Grand News Asia Close

វិភាគអន្តរជាតិ៖ អ្វីទៅជាជម្រើស ដើម្បីបង្កើតរដ្ឋាភិបាលបារាំង?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 248
វិភាគអន្តរជាតិ៖ អ្វីទៅជាជម្រើស ដើម្បីបង្កើតរដ្ឋាភិបាលបារាំង? វិភាគអន្តរជាតិ៖ អ្វីទៅជាជម្រើស ដើម្បីបង្កើតរដ្ឋាភិបាលបារាំង?

(ប៉ារីស)៖ សម្ព័ន្ធគណបក្សឆ្វេងនិយម New Popular Front (NFP) បានឈ្នះអាសនៈភាគច្រើន នៅក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី២ កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ដោយបានផ្ដួល គណបក្សស្ដាំនិយមជ្រុល និងសម្ព័ន្ធគណបក្សរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។ សម្ព័ន្ធគណបក្ស NFP ទើបតែត្រូវបានបង្កើតឡើងកាលពីខែមិថុនាកន្លងទៅតែប៉ុណ្ណោះ បន្ទាប់ពីលោក ម៉ាក្រុង ប្រកាសរំលាយសភា និងអំពាវនាវរៀបចំការបោះឆ្នោតសភាមុនអាណត្តិ។ សម្ព័ន្ធគណបក្សឆ្វេងនិយមនេះមានគណបក្សចូលរួមដូចជា Socialists, Greens, Communists និងគណបក្ស ឡាហ្វ្រង់អាំងស៊ូមី (La France Insoumise) ដែលជាបក្សឆ្វេងនិយមជ្រុលដឹកនាំដោយលោក ហ្សង់លុច មេឡុងសុង (Jean-Luc Mélenchon)។

បើតាមលទ្ធផលបោះឆ្នោតបឋម កាលពីថ្ងៃអាទិត្យ សម្ព័ន្ធគណបក្សឆ្វេងនិយម អាចទទួលបានចន្លោះពី ១៧២ ទៅ២១៥អាសនៈ ដោយនាំមុខសម្ព័ន្ធគណបក្សរបស់លោក ម៉ាក្រុង ដែលអាចទទួលបានចន្លោះ ពី១៥០ ដល់១៨០ អាសនៈ។ រីឯគណបក្សស្ដាំនិយមជ្រុល National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន អាចទទួលបានចន្លោះពី១១៥ ដល់១៥៥អាសនៈប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈលទ្ធផល បោះឆ្នោតនេះ គ្មានគណបក្សណាមួយទទួលបានអាសនៈ២៨៩ ដែលជាសំឡេងភាគច្រើនដាច់ខាត ក្នុងរដ្ឋសភាបារាំងដែលមានអាសនៈសរុប ៥៧៧ នោះទេ។ នេះបានន័យថាបារាំងកំពុងធ្លាក់ចូល ក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ ខណៈសល់មិនដល់២ថ្ងៃទេ កិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៊ីនតោនចាប់ផ្ដើម ហើយ៣សប្ដាហ៍ទៀត ទីក្រុងប៉ារីសនឹងត្រូវធ្វើជា ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា​អូឡាំពិក។ ដូចនេះចាប់ពីពេលនេះតទៅ កិច្ចចរចាក្នុងចំណោមមេដឹកនាំគណបក្សទាំងអស់ នឹងសម្រេចថាតើរដ្ឋាភិបាលចម្រុះមួយអាចនឹងប្រមូលបានសំឡេងភាគច្រើន ដាច់ខាត ២៨៩អាសនៈដែរឬអត់ ឬក៏បង្កើតរដ្ឋាភិបាលសំឡេងភាគតិច មួយដែលងាយនឹងប្រឈមនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ឬក៏រើសយកជម្រើសផ្សេងមួយទៀត គឺរដ្ឋាភិបាលតិចណូក្រាដ (technocratic government) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីម្នាក់ ជាជនខាងក្រៅដែលមិនមែនមកពីគណបក្សណាមួយ រហូតទាល់តែការបោះឆ្នោតមុនអាណត្តិថ្មីណាមួយទៀតអាចនឹងត្រូវឡើង នៅឆ្នាំក្រោយ។ កាលពីថ្ងៃអាទិត្យ អ្នកនយោបាយមកពីប្លុកនីមួយៗ បានធ្វើ ការអះអាងរៀងៗខ្លួនពីចេតនារបស់ពួកគេ។ ក្នុងនោះគណបក្ស RN របស់លោកស្រី ឡឺប៉ែន នឹងបន្តស្ថិតនៅតែឯងនៅក្នុងរដ្ឋសភា ប៉ុន្តែទោះមិនចូលសម្ព័ន្ធណាមួយក៏ដោយ ក៏បក្សសាំ្ដនិយមជ្រុលនេះ នៅតែអាចគំរាមកំហែងដល់រដ្ឋាភិបាលថ្មីមួយ ប្រសិនបើពួកគេចូលរួមក្នុងការបោះឆ្នោតដកទំនុកចិត្ត។ មន្ត្រីម្នាក់មកពី វិមានប្រធានាធិបតីបារាំងអេលីហ្សេ (Élysée) បាននិយាយថា លោក ម៉ាក្រុង នឹងរង់ចាំមើលរចនាសម្ព័ន្ធរដ្ឋសភាបារាំងថ្មីសិន មុននឹងធ្វើការសម្រេចចិត្តសំខាន់ៗ ហើយការសម្រេចចិត្តដែលមន្ត្រីម្នាក់នេះ ចង់សំដៅដល់ នោះគឺតួនាទីរបស់ប្រធានាធិបតីបារាំង ក្នុងការតែងតាំងនាយករដ្ឋមន្ត្រី។

* តើសម្ព័ន្ធគណបក្សឆ្វេងនិយម NFP នឹងដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច?
ក្នុងនាមជាអ្នកទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងការបោះឆ្នោតសភាមុនអាណត្តិជុំទី២ ក្រុមមេដឹកនាំសម្ព័ន្ធគណបក្ស NFP បាននិយាយថាពួកគេនឹងព្យាយាមបង្កើតរដ្ឋាភិបាលមួយ ដើម្បីអនុវត្ត កម្មវិធីនយោបាយកំណែទម្រង់និយមរបស់ពួកគេ។ ប៉ុន្តែ សម្ព័ន្ធគណបក្ស NFP មានគណបក្សជាច្រើនចូលរួមដូចជា Socialists, Greens, Communists និងគណបក្ស ឡាហ្វ្រង់អាំងស៊ូមី (La France Insoumise ឬ LFI) ដែលជាបក្សឆ្វេងនិយមជ្រុល។ បញ្ហានៅទីនេះ គឺថាតើត្រូវឱ្យនរណាកាន់តំណែងជានាយករដ្ឋមន្ត្រី ស្របពេល ម្នាក់ៗសុទ្ធតែមានមហិច្ឆតាចង់អង្គុយលើតំណែងនេះរៀងៗខ្លួន។ ក្នុងក្រុមចម្រុះ NFP គណបក្ស LFI មានអាសនៈច្រើនជាងគេចំនួន ៧២ ប៉ុន្តែបើគណបក្សផ្សេងៗក្នុងក្រុមរួមគ្នា មានសំឡេងច្រើនជាង LFI។ ម្លោះហើយ ការរក្សាឱ្យបាននូវសាមគ្គីភាព ជាគន្លឹះមួយដ៏សំខាន់ ដ្បិតក្រុមអ្នកកណ្ដាលនិយមរបស់លោក ម៉ាក្រុង អាចនឹងព្យាយាមអូសទាញគណបក្សឆ្វេងមិនជ្រុលនិយមចេញពីក្រុមចម្រុះ NFP។

មេដឹកនាំគណបក្សបៃតង (Green) លោកស្រី Marine Tondelier ដែលបានក្លាយជាមនុស្សម្នាក់មានឥទ្ធិពលក្នុងក្រុមចម្រុះឆ្វេងនិយម បានប្រកាសថាក៏មានបំណងដឹកនាំរដ្ឋាភិបាលដែរ។ «យើងបាន តាំងចិត្ត…ដើម្បីអនុវត្តកម្មវិធីកំណែទម្រង់របស់យើង»។ នេះជាការគូសបញ្ជាក់របស់លោកស្រី។

* តើលោក ម៉ាក្រុង អាចបង្កើតរដ្ឋាភិបាលចម្រុះយកស្ទីលតាមអាល្លឺម៉ង់ ឬ?
សម្ព័ន្ធគណបក្សទាំងអស់គ្នា (អង់សមប្លឹះ Ensemble) របស់លោក ម៉ាក្រុង បានបរាជ័យធ្ងន់ធ្ងរ ដោយបានបាត់បង់ជិត១ភាគ៣ នៃអាសនៈ២៥០ដែលខ្លួនធ្លាប់ក្ដោបក្ដាប់មុនការបោះឆ្នោត។ តែទោះជាបែបនេះក្ដី សមាជិកនៅក្នុងក្រុមចម្រុះនេះ នៅតែជឿជាក់ថាពួកគេអាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយនៅក្នុងរដ្ឋសភា។ ជាយុទ្ធសាស្ត្រស្នូលមួយរបស់លោក ម៉ាក្រុង នោះគឺធ្វើយ៉ាងណាឱ្យ គណបក្ស LFI ខ្ទាតចេញពី NFP ដើម្បីអាចបង្កើតសម្ព័ន្ធភាពជាមួយគណបក្ស Socialists, Greens និង Communists។ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រនេះដែរ អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោក អ៊ូប៊ែរ វេឌ្រីន (Hubert Védrine) បានព្យាករថាលោក ម៉ាក្រុង អាចនឹងរក្សាទុកនាយករដ្ឋមន្ត្រី លោក Gabriel Attal ឱ្យបន្តកាន់តំណែងជាបណ្ដោះអាសន្ន ជាពិសេសអំឡុងទីក្រុងប៉ារីសត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡាអូឡាំពិក ចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា មុននឹងព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សឆ្វេងមិនជ្រុលនិយម។ ប៉ុន្តែ លោក វេឌ្រីន នៅតែមានការសង្ស័យចំពោះការសម្រេចចិត្តរបស់ ក្រុមបក្សឆ្វេងនិយម ផ្ដាច់ទំនាក់ទំនងជាមួយ LFI។ ម្យ៉ាង សំណើរបស់ក្រុមគណបក្សឆ្វេងនិយមប្រហែលជារឿងពិបាកទទួលយកសម្រាប់គណបក្សរបស់លោក ម៉ាក្រុង។ ពោលគឺពួកគេអាចនឹងព្យាយាម ទាមទារឱ្យលោក ម៉ាក្រុង បោះបង់ចោលគម្រោងដំឡើងអាយុចូលនិវត្តន៍ ឬក៏រំលាយច្បាប់អន្តោប្រវេសន៍មួយដែលត្រូវបានអនុម័តកាលពីឆ្នាំមុន ព្រមទាំងទាមទារឱ្យដំឡើងពន្ធដែលជាសំណើមួយ ត្រូវបាន ក្រុមអ្នកកណ្ដាលនិយមធ្លាប់បានច្រានចោលផងដែរ។ មួយវិញទៀត សម្ព័ន្ធមិត្តមួយចំនួនរបស់លោក ម៉ាក្រុង ប្រហែលជាចង់បញ្ចូលសមាជិកនៃគណបក្សអភិរក្សនិយម ឡេ រ៉េពុយព្លីតកាំង (Les Républicains) ក្នុងក្រុមចម្រុះណាមួយ។ ក៏ប៉ុន្តែ សំណើជាច្រើនរបស់បក្សឆ្វេងនិយមជារឿងមិនអាចទទួលយកបានសម្រាប់គណបក្ស ឡេ រ៉េពុយព្លីតកាំង។ «ឡេ រ៉េពុយព្លីតកាំង ចាំបាច់ត្រូវតែបន្តស្ថិតនៅ ឯករាជ្យ»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេអូហ្វ្រោយ ឌីឌីយ៉េ (Geoffroy Didier) ជាតំណាងរាស្ត្រម្នាក់មកពីបក្សឡេ រ៉េពុយព្លីតកាំង។

* តើរដ្ឋាភិបាលតិចណូក្រាដ អាចជាដំណោះស្រាយឬ?
ប្រសិនបើមិនអាចបង្កើតរដ្ឋាភិបាលចម្រុះបានទេ លោក ម៉ាក្រុងអាចតែងតាំងនាយករដ្ឋមន្ត្រីម្នាក់ដែលជាមន្ត្រីស៊ីវិលជាន់ខ្ពស់ ឬមិនមែនជាអ្នកនយោបាយមកពីបក្សណាមួយ ដើម្បីដឹកនាំរដ្ឋាភិបាល យ៉ាងហោចរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ជាពេលដែលលោកមានសិទ្ធិរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតសភាមុនអាណត្តិសាជាថ្មី។ កិច្ចការដំបូងគេរបស់រដ្ឋាភិបាលប្រភេទនេះគឺអនុម័តកញ្ចប់ថវិកា មួយក្នុងសរទរដូវ។ ក៏ប៉ុន្តែ រដ្ឋាភិបាលបែបនេះក៏ងាយប្រឈមមុខនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្តផងដែរ ហើយបើដួលរលំទៀតនោះ បារាំងអាចនឹងត្រូវជួបវិបត្តិជាប់គាំងនយោបាយមួយមិនធ្លាប់មានពី មុនមកនៃ​របប​សាធារណរដ្ឋ​ទី​៥​។ យ៉ាងណាក៏ដោយ លោក ហ្វ្រង់ស័រ ប៉ាទ្រីយ៉ា (François Patriat) ដែលជាសមាជិកព្រឹទ្ធសភា និងជាសម្ព័ន្ធមិត្តមា្នក់របស់លោក ម៉ាក្រុង បានលើកឡើងថា ការពន្យារពេល រហូតដល់ខែមិថុនា ឆ្នាំក្រោយ នឹងក្លាយជាសេណារីយ៉ូមួយកាន់តែអាក្រក់ ដូច្នេះលោកប្រធានាធិបតីអាចនឹងអំពាវនាវឱ្យថ្នាក់ដឹកនាំបក្សចាប់ផ្ដើមពិគ្រោះយោបល់នៅថ្ងៃចន្ទសប្ដាហ៍នេះតែម្ដង។

សម្រាប់លោក Mujtaba Rahman ជានាយកគ្រប់គ្រងនៅស្ថាប័ន Eurasia Group វិញ លោកផ្ទាល់មិនសូវជាមានសុទិដ្ឋិនិយមទេ។ លោកបន្ថែមថា «បច្ចុប្បន្ន បារាំងកំពុងប្រឈមមុខភាពចលាចល នយោបាយដ៏ជ្រៅមួយ ដែលអាចនឹងត្រូវបានកេងយកប្រយោជន៍ដោយលោកស្រី ឡឺប៉ែន៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង