Grand News Asia Close

វិភាគអន្តរជាតិ៖ តើចិនត្រូវធ្វើអ្វីមុន បើចង់ធ្វើសង្រ្គាមនៅតៃវ៉ាន់?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 363
វិភាគអន្តរជាតិ៖ តើចិនត្រូវធ្វើអ្វីមុន បើចង់ធ្វើសង្រ្គាមនៅតៃវ៉ាន់? វិភាគអន្តរជាតិ៖ តើចិនត្រូវធ្វើអ្វីមុន បើចង់ធ្វើសង្រ្គាមនៅតៃវ៉ាន់?

(វ៉ាស៊ីនតោន)៖ មេរៀនមួយដែលគេជឿជាក់ថាចិនបានរៀនសូត្រពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន នោះគឺរបៀបដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ត្រៀមលក្ខណៈមិនបានល្អទាល់តែសោះ ដើម្បី ធ្វើសង្រ្គាម។ ទោះបីជាមានពេលដល់ទៅ៨ឆ្នាំ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរុស្ស៉ីកាន់តែរឹងមាំនៅបន្ទាប់ពីក្រសោបយកតំបន់គ្រីមៀ ក្នុងឆ្នាំ២០១៤ក៏ដោយ ក៏លោក ពូទីន នៅតែបណ្ដោយទុកឱ្យវិស័យសំខាន់ៗ ជាច្រើននៃសេដ្ឋកិច្ចរុស្ស៉ី ងាយរងគ្រោះដដែល។ ជាឧទាហរណ៍ ក្នុងពេលបើកការឈា្លនពានចូលអ៊ុយក្រែន រុស្ស៉ីបានតម្កល់ទុកទ្រព្យសម្បត្តិ ៣០០ពាន់លានដុល្លារ ឬស្មើនឹងជាងពាក់កណ្ដាលនៃ «ទុនបម្រុងអន្តរជាតិ ឬរូបិយបណ្ណបរទេសបម្រុង» របស់ខ្លួន នៅក្នុងស្ថាប័នហិរញ្ញវត្ថុលោកខាងលិច ជាទីដែលទ្រព្យទាំងនេះងាយនឹងត្រូវបង្កកទុកជាទីបំផុត។

លើសពីនេះទៅទៀត ដោយមានសុទិដ្ឋិនិយមថារុស្ស៉ីអាចនឹងទទួលបានជ័យជម្នះភ្លាមៗលើអ៊ុយក្រែន លោក ពូទីន ក៏មិនបានស្ដុកទុកគ្រប់គ្រាប់នូវគ្រាប់កាំភ្លើងធំ ឬបរិក្ខារសម្រាប់ផលិតអាវុធទុកធ្វើសង្រ្គាម រយៈពេលវែងនោះដែរ។ ប៉ុន្តែ ថ្នាក់ដឹកនាំចិនប្រហែលជានឹងមិនដើរជាន់ដាននៃកំហុសបែបនេះឡើយ។ ពោល ដើម្បីធ្វើឱ្យចិនស្ថិតលើទីតាំងមួយដ៏ល្អប្រសើរ សម្រាប់សង្រ្គាមទ្រង់ទ្រាយធំណាមួយជាមួយ សហរដ្ឋអាមេរិក ថ្នាក់ដឹកនាំនៅប៉េកាំងបានបង្កើនការប្រុងប្រយ័តជាពិសេសចំពោះមធ្យោបាយពឹងផ្អែកលើខ្លួនឯង ចំនួន៣ រួមមាន៖ «កម្រិតនៃទុនបម្រុងអន្តរជាតិ ឬរូបិយបណ្ណបរទេសបម្រុង ដែលតម្កល់ទុក ក្នុងស្ថាប័នហិរញ្ញវត្ថុលោកខាងលិច យុទ្ធសាស្ត្រស្ដុកទុកស្បៀង និងប្រេងបម្រុងទុក»។

នៅមុនពេលចង់ធ្វើសង្រ្គាម រឿងមុនគេដែលចិនត្រូវធ្វើ នោះគឺកាត់បន្ថយភាពងាយរងគ្រោះនៃសេដ្ឋកិច្ចពីការដាក់ទណ្ឌកម្ម ឬសម្ពាធពីលោកខាងលិច តាមរយៈការលក់បណ្ណបំណុលអាមេរិក និងប្រើប្រាស់ ចំណូលដើម្បីទិញមាស ឬក៏ទ្រព្យសម្បត្តិដទៃទៀត ក្នុងកម្រិតមួយលើសពីសមត្ថភាពរបស់សហរដ្ឋអាមេរិក។ ក្នុងពេលដំណាលគ្នា ចិនអាចនឹងដកយកត្រឡប់ទៅវិញនូវទុនបម្រុងអន្តរជាតិរបស់ខ្លួនជាលុយ អឺរ៉ុប យ៉េន និងផោន ដែលតម្កល់ទុកនៅតាមស្ថាប័នហិរញ្ញវត្ថុលោកខាងលិច។ ការកាន់កាប់បណ្ណបំណុលអាមេរិករបស់ចិន បានធ្លាក់ចុះពី ១.១៧ទ្រីលានដុល្លារ គិតត្រឹមចុងឆ្នាំ២០១៨ មកនៅត្រឹមតែ៧៧០ពាន់លានដុល្លារ ប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ ការធ្លាក់ចុះនេះមានផ្នែកធំគឺដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយ ខណៈចិនមានទំនោរចង់លក់បណ្ណបំណុលដើម្បីទិញមាស។ ម្យ៉ាងដោយសារតែសេដ្ឋកិច្ចកំពុងជួបបញ្ហាផងនោះ វាក៏បានធ្វើឱ្យប្រាក់យ័នចិនធ្លាក់ថ្លៃផងដែរ ដូច្នេះចិនមិនចាំបាច់អ្វីត្រូវទិញបណ្ណបំណុលដើម្បីរារាំងកុំឱ្យរូបិយបណ្ណរបស់ខ្លួនឡើងថ្លៃនោះទេ។

យ៉ាងណាក៏ដោយ សព្វថ្ងៃ ការធ្លាក់ចុះបណ្ណបំណុលអាមេរិកដែលចិនកាន់កាប់ បានឆ្លុះបញ្ចាំងពីការធ្លាក់ចុះសន្សឹមៗ មិនមែនជាការធ្លាក់ចុះយ៉ាងគំហុកឡើយ។ បានន័យថាប្រសិនបើចិនលក់បណ្ណបំណុលរបស់ខ្លួន មួយផ្នែកធំ ក្នុងរយ​ៈពេលដ៏ខ្លីណាមួយ នោះសង្រ្គាមតៃវ៉ាន់ទំនងជាអាចនឹងផ្ទុះឡើងក្នុងពេលដ៏ខ្លី។ ពីព្រោះថាទោះជាការលក់បណ្ណបំណុលប្រញាប់ប្រញាល់អាចធ្វើឱ្យចិនខាតបង់ហិរញ្ញវត្ថុក៏ដោយ តែយ៉ាងហោចណាស់ វាអាចជួយឱ្យប៉េកាំងចៀសផុតពីការបាត់បង់អ្វីៗគ្រប់យ៉ាង នៅពេលក្រោយ។ ដោយឡែក មធ្យមបាយមួយទៀតដែលគេគួរតាមដានដែរនោះ គឺ «ឯករាជ្យភាពខាងស្បៀង»។ ក្នុងឆ្នាំ២០០០ ចិនមានសមត្ថភាពប្រមូល បាន ៩៤ភាគរយនៃការផ្គត់ផ្គង់ស្បៀងនៅក្នុងស្រុក។ តែអត្រានេះបានធ្លាក់មកនៅត្រឹម ៦៦ភាគរយក្នុងឆ្នាំ២០២០ ដែលនេះតម្រូវឱ្យចិនត្រូវពឹងផ្អែកលើការនាំចូលដើម្បីបំពេញ ១ភាគ៣នៃតម្រូវការ។ នៅក្នុងករណី សង្រ្គាមធំផ្ទុះឡើង កងទ័ពជើងទឹកអាមេរិកអាចកាត់ផ្ដាច់ផ្លូវធ្វើពាណិជ្ជកម្មរបស់ចិន ហើយនេះឯងជាហេតុផលជំរុញឱ្យរដ្ឋាភិបាលប៉េកាំងអនុម័ត «ច្បាប់ថ្មីមួយមិនធ្លាប់មានពីមុនមក» កាលពីខែមីនាកន្លងទៅនេះ ដែលប្រកាសថា «ឯករាជ្យភាពខាងស្បៀង» គឺជាអាទិភាពកំពូលមួយ។ ជាការពិតណាស់ វាមិនច្បាស់នោះទេថាតើឯករាជ្យភាពខាងស្បៀងក្នុងកម្រិតណាដែលធ្វើឱ្យលោក ស៊ី ជីនពីង មានអារម្មណ៍ថាគ្រប់គ្រាន់ តែដើម្បីមានអារម្មណ៍ស្រណុកសុខស្រួល ចិនត្រូវពឹងផ្អែកលើស្បៀងដោយខ្លួនឯងយ៉ាងហោចក៏ក្នុងកម្រិត ៦៦ភាគរយឡើងទៅដែរ។

ដូចគ្នាដែរ សហរដ្ឋអាមេរិកវិញអាចបិទខ្ទប់ការដឹកជញ្ជូនប្រេងរបស់ចិនតាមផ្លូវសមុទ្រ ក្នុងករណីសង្រ្គាមផ្ទុះឡើង។ ចិនស្ដុកទុកប្រេងសរុប មានទាំងប្រេងពាណិជ្ជកម្ម និងប្រេងបម្រុងរដ្ឋាភិបាលចំនួន ៩៣៤លានបារ៉ែល កាលពីខែមករា ឆ្នាំ២០២៤នេះ ដែលគ្រប់គ្រាន់ប្រើប្រាស់ក្នុងរយៈពេល២ខែ។ ដូច្នេះចិនត្រូវតែបង្កើនការស្ដុកទុកប្រេងទាំងនោះ ប្រសិនបើចង់ធ្វើសង្រ្គាម។

គួរបញ្ជាក់ថា ដើម្បីបង្កើនស្ដុកប្រេង និងសន្តិសុខស្បៀង ចិនត្រូវចំណាយពេលច្រើនឆ្នាំ។ សង្រ្គាមទំនងជានឹងមិនផ្ទុះឡើងនោះទេ លុះត្រាណាតែចិនលក់បណ្ណបំណុលចេញយ៉ាងគំហុក។ ម្លោះហើយ បច្ចុប្បន្ន លទ្ធភាពដែលសង្រ្គាមធំនៅតៃវ៉ាន់ អាចនឹងផ្ទុះឡើងគឺសិ្ថតក្នុងកម្រិតទាបបំផុតនៅឡើយ។ ក៏ប៉ុន្តែ ការរឹបអូសទូកនេសាទតៃវ៉ាន់មួយគ្រឿងដោយឆ្មាំសមុទ្រចិននាពេលថ្មីៗនេះ បានផ្ដល់សញ្ញាថាជម្លោះផ្ទុះឡើង ដោយចៃដន្យ នៅតែមានភាគរយអាចនឹងកើតឡើង ឬក៏វិបត្តិណាមួយអាចកើតឡើងដោយសារតែការគណនាខុស ឬការបង្កហេតុដោយប៉េកាំង វ៉ាស៊ីនតោន ឬក៏តៃប៉ិ៕

អត្ថបទទាក់ទង