Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត សរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 464

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយ​កម្មករ កម្មការិនីនៅស្រុកអង្គស្នួលចំនួន៣លើករួចមកហើយកាល​ពីឆ្នាំ​២០១៨ និង២០១៩។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹង​ថា រោងចក្រ សហគ្រាសទាំង១១ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនី​ជួប​សំណេះ​សំណាល​ជាមួយ សម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​សម្លៀកបំពាក់​ចំនួន៤, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៣, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២ និងដេរ​ស្បែក​ជើងចំនួន២។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសអូស្ត្រាលី។ល។

ការប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋ ជាគោលនយោបាយដ៏ចាំបាច់មួយ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅតែពីរកការងារជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាល ក៏នៅគិតថែមទៀតថា តើត្រូវធ្វើបែបណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលទៅធ្វើការងារឆ្ងាយផ្ទះ?

ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បាន​ដាក់​ចេញ​គោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ការងារនៅ​ជិត​ផ្ទះ​របស់​ប្រជាពលរដ្ឋ។

ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយ​រោង​ចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្ត​កណ្តាល ​មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ​និយោ​ជិត ជាង ១៥ម៉ឺន ៣​ពាន់​នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៧១ មានកម្មករនិយោជិត​សរុបជាង ១៣ម៉ឺន ២ពាន់នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ៤១២​លាន​ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ខេត្តកណ្តាល ជាខេត្តទី៣ ដែលមាន​ការអភិ​វឌ្ឍ​រោង​ចក្រ សហគ្រាសច្រើន។

 

អត្ថបទទាក់ទង