Grand News Asia Close

វិភាគអន្តរជាតិ៖ តើនរណា ព្យាយាមសម្លាប់លោក វ្ល៉ាឌីមៀ ពូទីន?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 164
វិភាគអន្តរជាតិ៖ តើនរណា ព្យាយាមសម្លាប់លោក វ្ល៉ាឌីមៀ ពូទីន? វិភាគអន្តរជាតិ៖ តើនរណា ព្យាយាមសម្លាប់លោក វ្ល៉ាឌីមៀ ពូទីន?

(វ៉ាស៊ីនតោន)៖ វិមានក្រឹមឡាំង នៅថ្ងៃពុធ ទី៣ ខែឧសភានេះបានចោទប្រកាន់អ៊ុយក្រែនថាជា​​​អ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយប្រើយន្ដហោះដ្រូនមិនទាន់ស្គាល់ម៉ាកចំនួន២គ្រឿង។ ប៉ុន្តែខាងមន្ត្រីអ៊ុយក្រែន រួមទាំងលោកប​្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទាត់ចោលការចោទប្រកាន់ នេះជាមួយការអះអាងថាទីក្រុងកៀវ មិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះនោះទេ ហើយថាអ្នកដែលនៅពីក្រោយ អាចជាក្រុមអ្នកប្រឆាំងនឹងលោក ពូទីន ក្នុងប្រទេសរុស្ស៉ីតែម្ដង។

បើតាមក្រុមមន្ត្រីរុស្ស៉ី លោក ពូទីន មិនបានស្ថិតនៅក្នុងវិមានក្រឹមឡាំងនោះទេ នៅពេលការវាយប្រហារកើតឡើង ហើយក៏បានព្រមានដែរថារុស្ស៉ីរក្សាសិទ្ធិដើម្បីសងសឹក ដោយក្នុងនោះមនុស្សជំនិតម្នាក់របស់លោក ពូទីន បានលើកឡើងពីគំនិតបើកការវាយប្រហារដូចគ្នានេះសងសឹកទៅនឹងលោក ហ្សេលេនស្គីវិញ។ នៅចំពោះមុខ ការចោទប្រកាន់ពីរុស្ស៉ី និងការប្រកែករបស់អ៊ុយក្រែន មានការលើកឡើងផ្សេងៗពីគ្នារបស់ក្រុមអ្នកជំនាញជុំវិញការចោទប្រកាន់ពីការប៉ុនប៉ងធ្វើឃាតលោក ពូទីន ដែល បានកើតឡើងចំពេលទីក្រុងកៀវ បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការបើកប្រតិបត្តិការវាយបកប្រឆាំងរុស្ស៉ី និងមានសេចក្ដីរាយការណ៍ពីការវាយប្រហារដោយ យន្ដហោះដ្រូន ជាបន្តបន្ទាប់នៅលើទឹកដីរុស្ស៉ី។

* មានសំណួរច្រើន ជាងចម្លើយ

ការវាយប្រហារលើវិមានក្រឹមឡាំង ដែលក្រុមមន្ត្រីរុស្ស៉ីចោទថាជាស្នាដៃរបស់អ៊ុយក្រែនក្នុងគោលបំណងសម្លាប់លោក ពូទីន កើតឡើងខណៈរុស្ស៉ីកំពុងត្រៀមប្រារព្ធ ទិវាជ័យជម្នះ ៩ ខែឧសភា ដែលកងទ័ពសូវៀតបានយកឈ្នះកងទ័ពអាល្លឺម៉ង់ហ៉ីត្លែរក្នុងសម័យសង្រ្គាមលោកលើកទី២ និងចំពេលអ៊ុយក្រែននឹងបើកប្រតិបត្តិការវាយបក ឆាប់ៗនេះ។ ទីក្រុងជាច្រើននៅក្នុងប្រទេសរុស្ស៉ីបានលុបចោលការប្រារព្វទិវាជ័យជម្នះនេះ ដោយសារតែបារម្ភខ្លាចក្រែងថាពិធីនេះអាចនឹងក្លាយជាគោលដៅវាយប្រហារ របស់អ៊ុយក្រែន។

ក្រុមមន្ត្រីរុស្ស៉ីបានឱ្យដឹងថា យន្ដហោះដ្រូនទាំង២គ្រឿង ត្រូវបានកម្ទេចនៅលើអាកាសដោយប្រព័ន្ធការពារដែនអាកាស រីឯបំណែកយន្ដហោះដ្រូន បានធ្លាក់រប៉ាត់រប៉ាយ ទៅលើដីក្នុងបរិវេណវិមានក្រឹមឡាំង ដោយមិនមាននរណាម្នាក់រងរបួស ឬក៏បង្កការខូចខាតធ្ងន់ធ្ងរណាមួយនោះទេ។ ប៉ុន្តែ «ហេតុអ្វីបានវិមានក្រឹមឡាំងត្រូវរង់ចាំដល់ទៅ ជិត១២ម៉ោង ទើបប្រកាសឱ្យដឹងពីការវាយប្រហារនេះ?» ពោលគឺយន្ដហោះដ្រូននេះបានហោះតម្រង់ទៅកាន់វិមានក្រឹមឡាំង នៅចន្លោះពីម៉ោង ២៖២៧ នាទី ដល់ម៉ោង ២៖៤៣នាទីរំលងអាធ្រាត្រ កាលពីថ្ងៃពុធ ហើយរហូតដល់យប់ថ្ងៃពុធដដែលទើបវិមានក្រឹមឡាំងប្រកាសឱ្យគេឯងដឹង។

ម្យ៉ាងវិញទៀត «ចុះហេតុអ្វីមិនមានសេចក្ដីរាយការណ៍ពីការផ្ទុះ មុនសេចក្ដីប្រកាស នៅលើបណ្ដាញទំនាក់ទំនងសង្គម?» ហេតុអ្វីបានជាវីដេអូនៃការវាយប្រហារ មិនត្រូវបាន បង្ហោះ រហូតដល់ក្រោយមានសេចក្ដីប្រកាស?​​ ហើយហេតុអ្វីរូបភាពមិនត្រូវបានផ្ទៀងផ្ទាត់ និងថាតើប្រព័ន្ធការពាររបស់រុស្ស៉ីពិតជាអន់ដល់ថ្នាក់ឱ្យយន្ដហោះដ្រូនហោះ ទៅដល់វិមានក្រឹមឡាំងបានដោយងាយមែនទេ?

បើទោះជាមានការខឹងសម្បារយ៉ាងខ្លាំងពីវិមានក្រឹមឡាំងក៏ពិតមែន តែក្រុមអ្នកវិភាគលោកខាងលិច នៅតែមានការសង្ស័យចំពោះការអះអាងរបស់ក្រុមមន្ត្រីរុស្សី។ ឧត្តមសេនីយ៍ឯកអាមេរិកចូលនិវត្តន៍ លោក Daniel L. Davis និងបច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់មកពីវិទ្យាស្ថាន Defense Priorities បាននិយាយថា សេណារីយ៉ូ ដែលអាច ជឿបានបំផុត នោះគឺការចោទប្រកាន់របស់រុស្ស៉ីគ្រាន់តែជាផ្នែកមួយនៃការឃោសនានយោបាយតែប៉ុណ្ណោះ ពីព្រោះថាវីដេអូមិនបានថតសកម្មភាពវាយប្រហារឱ្យច្បាស់ទេ និងបានបង្ហាញពីមនុស្ស២នាក់ឡើងទៅលើប៉មមួយនៃវិមានក្រឹមឡាំង នៅមុនការផ្ទុះកើតឡើង។ «ពួកគេមើលទៅមិនមានការតក់ស្លុតទាល់តែសោះ…ហើយថាតើវាសម នឹងជឿដែរទេថាយន្ដហោះដ្រូនខ្នាតតូចអាចទម្លោះផ្លូវគ្រប់ច្រកល្ហក រហូតហោះទៅដល់លើដំបូងវិមានក្រឹមឡាំង? វាមើលទៅមិនទំនងទាល់តែសោះ»។ នេះជាការកត់ សម្គាល់របស់លោក Davis ដោយបន្ថែមថាការចង់ធ្វើឃាតលោក ពូទីន នៅពេលលោកកំពុងដេកលក់ក្រោមការយាមកាមយ៉ាងតឹងរ៉ឹង ក៏តម្រូវឱ្យមានព័ត៌មានស៊ើបការណ៍ សម្ងាត់ខ្ពស់បំផុតផងដែរ អំពីមេដឹកនាំម្នាក់ដែលមានឯកទេសខាងសន្តិសុខ និងធ្លាប់ជាអតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដូចជាលោក ពូទីន។

យល់ឃើញប្រហាក់ប្រហែលទៅនឹងលោក Davis ដែរ លោក John Hardie ជានាយករងកម្មវិធីរុស្ស៉ី មកពីវិទ្យាស្ថាន Foundation for Defense of Democracies បានកត់សម្គាល់ថារុស្ស៉ីទំនងជាកំពុងប្រើប្រាស់ការចោទប្រកាន់ពីការប៉ុនប៉ងធ្វើឃាតលោក ពូទីន ដើម្បីដុតបញ្ឆេះកំហឹងជាតិនិយមប្រឆាំងអ៊ុយក្រែន ដែលនេះអាចនឹង ជួយសម្រួលដល់យុទ្ធនាការកែនកងទ័ពបន្ថែមនៅពេលអនាគត។ ណាមួយ រុស្ស៉ីក៏ចង់ប្រើល្បិចឈឺសាច់នេះដើម្បីបញ្ជូនសារទៅកាន់លោកខាងលិចដែរថាអ៊ុយក្រែន កំពុង ព្យាយាមអូសពួកគេឱ្យធ្លាក់ចូលក្នុងសង្រ្គាមនុយក្លេអ៊ែរជាមួយរុស្ស៉ី ហើយល្បិចមួយនេះមានគោលដៅចង់ធ្វើឱ្យការគាំទ្ររបស់លោកខាងលិច ចំពោះទីក្រុងកៀវធ្លាក់ចុះ ខ្សោយ និងបង្កើនការគាំទ្រពីប្រជាជនរុស្ស៉ីនៅក្នុងស្រុកចំពោះលោក ពូទីន ក៏ដូចជាយកវាធ្វើជាហេតុផលក្នុងការបើកការវាយប្រហារដ៏សាហាវណាមួយប្រឆាំង អ៊ុយក្រែន។

ប៉ុន្តែ ផ្ទុយពីអ្នកជំនាញទាំង២នេះ ឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Philip Breedlove ដែលជាអតីតមេបញ្ជាការកំពូល NATO បានប្រាប់សារព័ត៌មាន Politico ថាជាលក្ខណៈឯកជនលោកសង្ឃឹមថាអ៊ុយក្រែនអាចជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះដ្រូនលើវិមានក្រឹមឡាំង បើទោះជាទីក្រុងកៀវបដិសេធ ក៏ដោយ។ លោកបន្តទៀតថា «រុស្ស៉ីកំពុងរីករាយនឹងសុវត្ថិភាព រីឯពួកយើងវិញបានរារាំងមិនឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ពួកយើងដើម្បីបើកការវាយប្រហារ ក្នុងទឹកដីរុស្ស៉ី ឡើយ។ ខ្ញុំចង់មានន័យថាការវាយប្រហារនេះ អាចនឹងបង្ខំឱ្យរុស្ស៉ី ត្រូវបង្វែរ ឬបង្កើនធនធាន និងកងកម្លាំងរបស់ខ្លួនទៅការពាររដ្ឋធានីមូស្គូ»។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរដោយកាសែត Washington Post ទាក់ទងនឹងការអះអាងពីការវាយប្រហារដោយយន្ដហោះដ្រូនលើវិមានក្រឹមឡាំង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន បានសង្កត់ធ្ងន់ថាវាពិតជាពិបាកណាស់ ដើម្បីធ្វើអត្ថាធិប្បាយ ឬធ្វើការសន្និដ្ឋានណាមួយដោយមិនទាន់ដឹងច្បាស់ ពីការពិត ហើយលោកនៅតែបញ្ជាក់ឡើងវិញថាការសម្រេចចិត្តទាំងឡាយគឺអាស្រ័យលើអ៊ុយក្រែនខ្លួនឯង។

ការវាយប្រហារដោយយន្ដហោះដ្រូនលើវិមានក្រឹមឡាំង ដែលរុស្ស៉ីចោទថាជាស្នាដៃរបស់អ៊ុយក្រែន ត្រូវបានអ្នកជំនាញខ្លះចាត់ទុកថា ជារឿងដ៏អាម៉ាស់មួយសម្រាប់រុស្ស៉ី ដោយពួកគេបានប្រៀបប្រដូចទៅនឹងហេតុការណ៍មួយកាលពីឆ្នាំ១៩៨៧ ជាពេលដែលយុវជនអាល្លឺម៉ង់ខាងលិចជាពីឡុតម្នាក់ឈ្មោះ Mathias Rust បានទម្លុះប្រព័ន្ធការពារដែនអាកាសសូវៀត និងចុះចតយន្ដហោះខ្នាតតូចមួយនៅឯទីលានក្រហមក្នុងទីក្រុងមូស្គូ៕

អត្ថបទទាក់ទង