សម្ដេចតេជោ សង្ឃឹមថា កម្ពុជានឹងទទួលបានផលប្រយោជន៍មហាសាល ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន
ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការសង្ឃឹមថា កម្ពុជានឹងទទួលបានផលប្រយោជន៍មហាសាលពីកិច្ចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលអាចលេចចេញជារូបរាងនៅពេលខាងមុខ។
ក្នុងកិច្ចសម្ភាសន៍ ជាមួយនិងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិតចិនរួមមាន៖ ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua និងវិទ្យុមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីកន្លងមកនោះសម្ដេចតេជោហ៊ុន សែន បានថ្លែង អំពីកិច្ចហប្រតិបត្តិការជាមួយប្រទេសចិននាពេលអនាគតថា ខ្ញុំបានធ្វើកិច្ចការជាង២០ឆ្នាំ ក្នុងការកសាងគ្រឹះនៃទំនាក់ទំនង ពីអ្នកជិតខាងល្អ ពីដៃគូល្អ ទៅជាក្របខ័ណ្ឌដៃឡគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយចុងក្រោយប្រធានាធិតី ស៊ី ជិនពីង ក៏ហៅថាជាមិត្តដែកថែប។ ខ្ញុំមានសុទិដ្ឋិនិយមថា ចំណងទាក់ទងនេះ នឹងបន្តរីកចម្រើនតទៅទៀត ដោយរាប់បញ្ចូលការរៀបចំឆ្នាំនៃកិច្ចសហប្រតិបត្តិការ ឧទាហរណ៍ ឆ្នាំនៃកិច្ចសហប្រតិបត្តិការនៃការអភិវឌ្ឍន៍ទាក់ទងជាមួយនិងវិស័យទេសចរណ៍ វប្បធម៌ ឆ្នាំនៃការអនុវត្ត ការពង្រឹងនៃការអនុវត្តច្បាប់ជាដើម។ ចំណុចអស់ទាំងនេះ យើងសុទ្ធតែមានកម្មវិធី និងគោលដៅជាក់លាក់ ដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់យើង។
សម្ដេចបន្តថា នៅក្នុងទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន មិត្តចិនបានសន្យារួចហើយថា នឹងបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន។ ឥឡូវយើងកំពុងប្រើ ប្រាស់យន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន តែខ្ញុំនៅមានការសង្ឃឹមមួយ យ៉ាងធំ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន ដែលអាចលេចចេញជារូបរាង នៅពេលខាងមុខ ហើយពេលនោះទីផ្សាររបស់កម្ពុជា និងមានទំហំធំ ដែលមានប្រជាជនរហូតទៅដល់១៣០០លាននាក់ យើងអាចមានទីផ្សារបែបនេះ ផ្ដល់ឱកាសឱ្យកម្ពុជាអាចបន្តមានការរីកចម្រើន ដោយក្រុមហ៊ុនរបស់ចិនបន្តការវិនិយោគនៅកម្ពុជា។ ខ្ញុំចង់បានទេសចរណ៍ចិន៥លាននាក់ក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីមកកាន់កម្ពុជា ប៉ុន្តែអ្វីដែលខ្ញុំចង់បានថែមទៀត គឺទីផ្សារដ៏ធំរបស់ចិនដែលទំនិញកម្ពុជាអាចរុញទៅកាន់ប្រទេសចិន។ យើងសង្ឃឹមថា កម្ពុជានឹងទទួលបានផលប្រយោជន៍មហាសាលពីទីផ្សារធំមួយនេះ ហើយនេះក៏ជាបំណងប្រថ្នាដែលខ្ញុំចង់ទៅដល់គោលដៅនោះដោយមិនយូរប៉ុន្មាន។ សង្ឃឹមថាមិត្តចិន នឹងមានការឆ្លើយតបលើបញ្ហានេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការដែលចិន និងកម្ពុជា អាចធ្វើទៅបានរវាងយុទ្ធសាស្ត្រចតុកោណ ជាមួយនិងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន គឺអាចធ្វើសំយោគជាមួយគ្នា។ ចំណុចនេះហើយដែលប្រទេសទាងពីរឈានទៅសម្រេចការចុះកិច្ចព្រមព្រៀងទាក់ទងជាមួយនិងសុខដុមបនីយកម្មរវាងកម្ពុជា និងចិន។ មានចំណុចប្រហាក់ប្រហែលគ្នាច្រើនណាស់ ប៉ុន្តែសម្រាប់កម្ពុជាគ្រាន់តែជាផ្នែកមួយដែលអាចតភ្ជាប់ទាញយកផលប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនិងសាធារណរដ្ឋប្រជាមានិតចិន ហើយដែលវាស្របជាមួយនិងគំនិតផ្ដួចផ្ដើមរវាងយុទ្ធសាស្ត្រចតុកោណ ជាមួយនិងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលអាចផ្ដល់ឱ្យកម្ពុជា នូវការរីកលូតលាស់ តាមរយៈការប្រើប្រាស់នូវវិធានការជាកញ្ចប់ និងវិធានការតាមផ្នែក ដែលលេចចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់សាធារណរដ្ឋប្រជាមានិតចិន។ ដូច្នេះខ្ញុំគិតថា យើងមិនមែនធ្វើការក្នុងរយៈពេលខ្លីទេ បើយោងទៅលើគំនិតដែលមានការប្រហាក់ប្រហែលបែបនេះ យើងអាចធ្វើការជាមួយគ្នាក្នុងរយៈពេលវែង នោះហើយដែលយើងប្រើនៅក្នុងក្របខណ្ឌដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏ជាមិត្តដែកថែបផងដែរ៕
ដោយ ជឹម ណារី