Grand News Asia Close

ចំណេះដឹងទូទៅ៖ ទទួលទានទឹកឃ្មុំ ទទួលបានអត្ថប្រយោជន៍យ៉ាងតិច៣២យ៉ាង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ការកំសាន្ត | កីឡា | សុខភាព ចំណេះដឹងទូទៅ 1168
ចំណេះដឹងទូទៅ៖ ទទួលទានទឹកឃ្មុំ ទទួលបានអត្ថប្រយោជន៍យ៉ាងតិច៣២យ៉ាង ចំណេះដឹងទូទៅ៖ ទទួលទានទឹកឃ្មុំ ទទួលបានអត្ថប្រយោជន៍យ៉ាងតិច៣២យ៉ាង

(ភ្នំពេញ)៖ ទឹកឃ្មុំមានអត្ថប្រយោជន៍រាប់មិនអស់សម្រាប់សុខភាព ទឹកឃ្មុំត្រូវបានគេជឿថាជាឱសថព្យាបាលជំងឺជាច្រើនមុខ និងជាអាហារថាមពល។

ខាងក្រោមជាអត្ថប្រយោជន៍៣២យ៉ាងចំពោះសុខភាព ដែលបានពីការទទួលទាននិងប្រើប្រាស់ទឹកឃ្មុំ៖

១. សម្បូរសារធាតុចិញ្ចឹម
ទឹកឃ្មុំ១ស្លាបព្រាបាយមានផ្ទុកកាឡូរី៦៤កាឡូរី និងស្ករ១៧ក្រាម រួមទាំងជាតិស្ករព្រុយតូស (Fructose) គ្លុយកូស (Kluykouh) ម៉ាល់តូស (Maltose) និងស៊ុយក្រូស (Sucrose)។ ទឹកឃ្មុំមានផ្ទុកជាតិដែក (Fe) និងសមាសធាតុសំខាន់ៗជាច្រើនទៀតដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព។

២. សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
ទឹកឃ្មុំមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗដែលមានផ្ទុកសារធាតុផេណុល (Phenols) អង់ស៊ីម Flavonoids និងអាស៊ីតសរីរាង្គ។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទឹកឃ្មុំត្រូវបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងប្រភេទជំងឺមហារីកមួយចំនួន។

៣. ព្យាបាលជំងឺក្អក
បើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ទឹកឃ្មុំត្រូវបានគេចាត់ទុកជាសារធាតុរំលាយ ដែលជាសារធាតុមួយអាចជួយបំបាត់ការរលាកនៅក្នុងមាត់ ឬបំពង់ក។ ជាពិសេសការទទួលទានទឹកឃ្មុំអាចជួយការពារ និងព្យាបាលជំងឺក្អក។

៤. បង្កើនថាមពល
ការទទួលទានទឹកឃ្មុំ១ស្លាបព្រាបាយអាចជួយផ្តល់ថាមពលភ្លាមៗ ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍អស់កម្លាំង ឬបន្ទាប់ពីធ្វើការហត់ ឬហាត់ប្រាណ។

៥. គ្រប់គ្រងជាតិស្ករក្នុងឈាម
ទឹកឃ្មុំមានផ្ទុកជាតិស្ករធម្មតាដែលល្អបំផុតសម្រាប់សុខភាពជាងស្ករដែលចម្រាញ់ផ្សេងៗទៀត។ ទឹកឃ្មុំមានផ្ទុកជាតិស្ករ Fructose និងគ្លុយកូស ដែលអាចជួយឱ្យរាងកាយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព។

៦. បង្កើនការចង់ចាំ
ទឹកឃ្មុំមានអត្ថប្រយោជន៍បង្កើនថាមពលខួរក្បាល និងការចង់ចាំផងដែរ។ ការទទួលទានទឹកឃ្មុំអាចជួយបង្ការភាពតានតឹង ជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងខួរក្បាលស្រស់ថ្លា។

៧. ជួយសម្រកទម្ងន់
តើអ្នកដឹងទេថាទឹកឃ្មុំជាថ្នាំសម្រក់ទម្ងន់? ទឹកឃ្មុំមានសមត្ថភាពអាចជួយដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយ សូម្បីតែនៅពេលដែលអ្នកកំពុងគេង។ អ្នកដាក់ប្រើប្រាស់ទឹកឃ្មុំ១ស្លាបព្រាកាហ្វេទៅក្នុងទឹកក្តៅឧណ្ហៗមួយកែវ ហើយទទួលទានទាំងពោះទទេ ឬទទួលទានមួយស្លាបព្រាកាហ្វេមុនពេលចូលគេង ទម្ងន់នឹងស្រកដោយមិនដឹងខ្លួន។

៨. ទឹកឃ្មុំជួយរក្សាតុល្យភាពរាងកាយ និងរក្សាទម្ងន់
អ្នកដែលមានបញ្ហាឈឺសន្លាក់ដៃជើង ឈឺឆ្អឹងឆ្អែង សរសៃទាញញឹកញាប់ ឬរោគធាត់ ក៏អាចទទួលទានទឹកឃ្មុំដើម្បីជួយបន្ថយជំងឺផ្សេងៗបានដែរ។ វិធី គឺយកទឹកឃ្មុំ៣ស្លាបព្រាលាយផ្សំជាមួយទឹកខ្មេះ និងទឹកប៉ោម៣ស្លាបព្រាកាហ្វេ លាយទឹកសុទ្ធ១កែវ ទទួលទានរៀងរាល់ព្រឹកក្រោយភ្ញាក់ពីដំណេក និងនៅចន្លោះពេលបាយជាប្រចាំរាល់ថ្ងៃ វានឹងជួយធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពមាំមួន។

៩. មុខស្ងួតបែកស្រកា
ស្ត្រីដែលមានស្បែកមុខក្រៀមស្ងួត សូមយកស៊ុត១គ្រាប់គោះយកផ្នែកក្រហម លាយជាមួយទឹកឃ្មុំ១ស្លាបព្រាកូរបញ្ចូលឱ្យសព្វ ហើយលាបបំពោកលើផ្ទៃមុខទុកចោលប្រហែល១០នាទី សឹមលាងសម្អាតចេញវិញដោយទឹកស្អាត។

១០. ទឹកឃ្មុំផ្សះមុនខ្សាច់លើផ្ទៃមុខ
ត្រូវអនុវត្តក្រោយពីលុបលាងមុខដោយទឹកក្តៅឧណ្ហៗ រួចជូតឱ្យស្ងួត បន្ទាប់មកយកចេកអំបូងមួយកំណាត់ផ្លែកិនលាយជាមួយទឹកឃ្មុំ ហើយលាបលើផ្ទៃមុខទុកចោលពី១០-១៥នាទី សឹមលាងចេញវិញ។ ដោយសារទឹកឃ្មុំមានអង់ស៉ីមអាចធ្វើឱ្យស្បែកមុខរបស់អ្នកមានសំណើមត្រជាក់ និងជួយបំប៉នស្បែកឱ្យសខ្ចីក្មេងជាងវ័យ។

១១. សក់ជំពាក់ពិបាកសិត
ក្រោយពីកក់សក់រួច យកទឹកឃ្មុំលាយជាមួយប្រេងអូលីវ ដោយមួយមុខៗ៣ស្លាបព្រាលាយឱ្យសព្វសរសៃសក់ ហើយទុកចោល៣-៥នាទី សឹមលាងចេញវិញដោយទឹកស្អាត នោះសរសៃសក់នឹងទន់ល្មើយគួរឱ្យស្រឡាញ់។

១២. គេងមិនលក់
សូមយកទឹកឃ្មុំលាយជាមួយទឹកក្តៅឧណ្ហៗឬទឹកដោះគោក្តៅ ហើយពិសាមុនពេលចូលគេង នោះនឹងជួយឱ្យអ្នកគេបានលង់លក់ស្រួល។

១៣. ដុសខាត់ស្បែកដោយវិធីងាយៗ
គ្រាន់តែយកទឹកឃ្មុំលាយផ្សំជាមួយផ្លែប៉ោមកិនក្រឡុកបញ្ចូលគ្នាលាបឱ្យសព្វលើផ្ទៃមុខថ្នមៗ ភាពគ្រើមរបស់ផ្លែប៉ោមអាចជួយកម្ចាត់កោសិកាស្បែកចាស់ចេញ ផ្លាស់កោសិកាស្បែកថ្មីឡើងមកមានភាពភ្លីថ្លា។

១៤. រូបមន្តបំបាត់ស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក
យកការ៉ុត១មើមបកសំបកចេញ ហើយកិនក្រឡុកឱ្យម៉ដ្ឋដោយលាយផ្សំជាមួយទឹកឃ្មុំ បន្ទាប់មកលាបបំពោកឱ្យសព្វលើផ្ទៃមុខទុកចោលពី៥-១០នាទី រួចហើយសឹមលុបលាងចេញវិញ នោះស្នាមជ្រីវជ្រួញនឹងបាត់ទៅបន្តិចម្តងៗពីលើផ្ទៃមុខរបស់អ្នក។

១៥. អាការឈឺក ឬស្ងួតបំពង់ក
ដើម្បីបំបាត់អាការនេះ គ្រាន់តែផ្សំទឹកក្រូចឆ្មារ១ផ្លែជាមួយទឹកឃ្មុំ២-៣ស្លាបព្រាបាយ និងទឹកក្តៅ២ស្លាបព្រាបាយ ពិសាដោយក្រេបបន្តិចម្តងៗ ដើម្បីបំបាត់អាការឈឺក្នុងបំពង់ក។ បើពិសាមិនអស់ទេអាចយកទៅលាបមុខក៏បាន ដោយលាបទុករយៈពេល១០-១៥នាទី សឹមលុបលាងមុខចេញវិញដោយទឹកស្អាត នោះស្បែកមុខរបស់អ្នកនឹងសរលោងតឹងណែនជាមិនខាន។

១៦. ព្យាបាលស្បែក
រាល់របួសដែលកើតពីការរលាក ឬកកិត ឬដំបៅដែលកើតដោយសារកាំរស្មី ទាំងអស់នេះសុទ្ធតែឆ្លើយតបនឹងការជាសះស្បើយដោយលាបទឹកឃ្មុំ។ អត្ថប្រយោជន៍បែបនេះ ក៏ព្រោះទឹកឃ្មុំមានផ្ទុកសារធាតុអ៊ីដ្រូសែនពែរ៉ូស៊ីត (Hydrogen Peroxide)។

១៧. បន្ថយការរមាស់មូសខាំ
សមាសធាតុប្រឆាំងនឹងការរលាករបស់ទឹកឃ្មុំបានធ្វើឱ្យវាក្លាយជាជម្រើសល្អមួយជួយបន្ថយការរមាស់ និងបំបាត់ត្រង់ស្នាមមុខខាំ។

១៨. ជួយបង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ
ដោយសារទឹកឃ្មុំសម្បូរបែបទៅដោយសមាសធាតុ Polyphenols ដូច្នេះវាមានសមត្ថភាពគ្រប់គ្រាន់ជួយការពារបណ្តាកោសិកាពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។ បន្ថែមពីលើនេះទៀត ជួយធ្វើឱ្យល្អប្រសើរដល់សុខភាពបេះដូង ក៏ដូចជាការពារប្រឆាំងនឹងមហារីក។

១៩. ជំនួយដល់ការរំលាយអាហារ
យោងតាមការសិក្សាស្រាវជ្រាវកាលឆ្នាំ២០០៦ ដែលបានចុះផ្សាយនៅក្នុងក្នុងព្រឹត្តបត BMC Complementary & Alternative Medicine បានបង្ហាញថា ការយកទឹកឃ្មុំទៅជំនួសស្ករក្នុងអាហារកែច្នៃរួច គឺអាចធ្វើឱ្យល្អប្រសើរដល់ពពួកអតិសុខុមកាយក្នុងពោះវៀន។

២០. ជួយព្យាបាលមុនលើផ្ទៃមុខ ទ្រូង និងខ្នង
យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា ទឹកឃ្មុំប្រភេទ Manuka និង Kanuka អាចព្យាបាលមុនធំៗដោយប្រសិទ្ធភាព។

២១. ប្រឆាំងជាតិពុល
សារធាតុពិសេសមួយចំនួនជាពពួកសារធាតុប្រឆាំងនឹងជាតិពុលយ៉ាងសកម្មដែលទទួលបានពីការហូបទឹកឃ្មុំ អាចការពារយើងពីការខូចខាតនៃកោសិកា ដែលបណ្ដាលមកពីកត្ដាទាំងខាងក្នុងនិងខាងក្រៅ។ គេបានរកឃើញថា សារធាតុប្រឆាំងជាតិពុលនេះបានជួយកាត់បន្ថយនូវហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺមហារីកមួយចំនួន។ ក្រៅពីនេះវាក៏បានជួយជំរុញសុខភាពភ្នែកទៀតផង។

២២. រក្សាសំពាធឈាម
តើអ្នកដឹងទេថាការឡើងសំពាធឈាមជាកត្តាមួយដែលបណ្តាលឱ្យមានវិបត្តិនៃជំងឺបេះដូង។ បើយោងទៅតាមការសិក្សាស្រាវជ្រាវទាំងទៅលើសត្វ និងមនុស្សបានបង្ហាញឱ្យឃើញថា ទឹកឃ្មុំបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការរក្សាសំពាធឈាមឱ្យនៅធម្មតា ហើយវាជាកត្តាចូលរួមចំណែកក្នុងការការពារពីជំងឺលើសឈាម ដែលជាមូលហេតុចម្បងនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

២៣. កាត់បន្ថយកូលេស្តេរ៉ុល
ទឹកឃ្មុំជាថ្នាំធម្មជាតិដែលអាចកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អដែលបង្កជាកករក្នុងសរសៃឈាម។ សារធាតុកករទាំងនេះ
កាលណាវាកើនឡើងច្រើនអាចបណ្ដាលឱ្យស្ទះចរន្តឈាម ដែលជាហេតុអាចបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។ ក្រៅពីនេះសារធាតុកូលេស្តេរ៉ុលអាចធ្វើឱ្យសរសៃឈាមឡើងរឹងមិនមានភាពបត់បែនល្អ ធ្វើឱ្យសំពាធឈាមកើនឡើងនោះនឹងបណ្តាលឱ្យហានិភ័យនៃជំងឺបេះដូងកាន់តែខ្លាំងជាងមុន។

២៤. ប្រឆាំងនឹងជំងឺក្អកចំពោះកុមារ
ជាការពិត កុមារកំពុងស្ថិតក្នុងវ័យលូតលាស់ ដូច្នេះប្រព័ន្ធភាពស៊ាំរាងកាយក៏នៅមានកម្រិតដែរ ដែលជាហេតុធ្វើឱ្យការការពាររាងកាយពុំទាន់មានប្រសិទ្ធភាពខ្លាំងនៅឡើយ។
កុមារងាយនឹងឆ្លងជំងឺផ្តាសាយ និងជំងឺប្រព័ន្ធដង្ហើមណាស់ ដោយសារកត្តានៃភាពគ្មានអនាម័យនៅក្នុងបរិស្ថានដែលខ្លួនរស់នៅ។
ទឹកឃ្មុំត្រូវបានគេស្រាវជ្រាវឃើញថាវាបានជួយបង្កើនប្រព័ន្ធភាពស៊ាំរាងកាយ និងប្រឆាំងជំងឺយ៉ាងមានប្រសិទ្ធភាព ហើយធ្វើឱ្យអាការនៃជំងឺកាន់តែប្រសើរឡើង។ ក៏ប៉ុន្តែសូមកុំឱ្យក្មេងក្រោមអាយុ១ឆ្នាំហូបឡើយ ព្រោះវាអាចមានឥទ្ធិពលអវិជ្ជមានទៅដល់សុខភាពរបស់កុមារ។

២៥. កម្ចាត់ខ្លាញ់ក្បាលពោះ
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងក្រូចឆ្មារជួយបំបែកកោសិកាខ្លាញ់។ រីឯទឹកឃ្មុំផ្តល់ឱ្យរាងកាយនូវថាមពល។ អ្វីដែលអ្នកត្រូវធ្វើ គឺនៅពេលព្រឹកលាយទឹកឃ្មុំ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ១កែវ រួចបន្ថែមទឹកក្រូចឆ្មារស្រស់ម្ខាងចូល កូរឱ្យសព្វ សឹមទទួលទាន។

២៦. ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងផ្លូវដង្ហើម
នោះក៏ព្រោះតែភេសជ្ជៈនេះមានប្រសិទ្ធភាពសម្រួលផ្លូវដង្ហើម និងពង្រាវស្លេស។ ម្យ៉ាងវិញទៀតភេសជ្ជៈក្រូចឆ្មារទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងការរលាក ដែលជួយក្នុងការព្យាបាលបញ្ហាផ្លូវដង្ហើមបានយ៉ាងប្រសើរ។ ភេសជ្ជៈនេះក៏ល្អសម្រាប់អ្នកជំងឺហឺតដោយវីតាមីន C នៃក្រូចឆ្មារជួយពង្រឹងប្រព័ន្ធផ្លូវដង្ហើមដែលសម្រួលដល់ការដកដង្ហើម។ គ្រាន់តែលាយទឹកក្រូចឆ្មារស្រស់២ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ១កែវ រួចកូរឱ្យសព្វ។ កុំភ្លេចទទួលទានភេសជ្ជៈនេះឱ្យបានពី៣ទៅ៤ដងក្នុងមួយថ្ងៃ។

២៧. ជួយបំបាត់ស្នាមខ្មៅលើស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយក្រូចឆ្មារ និងទឹកឃ្មុំក្នុងបរិមាណស្មើគ្នា។ រួចលាបលើតំបន់ស្បែកដែលមានបញ្ហា និងទុកចោលពី២០-៣០នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។

២៨. ព្យាបាលជំងឺផ្ដាសាយ ឬគ្រុនផ្តាសាយ
នោះក៏ព្រោះតែភេសជ្ជៈនេះជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ដាំទឹកធម្មតាកន្លះលីត្រឱ្យពុះ រួចបន្ថែមខ្ចី២ចំណិតចូល។ បន្ថែមទឹកឃ្មុំ និងទឹកក្រូចឆ្មារ៣ស្លាបព្រាបាយចូលហើយកូរឱ្យសព្វ។ ត្រងកាកខ្ញីចេញ រួចទទួលទានឱ្យបានយ៉ាងហោចណាស់ពី៣-៤ដងក្នុងមួយថ្ងៃ។

២៩. ដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារ
ក្រូចឆ្មារទឹកឃ្មុំ គឺមានអត្ថប្រយោជន៍ណាស់ក្នុងការព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារ។ អ្នកអាចលាយទឹកឃ្មុំ១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់២ស្លាបព្រាកាហ្វេក្នុងទឹកក្តៅឧណ្ហៗមួយកែវ។ ភេសជ្ជៈក្រូចឆ្មារទឹកឃ្មុំមានប្រសិទ្ធភាពបង្កើនការផលិតអាស៊ីតក្រពះ និងទឹកប្រមាត់ ដែលជួយសម្រួលដល់ការបំបែករំលាយអាហារ រួមទាំងការស្រូបយកសារធាតុចិញ្ចឹម។ ដូច្នេះអ្នកនឹងជៀសផុតពីបញ្ហាផ្សេងៗទាក់ទងនឹងប្រព័ន្ធរំលាយអាហារ។

៣០. ជាប្រភពនៃវីតាមីន និងជាតិរ៉ែ
ទឹកឃ្មុំភាគច្រើនផ្ទុកទៅដោយជាតិរ៉ែ និងវីតាមីនសំខាន់ៗ៣យ៉ាង៖ ទី១-គឺវីតាមីន C ដែលជាសារធាតុដ៏មានប្រយោជន៍ច្រើនដល់រាងកាយមនុស្ស ដូចជា ផ្តល់ភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ ទី២-ជាតិកាល់ស្យូមសម្រាប់ពង្រឹងដល់សុខភាពឆ្អឹង ទី៣-មានជាតិដែកដែលជាសារធាតុដ៏មានប្រយោជន៍ក្នុងប្រព័ន្ធរបត់ឈាមរត់។

៣១. បង្កើនគ្រាប់ឈាមក្រហម
ការផឹកទឹកលាយជាមួយទឹកឃ្មុំនឹងបង្កើនចំនួនគ្រាប់ឈាមក្រហម ព្រមទាំងអុកស៊ីសែនក្នុងឈាមទៀត។ ការកើនឡើងរបស់អុកស៊ីសែននឹងធ្វើឱ្យរាងកាយអាចបង្កើតផលិតផលរបស់ខ្លួនកាន់តែច្រើន ព្រមទាំងមានសមត្ថភាពកាន់តែខ្លាំងសម្រាប់ទប់ទល់នឹងជំងឺ។ ការកើនឡើងរបស់អុកស៊ីសែនក៏បង្កើនថាមពលផងដែរ ជាពិសេសពេលហាត់ប្រាណបែបអឺរ៉ូប៊ិកតែម្តង។ នៅពេលរាងកាយមនុស្សម្នាក់មានសកម្មភាពរាងកាយកាន់តែច្រើន
ចិត្តគំនិតរបស់គេក៏ងាយនឹងមានភាពវិជ្ជមានច្រើនដែរ។ ដូច្នេះហើយការទទួលទានទឹកឃ្មុំអាចនឹងបង្កើនផលិតភាពក្នុងរាងកាយផង និងចិត្តគំនិតផង។

៣២. ជាតិស្ករដ៏អស្ចារ្យ
វាគឺជារឿងធម្មតាទៅហើយដែលមនុស្សទូទៅដឹងថាទឹកឃ្មុំផ្ទុកទៅដោយជាតិស្ករ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភេទស្ករមួយនេះគឺខុសគ្នាពីស្ករសដែលយើងទទួលទានធម្មតា។ ជាតិស្ករដែលមានក្នុងទឹកឃ្មុំពិតប្រាកដដែលគ្មានការបន្ថែម ឬផ្លាស់ប្ដូររចនាសម្ពន្ធគីមី មានសារធាតុមួយឈ្មោះថា Dextrin សម្រាប់ជួយសម្របសម្រួលដល់កម្រិតជាតិស្ករក្នុងឈាមបាន៕

អត្ថបទទាក់ទង