សម្ដេចតេជោហ៊ុន សែន៖ ការបង្កើតឡើងនូវសាធារណរដ្ឋប្រជាមានិតចិន គឺចំពេលដែលប្រទេសក្នុងអាស៊ីអាគ្នេយ៍ក៏ដូចជាអាស៊ី កំពុងរើបម្រាស់ទាមទារនូវឯករាជ្យ
ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបង្កើតឡើងនូវសាធារណរដ្ឋប្រជាមានិតចិននាពេលនោះ គឺចំពេលដែលវេលា ដែលបណ្ដាប្រទេសនៅក្នុងក្របខ័ណ្ឌអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ី និងតំបន់ដទៃទៀត កំពុងរើបម្រាស់ទាមទារនូវឯករាជ្យរបស់ខ្លួន។
ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិត ចិន រួមមាន ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua និងវិទ្យុផ្សាយសំឡេងអន្តរជាតិកម្ពុជា-ចិន ដើម្បីអបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗកន្លងមកនេះ សម្ដេចតេជោហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជារីករាយ និងជូនពរ ចំពោះរយៈពេល៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចតេជោលើកឡើង ថា បើយើងពិនិត្យមើលអំពីដំណាក់កាលឆ្លងកាត់ ការដែលចិនបានរើបម្រាស់រួចចេញពីស្ថានភាពដ៏លំបាក ហើយបង្កើតបានជាសាធារណរដ្ឋប្រជាមានិតចិនពេលនោះ គឺចំពេល វេលាដែលបណ្ដាប្រទេស នៅក្នុងក្របខ័ណ្ឌអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ី និងតំបន់ដទៃទៀត កំពុងរើបម្រាស់ទាមទារនូវឯករាជ្យ។ ដូច្នេះការបង្កើតឡើងនូវសាធារណរដ្ឋប្រជាមានិតចិន កាលពី៧០ឆ្នាំមុននោះ ក៏បានបង្កើតបានទៅជាមូលដ្ឋានជំនឿទុកចិត្តមួយ នៃបណ្ដារដ្ឋដែលកំពុងស្ថិតនៅក្រោមអាណានិគមនាពេលនោះ។ សម្ដេចតេជោបន្តថា បន្តមកទៀតសាធា រណរដ្ឋប្រជាមានិតចិន បានដើរតួនាទីមួយដ៏សំខាន់ នៅក្នុងការចូលរួមចំណែក ដើម្បីសន្តិ ភាពនៅក្នុងតំបន់នេះ ជាពិសេសនៅក្នុងដំណាក់កាលនៃទសវត្សរ៍៦០ ទសវត្សរ៍៧០ នៅពេល ដែលសង្គ្រាមឥណ្ឌូចិននៅបន្ត។ ទន្ទឹមនេះ អាចនិយាយបានថា បង្អែកចលនាតស៊ូនៅពេលនោះភាគច្រើនចេញមកពីបណ្ដាប្រទេសសង្គមនិយម ចាប់ពីការប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យ ក៏ដូចជាការប្រឆាំងការឈ្លានពានរបស់បរទេស នៅក្នុងទសវត្សរ៍៦០ និងទសវត្សរ៍៧០។ សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា សម្រាប់ការរីកលូតលាស់ ការរីកធំធាត់របស់សាធារណរដ្ឋប្រជាមានិតចិន គឺជារឿងអស្ចារ្យណាស់ ដែលគេអាចបង្ហាញឱ្យឃើញតួនាទី នៅត្រង់ថាទំហំផ្ទៃដីរបស់ចិនប្រហែលជាមិនដល់១០ភាគរយ នៃផ្ទៃដីពិភពលោកនោះទេ ក៏ប៉ុន្តែបានចិញ្ចឹមប្រជាពលរដ្ឋគឺប្រមាណជិត២០ភាគរយ ឯណ្ណោះ នោះហើយគឺជាសមិទ្ធផលដែលពួកគេមិនអាចមើលរំលង អំពីទិដ្ឋភាពបែបនេះ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ សម្ដេចតេជោបានបន្ដទៀតថា អ្វីដែលសំខាន់ទៀតនោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនបានហក់ឡើងក្នុងឋានៈជាប្រទេស ដែលមានទំហំសេដ្ឋកិច្ចកម្រិតទី២នៃពិភពលោក ដែលប្រហែលជា១០ ឬ២០ឆ្នាំមុននោះគ្មានអ្នកណាអាចនឹកស្មានដល់ថា ចិនអាចដើរដល់កម្រិតប៉ុណ្ណេះទេ។ នេះជាចំណុចដែលយើងត្រូវមើលឃើញ អំពីល្បឿននៃការហក់ឡើងរបស់សាធារណរដ្ឋប្រជាមានិតចិនលើគ្រប់វិស័យ ក្នុងនោះវិស័យសេដ្ឋកិច្ចជីវភាពប្រជាជនមានការកើនឡើងគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះដែរ ក្រៅពីការអភិវឌ្ឍប្រទេសខ្លួនឯង ចិន បានដើរតួនាទីសំខាន់ៗនៅក្នុងការនាំមកនូវវិបុលភាពសម្រាប់តំបន់ និងពិភពលោក។
សម្ដេចតេជោថ្លែងរំលឹកថា “ខ្ញុំមានការគួរកត់សម្គាល់ពីរយ៉ាង ដំណាក់ទីមួយ៖ នៅក្នុងឆ្នាំ១៩៩៧ និង១៩៩៨ ពេលនោះមានវិបត្តិហិរញ្ញវត្ថុអាស៊ី ប្រសិនបើពេលនោះចិនមានវិបត្តិហិរញ្ញវត្ថុដូចគ្នា ប្រហែលជាតំបន់អាស៊ីជួបការលំបាក ប៉ុន្តែផ្ទុយទៅវិញចិនមិនបានជួបនឹងវិបត្តិហិរញ្ញនោះទេ។ ដូច្នេះធ្វើឱ្យបណ្ដាប្រទេសនៅក្នុងក្របខ័ណ្ឌអាស៊ីនេះមានការងើបឡើង វិញយ៉ាងឆាប់ តាមរយៈតួនាទី និងកំណើនសេដ្ឋកិច្ចរបស់ចិន។” ដំណាក់កាលទីពីរ៖ គឺវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកល ដែលបានកើតក្នុងរង្វង់ឆ្នាំ២០០៨ និង២០០៩ ជាថ្មីម្ដងទៀតចិនបានដើរតួនាទីក្នុងការសង្គ្រោះ ដែលមិនមែនគ្រាន់តែសង្គ្រោះត្រឹមតែសេដ្ឋកិច្ចក្នុងតំបន់អាស៊ីទេ ក៏ប៉ុន្តែចិនបានឈានទៅជួយសង្គ្រោះពិភពលោកតែម្ដង ដែលពេលនោះសហរដ្ឋអាមេរិក និងអឺរ៉ុប មានការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនសេដ្ឋកិច្ច ដែលនាំទៅដល់វិបត្តិ ក៏ប៉ុន្តែតំបន់អាស៊ីរបស់យើងមិនទទួលរងនូវិបត្តិធ្ងន់ធ្ងរមួយណានោះទេ ដែលកត្តាសម្អាងរបស់យើង គឺការបន្តកើនឡើងនៃសេដ្ឋកិច្ចរបស់ចិន រួមនឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់ឥណ្ឌា ក៏ដូចជាការកើនឡើងនៃបណ្ដាប្រទេសសេដ្ឋកិច្ចនៅក្នុងតំបន់ ពិសេសជាងនេះទៀតគឺកំណើនសេដ្ឋកិច្ច របស់ចិនមិនថមថយ។ កត្ដាទាំងនោះហើយគឺជាការទប់ទល់នូវវិបត្តិសម្រាប់តំបន់ផង ហើយក៏ជាផ្នែកមួយនៃការជួយទប់ទល់វិបត្តិដែលរីករាលដាល ពីសហរដ្ឋអាមេរិកដល់អឺរ៉ុប។ ចំណុចនេះជាចំណុចដែលសម្ដេចគួរតែត្រូវបាននិយាយថា ចិនបានដើរតួនាទីជួយខ្លួនឯងផង និងជួយដល់ពិភពលោក ជួយដល់តំបន់ផង។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ចុងក្រោយនេះ គំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមប្រធានាធិតី ស៊ី ជិនពីង លើបញ្ហាពាក់ព័ន្ធជាមួយនឹង ខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាផ្លូវសូត្រសតវត្សរ៍ទី២១ បានផ្ដល់ឱ្យប្រទេសជាច្រើនដែលមានការយកចិត្តទុកដាក់ជាមួយនឹងគម្រោងសហប្រតិបត្តិការ និងគម្រោងនេះ ទទួលបាននូវផលប្រយោជន៍ ដូចជាកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ហើយគម្រោងនេះ សម្ដេចបានចូលរួមប្រជុំពីរដង កាលពីឆ្នាំ២០១៧ និងក្នុងខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។ “ខ្ញុំឃើញថាមានប្រទេសជាច្រើនកាន់តែចូលរួម ជាមួយនឹងគំនិតផ្ដួចផ្ដើមទាក់ទិននឹង ខ្សែក្រវាត់មួយ និងផ្លូវមួយ ហើយកម្ពុជា ក៏ជាអ្នកទទួលផលនៃការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ចិន”។សម្ដេចតេជោបញ្ជាក់បន្ថែម។ សម្ដេចតេជោបានបន្ថែមទៀតថា សរុបមកអាចនិយាយបានថា ចិនបានឆ្លងផុតដំណាក់កាលពីការអភិវឌ្ឍន៍ដែលមានការយឺតយ៉ាវ មកកាន់ជាប្រទេសដែលមានការអភិវឌ្ឍខ្ពស់រួចស្រេចទៅហើយ។ នេះគឺជាការដែលកម្ពុជា និងខ្លួនខ្ញុំក្នុងឋានៈជាមិត្តភក្ដិមួយរបស់ចិន ក៏សូមជូនពរដល់ប្រជាជនចិន បក្សកុម្មុយនីស្ត ក៏ដូចជារដ្ឋាភិបាល និងប្រជាជនចិន ទទួលបាននូវសមិទ្ធផលកាន់តែធំធេងថែមទៀត សម្រាប់ជាឆ្នាំបន្ត ដើម្បីជួយដល់ប្រជាជនចិនរីកលូតលាស់ខ្លួនឯងផង និងជួយទៅដល់បណ្ដាប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ៕
ដោយ ជឹម ណារី