការដឹកជញ្ជូនផលិតផល រួមទាំងផលិតផលកសិកម្មទៅក្រៅប្រទេស។ បានន័យថា តម្លៃដឹកជញ្ជូនថោក ដែលអាចឱ្យយើងអាចបង្កើនតម្លៃទិញឱ្យប្រជាពលរដ្ឋ ហើយនៅតែធានាភាពប្រកួតប្រជែងនិងផលិតផលរបស់យើងនៅក្រៅប្រទេស។ ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រដល់គម្រោងព្រែកជីកហ្វូណនមួយនេះ ដើម្បីជាផលប្រយោជន៍ជាតិ ក្នុងនោះវិស័យកសិកម្ម និងភស្តុភាកម្ម គឺជាអ្នកបានផលច្រើនជាងគេ …។

[ចប់សេចក្តីអធិប្បាយ ៥]

ការជំរុញការអភិវឌ្ឍវិស័យកសិកម្ម គឺជាការងារដែលមាន​ភាពប្រទាក់ក្រឡា, ទាមទារ​ឱ្យ​មានកិច្ចសហការពី​ភាគីពាក់ព័ន្ធជាច្រើន ហើយ​មាន​ភាពចាំបាច់ ​ដែល​យើង​ត្រូវ​ជំរុញ​យន្តការ​ការងារ តាមរយៈ អភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ឬ Dynamics of Stakeholder System។ ជាក់ស្តែង, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវ​សហការ​ជាមួយ​ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងធនធានទឹក និង ឧតុនិយម ដោះស្រាយលើបញ្ហា ដែលពាក់ព័ន្ធ នឹង​ជីវភាពទូទៅរបស់​ប្រជាកសិករ, ការជំរុញការដាំដុះ និង អភិវឌ្ឍនេះបានល្អ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៦]

ខ្ញុំសូមយកឱកាសនេះ អរគុណទៅដល់ (៨) ក្រសួងពាក់ព័ន្ធ(ដល់ការប្រឹងប្រែងអភិវឌ្ឍវិស័យកសិកម្ម)។ បើយើងនិយាយពាក់ព័ន្ធផ្ទាល់មានកសិកម្ម មានធនធានទឹក អភិវឌ្ឍន៍ជនបទ។ ឥឡូវមានដែនដីនគរូបនីយ៍កម្មមួយទៀត ដែលយើងដាក់បញ្ចូលក្នុងការរៀបចំភូមិទំនើបភូមិល្អ ដល់​ប្រជាពលរដ្ឋ … តែត្រូវរៀបចំបណ្តាភូមិលំនៅឋានឲ្យបានសមរម្យមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានសាលារៀន មានអីឲ្យបានល្អនៅតាមបណ្តាជនបទ … មានពាក្យមួយថាបុរីជនបទ។ មិនចាំបាច់តែបុរីក្នុងក្រុងទេ។ បុរីក៏មិនចាំបាច់សំដៅថាទាល់តែមានផ្ទះថ្មនោះទេ។ ឲ្យតែការរៀបចំបានល្អ រៀបចំមាននូវការផ្គត់ផ្គង់សេវាចាំបាច់ ទឹកស្អាត ប្រព័ន្ធភ្លើងល្អ។ ធ្វើបណ្តើរៗ យើងធ្វើជាមួយគ្នា។ ខ្ញុំសូមអរគុណ(និងសំដែងសេចក្តីរីករាយដែលបាន)ឃើញសហការគ្នាបានល្អ។ នេះជាមោទនភាព ព្រោះផែនការរបស់យើង ថវិការបស់យើងមិនច្រើនទេ តែវិស័យនីមួយៗ ផ្គុំគ្នាបន្តិចៗ ក៏បានច្រើន។ បើប្រើច្រើនហើយមានផែនការមេ ដាក់ទិសដៅរួម កន្លែងណាអ្នកណាដឹកនាំ ហើយប៉ុន្មានទៀតអ្នកណាគាំទ្រគឺល្អ កុំឲ្យធ្វើមេទាំងអស់គ្នា។ តែមេទាំងអស់គ្នាពិបាកហើយ។

(៩) បើចង់ជំរុញកសិកម្មនៅកន្លែងនេះ តែប្រឡាយទឹកគាត់យកទៅដាក់កន្លែងនោះ ផ្លូវដើម្បីតភ្ជាប់សម្រួលការដឹកជញ្ជូនអត់ដាក់នៅហ្នឹងទេ ធ្វើនៅឯណានោះ គឺយើងអត់ស៊ីចង្វាក់គ្នាទេ។ ទឹកភ្លើងទៅជាមួយគ្នា។ ខ្ញុំសូមធ្វើការកោតសរសើរកិច្ចសហការនេះ ដែលមកដល់ជាងមួយឆ្នាំនេះ គឺឃើញបានល្អ ហើយយើងបន្តសហការគ្នាបន្តទៀត។ ត្រូវឲ្យដឹងថាកន្លែងណា អ្នកណាបោះមេ។ ហ្នឹងអត់ខុសពីក្នុងផែន​ការរួម។ តែមានគ្នាច្រើនហើយ គឺមានអ្នកណាមួយដឹកនាំ អ្នកផ្សេងទៀតធ្វើផែនការបន្ស៊ីជាមួយគ្នា។ ក្នុង​មួយឆ្នាំនេះ យើង(ខាងកសិកម្មផលិត)បានល្អ ហើយខាងពាណិជ្ជកម្មដើរលក់។ ម្ខាងផលិត ម្ខាងលក់។ ទាល់តែនិយាយគ្នាផង កុំទៅលក់ៗ របស់នេះ អ្នកផលិតៗ របស់នោះ។ ដល់អញ្ចឹង ឲ្យគេអត់គ្រប់។ គេលែងជឿហើយ។ នេះគឺជាកត្តាសត្យានុម័ត ហើយជាកត្តាចាំបាច់ដែលយើងត្រូវធ្វើ។ យើងបានធ្វើស្ថានភាពនេះរយៈពេលជាមួយឆ្នាំ ដែលយើងមានលទ្ធផលល្អ។ ជាពិសេសយើងបើកទីផ្សារថ្មីនៅក្នុងកសិផលរបស់យើង។

[ចប់សេចក្តីអធិប្បាយ ៦]

ខ្ញុំ​សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្តល់ការ​យកចិត្តទុកដាក់ខ្ពស់ ចំពោះ​វិស័យស្រូវអង្ករនេះ និង បានផ្តល់​ការ​លើកទឹកចិត្តគ្រប់ប្រភេទ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និង ការនាំចេញអង្ករ, ហើយទន្ទឹមនេះ, ការនាំ-ចូលបរិក្ខារកសិកម្ម និង គ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏​ត្រូវបានលើកលែង ដោយពន្ធ និង អាករជាបន្ទុករបស់រដ្ឋ ។ រដ្ឋនៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ដូចជា ការកាត់បន្ថយថ្លៃអគ្គិសនី សម្រាប់វិស័យកសិកម្ម,  រោងម៉ាស៊ីនកិនស្រូវ ដែលកិនកែច្នៃបម្រើការនាំចេញ និង សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ ។ គោលនយោបាយទាំងនេះ បានជំរុញឱ្យវិស័យឯកជន, ជាពិសេស រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពធ្វើទំនើបកម្ម ដោយបំពាក់នូវបច្ចេកវិទ្យាកិនស្រូវទំនើប​ចុងក្រោយ ដូចបណ្តាប្រទេសជឿនលឿន​នានា នៅលើពិភពលោក ។ ក្នុងពេល​បច្ចុប្បន្ននេះ, យើងមាន​​រោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យមនិងធំ ចំនួន ៨០ រោងម៉ាស៊ីន ដែលមានស្តង់ដារ អាចឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិលើផ្នែកសុវត្ថិភាពចំណីអាហារ និង មានលទ្ធភាពសម្ងួតស្រូវចំនួន ៥០ ពាន់តោន ស្រូវ សើមក្នុងមួយថ្ងៃ ព្រមទាំងមានលទ្ធភាពកិន និង ផ្គត់ផ្គង់អង្ករនាំចេញបានចំនួន ៣ លានតោន ក្នុងមួយឆ្នាំ ។

ទាំងនេះ សុទ្ធសឹងតែជាលទ្ធផល​នៃ​ចក្ខុវិស័យដ៏​វែងឆ្ងាយរបស់រាជរដ្ឋាភិបាល សំដៅធានា​​ភាពធន់ និង និរន្តរភាពរបស់វិស័យនេះ ។ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល, យើង​ក៏មានការចូលរួមពីទីភ្នាក់ងារអភិវឌ្ឍរបស់ប្រទេសនានា ជាក់ស្តែង ​ដូចជា កម្មវិធីភាពជាដៃគូកម្ពុជាអូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)កម្មវិធីអភិវឌ្ឍ Feed The Future-Harvest III របស់ទីភ្នាក់ងារអភិវឌ្ឍអាមេរិក និង កម្មវិធី​ជាមួយនឹងប្រទេសដៃគូផ្សេងៗទៀត ដែលសុទ្ធតែ​ជា​ការរួមចំណែក​ដ៏មានសារៈសំខាន់ ក្នុងការជំរុញ​ការអភិវឌ្ឍវិស័យ​កសិកម្ម ដោយផ្អែកលើ​គោលនយោបាយ និង យុទ្ធសាស្ត្រ​ដែល​រាជរដ្ឋាភិបាលបាន​ដាក់ចេញ ។ ខ្ញុំ​សូមឆ្លៀតឱកាសនេះ, ថ្លែងអំណរគុណដល់ប្រទេសដៃគូ ដែល​បាន​ផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ និង សូមលើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន​ទៀត ពីបណ្តាប្រទេសជាមិត្ត ដើម្បី​ផលប្រយោជន៍ទៅវិញទៅមក ។

ក្នុងរបាយការណ៍, ខ្ញុំ​ក៏កត់សម្គាល់ឃើញថា យើងនៅនាំចេញស្រូវ ក្នុងបរិមាណដល់ទៅ ៤ លានតោន ។
ជាការពិត, យើងមានទិន្នផលច្រើន, ប៉ុន្តែ យើងក៏​មិនអាចគិតគូរតែទៅលើការដាំដុះ និង លក់វត្ថុធាតុដើមតែមួយមុខនោះដែរ ។ យើងត្រូវខិតខំជំរុញឱ្យមានការកែច្នៃវត្ថុធាតុដើមទាំងនេះ ឱ្យទៅជាផលិតផលឧស្សាហកម្ម ដែលមានគុណវុឌ្ឍិ និង អាចឆ្លើយតបបាន​ទៅនឹង​តម្រូវការទីផ្សារផ្សេងទៀត ។

កម្ពុជាមានទីផ្សារជាច្រើន ដែលយើង​អាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូលនោះ​ឡើយ ហើយច្បាប់វិនិយោគថ្មីរបស់យើង ក៏បានផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យឯកជនក្នុងការកែច្នៃ សម្រាប់នាំចេញ,   ជាពិសេស ការកែច្នៃដែលប្រើប្រាស់ប្រភពធនធានវត្ថុធាតុដើមក្នុងស្រុក ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៧]

ព្រឹកមិញ ខ្ញុំក៏បានទទួល (១០) ជួបជាមួយលោកប្រធានក្រុមហ៊ុន Heneken ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមក(ចូលរួម)ខួប ៣០ឆ្នាំនៃដំណើរការក្រុមហ៊ុន Heneken នៅកម្ពុជា។ គាត់ប្រាប់ខ្ញុំថា គាត់អត់យកស្រូវសាលីពីក្រៅមកទាំងអស់ទេ។ មួយផ្នែកគាត់យកពីក្រៅ មួយផ្នែកគាត់យកអង្ករក្នុងស្រុកខ្មែរធ្វើ។ នេះគឺជាការចូលរួមចំណែកក្នុងការបង្កើតទីផ្សារនៅហ្នឹងកន្លែង។ មិនចាំបាច់(គិតតែពីការ)នាំចេញ។ ការច្នៃប្រ​ឌិតបែបនេះធានាបាននូវតម្លៃបន្ថែមក្នុងស្រុក ជាជាងនាំចេញតែផលិតផលដើមទៅខាងក្រៅ។

[ចប់សេចក្តីអធិប្បាយ ៧]

នៅពេលដែលវិស័យឯកជនមានលទ្ធភាពធានាគុណភាពត្រឹមត្រូវ ហើយ​អាច​ជ្រៀតចូលទៅដល់ទីផ្សារនៅ​បស្ចិមប្រទេស, ខ្ញុំ​ជឿជាក់ថា ពុំមានទីផ្សារណា​ដែល​យើង​ចូលពុំចុះនោះទេ ដរាបណាយើងទទួលបាន​នូវ​ការ​ផ្តល់តម្លៃសមរម្យ  ដល់​ផលិតផលរបស់យើង  ។

ដូច្នេះ, ទន្ទឹមនឹង​ការ​អំពាវនាវឱ្យ​វិនិយោគិន បន្ត​ខិតខំ​ជំរុញការវិនិយោគលើការកែច្នៃ, ខ្ញុំ​ក៏សូម​អំពាវនាវឱ្យ​មាន​ការ​ខិតខំ​ជ្រៀតចូលទីផ្សារដទៃទៀត, ជាពិសេស ទីផ្សារដែលអាចផ្តល់​តម្លៃបន្ថែមខ្ពស់ តាមរយៈ​ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង​, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម និង ការជ្រៀតចូលទីផ្សារហាឡាល ជាដើម ។

ខ្ញុំ​ក៏សូម​អំពាវនាវឱ្យវិស័យឯកជន និង តួអង្គពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឱ្យបានខ្ជាប់ខ្ជួន​នូវគុណភាព ស្តង់ដារ និង ស្ថិរភាព ផ្គត់ផ្គង់, និង ខិតខំ​ជួយ​ការពារ​កេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃស្រូវអង្កររបស់កម្ពុជា,  ពីព្រោះ នេះ គឺ​ជា​ការការពារ​ផលប្រយោជន៍រួម​របស់​យើង ។ យើងទាំងអស់គ្នា ពិតជាបាន​ខិតខំ​ប្រឹងប្រែង​​ខ្លាំងណាស់ ហើយប្រើពេលយូរណាស់ នៅក្នុង​កសាង កេរ្តិ៍ឈ្មោះ​ ទម្រាំទទួលបាន​ការទទួលស្គាល់ និង ទំនុកចិត្តដូចពេលបច្ចុប្បន្ននេះ,​ ដូច្នេះ យើងត្រូវរួមគ្នារក្សាកេរ្តិ៍ឈ្មោះ​នេះ កុំ​ឱ្យ​បាត់បង់ដើម្បីផលប្រយោជន៍យូរអង្វែងរបស់វិស័យកសិកម្មរបស់យើង ។]

មុននឹងបញ្ចប់, ខ្ញុំសូមកោត​សរសើរ​សាជាថ្មី​ ដល់គ្រប់តួអង្គពាក់ព័ន្ធ,  ជាពិសេស សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំវិស័យឯកជនផ្នែកស្រូវអង្ករ សម្រេចបានលទ្ធផល​គួរជាទីមោទនៈ  ក៏ដូចជា ការរៀបចំ​ប្រកបដោយ​ជោគជ័យនូវ វេទិកាស្រូវ អង្ករកម្ពុជាលើកទី ៧ នេះ ។ ខ្ញុំក៏​សូមកោតសរសើរដល់ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ន​ពាក់ព័ន្ធ, ដៃគូសហប្រតិបត្តិការ និង ស្ថាប័នទីភ្នាក់​ងារ​អភិវឌ្ឍអន្តរជាតិនានា ដែលបានជួយគាំទ្រ ដល់វិស័យកសិកម្មកម្ពុជា, ជាពិសេស វិស័យស្រូវអង្ករ ឱ្យមានការអភិវឌ្ឍ និង រីកចម្រើនឡើងជាលំដាប់ ។

ខ្ញុំ​ក៏​សូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុក ដាក់បន្ថែមទៀត ក្នុងការជួយដល់កសិករ, ជាពិសេស នា​រដូវប្រមូលផលស្រូវវស្សា នាពេលខាងមុខ ដែលជារដូវប្រមូលផលធំរបស់កម្ពុជា ។

ជាទី​បញ្ចប់, ខ្ញុំ​សូមជូនពរ ឯកឧត្តម លោកជំទាវ,  អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី សូមប្រកប​ដោយ​សុខភាពល្អបរិបូណ៌,  សម្រេចបានជោគជ័យក្នុង​ការងាររៀងៗខ្លួន និង សូមប្រកបដោយ​ពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។ ខ្ញុំសូមប្រកាសបិទ វេទិកាស្រូវអង្ករកម្ពុជា លើកទី ៧ ចាប់ពីពេលនេះតទៅ ។ សូមអរគុណ‌‌‌៕

អត្ថបទទាក់ទង