Grand News Asia Close

សុន្ទរកថា សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសាលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម(X16)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 313

CMF:

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!
ដឹងគុណ​ស្ថាបនិកមគ្គទេសឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះ
ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ។

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ​​ព្រឹទ្ធសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល
គណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
សេនាព័ន្ធ អនុព័ន្ធយោធានៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា ​
គណៈធិបតីនិងភ្ញៀវកិត្តិយស អង្គពិធីទាំងមូលនិងជនរួមជាតិជាទីមេត្រី

ថ្ងៃនេះ ខ្ញុំពិតមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្នុង “ពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤” និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16” នាពេលនេះ។

នៅក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍វត្តមានឯកឧត្តម អស់លោក លោកស្រី គណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញចូលរួម និងសូមអរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធាប្រចាំកម្ពុជា ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តជាតិនេះ។

ខ្ញុំសូមអបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ និង​គណៈកម្មការអន្តរក្រសួងរៀបចំពិធីរំលឹកខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការអន្តរ-ក្រសួង ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខេត្ត រៀបចំប្រារព្ធពិធីជាប្រវត្តិសាស្រ្តនេះ។

ខ្ញុំនៅចាំបានថា កាលពី២ឆ្នាំមុននៅឆ្នាំ២០២២ គណៈកម្មការអន្តរក្រសួងបានរៀបចំប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា” នៅទីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានព្រឹទ្ធសភា និងឯកឧត្តម ផាម មិញ ជិញ អតីតនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន មហាជនរាប់ពាន់នាក់ចូលរួម និងបានធ្វើដំណើរទៅតាមទីតាំងប្រវត្តិសាស្រ្តនៅក្នុងទឹកដីប្រទេសវៀតណាម ដោយបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ និងអបអរសាទរពីសំណាក់ប្រជាជន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្នុងស្មារតីសាមគ្គីភាព មិត្តភាពជាបងប្អូន ពិសេសវត្តមានឯកឧត្តម ផាម មិញ ជិញ ផងដែរ។ ឆ្នាំនេះ យើងរៀបចំពិធីខួបលើកទី៤៧ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ដោយបានអញ្ជើញគណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលរួម ដើម្បីទទួលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា” ដែលជាការរួមចំណែកបង្កើនទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង។

ជាការពិត ទោះបីជាប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងណាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែដឹងគុណជានិច្ច ចំពោះបុព្វហេតុការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនជនរួមជាតិទាំងអស់ តាមរយៈការរៀបចំព្រឹត្តិការណ៍ទិវានៃការចងចាំនេះជារៀងរាល់ឆ្នាំ ដើម្បីមកអរគុណជាមួយនឹងពុកម៉ែ បងប្អូន ក្មួយៗអ្នកភូមិកោះថ្ម ដែលតែងតែមានជំនឿជឿជាក់ចំពោះ សម្តេចតេជោ ហ៊ុន សែន តាំងពីដើមមក ចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ ហើយនៅឆ្នាំ២០២២-២០២៣កន្លងមក បងប្អូនជនរួមជាតិទាំងអស់នៅកោះថ្ម នៅតែបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា។

ថ្ងៃនេះ យើងប្រារព្ធខួបលើកទី៤៧ ក្នុងស្មារតីចងចាំជានិច្ច ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទី-ស្នេហានៃយើង។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្រ្ត គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខ-សន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះ​រាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រា​ប់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជាយើង។ ជាមួយគ្នានេះ យើងទាំងអស់គ្នានៅចងចាំជានិច្ចនូវការចូលរួម កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានចូលរួមជួយកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ។

ប្រវត្តិសាស្ត្រដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសនិងប្រទេស ដូចដែលថ្នាក់ដឹកនាំនៃប្រទេសយើងទាំង២កម្ពុជា-វៀតណាម តែងតែបានលើកជារឿយៗ កម្ពុជា-វៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកនៅក្នុងការដណ្ដើមឯករាជ្យពីរបបអាណានិគម ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសដែលឈានដល់ការបង្រួបបង្រួមជាតិនិង ការអភិវឌ្ឍ។ ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមក៏បានធ្លាប់ជួយកម្ពុជាក្នុងបុព្វហេតុរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភិវឌ្ឍប្រទេសផងដែរ។ នេះជាសច្ចភាពនៃប្រវត្តិសាស្ត្រដែលប្រជាជននៃប្រទេសយើងទាំងពីរ ត្រូវយល់ឱ្យច្បាស់ ដើម្បីជៀសវាងការយល់ច្រឡំតាមរយៈការបកស្រាយណាមួយដែលមិនមានមូលដ្ឋានប្រវត្តិសាស្ត្រជាក់ស្ដែង។

ខ្ញុំសូមយកឱកាសដ៏ឧត្តុង្គឧត្តមនេះឧទ្ទិសដល់វិញ្ញាណក្ខន្ធ បុព្វបុរស យុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតាខ្មែរ អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាជាទី-ស្នេហានៃយើង និងបុព្វហេតុនៃការរស់​រានមា​នជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាតាមរយៈចលនាតស៊ូ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាងឆ្លងកាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្រ្ត ​រហូតឈានទៅសម្រេចបានសមិទ្ធផលធំៗជាច្រើនរបស់ប្រទេសជាតិ ថែរក្សាការពារបានរឹងមាំនូវសុខសន្តិភាព អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយ ប្រវត្តិសាស្រ្តបា​នបង្ហាញថា បើពុំមានការចាប់ផ្តើមទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ដែលមានជាបន្តបន្ទាប់ក៏មិនអាចមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ។ ជាក់ស្តែង ការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំដោយផ្ទាល់នោះ បានចាប់ផ្តើមពីការចាកចេញនៅថ្ងៃ “២០ មិថុនា ១៩៧៧” រហូតមកដល់ការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមទាំងស្រុងនាចុងឆ្នាំ១៩៩៨ ដែលបន្តដឹកនាំប្រទេសរហូតមកដល់ពេលបច្ចុប្បន្ននេះ ដើម្បីធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

នៅក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ, ថ្នាក់ដឹកនាំ, សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់នូវពលិកម្មដ៏ធំធេង ក្នុងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រហូតដល់ការសម្រេចបានសុខសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ជាទីគោរពស្រលាញ់ទាំងអស់។ ការណ៍នេះ បានបង្ហាញថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពគឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាព ដែលរកបានមកដោយលំបាកបំផុតឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្តី។

ជាការពិត សច្ចភាពប្រវត្តិសាស្រ្តនៅក្នុងយុគសម័យ ដែលត្រូវបានកត់ត្រាទុកនៅក្នុងទំព័រប្រវត្តិសាស្ត្រ បានតភា្ជប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលបានកំណត់ចែកចេញជាដំណាក់ធំៗ៣ នោះគឺ៖

ដំណាក់កាលទី១ គឺចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូប្រឆាំងរើបម្រះពីរបបដឹកនាំរបស់ ប៉ុល ពត ដែលចលនានោះមាន សម្តេចតេជោផ្ទាល់ និងយុទ្ធមិត្តតិចតួចប៉ុណ្ណោះ ចេញពីតំបន់កោះថ្ម X16 ព្រំដែនវៀតណាម ឈានទៅបង្កើតកងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលតែងតែហៅឈ្មោះកាត់ថា “ក១២៥” ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើត អង្គការចាត់តាំងនយោបាយដំបូងគឺ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលឈានទៅសម្រេចជ័យជំនះក្នុងការសង្គ្រោះ និងរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាស្ថាពរនៅថ្ងៃ “៧ មករា ឆ្នាំ១៩៧៩”

ដំណាក់កាលទី២ គឺជាដំណាក់កាលនៃការការពារ ស្តារ និងកសាងប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យដោយដៃម្ខាងកាន់អាវុធ ការពារទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដៃម្ខាងកសាងប្រទេសជាតិ រហូតឈានដល់ដំណាក់កាលចរចាផង ប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “២៣ តុលា ១៩៩១” និងឈានដាក់ចេញនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជានាំមកនូវសន្តិភាព និងការឯកភាពទឹកដីដ៏ពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជា ពុំធ្លាប់មានអស់រយៈកាលជាង៥០០ឆ្នាំកន្លងមក

ដំណាក់កាលទី៣ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយ ដែលមានលក្ខណៈប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍ ប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមដំបូលសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ ឈ្នះ។

ការណ៍នេះបានបង្ហាញ តាមរយៈតថភាពនៃប្រវត្តិសាស្រ្តនេះបានបញ្ជាក់ច្បាស់ថា “មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបបានបង្កើតអង្គការ ចាត់តាំងខាងយោធាដំបូងនៅថ្ងៃទី១២ ឧសភា ១៩៧៨ និងការបង្កើតបានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩ មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាននយោបាយ ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា នាំមកនូវសន្តិភាព ​និងការឯកភាពជាតិពេញលេញ” នេះគឺជា​សច្ចភាពប្រវត្តិសាស្រ្ត ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ កូនចៅជំនាន់ក្រោយរបស់កម្ពុជាត្រូវតែចងចាំ។ បច្ចុប្បន្ន គោលនយោបាយឈ្នះ ឈ្នះ ​នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជនឱកាសនិយមនៅកម្ពុជា និងជាមូលដ្ឋានជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតសកល និងអសកល រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។

ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានបន្តរួមចំណែកក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជា​ ដើម្បីការរស់រានមានជីវិតហើយបានផ្តល់នូវផលដ៏ធំមួយសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម នៅក្នុងរយៈពេល៤៧ឆ្នាំកន្លងមកនេះ ដែលបានរួមគ្នាប្រែក្លាយតំបន់ធ្លាប់មានការប្រយុទ្ធឱ្យទៅជាតំបន់ព្រំដែន មានសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ខ្ញុំសូមយកឱកាសនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រធានគណៈកម្មការសាងសង់ វិមានឈ្នះ ឈ្នះ ដែលសម្តេចបានខិតខំយកអស់កម្លាំងកាយ និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការចង្អុលបង្ហាញ រៀបចំកសាងតំបន់នេះតាំងពីថ្ងៃដំបូង និងបានផ្តួចផ្តើមនៃការរៀបចំប្រារព្ធពិធីជាប្រវត្តិសាស្រ្តនេះជារៀងរាល់ឆ្នាំ ដើម្បីដឹងគុណូបការៈ ដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើពលីកម្មប្រកបដោយវីរភាព ដើម្បីជាតិ មាតុភូមិ។ អរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ប្រធានគណៈកម្មការសាងសង់ វិមានឈ្នះ​ ឈ្នះ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន អនុប្រធានសមាជិក សមាជិកា ក្រុមការងារពាក់ព័ន្ធ នៃគណៈកម្មការអន្តរក្រសួង ដែលបានរៀបចំពិធីរំឭកអនុស្សាវរីយ៍ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃនេះ។

តាមរយៈរបាយការណ៍សង្ខេបរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបង្ហាញពីវឌ្ឍនភាពនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 នាពេលបច្ចុប្បន្ន និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនាពេលនេះ គឺជាស្មារតីខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍតំបន់នេះ មានការរីកចម្រើនគួរកត់សម្គាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់ ព្រលានចុះចតឧទ្ធម្ភាគចក្រ, សាលាសំណាក់, វេទិកា, ទីលានបាល់ទាត់, ស្រះទឹក, ប្រាង្គព្រះអង្គប្រក់នាគគោកធ្លក, អគារមិត្តភាពកម្ពុជា-វៀតណាម និងមហាចេតិយតម្កល់អដ្ឋិធាតុ និងជាស្តូបរំលឹកគុណយុទ្ធជននៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 យើងនេះ។

តាមរយៈសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលសម្រេចបានទាំងអស់គ្នានៅទីនេះ យើងពិតជាមិនអាចបំភ្លេចបាននូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញឱ្យកសាងតំបន់ប្រវត្តិសាស្រ្តនេះចេញជារូបរាង ក្រោមការខិតខំប្រឹងប្រែង ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ, ការគាំទ្រពីសំណាក់ឯកឧត្តម ជា សុផារ៉ា អតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ,ការយកចិត្តទុកដាក់អភិវឌ្ឍប្រកបដោយភាពទទួលខុសត្រូវ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងាររៀបចំពិធី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្រ្តីរាជការស្ថាប័ន កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជាជន និងសប្បុរសជនជាតិ អន្តរជាតិ ដែលតែងតែជួយគាំទ្រទៅតាមសមត្ថភាពរៀងៗខ្លួន។ នៅក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ពប្រជាជនវៀតណាម ដែលបានគាំទ្រដល់ការកសាងសមិទ្ធផលនានា សំដៅប្រែក្លាយតំបន់សមរភូមិទៅជាតំបន់ប្រវត្តិសាស្រ្តសម្រាប់អនាគត ដែលមានការទាក់ទាញទាំងវិស័យ ទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌ និងទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាក់ស្តែង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីកម្ពុជាមានស្ថានភាពនៃការរីករាលដាលជំងឺ កូវីដ-១៩ វិបត្តិសេដ្ឋកិច្ច​ជាសកលយ៉ាងណាក្តី ប៉ុន្តែក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្រសួងការពារប្រទេសវៀតណាមបានឧបត្ថម្ភជូនក្រសួងការពារជាតិកម្ពុជា សាងសង់អគារមិត្តភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រួលកិច្ចការងារនានាតាមតម្រូវការ និងទំនាក់ទំនងប្រាស្រ័យការងារទាំងកិច្ចការរដ្ឋបាល សេដ្ឋកិច្ច និងសង្គម ព្រមទាំងរក្សា និងការពារនូវសច្ចធម៌ប្រវត្តិសាស្រ្តពិតនៅតំបន់X16នេះ សំដៅបង្កើនទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងកម្ពុជា និងវៀតណាម។

នាពេលបន្តិចទៀត យើងនឹងរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ ដែលជាសមិទ្ធផលថ្មីមួយទៀត រួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអបអរសាទរខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សំដៅអភិវឌ្ឍ គ្រប់គ្រង រក្សាការពារតំបន់នេះឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ វិទ្យាសាស្រ្ត បច្ចេកទេសនាពេលខាងមុខ នឹងបង្កើនថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការតាមព្រំដែនកម្ពុជា-វៀតណាម មានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏ដូចជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា គណៈកម្មការអន្តរក្រសួង និងក្រុមការងារពាក់ព័ន្ធ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានខិតខំកសាងសមិទ្ធផលនានា សម្រាប់រៀបចំខួបលើកទី៤៧ផង និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅទីនេះផង។ ខ្ញុំសូមសម្តែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិទាំងអស់ ដែលបានគាំទ្ររាជរដ្ឋាភិបាល ក្នុងការកសាងតំបន់ប្រវត្តិសាស្រ្តX16 នេះ។ សូមអរគុណចំពោះគណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធាប្រចាំកម្ពុជា ដែលមានវត្តមានចូលរួមក្នុងពិធីជាប្រវត្តិសាស្រ្តនាថ្ងៃនេះ។ អរគុណចំពោះក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត សមត្ថកិច្ចពាក់ព័ន្ធ និងសប្បុរសជននានា ដែលបានចូលរួមគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការអន្តរក្រសួង រៀបចំពិធីនេះដំណើរការដោយជោគជ័យ។

ខ្ញុំសូមអោយគ្រប់បណ្ដាខេត្តបន្តជំរុញការរៀបចំសួនតេជោ សន្តិភាព​ ដែលបានកំណត់ដាក់ចេញតាមបណ្ដាខេត្តនីមួយៗ និងទីពីរចូលរួមនៅក្នុងការជំរុញការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាតេជោ នៅតាមទីតាំងដែលបានសិក្សានិងកំណត់ដោយក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រយោធាធា។

ជាមួយនឹងការរំឭកខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤” និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនជនរួមជាតិ និងក្មួយៗ យុវជន យុវនារី ទាំងអស់ ទទួលបាននូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ នៅថ្ងៃនេះផងដែរ គឺមានជូនគណៈកម្មការរៀបចំពិធីនៅថ្ងៃនេះ ថវិកា​​១០០លានរៀល, ផែនកងកម្លាំងនិងយុវជន/នារី ៣០ផែន សរុប ៣ ៣៤៤ នាក់នៅក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល, កងវរសេនាតូចនគរបាលការពារព្រំដែនលេខ ៦១៥, ៦១៧ និងវរសេនាតូចការពារព្រំដែនលេខ២ ក្នុងមួយអង្គភាពថវិកា ១០លានរៀល, ជូនសាលាបឋមសិក្សា ប៊ុន​ រ៉ានី ហ៊ុន សែន កោះថ្ម ថវិកា ១លានរៀល, សាលាបឋមសិក្សា ប៊ុន រ៉ានី ​ចង្គុំទី១ ថវិកា ១លានរៀល, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន​ ក្ដុលផ្សារ ថវិកា២លានរៀល, សាលាស្រុកមេមត់ ថវិកា២លានរៀល, មណ្ឌលសុខភាពស្លាថវិកា ៣លានរៀល, កងកិត្តិយសត្រែទ័ព៥លានរៀល និងជូនក្រុមតន្រ្តីសម័យថវិកា ៥លានរៀលផងដែរ។ សូមអរគុណ៕

អត្ថបទទាក់ទង