Grand News Asia Close

អ្វី​ទៅជាពិធីបុណ្យចេញព្រះវស្សា? មានអត្ថន័យនិងប្រវត្តិដូចម្ដេច?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 245
អ្វី​ទៅជាពិធីបុណ្យចេញព្រះវស្សា? មានអត្ថន័យនិងប្រវត្តិដូចម្ដេច? អ្វី​ទៅជាពិធីបុណ្យចេញព្រះវស្សា? មានអត្ថន័យនិងប្រវត្តិដូចម្ដេច?

​ដោយៈ មេសា​/ភ្នំពេញៈ មុននឹង​និយាយ​ដល់ ” ការចេញ​វស្សា ” គេ​ត្រូវ​និយាយ​អំពី ” ការចូល​វស្សា ” សិន ។ ចូល​វស្សា​គឺជា​កិច្ច​ដ៏​សំខាន់ និង​ចាំបាច់​បំផុត​មួយ​ដែល​មានចែង​ក្នុង​វិន័យ​ប្បញ្ញត្តិ​របស់ ព្រះពុទ្ធសាសនា ហើយ​ការចូល​វស្សា​នេះ ក៏​មានតែ​នៅក្នុង​ព្រះពុទ្ធសាសនា​ដែរ ។ ចូល​វស្សា មាន​រយៈពេល ៣ ខែ គត់​ចាប់​ពីថ្ងៃ ១ រោច ខែ អាសាឍ ដល់​ថ្ងៃ ១៥ កើត ខែ ភ​ត្រ​បទ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ៦ ខែ កក្កដា ដល់​ថ្ងៃទី ២ ខែ តុលា ។​

​កិច្ច​ដែល​ត្រូវធ្វើ​ដើម្បី​ចេញ​វស្សា​
​ស្រដៀង​គ្នា​ទៅនឹង​កាល​ចូល​វស្សា​ដែរ គឺ​លុះ​ផុតកំណត់​ចាំ​វស្សា​បី​ខែ​ហើយ ដើម្បី ចេញ​វស្សា នៅ​ថ្ងៃ ១៥ កើត ពេញបូណ៌មី ខែ ភទ្របទ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ២ ខែ តុលា ភិក្ខុសង្ឃ ត្រូវធ្វើ​កិច្ច​ចេញ​វស្សា​របស់ ខ្លួន​វិញ​ដែល​ហៅថា “ បវរ​ណា​ចេញ​វស្សា ” ។ ពិធី​បវរ ណា​នេះ ភិក្ខុ​មួយអង្គៗ​ត្រូវ​ប្រកាស​ខ្លួន​ដាក់​កាយ​ឱ្យ​សង្ឃ ឬ បុគ្គល​គ្នាឯង​រិះគន់ ក្រែង​មាន​ប្រព្រឹត្ត​ខុសឆ្គង ឬ លើស​បញ្ញត្តិ​ណាមួយ ក្នុងការ​ចាំ វស្សា ៣ ខែ​កន្លងមក​នោះ ទោះ​ដោយ​ការ​ឃើញ​ក្តី ការ​ស្តាប់ឮ​ក្តី និង ការ​រង្កៀស​ក្តី ក៏​សួ​ម​ឱ្យ​លើកឡើង និង បង្ហាញ​នូវ​ភ័ស្តុតាង​ច្បាស់លាស់ ដើម្បី ភិក្ខុ​ប្រព្រឹត្ត​ខុស​នោះ បាន​កែប្រែ ឱ្យ​ប្រសើរ​ឡើងវិញ ហើយ​កិច្ច​នេះ​ហៅថា ” សម្តែង​អាបត្តិ ” ។

ព្រះសង្ឃ​បវរ​ណា​ចេញ​វស្សា ( បវរ​ណា​)
​ចំណុច​នេះ​គប្បី​បញ្ជាក់ថា តាម​វិន័យ​ជា​ពុទ្ធ​ប្បញ្ញត្តិ នៅពេលដែល​ព្រះ​ភិក្ខុសង្ឃ​បាន​ចាំ​វស្សា ដោយ​ចប់សព្វគ្រប់​ហើយ​រយៈពេល ៣ ខែ ពោលគឺ​មិនបាន​ធ្វើឱ្យ​ដាច់​វស្សា នោះ ព្រះ​ភិក្ខុ (​សាមណេរ ឬ នេន គ្មាន​សិទ្ធិ ទេ ) សង្ឃ​ទាំងពួង​មាន​សិទ្ធិ​នឹង​ទទួល​ក្រាល​គ្រង និង អនុមោទនា និង ទ​ទូល​អានិសង្ស​កឋិនទាន ។​

​ប៉ុន្តែ​ធាតុ​ដ៏​សំខាន់បំផុត​មួយ នៅក្នុង​កិច្ច​ចាំ​វស្សា គឺ​សាមគ្គីធម៌ គឺថា ព្រះ​ភិក្ខុសង្ឃ​ក្នុង​អារាម នីមួយៗ ត្រូវតែមាន​ភាព​ស្រុះស្រួល​គ្នា ពោលគឺ​ពុំមាន​ជម្លោះ​ឈ្លោះប្រកែក ឬ ទំនាស់​ទាស់ទែង ខ្វែងគំនិត​គ្នា ហើយ​ប្រសិនបើ​មានទំនាស់ ឬ អធិករណ៍​អ្វី​កើតឡើង ក៏​ត្រូវតែ​ដោះស្រាយ សម្រុះសម្រួល​ឱ្យបាន​ចប់សព្វគ្រប់ ទើប​អាច​ទទួល​កឋិន​បាន ។ ពុំ​នោះទេ ទោះជា​ទទួល​កឋិន ក៏​មិន​ឡើង ឬ មិន​សម្រេច​ថា​ជា​កឋិន​ឡើយ ។ ដោយហេតុនេះ ទើប​នៅក្នុងពេល​ប្រកាស បវរ​ណា ចេញ​វស្សា​នេះ ភិក្ខុសង្ឃ តែងតែ​សម្តែង​អាបត្តិ ពោលគឺ​បើក​ឱ្យមាន​ការកែ​ខែ ដើម្បី ឱ្យ​ប្រាកដថា ភិក្ខុសង្ឃ​ទាំងឡាយ​គ្មាន​សៅហ្មង ឬ ក្តី​សង្ស័យ​ក្នុង​ចិត្ត ពោលគឺ​ឱ្យ​ប្រាកដថា គ្រប់​អង្គ​គ្មាន​កំហុស ។​

ពិធីរាប់បាត្រ​ព្រះសង្ឃ គឺជា​កិច្ច​ដ៏​ពេញនិយម​មួយ​សម្រាប់​ខេ​មរ​ពុទ្ធសាសនិក
​នៅក្នុង​វិន័យ​ពុទ្ធ​ប្បញ្ញត្តិ​មានរឿង​មួយ​ថា “ សម័យមួយ ព្រះ​សម្ពុទ្ធ គង់នៅ​ក្នុង​វត្ត​ជេតពន ជិត​ក្រុង សាវត្ថី ។ គ្រានោះ មាន​ភិក្ខុ​ជាច្រើន​ដែលជា​មិត្រ​ស្និទ​ស្នាល​នឹង​គ្នា បាន​ជួបជុំគ្នា ចូល​វស្សា​ក្នុង​អាវាស​វត្ត​មួយ​ក្នុង កោសល​ជនបទ ។ ភិក្ខុ​ទាំងអស់​បាន​ត្រិះរិះ​នឹង​គ្នា ថា តើ​យើង​ត្រូវធ្វើ​ដូចម្តេច ដើម្បី ឱ្យបាន​សុខ កុំឱ្យ​មានការ​ទាស់ទែង​ខ្វែងគំនិត​គ្នា នៅពេល ចាំ​វស្សា ។ ក៏​ព្រមព្រៀងគ្នា​ថា ” យើង​កុំ​និយាយ​រកគ្នា កុំ​ចរចា​រកគ្នា​ទៅវិញទៅមក​។ បើ​យើង ត្រូវការ​ពឹងពាក់​គ្នា ត្រូវតែ​ប្រើ​កាយវិការ​ជាស​ញ្ញា ” ។ កាល​បាន​ព្រមព្រៀងគ្នា យ៉ាង​ដូច្នោះ ហើយ ភិក្ខុ​ទាំងនោះ ក៏​លែង​ស្តីរក​គ្នា រហូត​គ្រប់​បី ខែ​។​

​លុះ​ចេញ វស្សា​ហើយ បន្ទាប់ពី​បានរៀបចំ​ទុកដាក់​សេនាសនៈ​រួចមក ភិក្ខុ​ទាំងនោះ ប្រដាប់ ដោយ​បាត្រ និង ចីវរ ចេញដំណើរ​ទៅកាន់ ទីក្រុង សាវត្ថី ដើម្បី ចូលគាល់ ព្រះ​ដ៏​មាន​ព្រះ​ភាគ ។ ព្រះ​សាស្តា​ក៏​ទ្រង់​ត្រាស់ សួរថា​៖ “ ម្នាល​ភិក្ខុ​ទាំងឡាយ ! អ្នក​ទាំងឡាយ ល្មម​អត់ធន់​នូវ សេចក្តី​ទុក្ខ លំបាក​បានដែរ ឬ ទេ ? ឥរិយាបថ ប្រព្រឹត្តទៅបាន​ស្រួល​ដែរ ឬ ទេ ? ចុះ​អ្នក ទាំងឡាយ ជា​បុគ្គល​ព្រមព្រៀងគ្នា ស្រុះស្រួល​គ្នា មិន​ទាស់ទែង​គ្នា នៅចាំ​វស្សា​ដោយ​សុខ សប្បាយ ហើយ ឬ ? ។​

​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា “ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ! យើងខ្ញុំព្រះអង្គ​ទាំងអស់គ្នា នៅចាំ​វស្សា ដោយ​សប្បាយ ក៏​ព្រោះតែ​យើងខ្ញុំព្រះអង្គ មានគំនិត​ឯកភាពគ្នា​ថា យើងខ្ញុំ​ទាំងឡាយ មិន​ហៅរក​គ្នា មិន​ចរចា​រកគ្នា​ទៅវិញទៅមក នោះ​ទើប មាន​ឈ្មោះថា ជា​អ្នក​ព្រមព្រៀងគ្នា ស្រុះស្រួល​គ្នា មិន​ទាស់ទែង​គ្នា នៅចាំ​វស្សា​ដោយ សប្បាយ ” ។​

​កាល​ទ្រង់​ព្រះ​សណ្តាប់​នូវ​ពាក្យ​យ៉ាង​នេះហើយ ព្រះ​សាស្តា​ក៏​ទ្រង់មាន​ព្រះ បន្ទូល​ថា “ ម្នាល​ភិក្ខុ​ទាំងឡាយ ! អ្នក​នៅចាំ​វស្សា​បែបនេះ ពិតជា​មិន​សប្បាយ​ទេ ។ ប៉ុន្តែ អ្នក​ទាំងឡាយ បែរជា​ប្តេជ្ញា​ថា​ខ្លួន​ជា​អ្នក​នៅចាំ​វស្សា​ដោយ​សប្បាយ​ទៅវិញ ! ការ​ចាំ​វស្សា​របស់​អ្នក​ទាំងឡាយ ដូចជា​ការរស់នៅ​រប​ស់​បសុសត្វ ( សត្វ​ដែល​គេ​ចិញ្ចឹម ) ឬ ក៏​ដូច ជាការ​រស់នៅ​របស់ សត្វ​ពពែ ឬ ក៏ដូចជា​ការរស់នៅរ​បស់​បុគ្គល​ប្រមាទ តែ​នៅ​ប្តេជ្ញា​ថា​ខ្លួន​ជា​អ្នករស់នៅ​ដោយ​សប្បាយ ។ ម្នាល​មោឃបុរស ! អ្នក​មិនសមបើ​នឹង​សមាទាន​នូវ មូគវត្ត ( វត្ត​របស់​មនុ​ស្សគ ) ទេ អំពើ​ទាំង នេះ​មិនមែនជា​អំពើ​ដែលនាំឱ្យ​គេ​ជ្រះថ្លា​ទេ ។ តថាគត (​ពាក្យ​ដែល​ព្រះពុទ្ធ​ប្រើ​សម្រាប់​ហៅ ព្រះអង្គឯង ដែល​មានន័យ​ស្មើនឹង អញ្ញ ឬ ខ្ញុំ ជាដើម ) អនុញាតឱ្យ​ភិក្ខុ​ទាំងឡាយ ដែល​នៅ ចាំ​វស្សា​រួចហើយ អាច​បវរ​ណា​ដោយ​ស្ថាន ៣ យ៉ាង​គឺ​៖ ដោយ​ឃើញ​ក្តី ដោយ​ឮ​ក្តី និង ដោយរ​ង្គៀ​ស​ក្តី “ ។​

​ដោយហេតុនេះ ទើប​នៅពេល​ចេញ​វស្សា ភិក្ខុ​គ្រប់​វត្ត​តែងតែ​បវរ​ណា ពោល​ជា​កិច្ច​ដើម្បី ប្រកាសប្រាប់​គ្នីគ្នា​ថា ” ការចូល ឬ ការ​ចាំ​វស្សា​របស់​យើង​បាន​ចប់សព្វគ្រប់​ហើយ ” ហើយ​ក្នុង នោះ​ក៏មាន​សម្តែង​អាបត្តិ ពោលគឺ​ឱ្យ​សង្ឃ​ក្នុង​វត្ត ឬ សង្ឃ​គ្នាឯង​ប្រាប់​នូវ​ទោសានុទោស​ដែល ខ្លួន​មាន​ដោយ​ចេតនា ឬ ដោយ​អ​ចេតនា ហើយក៏​ជម្រះ​កំហុស​ទាំងនោះ​ចោល ដើម្បី ឱ្យ​ក្លាយជា​សង្ឃ​បរិសុទ្ធ​ឡើងវិញ មុននឹង​ទ​ទួ​អានិសង្ស​កឋិន ។

ពិធីរាប់បាត្រ​ព្រះសង្ឃ គឺជា​កិច្ច​ដ៏​ពេញនិយម​មួយ​សម្រាប់​ខេ​មរ​ពុទ្ធសាសនិក
​ចេញ​វស្សា​ជា​បុណ្យ ឬ ជា​កិច្ច ?
​តាមពិតទៅ ទាំង​ការចូល​វស្សា ទាំង​ការចេញ​វស្សា មិនមែនជា​បុណ្យ​ទេ គឺជា​កិច្ច​ក្នុង​វិន័យ ប្បញ្ញត្តិ ។ ទោះយ៉ាងណា​នៅក្នុង​បណ្តា​ប្រទេស​នានា ភាគច្រើន​ធ្វើ​កិច្ច​ទាំង ២ នេះ ឱ្យទៅ​ហាក់ ដូចជា​បុណ្យ​ដែរ ពោលគឺ​ជាទូទៅ​នៅពេល​ល្ងាច ឬ យប់​ថ្ងៃ ១៥ កើត ខែ អស្សុជ ភិក្ខុសង្ឃ​ដែល គង់​ចាំ​វស្សា អស់ ៣ ខែ ក្នុង​អាវាស ( វត្ត ឬ ទីតាំង ) ណាមួយ ត្រូវ​ជួបជុំគ្នា​ក្នុង​ព្រះវិហារ ដើម្បី នមស្សការ​ព្រះ​រតនត្រ័យ និង សម្តែង​អាបត្តិ ។ ពុទ្ធបរិស័ទ​និមន្ត​ព្រះសង្ឃ​សម្តែងធម៌​ទេសនា ភាគច្រើន​ជា រឿង​ព្រះ​វេស្សន្តរ គឺជា​រឿង​ព្រះ​ពោធិសត្វ ។ នៅ​យប់​នេះ តាម​និគម​ន៍​ខ្លះ ក៏មាន​ទាំង​ពិធី​បណ្តែតប្រទីប​ទៀតផង ។ លុះ​ព្រឹក​ឡើង​ពុទ្ធបរិស័ទ​ធ្វើ​ពិធីរាប់បាត្រ​ព្រះសង្ឃ តាម​ការគួរ​ទុកជា​កិច្ចបញ្ចប់ ។​

​គប្បី​បញ្ជាក់ថា តាមពិតទៅ វិន័យ​កិច្ច គឺ​កិច្ច​ដែល​កំណត់ដោយ​ព្រះ​វិន័យ នៃ ការចេញ​វស្សា ត្រូវបាន​ចប់សព្វគ្រប់​តាំងពី​ពេលដែល​ព្រះសង្ឃ​បវរ​ណា និង សម្តែង​អាបត្តិ ឯណោះ​ដែល​បាន សេចក្តី​ថា ពិធីសូត្រមន្ត​សម្តែងធម៌​ទេសនា និង រាប់បាត្រ​ព្រះសង្ឃ នេះ​បើ​មិន​ធ្វើ​ក៏​មិនជា​បញ្ហា អ្វី​ដែរ ៕ សរន​
ប្រភព៖ រស្មីកម្ពុជា

យលដឹងពីការចេញវស្សា កឋិនកាល និងអនិសង្សលាភ PDF

 

អត្ថបទទាក់ទង