Grand News Asia Close

វិភាគអន្តរជាតិ៖ តើកិច្ចប្រជុំកំពូលអាមេរិក ជប៉ុន ហ្វីលីពីន នឹងពង្រឹងការកំញើញ ឬដុតជម្លោះបន្ថែម?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 776
វិភាគអន្តរជាតិ៖ តើកិច្ចប្រជុំកំពូលអាមេរិក ជប៉ុន ហ្វីលីពីន នឹងពង្រឹងការកំញើញ ឬដុតជម្លោះបន្ថែម? វិភាគអន្តរជាតិ៖ តើកិច្ចប្រជុំកំពូលអាមេរិក ជប៉ុន ហ្វីលីពីន នឹងពង្រឹងការកំញើញ ឬដុតជម្លោះបន្ថែម?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១០ ខែមេសា និងរៀបចំកិច្ចប្រជុំត្រីភាគីនៅថ្ងៃទី១១ ខែមេសា ដែលនឹងមានការចូលរួមផងដែរពីសំណាក់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr។ កិច្ចប្រជុំរវាងសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន នឹងក្លាយជាកិច្ចប្រជុំត្រីភាគីលើកដំបូងបំផុត ហើយនឹងផ្ដោតជាពិសេសលើវិស័យសំខាន់ចំនួន៣ ដូចជា សន្តិសុខជាតិ សេដ្ឋកិច្ច និងការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ក្រោមក្រសែភ្នែកសម្លឹងទៅរក ការបង្កើតកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍។

កាន់តែសំខាន់ទៅទៀត ក្នុងកិច្ចប្រជុំនេះ មេដឹកនាំនៃប្រទេសទាំង៣ ត្រូវបានរំពឹងថានឹងឯកភាពគ្នាលើការដឹកនាំប្រតិបត្តិការល្បាតរួមគ្នា ក្នុងតំបន់សមុទ្រចិនខាងត្បូង និងស្វែងរកវិធីសាស្ត្រទប់ទល់នឹង «យុទ្ធសាស្ត្រតំបន់ពណ៌ប្រផេះ ឬ gray-zone tactics» របស់ចិននៅក្នុងដែនទឹកកំពុងមានជម្លោះ។ ដូច្នេះខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីកិច្ចប្រជុំត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន៖

* កិច្ចប្រជុំកើតមានឡើងចំពេលនៃភាពមិនច្បាស់លាស់នៃអនាគតនយោបាយ និងទិសដៅយុទ្ធសាស្ត្រនៅក្នុងសហរដ្ឋអាមេរិក និងជប៉ុន
កិច្ចប្រជុំត្រីភាគី នៅថ្ងៃទី១១ ខែមេសា នឹងត្រូវប្រព្រឹត្តទៅក្នុងបរិបទភាពមិនច្បាស់លាស់នៃនយោបាយក្នុងស្រុកនៅក្នុងប្រទេសទាំង៣។ នៅហ្វីលីពីន លោកប្រធានាធិបតី Marcos ដែលបានឡើងកាន់ អំណាចកាលពីខែមិថុនា ឆ្នាំ២០២២មក កំពុងជាប់ផុងយ៉ាងជ្រៅក្នុងជម្លោះនយោបាយនៅក្នុងស្រុកពាក់ព័ន្ធនឹងផែនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមួយដ៏ចម្រូងចម្រាសរបស់ហ្វីលីពីន ដោយក្នុងនោះ ក្រុមអ្នករិះគន់បានអំពាវនាវឱ្យលោកចុះចេញពីតំណែង។ ព្រមពេលជាមួយគ្នា នៅជប៉ុន រឿងអាស្រូវពុករលួយពាក់ព័ន្ធនឹងលោក Kishida និងគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលជាបក្ស កាន់អំណាចសព្វថ្ងៃ កំពុងបង្កើនការសង្ស័យថាតើរូបលោកអាចនឹងទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់គណបក្ស LDP នៅខែកញ្ញា ឆ្នាំ២០២៤ និងអាចបន្តកាន់តំណែងជា នាយករដ្ឋមន្ត្រីបានដែរឬក៏យ៉ាងណា? ចំណែក នៅសហរដ្ឋអាមេរិកវិញ លោក បៃដិន ក៏ស្ថិតក្នុងភាពមិនច្បាស់លាស់ដែរថាតើរូបលោកអាចរក្សាតំណែងប្រធានាធិបតីបានដែរឬអត់ ស្របពេលមាន ការព្យាករជាច្រើនថាលោកអាចនឹងត្រូវប្រជែងជាមួយលោក ដូណាល់ ត្រាំ ជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ហ្វីលីពីន តំណែងជាប្រធានាធិបតីរបស់លោក Marcos ទំនងជាមិនស្ថិតក្រោមការគំរាមកំហែងឡើយ តែនៅអាមេរិក និងជប៉ុនអាចនឹងមានការផ្លាស់ប្ដូរមេដឹកនាំក៏ថាបាន ហើយកាន់តែមិនច្បាស់ទៅទៀត ប្រសិនបើលោក ដូណាល់ ត្រាំ ត្រឡប់មក កាន់តំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មី។

* កិច្ចប្រជុំកំពូលនេះ ធ្វើឡើងចំពេលភាពតានតឹងរវាងចិន និងហ្វីលីពីន
គោលដៅចម្បងនៃកិច្ចប្រជុំកំពូលត្រីភាគីនេះ នោះគឺការធ្វើបច្ចុប្បន្នភាពក្របខណ្ឌនៃនិម្មាបនកម្មសន្តិសុខ ដែលមានស្រាប់ក្នុងតំបន់តាមរយៈការពង្រឹងភាពជាដៃគូទ្វេភាគី ទៅជាប្លុកពហុភាគី ដើម្បីដោះស្រាយកង្វល់រួម តួយ៉ាងដូចជាសេរីភាពនៃការធ្វើនាវាចរ ការរៀបចំខ្សែចង្វាក់ផ្គង់ជាថ្មីឡើងវិញ អន្តរប្រតិបត្តិការនៃប្រព័ន្ធអាវុធ និងការប្រឈមមុខនឹង «យុទ្ធសាស្ត្រតំបន់ពណ៌ប្រផេះ» របស់ចិន។ ទោះបីមិននិយាយចំៗក៏ដោយ តែសម្ព័ន្ធភាពរវាងអាមេរិក និងជប៉ុនមានគោលដៅចម្បងទប់ទល់ការកើនឡើងឥទ្ធិពលចិន ដោយដំបូងឡើយផ្ដើមចេញពីការបង្កើតកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងតំបន់អាស៊ីឦសាន ជាមួយកូរ៉េខាងត្បូង ហើយឥលូវជាមួយហ្វីលីពីនវិញថែមទៀត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជប៉ុន និងហ្វីលីពីនបានបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា និងធ្វើទំនើបកម្ម កងកម្លាំងប្រដាប់អាវុធរៀងៗខ្លួន ជាការឆ្លើយតបទៅនឹងអ្វីដែលពួកគេមើលឃើញថាជាការកើនឡើងការគំរាមកំហែងសន្តិសុខក្នុងតំបន់ ជាពិសេសប្រឈមមុខជាចិនតែម្ដង។ ជាឧទាហរណ៍៖ ហ្វីលីពីន ក្នុងរយៈពេល ១៨ខែមកនេះបានប៉ះទង្គិចគ្នាជាហូរហែរជាមួយចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូងជាទីដែលទីក្រុងម៉ានីលតែងតែចោទប្រកាន់នាវាឆ្មាំសមុទ្រចិន ជារឿយៗថាបានប្រើកាណុងបាញ់ទឹក លើទូករបស់ខ្លួន ដែលធ្វើប្រតិបត្តិការផ្គត់ផ្គង់ឡើងវិញដល់ទាហានហ្វីលីពីនមួយក្រុមតូចឈរជើងនៅតំបន់ថ្មប៉ប្រះទឹកមានជម្លោះមួយ។ ការប្រើកាណុងបាញ់ទឹកនេះត្រូវបានក្រុមជំនាញហៅថា «ជាយុទ្ធសាស្ត្រតំបន់ពណ៌ប្រផេះ» របស់ចិន។ យុទ្ធសាស្ត្រតំបន់ពណ៌ប្រផេះគឺចង់សដៅលើទង្វើ ឬសកម្មភាពទាំងឡាយណាដែលអាចនាំឱ្យសង្រ្គាម ឬសន្តិភាព ស្ថិតនៅក្នុងតំបន់ជម្លោះប្រដាប់អាវុធ។ ការប្រើកាណុងបាញ់ទឹករបស់ចិន គឺជាឧទាហរណ៍ជាក់ស្ដែងនៃយុទ្ធសាស្ត្រមួយនេះដែលមិនអាចនាំទៅដល់ការប្រើប្រាស់សន្ធិសញ្ញាការពារជាតិរួមគ្នារវាងសហរដ្ឋអាមេរិក និងហ្វីលីពីនដែលត្រូវបាន បង្កើតឡើងក្នុងឆ្នាំ១៩៥១នោះឡើយ។

*​ តើកិច្ចសហប្រតិបត្តិការរវាងអាមេរិក ជប៉ុន និងហ្វីលីពីន អាចនឹងបន្ថយកម្ដៅភាពតានតឹងឬ?
សហរដ្ឋអាមេរិក និងជប៉ុនមានក្របខណ្ឌមួយរួចជាស្រេចទៅហើយ ដើម្បីពិភាក្សាពីបច្ចេកវិទ្យា cyberdefense។ នៅឯកិច្ចប្រជុំកំពូលត្រីភាគី ប្រទេសទាំង២ អាចនឹងពង្រីកកិច្ចសន្ទនានេះជាមួយ ការរួមបញ្ចូលហ្វីលីពីន តាមរយៈការប្រកាសបង្កើតក្របខណ្ឌត្រីភាគីថ្មីមួយ។ ប្រធានបទដ៏សំខាន់មួយទៀត ដែលអាចនឹងត្រូវលើកយកទៅពិភាក្សានៅកិច្ចប្រជុំដែរនោះ គឺការចូលរួមក្នុងប្រតិបត្តិការ ល្បាតរួមគ្នាក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលបើតាមឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក ប្រតិបត្តិការនេះមានការឯកភាពគ្នាជាគោលការណ៍រួចហើយ ខណៈកាលបរិច្ឆេទចាប់ផ្ដើម ប្រតិបត្តិការល្បាតរួមគ្នា ទីតាំង និងថាតើប្រតិបត្តិការនេះធ្វើឡើងជាប្រចាំ ឬក៏យ៉ាងណា នឹងត្រូវបានពិភាក្សាបន្ថែមក្នុងកិច្ចប្រជុំ។ ប្រសិនបើមានបេសកកម្មរួមគ្នានេះពិតមែន នោះវានឹងក្លាយជាលើកដំបូង ដែលជប៉ុនឈានជើងចូលក្នុងតំបន់សមុទ្រចិនខាងត្បូង និងចូលរួមដោយផ្ទាល់ក្នុងជម្លោះដែនទឹករបស់ហ្វីលីពីនជាមួយចិន។ ខណៈជម្លោះប្រដាប់អាវុធទំនងនឹងមិនកើតឡើង ការដឹកនាំប្រតិបត្តិការល្បាត រួមគ្នារបៀបនេះនឹងកាន់តែបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នា និងការគណនាខុស ឬការភ័ន្តច្រឡំជាមួយចិនដែលនឹងនាំទៅដល់ការប្រើប្រាស់គ្រាប់កាំភ្លើងពិត។ លើសពីនេះទៅទៀត បើជប៉ុនសម្រេចចិត្ត ចូលរួមក្នុងប្រតិបត្តិការល្បាតរួមគ្នានេះ ទីក្រុងប៉េកាំងអាចនឹងចាត់វិធានការសងសឹកលើផ្នែកសេដ្ឋកិច្ច ដូចជាការរឹតត្បិតលើពាណិជ្ជកម្មជាមួយជប៉ុន ឬក៏ទំនិញរបស់ហ្វីលីពីនរួមមានរថយន្ដ អេឡិចត្រូនិក កសិកម្ម ឧស្សាហកម្មគ្រឿងម៉ាស៊ីន និងវិស័យដទៃទៀត។ ក្នុងករណីនេះដែរ ទំហំ និងទីតាំងនៃការធ្វើប្រតិបត្តិការល្បាតគឺជាកត្តាសំខាន់បំផុត ហើយការធ្វើប្រតិបត្តិការល្បាតក្នុងតំបន់សមុទ្រចិនខាងត្បូង អាចនឹងជួយពង្រឹងដល់យុទ្ធសាស្ត្រជាអាទិភាពក្នុងការការពារសេរីភាពនៃការធ្វើនាវាចរនៅក្នុងផ្លូវទឹក ចំពោះមុខការកើនឡើងការទាមទារអធិតេយ្យរបស់ចិន។ តែទោះជាបែបនេះក្ដី បើមិនមាន ការធ្វើអន្តរាគមន៍ដោយផ្ទាល់ពីសហរដ្ឋអាមេរិក ឬជប៉ុន ដើម្បីគាំទ្រហ្វីលីពីនក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញទេ នោះវាទំនងជានឹងមិនអាចកំញើញចិនបានឡើយ។

គួរបញ្ជាក់ថា ក្នុងលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចប្រជុំកំពូលត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន​ និងហ្វីលីពីនអាចនឹងសម្រេចបាននូវក្របខណ្ឌថ្មីមួយ ដើម្បីធ្វើកិច្ចសហការលើថាមពល បៃតង រ៉ែកម្រ បន្ទះឈីប និងទូរគមនាគមន៍ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង