Grand News Asia Close

វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៊ុយក្រែនកំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ី វិញឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 753
វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៊ុយក្រែនកំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ី វិញឬ? វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៊ុយក្រែនកំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ី វិញឬ?

 

FN (វ៉ាស៊ីនតោន)៖ ការវាយប្រហារដោយយន្ដហោះដ្រូនចូលទៅក្នុងទឹកដីរុស្ស៉ី គឺជារឿងមួយដែលមនុស្សភាគច្រើននឹកស្មានមិនដល់។ ប៉ុន្តែការវាយប្រហាររបៀបនេះបានកើតឡើង ទៅហើយ និងកាន់តែកើនឡើងទៀតផង។ ទីក្រុងមួយចំនួនរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងរដ្ឋធានីមូស្គូ សុទ្ធតែបាន និងកំពុងរងការវាយប្រហារដោយយន្ដហោះដ្រូនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ កាន់តែអស្ចារ្យជាងនេះទៅទៀត កាលពីថ្ងៃសុក្រសប្ដាហ៍មុន អ៊ុយក្រែនក៏ត្រូវបានគេរាយការណ៍ដែរថាបានប្រើដ្រូនក្រោមសមុទ្រដើម្បី វាយប្រហារលើកំពង់ផែដ៏សំខាន់មួយរបស់រុស្ស៉ីស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីទឹកដីដែលអ៊ុយក្រែនកំពុងកាន់កាប់។

ការវាយប្រហារទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍ចេញពីប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ដែលមកទល់នឹងពេលនេះមិនទាន់សម្រេចបានជោគជ័យជាដំកំភួន នៅឡើយទេ។ ប៉ុន្តែ ការវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៉ី មិនមែនមានន័យថាទីក្រុងកៀវអាចធ្វើវាបានដោយគ្មានហានិភ័យអ្វីសោះនោះទេ ជាពិសេស ក្នុងពេលដែល កំពុងព្យាយាមរក្សាការគាំទ្រពីបណ្ដាប្រទេសលោកខាងលិចដែលកំពុងព្រួយបារម្ភខ្លាចក្រែងសង្រ្គាមរាលដាលកាន់តែធំ។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគេគួរដឹង៖

* ការវាយប្រហារដោយយន្ដហោះដ្រូនឥតឈប់ឈរ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានកាលពីពេលថ្មីៗនេះថា «សង្រ្គាមកំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ីវិញបន្តិចម្ដងៗ» បន្ទាប់ពីមាន សេចក្ដីរាយការណ៍ពីការវាយប្រហារដោយយន្ដហោះដ្រូនឥតឈប់ឈរ នៅក្នុងទឹកដីរុស្ស៉ី តួយ៉ាងដូចជាទីក្រុងមូស្គូតែម្ដង។ ការវាយប្រហារដោយយន្ដហោះដ្រូនទាំងនេះ ត្រូវបានរាយការណ៍ចាប់តាំងពីខែឧសភាកន្លងទៅមកម្ល៉េះ។ ជាទម្លាប់ដូចសព្វដង អ៊ុយក្រែនមិនដែលបានទទួលស្គាល់ត្រង់ៗចំពោះការវាយប្រហារទាំងនេះនោះទេ បើទោះជា មានការចោទប្រកាន់ពីរុស្ស៉ីក៏ដោយ។ តែរដ្ឋមន្ត្រីម្នាក់របស់អ៊ុយក្រែន គឺលោក Mykhailo Fedorov ដែលទទួលបន្ទុកលើកិច្ចការបញ្ជាទិញយន្ដហោះដ្រូនបានបញ្ជាក់ថា ការវាយប្រហារដោយយន្ដហោះដ្រូនបន្ថែមទៀតនឹងកើតឡើង ខណៈទីក្រុងកៀវកំពុងបង្កើនប្រតិបត្តិការវាយបក ក្នុងរដូវក្ដៅ ដើម្បីវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពី ទឹកដីអ៊ុយក្រែន។

* មានកម្រិត តែជាប្រព័ន្ធអាវុធមានប្រសិទ្ធភាព

វាពិតជាលំបាកខ្លាំងណាស់ ក្នុងការបញ្ជាក់ឱ្យច្បាស់ពីប្រព័ន្ធអាវុធប្រភេទណាដែលកំពុងត្រូវបានប្រើប្រាស់នៅក្នុងវាយប្រហារ និងថាតើអគារបែបណាដែលសិ្ថតនៅក្រោម គោលដៅនៃការវាយប្រហារ ខណៈទាំងរុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែបដិសេធផ្ដល់ព័ត៌មានលម្អិតរៀងៗខ្លួន។ លោក Douglas Barrie ជាមន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកយោធាជើង អាកាសមកពីវិទ្យាស្ថាន International Institute for Strategic Studies (IISS) បានប្រាប់ទូរទស្សន៍ CNN ថាប្រភេទអាវុធដែលអ៊ុយក្រែនកំពុងប្រើជាអាវុធសាមញ្ញធម្មតា ប៉ុន្តែមានប្រសិទ្ធភាព។ បើតាមលោក Barrie មិនមានភស្តុតាងណាមួយបង្ហាញថាអាវុធទាំងនេះត្រូវបានផ្ដល់ដោយលោកខាងលិចនោះទេ ពោលគឺប្រព័ន្ធអាវុធទាំងនេះអាច អ៊ុយក្រែនផលិតដោយខ្លួនឯង។

* នាំសង្គ្រាមចូលទៅក្នុងដីរុស្ស៉ី?

លោក Keir Giles ជាអ្នកជំនាញផ្នែករុស្ស៉ីម្នាក់មកពីវិទ្យាស្ថាន Chatham House និងជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា «Russia’s invasion and foreign policy» បានកត់សម្គាល់ថា «អ៊ុយក្រែនប្រហែលជានបានកំណត់នៅក្នុងចិត្តថាទស្សនៈយល់ឃើញ និងឥរិយាបថរបស់ប្រជាជនរុស្ស៉ីចំពោះសង្រ្គាម គឺជាគន្លឹះមួយដ៏សំខាន់ដែល ពួកគេចាំបាច់ត្រូវកំណត់គោលដៅ ដើម្បីនាំសង្រ្គាមទៅរកទីបញ្ចប់។ ដ្បិតដរាបណា រុស្ស៉ីនៅតែអាចបន្លំប្រជាជនរបស់ខ្លួនថាសង្រ្គាមកំពុងកើតមាននៅកន្លែងផ្សេង មិនមែន នៅលើទឹកដីរុស្ស៉ី នោះការគាំទ្ររបស់ប្រជាជនរុស្ស៉ីចំពោះសង្រ្គាមក៏នឹងមិនធ្លាក់ចុះនោះដែរ។

ក្រុមមន្ត្រីអ៊ុយក្រែន មួយយ​ៈការចុងក្រោយនេះ បានពិភាក្សាដោយបើកចំហពីលទ្ធភាពទាញយកប្រយោជន៍ពីការឃោសនានៃការវាយប្រហារដោយយន្ដហោះដ្រូន ដោយ អ្នកនាំពាក្យកងកម្លាំងទ័ពអាកាសអ៊ុយក្រែន ឈ្មោះ Yurii Ihnat ធ្លាប់បានលើកឡើងថាការវាយប្រហារដោយយន្ដហោះដ្រូនលើទីក្រុងមូស្គូ គឺមានគោលដៅកែប្រែការយល់ ឃើញរបស់ប្រជាជនរុស្ស៉ី ដែលចាប់តាំងពីទីក្រុងមូស្គូលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក មានអារម្មណ៍ថាសង្រ្គាមនៅឆ្ងាយពីពួកគេ។

នៅត្រង់ចំណុចនេះ លោក Keir Giles បានសង្កត់ធ្ងន់ដែរថា «វាតែងតែមានវត្ថុហោះហើរនៅក្នុងប្រទេសរុស្ស៉ី រួមទាំងនៅក្នុងទីក្រុងមូស្គូ។ បច្ចុប្បន្ន សង្រ្គាមបានបង្កផលប៉ះពាល់ ដល់អ្នកដែលមិនពាក់ព័ន្ធ ដូច្នេះមិនថាអាជ្ញាធររុស្ស៉ីធ្វើជាប្រងើយកន្ដើយចំពោះរឿងនេះ ដោយនិយាយថាពួកគេបានបាញ់កម្ទេចគ្រប់យ៉ាងនោះទេ ក៏ផលប៉ះពាល់វាបានកើតឡើង ទៅហើយ»។ វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថាការវាយប្រហារដោយយន្ដហោះដ្រូនក្នុងទឹកដីរុស្ស៉ី បាន និងកំពុងបង្ក ភាពចម្រូងចម្រាស និងការរិះគន់ពីសំណាក់អ្នកសរសេរប្លុកយោធាល្បីៗក្នុងប្រទេសរុស្ស៉ី ថារដ្ឋាភិបាលរុស្ស៉ីសព្វថ្ងៃមិនអាចធានាសុវត្ថិភាពដល់អគារនានា ទប់ទល់នឹងការវាយប្រហារ របៀបនេះឡើយ។ នេះមានន័យថាអាជ្ញាធរុស្ស៉ីនឹងត្រូវប្រឈមមុខនឹងផលលំបាកក្នុងការរក្សាតុល្យភាព

«រវាងការព្យាយាមលុបបំបាត់ការព្រួយបារម្ភនៅក្នុងស្រុកពាក់ព័ន្ធនឹង ការវាយប្រហារដោយយន្ដហោះដ្រូនចូលជ្រៅក្នុងទឹកដីរុស្ស៉ី និងការបន្តការបដិសេធរបស់លោកប្រធានាធិបតី ពូទីន ចំពោះការកែនទ័ពទាំងស្រុងសម្រាប់ការប្រកាសសង្រ្គាមលើ អ៊ុយក្រែន»។ ម្យ៉ាងវិញទៀត ជាយុទ្ធសាស្ត្រយោធា ទីក្រុងកៀវក៏មានបំណងប្រើប្រាស់ការវាយប្រហារដោយយន្ដហោះដ្រូននេះដើម្បីបង្វែរចំណាប់អារម្មណ៍របស់ទាហានរុស្ស៉ី នៅក្នុង ទឹកដីអ៊ុយក្រែន និងចង់បង្ខំឱ្យរុស្ស៉ីដកធនធានមួយចំនួនពីសមរភូមិដើម្បីការពារទីក្រុងមូស្គូ។

មកទល់នឹងពេលនេះ មិនមានសញ្ញាណាមួយបង្ហាញថារុស្ស៉ីបានបង្វែរធនធានសម្រាប់សមរភូមិ ជាការឆ្លើយតបទៅនឹងការកើនឡើងការវាយប្រហារដោយយន្ដហោះដ្រូន ក្នុងទឹកដី រុស្ស៉ីនោះទេ បើទោះជាមានសេចក្ដីរាយការណ៍ពីការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសនៅលើដំបូលអគាររដ្ឋាភិបាលក្នុងទីក្រុងមូស្គូ ក្រោយការវាយប្រហារ កាលពីខែឧសភា មកក៏ដោយ។

* លោកខាងលិចកំពុងតាមមើលមិនដាក់ភ្នែក

ខណៈអ៊ុយក្រែនកំពុងសម្លឹងឃើញពីប្រយោជន៍នៃការវាយប្រហារយន្ដហោះដ្រូននៅក្នុងទឹកដីរុស្ស៉ី ការវាយប្រហារបែបនេះមិនមែនធ្វើឡើងដោយគ្មានហានិភ័យជះត្រឡប់មកវិញ នោះទេ។ ពោលគឺរឿងដែលគេត្រូវគិតនោះគឺ ការសងសឹករបស់រុស្ស៉ីលើបណ្ដាទីក្រុងរបស់អ៊ុយក្រែន ដើម្បីបង្កភាពចលាចល និងការភ័យខ្លាច នៅក្នុងចំណោមប្រជាជនអ៊ុយក្រែន។ ក្រុមអ្នកវិភាគលោកខាងលិចយល់ថារយៈពេលជាងមួយឆ្នាំមកនេះ ប្រជាជនអ៊ុយក្រែនហាក់ដូចជាសុំាទៅនឹងការវាយប្រហាររបស់រុស្ស៉ីទៅហើយ ដែលនេះមានន័យថានឹងមិនធ្វើឱ្យ ប៉ះពាល់ដល់ការប្ដេជ្ញាចិត្តរបស់ពួកគេនោះទេ។ ប៉ុន្តែ រឿងមួយដែលត្រូវបារម្ភនោះគឺថាតើលោកខាងលិចមានប្រតិកម្មយ៉ាងដូចម្ដេចចំពោះការវាយប្រហារក្នុងទឹកដីរុស្ស៉ី?

រយៈពេលមួយឆ្នាំមកនេះនៃសង្រ្គាម អាវុធដែលលោកខាងលិចបញ្ជូនឱ្យអ៊ុយក្រែន គឺមានភ្ជាប់លក្ខខណ្ឌមិនឱ្យប្រើប្រាស់វាយប្រហារចូលក្នុងទឹកដីរុស្ស៉ីនោះទេ តែប្រើដើម្បីការពារខ្លួន ប្រឆាំងនឹងការឈ្លានពាន និងបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែនតែប៉ុណ្ណោះ ដើម្បីបញ្ចៀសកុំឱ្យរុស្ស៉ី និង NATO ផ្ទុះសង្រ្គាមដោយផ្ទាល់នឹងគ្នា។ ណាមួយនេះក៏អាទិភាព មួយដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តែងតែអះអាងផងដែរ។ សេតវិមានតែងតែបញ្ជាក់ជារឿយៗថាខ្លួន មិនលើកទឹកចិត្តឱ្យអ៊ុយក្រែនវាយប្រហារចូលក្នុងទឹករុស្ស៉ី នោះឡើយ។

តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគលោកខាងលិចជឿថាបណ្ដាមេដឹកនាំលោកខាងលិចមានភាពធូរស្រាល នៅក្នុងចិត្តដែរចំពោះយុទ្ធសាស្ត្រវាយប្រហារដោយយន្ដហោះដ្រូនរបស់ អ៊ុយក្រែន ដ្បិតមិនមានភស្តុតាងណាមួយបង្ហាញថាទីក្រុងកៀវប្រើប្រាស់អាវុធបានមកពី NATO ដើម្បីបើកការវាយប្រហារលើក្នុងទឹកដីរុស្ស៉ី នោះទេ ហើយនេះក៏មិនមែនជាការឆ្លង បន្ទាត់ក្រហមរបស់រុស្ស៉ីនោះដែរ៕

អត្ថបទទាក់ទង