Grand News Asia Close

សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានកម្ពុជា និងចិនបន្តកិច្ចសហការឱ្យបានល្អថែមទៀត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កិច្ចសម្ភាសន៍ 244
សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានកម្ពុជា និងចិនបន្តកិច្ចសហការឱ្យបានល្អថែមទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានកម្ពុជា និងចិនបន្តកិច្ចសហការឱ្យបានល្អថែមទៀត

ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​ន​លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានកម្ពុជានិងចិន ទាំងស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងបណ្ដាញ​សា​​រ​ព័ត៌មាន ទាំងផ្នែករដ្ឋ និងឯកជន បន្តកិច្ចសហការឱ្យបានល្អ​ថែមទៀតក្នុងការផ្សព្វផ្សាយ​ព័​ត៌​មានពីគ្នាទៅវិញទៅមក។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិត​ចិ​​​ន រួមមាន ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua  និងវិទ្យុមិត្តភាព​ក​ម្ពុ​ជា-ចិន ដើ​ម្បី​​​អបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាល​ពី​ពេ​លថ្មីក​ន្ល​ង​ម​ក​នោះសម្ដេចតេជោហ៊ុន សែន ថ្លែងថា ខ្ញុំបានសង្កេតឃើញថា មានទាំងវិទ្យុមានទាំង​ទូ​រ​ទ​ស្ស​ន៍បានធ្វើការផ្លាស់ប្ដូរព័ត៌មានគ្នា ដែលវាផ្ដល់ឱកាសឱ្យប្រជាជនចិនយល់ពីកម្ពុជា ហើយក៏ផ្ដ​ល់​​ឱកាសឱ្យប្រជាជនកម្ពុជាយល់ពីចិនផងដែរ។

ខ្ញុំសូមលើកទឹកចិត្តឱ្យទាំងស្ថានីយ៍វិទ្យុ ទូរ​ទ​ស្ស​ន៍ ដែលមានកិច្ចសហ ប្រតិបត្តិការជាមួយគ្នា និងបណ្ដាញសារព័ត៌មាន​ដែលមានកិច្ចសហ​ប្រ​​តិ​បត្តិការជាមួយគ្នា ទាំងផ្នែករដ្ឋ និងឯកជន បន្តការងារនេះជាបន្តទៀត ដោយជួយ​ផ្សព្វ​ផ្សា​យ​ព័ត៌មានពីគ្នាទៅវិញទៅមក ពិសេសពីការយល់ដឹងពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​អំពី​កិច្ចការទាក់ទងនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ដែលនោះគឺជា​ការ​ជួ​យ​លើកស្ទួយក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញទៅដល់ការទំនាក់ទំនង​ក្នុងវិ​ស័​យ វប្បធម៌ ទេសចរណ៍ ព័ត៌មាន ក៏ដូចជា ជួយទៅដល់ការទ្រទ្រង់ក្នុង​ការទំនាក់ទំនង​ខា​ង​វិស័​យ​នយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យដទៃទៀតរវាងរដ្ឋនិងរដ្ឋ។ ចំណុចនេះគឺជាចំណុច​ដែ​លមិនត្រូវមើលស្រាលទេ ប្រសិនបើយើងគ្មានការតភ្ជាប់គ្នាបែបនេះទេ បើម្ខាងយល់ផ្សេង ឧ​ទាហរណ៍ប្រទេសនិងប្រជាជនចិនមិនយល់ពីកម្ពុជា ប្រជាជនកម្ពុជាមិនយល់ពីប្រជាជនចិន​គឺ​វាជួបការលំបាក ប៉ុន្តែឥឡូវខ្ញុំគិតថា យើងមានយន្តការ យើងមានបណ្ដាញក្នុងការ​ផ្សារ​ភ្ជា​ប់​ទំ​នាក់ទំនងទាំងអស់នេះ គប្បីលើកទឹកចិត្តឱ្យធ្វើតទៅទៀត។

ពាក់ព័ន្ធជាមួយនឹងសំណួរស្ដីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកនោះ ស​ម្ដេ​ចតេ​ជោមានប្រសាសន៍ថា  បញ្ហានេះទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា សង្គ្រាមពាណិ​ជ្ជ​ម្ម ដែលបានចាប់ផ្ដើម យើងក៏មានការកង្វល់អំពីបញ្ហានេះ ដែលវាអាចប៉ះពាល់​ទៅដល់​កំ​ណើ​ន​សេដ្ឋកិច្ចពិភពលោក។ បញ្ហាការដាក់ពន្ធមកលើប្រទេសចិនរបស់សហរដ្ឋអាមេរិក ឬក៏ប្រ​ទេ​ស​​ដ៏ទៃទៀត វាបានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរីករាលដាលទូទាំងពិភពលោក ដែលវាអាចមាន​ផ​លប៉ះពាល់ជាមួយនិងកំណើននៃសេដ្ឋកិច្ចពិភពលោក។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា វា​ហា​​​ក់ដូចជាឆាប់ពេកដែលយើង នឹងធ្វើការវាយតម្លៃថា តើសភាពការណ៍និងទៅដល់ណា ព្រោះ​​វានៅមានការសង្ឃឹមខ្លះៗ ថានឹងអាចមានការស្រុះស្រួល បើវាមិនទាំងស្រុង វា​អាច​ជា​ផ្នែក​មួយនៃការស្រុះស្រួល រវាងចិន និងសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិក ជាមួយនឹង​ដៃ​គូ​ដ៏ទៃទៀតដែលមាន ផលប៉ះពាល់ជាមួយគ្នា។ ប៉ុន្តែខ្ញុំសង្កេតឃើញថា បណ្ដាប្រទេសនៅ​អឺរ៉ុ​បមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរកស៊ីជាមួយចិន សភាពការណ៍នេះក៏អាចកាត់​បន្ថ​យនូវផលប៉ះពាល់ដែលអាចកើតមាន។ ប្រសិនជាថា ទាំងអាម៉េរិក ទាំងអឺរ៉ុបគេ​ទៅជាមួយ​គ្នា​ ហើយដាក់សម្ពាធមកលើចិនតែឯង អាចនឹងមានការលំបាក ប៉ុន្តែនេះគឺអាម៉េរិក​ប៉ះជាមួយ​និង​ចិនផង ប៉ះជាមួយដៃគូទាំអស់ ទាំងអឺរ៉ុប ទាំងកាណាដា។ល។ ប៉ុន្តែខ្ញុំ​នៅតែមាន​សុទិ​ដ្ឋិ​និ​យ​មថា នៅពេលណាមួយនោះសភាពការណ៍ នឹងដើរមកដល់នៃការសម្របសម្រួលមួយ ចំ​ណុ​ច​នេះវាពិតជាអាចកើតមាន ព្រោះមិនអាចតឹងរហូតរបៀបនេះតទៅទៀតបានទេ បើមិនដូ​ច្នោះ​ នឹងធ្វើឱ្យពិភពលោកមានការធ្លាក់ចុះដោយស្មានមិនដល់។ ប៉ុន្តែឥឡូវវាឆាប់ពេកដើម្បី នឹ​ង​ធ្វើការសនិដ្ឋាន យើងត្រូវបន្តតាមដានដោយការយកចិត្តទុកាដាក់។

សម្ដេចបាន​បញ្ជាក់ទៀត​ថា​  ប៉ុន្តែអ្វីដែលយើងត្រូវប្រឹងទាក់ទងជាមួយកម្ពុជាផ្ទាល់ គឺការប្រឹងខ្លួនឯងគឺជាបញ្ហាសំខាន់ គឺ​ត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចខ្លួនឯងបានរឹងមាំ បើទោះបីជាផលប៉ះពាល់នោះ​វាធ្លាក់មកលើ​ខ្លួ​ន​ ក៏កុំឱ្យផលប៉ះពាល់វាមាន ទំហំធំពេកសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។ កម្ពុជាត្រូវប្រឹង​ប្រែង​ខ្លួ​ន​ឯង ដើម្បីងើបឈរ ឡើងនៅក្នុងកាលៈទេសៈនៃសភាពការណ៍ខាង​ក្រៅមិនអំណោយ​ផល​យ៉ា​​ងដូច្នេះ ទាក់ទងជា មួយនឹងសង្គ្រាមពាណិជ្ជកម្ម ដែលបាន និងកំពុងកើត ហើយនឹងបន្ត​កើ​ត​​ទៅមុខទៀត៕

ដោយ  ជឹម ណារី

អត្ថបទទាក់ទង