Grand News Asia Close

ចំណេះដឹងទូទៅ៖ ការកកើតមហាសមុទ្រនៅលើផែនដី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 2208
ចំណេះដឹងទូទៅ៖ ការកកើតមហាសមុទ្រនៅលើផែនដី ចំណេះដឹងទូទៅ៖ ការកកើតមហាសមុទ្រនៅលើផែនដី

(ភ្នំពេញ)៖ នៅលើភពផែនដីយើងនេះ បរិមាណទឹកគឺមានច្រើនជាងផ្ទៃដី ពោលគឺមានដល់ទៅ៣៣២.៥លានម៉ែត្រគូប ដែលភាគច្រើនគឺជាមហាសមុទ្រ។ តើអ្នកដឹងទេថា មហាសមុទ្រនៅលើផែនដីយើងនេះកកើតឡើងដោយរបៀបណា?

* ការកកើតមហាសមុទ្រ
ប្រហែលជា៤,៥០០លានឆ្នាំមុន ផែនដីមាសណ្ឋានខុសពីបច្ចុប្បន្ន គឺពុំមានមហាសមុទ្រនិងសមុទ្រនោះទេ។ ក្រោយមកភ្នំភ្លើងបានព្រួសកំអែ ផេះ និងឧស្ម័នពាសពេញភពផែនដីទាំងមូល ដែលធ្វើឱ្យផែនដីមានសីតុណ្ហភាពក្ដៅជាងបច្ចុប្បន្នខ្លាំងណាស់។ ឧស្ម័នភ្នំភ្លើងគួបផ្សំនឹងឧស្ម័នផ្សេងៗ និងចំហាយទឹកបានចាប់ផ្ដើមបង្កើតទៅជាបរិយាកាសជុំវិញភពផែនដី។

មកដល់ប្រហែល៤ពាន់ឆ្នាំមុន នៅពេលបរិយាកាសបានវិវត្ត ផែនដីក៏បានចុះត្រជាក់ល្មមដែលធ្វើឱ្យចំហាយទឹកក្លាយទៅជាកំណក ហើយធ្លាក់មកជាភ្លៀង។ ទឹកភ្លៀងបានចាប់ផ្ដើមចាក់បំពេញតំបន់ទំនាប និងកំហូងនៃផែនដី យូរៗទៅវាក៏បានក្លាយទៅជាមហាសមុទ្រតែម្ដង។ មហាសមុទ្របានផ្លាស់ប្ដូរជាច្រើនទៅតាមប្រវត្តិភពផែនដី។

* ការបែងចែកមហាសមុទ្រ
បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្របានបែងចែកមហាសមុទ្រជា៥ធំៗ (ពីដំបូងមានតែ៤) រួមមាន៖ មហាសមុទ្រប៉ាស៉ីហ្វិក មហាសមុទ្រឥណ្ឌា មហាសមុទ្រអាត្លង់ទិក មហាសមុទ្រទឹកកកអាក់ទិក និងមហាសមុទ្រខាងត្បូង (Southern Ocean) ដែលត្រូវបានកំណត់ចុងក្រោយគេ។

* តួនាទីមហាសមុទ្រ
មហាសមុទ្រមានតួនាទីយ៉ាងច្រើននៅក្នុងការតម្រូវបរិស្ថានរបស់ផែនដី ហើយក៏ជាសមាសភាពផ្សំយ៉ាងសំខាន់នៃមណ្ឌលទឹកផងដែរ។ រំហួតទឹកសមុទ្រជាប្រភពច្រើនបំផុតនៃកំណកអាកាស ហើយសីតុណ្ហភាពមហាសមុទ្រក៏កំណត់នូវធាតុអាកាស និងខ្យល់បក់នៅលើផែនដីយើងដែរ។ ជីវិតបានកើតឡើងនៅក្នុងមហាសមុទ្រប្រហែលជា៣លានឆ្នាំមុនការលេចឡើងនូវជីវិត និងរុក្ខជាតិនៅលើដី ហើយមហាសមុទ្រក៏ជាប្រភពផ្ដល់ស្ម័នអុកស៉ីសែនច្រើនដ៏លើសលុបផងដែរ៕
ប្រភព៖ Fresh News

អត្ថបទទាក់ទង